Category: អន្តរជាតិ

  • រុស្ស៊ី ប្រកាស​បទ​ឈប់​បាញ់​នៅ​ទីក្រុង Mariupol របស់ អ៊ុយ​ក្រែ​ន

    រុស្ស៊ី ប្រកាស​បទ​ឈប់​បាញ់​នៅ​ទីក្រុង Mariupol របស់ អ៊ុយ​ក្រែ​ន

    ក្រសួងការពារជាតិ​រុស្ស៊ី ប្រកាស​បទ​ឈប់​បាញ់​កាលពី​ម្សិលមិញ ដើម្បី​បើកផ្លូវ​សម្រាប់​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង Mariupol នៅ​ភាគ​អាគ្នេយ៍​នៃ ប្រទេស​អ៊ុយ​ក្រែ​ន។

    ច្រកទ្វារ​មនុស្សធម៌​សម្រាប់​ការ​ឈ្លៀស​ប្រជាជន​ស៊ីវិល​ពី Mariupol ទៅកាន់ ទីក្រុង Zaporizhzhia ដោយ​ធ្វើដំណើរ​តាម​កំពង់ផែ Berdiansk ដែល​គ្រប់គ្រង​ដោយ​កងកម្លាំង​របស់ រុស្ស៊ី នឹងត្រូវ​បាន​បើក​ចាប់ពី​ម៉ោង ១០ ព្រឹក ថ្ងៃទី ៣១ មីនា (ម៉ោង​ប្រហែល ១៤ នៅ កម្ពុជា) នេះ​បើតាម ក្រសួងការពារជាតិ​រុស្ស៊ី។

    ក្រសួងការពារជាតិ​រុស្ស៊ី ប្រកាសថា «ដើម្បី​ជួយ​ឱ្យ​សកម្មភាព​មនុស្សធម៌​នេះ​ទទួលបាន​ជោគជ័យ យើង​ស្នើសុំ​ឱ្យធ្វើ​ការរួម​ជាមួយ​វត្តមាន​ផ្ទាល់​របស់ ឧ​ត្ត​ម​ស្នងការ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) និង គណៈ​កម្ម​ធិ​ការ​កាកបាទក្រហម​អន្តរជាតិ»។

    ផែន​ទី​នៃ​ទីក្រុង​ Mariupol

    រុស្ស៊ី បានស្នើ​ឱ្យ អ៊ុយ​ក្រែ​ន ធានា «គោរព​ដោយ​គ្មាន​លក្ខខណ្ឌ» ចំពោះ​បទ​ឈប់​បាញ់ មុន​ម៉ោង ៦ ព្រឹក​ថ្ងៃនេះ ខណៈដែល អ៊ុយ​ក្រែ​ន ក៏បាន​ស្នើឱ្យ​បើក​ច្រក​មនុស្សធម៌​ថ្មី​ចំនួន ៤ ទៀត ពី Mariupol ទៅ Zaporizhzhia ក្នុង​រយៈពេល ២៤ ម៉ោង​កន្លង។

    ការសម្រេច​ឈប់​បាញ់​នៅ Mariupol ត្រូវ​បានលើកឡើង​បន្ទាប់ពី ប្រធានាធិបតី​បារាំង លោក Macron បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​សម​ភាគី​រុស្ស៊ី កាលពី​ព្រលប់​ថ្ងៃទី ២៩ មីនា។ ក្រុមមន្ត្រី​បារាំង និយាយថា ក្នុងការ​ពិភាក្សា​នោះ មេដឹកនាំ​របស់ រុស្ស៊ី បាន​យល់ព្រម​ពិចារណា​ចំពោះ​ផែនការ​ជម្លៀស​ប្រជាជន​ស៊ីវិល​ចេញពី​បណ្ដា​ទីក្រុង​របស់ អ៊ុយ​ក្រែ​ន ដែល​កំពុង​ត្រូវបាន​ឡោមព័ទ្ធ។

    ក៏ប៉ុន្តែ លោក ពូ​ទីន បាន​អះអាងថា ការបាញ់​បន្តក់​គ្រាប់ផ្លោង​នៅ Mariupol ត្រូវបាន​បញ្ឈប់ លុះណាតែ​ក្រុម​ប្រដាប់អាវុធ​របស់ អ៊ុយ​ក្រែ​ន ឈប់​តតាំង និង​ចុះចាញ់» នេះ​បើតាម​ប្រកាស​របស់ វិមាន​ក្រឹម​ឡាំង។

