​សហរដ្ឋ​អាម៉េរិក បង្កើត​បញ្ជាការដ្ឋាន​ផ្គត់ផ្គង់​អាវុធ​ដល់ អ៊ុយក្រែន ដើម្បី​ត្រៀម​សម្រាប់​សង្គ្រាម​យូរ​អង្វែង

ទាហាន​អាម៉េរិក នៅ អ៊ុយក្រែន កាលពីឆ្នាំ ២០១៥

មន្ទីរបញ្ចកោណ​ កំពុង​តែ​រៀប​ចំ​បង្កើត​បញ្ជាការដ្ឋាន​យោធា​ទទួលបន្ទុក​តំបន់​អ៊ុយក្រែន ក្នុង​បំណង​គ្រប់​គ្រង​ការ​ហ្វឹក​ហាត់ និង​ផ្គត់ផ្គង់​អាវុធ​ដល់ ទីក្រុង​កៀវ​ ដើម្បី​ទប់ទល់​នឹង​ រុស្ស៊ី​។

មន្ត្រី​ពីររូប​របស់ សហរដ្ឋ​អាម៉េរិក សុំ​មិន​បញ្ចេញ​ឈ្មោះ​ កាលពី​ថ្ងៃទី ២៩ កញ្ញា​បាន​ឱ្យ​ដឹង​ថា ទីបញ្ជាការ​ដែល​​ទទួល​ខុស​ត្រូវ​ក្នុងការ​ជួយ​គាំទ្រ​ផ្នែក​យោធា​ដល់ អ៊ុយក្រែន​ នេះ នឹង​មាន​មូលដ្ឋាន​នៅ​ Wiesbaden ប្រទេស​អាល្លឺម៉ង់ ក្រោម​ការ​គ្រប់គ្រង​របស់​ឧត្តម​សេនីយ៍ Christopher Cavoli មេបញ្ជា​ការ​នៃ​បញ្ជាការដ្ឋាន​កងទ័ព​អាម៉េរិក នៅ អឺរ៉ុប (EUCOM)។

ពេល​វេលា​នៃ​ការ​បង្កើត​ទីបញ្ជាការ​នេះ​មិន​ទាន់​ត្រូវ​បាន​បង្ហើប​ឱ្យដឹង​នៅ​ឡើយ ប៉ុន្តែ វា​នឹង​ត្រូវ​បាន​ដឹក​នាំ​ដោយ​ឧត្តមសេនីយ៍​ផ្កាយ​ ៣ មួយ​រូប​ និង​មាន​ទាហាន​ប្រមាណ ៣០០ នាក់​។ នេះ​គឹជា​សញ្ញា​មួយ​បង្ហាញ​ថា សហរដ្ឋ​អាម៉េរិក កំពុងតែ​ត្រៀម​សម្រាប់​សេណារីយ៉ូ​សង្គ្រាម​នៅ អ៊ុយក្រែន​ អូស​បន្លាយ​ពេល​ច្រើន​ឆ្នាំ​ទៅ​មុខ​។

បញ្ជាការដ្ឋាន​ខាងលើ​ត្រូវបាន​គេ​រំពឹង​ថា នឹង​កែលំអ​ដំណើរ​ការ​ផ្គត់ផ្គង់​អាវុធ និង​ការ​ហ្វឹក​ហ្វឺន​សម្រាប់​ទាហាន​របស់ អ៊ុយក្រែន ដែល​កន្លង​មក​ត្រូវបាន​ធ្វើឡើង​ដោយ​ភាព​ប្រញាប់​ប្រញាល់ បន្ទាប់​ពី​ រុស្ស៊ី បើក​ការ​ឈ្លាន​ពាន​នៅ​ប្រទេស​ជិត​ខាង​។

Advertisement