រុស្ស៊ី ចេញ​ឱសានវាទ សម្រាប់ កងទ័ព​អ៊ុយ​ក្រែ​ន នៅ​ទីក្រុង​កំពង់ផែ ម៉ារីប៉ូល (Mariupol)

រថក្រោះ​របស់​ក្រុម​ផ្ដាច់​ខ្លួន​ដែល​ស្និទ្ធ​នឹង​ រុស្ស៊ី នៅ​ជាយ​ក្រុង​ Mariupol ភាគ​អាគ្នេយ៍​របស់​ អ៊ុយក្រែន កាលពីថ្ងៃទី ២០ មីនា ២០២២

ក្រសួងការពារជាតិ​រុស្ស៊ី បានចេញ​ការកំណត់​ពេលវេលា​ចុងក្រោយ​នៅ​ព្រឹក​នេះ សម្រាប់​ការទម្លាក់​អាវុធ​ចុះចាញ់​របស់ កងកម្លាំង​អ៊ុយ​ក្រែ​ន នៅក្នុង​ទីក្រុង​កំពង់ផែ ម៉ារីប៉ូល ប៉ុន្តែ ត្រូវបាន ទីក្រុង​កៀវ បដិសេធ។

RIA Novosti កាលពី​ថ្ងៃទី ២០ មីនា ដកស្រង់​សម្ដី​របស់​វរសេនីយ៍ឯក Mikhail Mizintsev ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ផ្នែក​ការពារជាតិ​រុស្ស៊ី ស្នើឱ្យ​ក្រុមមន្ត្រី និង​កងកម្លាំង​ការពារ​ទីក្រុង ម៉ារីប៉ូល ទម្លាក់អាវុធ​ចុះចាញ់​ឱ្យបាន​មុន​ម៉ោង ៥ ថ្ងៃទី ២១ មីនា (ម៉ោង ៩ ព្រឹក នៅ ភ្នំពេញ)។

«អ្នក​ដែល​បាន​ទម្លាក់អាវុធ​ចុះចាញ់ សុទ្ធតែ​ត្រូវបាន​ធានា​សុវត្ថិភាព​សម្រាប់​ការចាកចេញ​ពី ម៉ារីប៉ូល» វរសេនីយ៍ឯក Mizintsev និយាយ​ដូច្នេះ។ លោក​បន្ថែមថា ច្រក​សម្រាប់​មនុស្សធម៌​នឹងត្រូវ​បាន​បើក​ទៅតាម​ទិសខាងកើត និង​ខាងលិច ដើម្បី​ចាកចេញ​ពី ម៉ារីប៉ូល នៅវេលា​ម៉ោង ១០ ព្រឹក (ម៉ោង ១៤ នៅ កម្ពុជា)។

ម៉ារីប៉ូល ដែល​ស្ថិតនៅក្នុង​ទីតាំង​យុទ្ធសាស្ត្រ​លើ​ឆ្នេរសមុទ្រ អាហ្សូវ (Azov) បាន​ក្លាយជា​គោលដៅ​ដែល​ត្រូវបាន កងទ័ព​រុស្ស៊ី ឡោមព័ទ្ធ​តាំងពីដើម​ខែមីនា បន្ទាប់ពី រុស្ស៊ី បាន​បើក​យុទ្ធនាការ​យោធា​ពិសេស​នៅ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៤ កុម្ភៈ។ ពលរដ្ឋ​ប្រហែល ៤០០,០០០ នាក់ ត្រូវបាន​គេ​ជឿថា កំពុង​ជាប់​នៅក្នុង​ទីក្រុង ម៉ារីប៉ូល ក្នុងការ​វាយប្រហារ​តាមផ្លូវ​អាកាស​របស់ កងទ័ព​រុស្ស៊ី ហើយ​ពួកគេ​កំពុង​ជួប​បញ្ហា​គ្មាន​ទឹក ភ្លើង និង​ប្រព័ន្ធ​កម្ដៅ​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ។

ឆ្លើយតប​នឹង​ការដាក់​ឱសានវាទ​របស់ រុស្ស៊ី ខាងលើ ឧបនាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន Irina Vereshchuk បាន​ទាត់​ចោលការ​កំណត់ពេល​វេលា​ចុង​ក្រោយនេះ។ «នឹងមិន​មានការ​ចុះចាញ់ ឬ​ទម្លាក់អាវុធ​នោះឡើយ យើង​បានប្រកាស​ប្រាប់​ភាគី រុស្ស៊ី អំពី​បញ្ហា​នេះ» លោកស្រី Irina បាន​ប្រាប់​ទំព័រ Pravda របស់ អ៊ុយ​ក្រែ​ន ដូច្នេះ។

អ៊ុយ​ក្រែ​ន បានប្រកាស​កាលពី​ថ្ងៃទី ១៨ មីនា​ថា បាន​បាត់បង់​ការគ្រប់គ្រង «បណ្ដោះអាសន្ន» លើ​សមុទ្រ អាហ្សូវ (Azov) នៅពេល កងទ័ព​រុស្ស៊ី បាន និង​កំពុង​ឡោមព័ទ្ធ​ទីក្រុង ម៉ារីប៉ូល ដែល​នៅជាប់​នឹង​សមុទ្រ​នេះ។

ក្រោយ​រយៈពេល ៣ សប្ដាហ៍​នៃ​ការបើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន កងទ័ព​រុស្ស៊ី បាន​គ្រប់គ្រង​តំបន់ ខឺសុន (Kherson) នៅ​ភាគ​ខាងកើត ក្នុង​គ្រា​ដែល​កំពុង​បន្ត​យុទ្ធសាស្ត្រ​ឡោមព័ទ្ធ​ទីក្រុងធំៗជាច្រើន​ផ្សេងទៀត ក្នុងនោះ​មាន​ទាំង រដ្ឋធានី​កៀវ និង ខាកូវ (Kharkov) ផងដែរ។ កងកម្លាំង​រុស្ស៊ី នៅ​ជុំវិញ​រដ្ឋធានី របស់ អ៊ុយ​ក្រែ​ន ហាក់​មិនបាន​ផ្លាស់ប្ដូរ​ទីតាំង​ក្នុង​រយៈពេល ២ សប្ដាហ៍​មកនេះ។

Advertisement