  • ប្រទេសចិន បាញ់បង្ហោះ​ដោយ​ជោគ​ជ័យ​ «រ៉ុក្កែត hybrid» ដំបូងបង្អស់របស់ខ្លួន

    ប្រទេសចិន បាញ់បង្ហោះ​ដោយ​ជោគ​ជ័យ​ «រ៉ុក្កែត hybrid» ដំបូងបង្អស់របស់ខ្លួន

    កាំជ្រួច Long March ៦A ដែល​ប្រើប្រាស់​រួមផ្សំ​រវាង​ឥន្ធនៈ​រាវ និង​រឹង បាន​ហោះហើរ​ដោយ​ជោគជ័យ​ជា​លើកដំបូង​កាលពី​ថ្ងៃទី ២៩ មីនា។

    យោងតាម Global Times រ៉ុក្កែត​ខាងលើ​ត្រូវបាន​បាញ់​បង្ហោះ​ចេញពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Taiyuan ក្នុង​ខេត្ត Shanxi ភាគ​ពាយព្យ​ប្រទេស​ចិន នាំ​ផ្កាយរណប ២ គ្រឿង​ឡើងទៅ​កាន់​គន្លង​គោចរ។ ការបាញ់​បង្ហោះ​នេះ​គឺជា​ការហោះហើរ​លើក​ទី ៤១២ របស់​ស្រ​ឡាយ​រ៉ុក្កែត Long March។

    Long March ត្រូវបាន​អភិវឌ្ឍ​ដោយ វិទ្យាស្ថាន​បច្ចេកវិទ្យា​អវកាស​សៀង​ហៃ (SAST) របស់​ក្រុមហ៊ុន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​អវកាស​ចិន (CASC)។

    Long March ៦A ដែលមាន​កម្ពស់ ៥០ ម៉ែត្រ និង​ទទឹង ៣.៣៥ ម៉ែត្រ​នេះ មាន ៣ កំណាត់​សម្រាប់​ការ​រុញច្រាន រួម​នឹង​ម៉ាស៊ីន​រុញច្រាន​ចំនួន ៤ ដែល​ភ្ជាប់​នឹង​ដងខ្លួន​ផ្នែក​ខាងក្រោម។

    CASC អះអាងថា នេះ​គឺជា​កំណែ «រ៉ុក្កែត hybrid» ដំបូង​របស់ ចិន ព្រោះថា វា​ប្រើប្រាស់​ទាំង​ឥន្ធនៈ​រាវ (អុកស៊ីសែន/ប្រេងកាត) ទាំង​ឥន្ធនៈ​រឹង។

  • អាម៉េរិក បណ្ដាក់ទុន​ច្រើន​ពាន់​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​អ៊ីដ្រូសែន សម្រាប់​ជំនួស​ប្រេង

    អាម៉េរិក បណ្ដាក់ទុន​ច្រើន​ពាន់​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​អ៊ីដ្រូសែន សម្រាប់​ជំនួស​ប្រេង

    សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​សន្តិសុខ​ថាមពល​ក្លាយជា​ប្រធានបទ​ក្ដៅ ដោយសារ​តម្លៃ​ប្រេង​ឡើងថ្លៃ​ខ្ពស់ នៅពេល​បស្ចិម​លោក​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី ដូច្នេះ សហរដ្ឋ​អាម៉េរិក យល់ថា អ៊ីដ្រូសែន អាចជា​គន្លឹះ​សម្រាប់​ដោះស្រាយ​បញ្ហា​ថាមពល។

    កាលពី​ថ្ងៃទី ២៨ មីនា កិច្ចពិភាក្សា​នៅក្នុង​វេទិកា​ថាមពល​សកល របស់ ក្រុមប្រឹក្សា​អា​ត្ល​ង់​ទិ​ក ដែល​ត្រូវបាន​ធ្វើឡើង​នៅ ឌូ​បៃ នៃ អេ​មី​រ៉ា​ត​អារ៉ាប់​រួម ឧបសគ្គ និង​ឱកាស​ក្នុង​វិស័យ​ថាមពល​ត្រូវបាន​ជជែក​គ្នា​យ៉ាង​ផុសផុល។

    ក្នុង​វេទិកា​នោះ លោកស្រី Anna Shpitsberg ដែលជា​ជំនួយ​ការរង​នៃ​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ផ្លាស់ប្ដូរ​ថាមពល​របស់ ក្រសួងការបរទេស​អា​ម៉េ​រិ​ក ឱ្យដឹងថា អង្គភាព​ពិសេស​អាម៉េរិក-សហភាព​អឺរ៉ុប នឹង​ផ្ដោត​សំខាន់​ទៅលើ​បណ្ដា​វិស័យ​ដូចជា ធានា​ប្រភព​ផ្គត់ផ្គង់ LNG (ឧស្ម័ន​ធម្មជាតិ​រាវ) ធានាថា បណ្ដា​ក្រុមហ៊ុន​ផលិត​របស់ អាម៉េរិក នឹង​បង្កើន​ប្រភព​ផ្គត់ផ្គង់​សម្រាប់​តំបន់ អឺរ៉ុប រហូតដល់​ឆ្នាំ ២០៣០។

    លោកស្រី Shpitsberg ក៏បាន​អះអាងថា ប្រការ​សំខាន់​នោះ​គឺថា នៅក្នុង​ដំណាក់កាល​ផ្លាស់ប្ដូរ​វិស័យ​ថាមពល គឺមាន​ការវិនិយោគ​ទៅលើ​ថាមពល អ៊ីដ្រូសែន។

    «យើង​មិនអាច​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​បច្ចេកវិទ្យា​មួយ ក៏ដូចជា​មិនអាច​ពឹង​ផ្អែកលើ​ប្រភព​ផ្គត់ផ្គង់​តែមួយ ដូច្នេះហើយ យើង​វិនិយោគ​ច្រើន​ទៅក្នុង​វិស័យ​ថាមពល​អ៊ីដ្រូសែន» លោកស្រី Shpitsberg បញ្ជាក់។

    មន្ត្រី​អាម៉េរិក រូបនេះ បាន​ហៅ អ៊ីដ្រូសែន ថា​ជា «បច្ចេកវិទ្យា​មួយ​ដែល​ផ្លាស់ប្ដូរ​ល្បែង​លេង» ព្រោះថា វា​អាច​ធ្វើជា​មូលដ្ឋាន​នៃ​នុយ​ក្លេ​អែរ សម្រាប់​ឧស្ម័ន និង​សម្រាប់​ថាមពល​កកើត​ឡើងវិញ។

    លោកស្រី Shpitsberg ថ្លែងថា «យើង​កំពុង​ប្រមូល​ធនធាន​ដែល​អាច​ប្រើប្រាស់​បាន សម្រាប់​ដំណាក់កាល​នៃ​ការផ្លាស់ប្ដូរ​ថាមពល។ នោះ​គឺជា​មូលហេតុ​ដែល​យើង​កំពុង​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​ទៅក្នុង​ការស្រាវជ្រាវ និង​អភិវឌ្ឍ​អ៊ីដ្រូសែន»។

    ថាមពល​អ៊ីដ្រូសែន អាច​ត្រូវបាន​ផលិត​តាម​វិធី​មួយចំនួន ក្នុងនោះ​ក៏មាន​វិធី​ប្រើប្រាស់​អគ្គិសនី​ដើម្បី​បំបែក​ទឹក​ទៅជា អុកស៊ីសែន និង អ៊ីដ្រូសែន។ បើសិន​អគ្គិសនី​ដែល​ប្រើ​ក្នុងការ​បំបែក​សមាសធាតុ​នោះ​មាន​ប្រភពពី​ថាមពលខ្យល់ ឬ​ព្រះអាទិត្យ នោះ អ៊ីដ្រូសែន នេះ ត្រូវបាន​ហៅថា ថាមពលបៃតង ឬ អ៊ីដ្រូសែន​កកើតឡើង​វិញ៕

  • ពិភពលោក​ទំនង​ជា​នឹង​​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា «សល់» វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩

    ពិភពលោក​ទំនង​ជា​នឹង​​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា «សល់» វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩

    ក្រោយ​មួយរយៈ​ពេលដែល​បណ្ដា​ក្រុមហ៊ុន​ឱសថធំៗ ប្រជែង​គ្នា​ក្នុង​ការផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ វី​ស័​យ​វ៉ាក់សាំង​សកល​បច្ចុប្បន្ន ហាក់​កំពុង​ឈរ​នៅ​ចំពោះមុខ​ស្ថានភាព​តម្រូវការ​ទីផ្សារ​ថយចុះ​ខ្លាំង។

    បើទោះជា​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ អាចជួយ​រក្សា​ឱ្យមាន​តម្រូវការ​នៃ​ការប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ក្នុង​ពិភពលោក ប៉ុន្តែ ស្ថានភាព​ខ្វះខាត​វ៉ាក់សាំង​ដែល​អូសបន្លាយ​ពេញ​មួយឆ្នាំ ២០២១ លែងមានទៀតហើយ។ ផ្ទុយទៅវិញ លទ្ធភាព​នៃ​ការ​សល់​វ៉ាក់សាំង​គឺមាន​ខ្ពស់​ខ្លាំងណាស់។

    យោងតាម​ក្រុមហ៊ុន​វិភាគ Airfinity វ៉ាក់សាំង​កូ​វីដ-១៩ ជាង ៩ ពាន់​លាន​ដូ​ស អាច​ត្រូវបាន​ផលិត​រួចហើយ​ក្នុង​ឆ្នាំ ២០២២ ប៉ុន្តែ តម្រូវការ​នឹង​ថយចុះ​ក្នុង​រង្វង់​ពី ២.២ ទៅ ៤.៤ ពាន់​លាន​ដូ​ស/ឆ្នាំ រាប់​ចាប់ពី​ឆ្នាំ ២០២។

    មកដល់​បច្ចុប្បន្ន វ៉ាក់សាំង​ជាង ១១ ពាន់​លាន​ដូ​ស ត្រូវបាន​ចាក់​នៅ​ទូទាំង​សកលលោក ក្នុងនោះ អត្រា​នៃ​ការចាក់​កំពុង​កើនឡើង​តែ​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ។ បន្ទាប់ពី​បាន​ដោះស្រាយ​បញ្ហា​ខ្វះ​វ៉ាក់សាំង​ក្នុង​ឆ្នាំ ២០២១ កូ​វ៉ា​ក់ (COVAX) ដែលជា​គំនិត​ផ្ដួចផ្ដើម​ដើម្បី​ផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​បណ្ដា​ប្រទេស​ក្រីក្រ របស់ អង្គការ​សុខភាព​ពិភពលោក បង្ហាញថា បរិមាណ​វ៉ាក់សាំង​ដែល​នៅក្នុង​ឃ្លាំង​បច្ចុប្បន្ន មាន​ច្រើនជាង​តម្រូវការ។

    បញ្ហា​ខាងលើនេះ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិមាណ​ផលិតផល​លក់​ចេញ របស់ បណ្ដា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ដូចជា Pfizer និង AstraZeneca ក៏ដូចជា​បណ្ដា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ផ្គត់ផ្គង់​ក្នុងស្រុក ដូចជា ឥណ្ឌា ឬ ឥណ្ឌូណេស៊ី។ តម្លៃ​ភាគហ៊ុន​របស់​បណ្ដា​ក្រុមហ៊ុន​អភិវឌ្ឍ និង​ផលិត​វ៉ាក់សាំងល្បីៗ ក៏​ធ្លាក់ចុះ ខណៈដែល​វិធានការ​ទប់ស្កាត់​ការឆ្លង​វីរុស​នៅលើ​ពិភពលោក ក៏​ត្រូវបាន​បន្ធូរបន្ថយ​ជា​បន្តបន្ទាប់។

    មូលហេតុ​ចម្បង​បង្អស់​ដែលនាំឱ្យ​ថយចុះ​នូវ​តម្រូវការ​នៃ​ការប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ នោះ​គឺ​ការយល់ឃើញថា វីរុស​បំប្លែង​ខ្លួន អូ​មី​ក្រុង មិន​បង្ក​អាការ​ធ្ងន់ធ្ងរ​ដល់​អ្នកជំងឺ ហើយ​វ៉ាក់សាំង​ក៏​មិនអាច​ទប់ស្កាត់​ការឆ្លង​វីរុស​បាន ដោយ​គ្រាន់តែ​អាច​ទប់​មិនឱ្យ​ជំងឺ​ប្រែជា​ធ្ងន់ធ្ងរ៕

  • តា​លី​បង់ ស្នើឱ្យ​បុគ្គលិក មន្ត្រី​រដ្ឋការ ទុក​ពុកមាត់ និង​ពុកចង្កា

    តា​លី​បង់ ស្នើឱ្យ​បុគ្គលិក មន្ត្រី​រដ្ឋការ ទុក​ពុកមាត់ និង​ពុកចង្កា

    អាជ្ញាធរ​តា​លី​បង់ នៃ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ស្នើឱ្យ​មន្ត្រី​រដ្ឋការ ទុក​ពុកមាត់ ពុកចង្កា និង​គោរព​ទៅតាម​ការកំណត់​នានា​របស់​ពួកគេ មិន​ដូច្នោះ​ទេ នឹងត្រូវ​បណ្ដេញ​ពី​ការងារ។

    តំណាង​សារព័ត៌មាន នៃ ស្ថាប​ន័​លើកកម្ពស់​សីលធម៌ និង​ទប់ស្កាត់​អំពើ​អសីលធម៌ របស់ អាជ្ញាធរ​តា​លី​បង់ កាលពី​ថ្ងៃទី ២៨ មីនា បាន​ទៅកាន់​ការិយាល័យ​នានា​របស់​ស្ថាប័នរដ្ឋ ដើម្បី​ត្រួតពិនិត្យ​អំពី​ស្ថានភាព​គោរព​គោលការណ៍​ថ្មី​របស់​មន្ត្រី​រដ្ឋការ នេះ​បើតាម Reuters។

    បុគ្គលិក មន្ត្រី​រដ្ឋការ ដែល​ធ្វើការ​ក្នុង​ស្ថាប័នរដ្ឋ ត្រូវបាន​ស្នើឱ្យ​ទុក​ពុកមាត់ ពុកចង្កា និង​ត្រូវ​ស្លៀកពាក់​តាមបែប​ប្រពៃណី ព្រមទាំង​ដាក់​កំហិត​ឱ្យ​ធ្វើការ​សូត្រធម៌​បួងសួង​ត្រូវ​ទៅតាម​ពេលវេលា​ដែល​បានកំណត់។ បើសិនជា​អនុវត្ត​ផ្ទុយ​ពីនេះ ពួកគេ​នឹង​ត្រូវបាន​បញ្ឈប់​ពីមុខ​តំណាង។

    តា​លី​បង់ គឺជា​ក្រុម​ប្រកាន់​តឹង​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន។ កាលពី​សប្ដាហ៍​កន្លង ពួកគេ​ក៏បាន​ហាម​ស្ត្រី​ជិះ​យន្តហោះ​ផងដែរ បើសិន​មិនមាន​បុរស​តាម​ការពារ។ រដ្ឋអំណាច​ក៏​ស្នើឱ្យ​សួន និង​ឧទ្យាន​នានា បើកទ្វារ​ទទួលភ្ញៀវ​ជា​បុរស និង​ស្ត្រី​ដាច់ដោយឡែក ក្នុងនោះ ៤ ថ្ងៃ សម្រាប់​បុរស និង ៣ ថ្ងៃ សម្រាប់​ស្ត្រី ដែល​ប្រការនេះ​មានន័យថា គូ​ស្វាមី ភរិយា និង​គ្រួសារ មិនត្រូវ​បានអនុញ្ញាត​ឱ្យ​រួម​ដំណើរ​ជាមួយគ្នា ពេល​ចូល​លេង​សួន ឬ​ឧទ្យាន៕

  • អភិបាលរងក្រុង​ព្រៃនគរ ជួប​គ្រោះថ្នាក់​ចរាចរណ៍​លើផ្លូវ​ល្បឿន​លឿន

    អភិបាលរងក្រុង​ព្រៃនគរ ជួប​គ្រោះថ្នាក់​ចរាចរណ៍​លើផ្លូវ​ល្បឿន​លឿន

    (វៀតណាម)-រថយន្ត​ដឹក​អភិបាលរងក្រុង​ហូជីមិញ (ព្រៃនគរ/សៃ​ហ្គ​ន) បាន​ក្រឡាប់​នៅលើ​ផ្លូវ​ល្បឿន​លឿន​ពី ក្រុង​ព្រៃនគរ ទៅកាន់ ខេត្ត​ឡុង​អាន នៅវេលា​ម៉ោង ៧និង២០នាទី ព្រឹក​ថ្ងៃទី ២៩ មីនា នេះ​បើតាម​ប្រភពព័ត៌មាន​ពី Vnexpress។

    មូលហេតុ​ដែលនាំឱ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវបាន​សមត្ថកិច្ច​ស​ន្និ​ដ្ឋា​ន​ថា ដោយសារ​បែក​កង់​ក្រោយ ធ្វើឱ្យ​រថយន្ត​ជ្រុល​ទៅបុក​រនាំង​ខណ្ឌ​ចែកផ្លូវ ហើយ​ក្រោយមក​ក៏​ក្រឡាប់​ដេក​ចំហៀង។ នៅក្នុង​រថយន្ត​ជួប​គ្រោះថ្នាក់​នេះ មាន​ដឹក​មនុស្ស ៣ នាក់ ក្នុងនោះ​មាន អភិបាលរងក្រុង​ព្រៃនគរ លោក ឡេ ហួរ ប៊ិ​ញ ផងដែរ។

    លោក ប៊ិ​ញ រងរបួស​ធ្ងន់ធ្ងរ អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត ព្រោះ​នៅពេល​ត្រូវបាន​នាំ​ចូលដល់​មន្ទីរពេទ្យ លោក​ស្ថិតក្នុង​ស្ថានភាព​គ្មាន​ដង្ហើម និង​បេះដូង​ឈប់​ដើរ ចំណែក​មនុស្ស ២ នាក់​ទៀត រងរបួស​ស្រាល។

    ហូជីមិញ ឬ​ព្រៃនគរ​ គឺជា​ទីក្រុង​ធំ​ជាង​គេ​បង្អស់​ និង​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​របស់​ ប្រទេស​វៀត​ណាម។ ទីក្រុង​នេះ​មាន​ប្រជាជន​រស់​នៅ​ប្រមាណ ៩ លាន​នាក់​ នៅ​ឆ្នាំ​ ២០១៩។

    មុន​ពេល​ជនជាតិ​វៀតណាម​ មក​តាំង​ទីលំនៅ​ក្នុង​សតវត្សរ៍​ទី ១៧ ទីក្រុង​នេះ​គឺជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​​ នគរភ្នំ ចេនឡា និង​ កម្ពុជា​៕

  • កាណាដា គ្រោង​នឹង​ទិញ​យន្តហោះ​ចម្បាំង F-៣៥ ជិត ១០០ គ្រឿង ព្រោះ​ខ្លាច រុស្ស៊ី

    កាណាដា គ្រោង​នឹង​ទិញ​យន្តហោះ​ចម្បាំង F-៣៥ ជិត ១០០ គ្រឿង ព្រោះ​ខ្លាច រុស្ស៊ី

    ប្រទេស​កាណាដា មាន​ផែន​ការទិញ​យន្តហោះ​ចម្បាំង F-៣៥ ចំនួន ៨៨ គ្រឿង ដើម្បី​ធ្វើ​ទំនើបកម្ម​ទ័ពអាកាស និង​ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​ថ្មី ក្នុងនោះ​មាន រុស្ស៊ី ជាដើម។

    «យន្តហោះ​ចម្បាំង​បំបាំងកាយ F-៣៥ បានបង្ហាញ​អំពី​សក្ដានុពល លក្ខណៈ​ពេញលេញ និង​សមត្ថភាព​សហការ​ក្នុង​សមរភូមិ ដែល​នោះ​គឺជា​មូលហេតុ​នាំឱ្យ​យើង​ឈានដល់​ដំណាក់កាល​បង្ហើយ​កិច្ចសន្យា​ទិញដូរ។ កាណាដា ដែលមាន​ដែនអាកាស​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក ត្រូវការ​ធានាថា ក្រុម​ហោះហើរ​នៃ​យន្តហោះ​ចម្បាំង​បន្ទាប់ អាច​ទប់​ទល់នឹង​ការគំរាមកំហែង» រដ្ឋមន្ត្រី​ការពារជាតិ​កាណាដា Anita Anand បាន​ថ្លែង​កាលពី​ម្សិលមិញ​ដូច្នេះ។

    បណ្ដា​យន្តហោះ​ចម្បាំង F-៣៥ របស់ កាណាដា នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​ល្បាត​ដែនអាកាស​នៅ អាម៉េរិក​ខាងជើង ជាមួយនឹង​ទ័ពអាកាស​របស់ សហរដ្ឋ​អាម៉េរិក ក្រោម​បញ្ជាការ​របស់​បញ្ជាការ​ដ្ឋា​ន​ការពារ​ដែនអាកាស​អាម៉េរិក​ខាងជើង (NORAD)។ ពួកវា​ក៏​អាច​ចូលរួម​បេសកកម្ម​ការពារ ណា​តូ នៅ អឺរ៉ុប ឬ​ប្រទេស​នានា។

    F-៣៥

    មូលហេតុ​ដែលនាំឱ្យ កាណាដា សម្រេចចិត្ត​ទិញ​យន្តហោះ​ចម្បាំង​ខាងលើ ត្រូវបាន រដ្ឋមន្ត្រីការបរទេស​កាណាដា Melanie Joly ថ្លែងថា «ពិភពលោក​បាន​ផ្លាស់ប្ដូរ​ចាប់ពី​ថ្ងៃទី ២៤ កុម្ភៈ» ជា​ពេលដែល រុស្ស៊ី បើក​ការឈ្លានពាន​ទឹកដី​របស់ អ៊ុយ​ក្រែ​ន។

    F-៣៥

    ទ័ពអាកាស​របស់ កាណាដា បច្ចុប្បន្ន​មាន​យន្តហោះ​ចម្បាំង​ពហុមុខ​ងារ CF-១៨A/B ចំនួន ៧៦ គ្រឿង ដែល​ត្រូវបាន​អភិវឌ្ឍ​ពី​កំណែ F/A-១៨A/B របស់ សហរដ្ឋ​អាម៉េរិក រួម​នឹង​យន្តហោះ​ចម្បាំង F/A-១៨ ចំនួន ១៨ គ្រឿង ដែល​ទទួលបាន​ពី អូស្ត្រាលី កាលពី​ឆ្នាំ ២០១៩។ យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​របស់ កាណាដា នឹងត្រូវ​បានដាក់​ឱ្យចូល​និវត្តន៍ ដោយសារតែ​ផុត​អាយុកាល​ប្រើប្រាស់។

    យន្តហោះ​ចម្បាំង CF-១៨ របស់ កាណាដា

    ដំណាក់​នៃ​ការចរចា​ជាមួយ​ក្រុមហ៊ុន Lockheed Martin គ្រោង​នឹង​ចំណាយពេល ៧ ខែ ហើយ កាណាដា អាច​ទទួលបាន​យន្តហោះ F-៣៥ ដំបូង ចាប់ពី​ឆ្នាំ ២០២៥៕

  • អាម៉េរិក ថា កងទ័ព​របស់ រុស្ស៊ី នៅ​ អ៊ុយក្រែន ដកថយ​ទៅ​ជីក​លេណដ្ឋាន​ការពារ​ខ្លួន​

    អាម៉េរិក ថា កងទ័ព​របស់ រុស្ស៊ី នៅ​ អ៊ុយក្រែន ដកថយ​ទៅ​ជីក​លេណដ្ឋាន​ការពារ​ខ្លួន​

    មន្ត្រី​មន្ទីរ​បញ្ច​កោណ បានឱ្យដឹងថា កងទ័ព​រុស្ស៊ី បាន​ដកថយ​រាប់សិប​គីឡូម៉ែត្រ ទៅ​ទិសខាងកើត​នៃ រដ្ឋធានី​កៀវ និង​ចាប់ផ្ដើម​បង្កើត​ទីតាំង​ការពារ​ខ្លួន​នៅ អ៊ុយ​ក្រែ​ន។

    «អ៊ុយ​ក្រែ​ន បាន​រុញច្រាន​កងទ័ព​របស់ រុស្ស៊ី ឱ្យ​ថយក្រោយ ៥៥ គីឡូម៉ែត្រ នៅ​ភាគ​ខាងកើត និង​ភាគ​ឦសាន​នៃ រដ្ឋធានី​កៀវ។ នោះ​គឺជា​ប្រែប្រួល​ដែល​ធៀប​នឹង​ថ្ងៃ​ម្សិលមិញ។ នៅ​ភាគ​ឦសាន រុស្ស៊ី ជារួម កំពុង​ជីក​លេណដ្ឋាន និង​បង្កើត​ទីតាំង​ឈរជើង​ការពារ​ខ្លួន។ មិនមែន​ពួកគេ​មិន​បន្ត​វាយលុក​ទៅមុខ ប៉ុន្តែ ពេលនេះ​ពួកគេ​មិន​ព្យាយាម​ធ្វើ» មន្ត្រីជាន់ខ្ពស់​នៃ ក្រសួងការពារជាតិ​អាម៉េរិក កាលពី​ថ្ងៃទី ២៨ មីនា បាន​អះអាង​ដូច្នេះ។

    មន្ទីរ​បញ្ច​កោណ នា​ថ្ងៃទី ២៩ មីនា បញ្ជាក់ថា កងកម្លាំង​រុស្ស៊ី កំពុង​ស្ថិតនៅ​ចម្ងាយ​ពី រដ្ឋធានី​កៀវ ប្រហែល ២០ គម និង​ត្រូវបាន​រាំងខ្ទប់​នៅ​ទីតាំង​ដែលមាន​ចម្ងាយ​ប្រហែល ១០ គម ពី​ទីក្រុង Chernihiv។ ទីតាំង​មួយចំនួន​របស់ កងទ័ព​រុស្ស៊ី ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល ១៥ ទៅ ២០ គម ទៅ​ទិសខាងកើត​ក្រុង Kharkov កំពុង​រង​ការ​វាយបក​យ៉ាង​ខ្លាំងក្លា​ពី កងទ័ព​អ៊ុយ​ក្រែ​ន។

    បច្ចុប្បន្ន រុស្ស៊ី ហាក់​កំពុង​ផ្ដោតទៅលើ​តំបន់​ផ្ដាច់ខ្លួន Donetsk និង Lugansk នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន។ មន្ត្រី​អាម៉េរិក និយាយថា មន្ទីរ​បញ្ច​កោណ ជឿថា ទីក្រុង​មូ​ស្គូ កំពុង​ព្យាយាម «ទាក់ទាញ» កងកម្លាំង​របស់ អ៊ុយ​ក្រែ​ន នៅ​តំបន់​ទាំងនេះ ដើម្បី​កុំឱ្យ​ពួកគេ​អាច​ពង្រាយ​កម្លាំង​ទៅកាន់​តំបន់​ដទៃ។

    ការលើកឡើង​ខាងលើ បាន​កើតឡើង​មួយថ្ងៃ បន្ទាប់ពី​អ្នកនាំពាក្យ​របស់ មន្ទីរ​បញ្ច​កោណ John Kirby និយាយថា កងកម្លាំង​អ៊ុយ​ក្រែ​ន «វាយបក​នៅ​ទីតាំង​នានា និង​រុញច្រាន កងទ័ព​រុស្ស៊ី ឱ្យ​ចេញពី​តំបន់​មួយចំនួន»៕

  • មហា​គម្រោង​ផលិត​អគ្គិសនី​ដោយ​ប្រើ​ថាមពលខ្យល់​លើ​សមុទ្រ! ផលិត​អគ្គិសនី​ស្អាត​បាន​លើស ១ពាន់​លាន kWh

    មហា​គម្រោង​ផលិត​អគ្គិសនី​ដោយ​ប្រើ​ថាមពលខ្យល់​លើ​សមុទ្រ! ផលិត​អគ្គិសនី​ស្អាត​បាន​លើស ១ពាន់​លាន kWh

    (ប្រទេស​ចិន)-ក្រោយ​ដំណើរការ​ពេញ​សមត្ថភាព កសិដ្ឋាន​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​នៅ​សមុទ្រ Shapa ផលិត​អគ្គិសនី​ស្អាត​បាន​ជាង ១ ពាន់​លាន​គីឡូវ៉ាត់/ម៉ោង នៅ​ថ្ងៃទី ២៥ មីនា ២០២២។

    ស្ថិតនៅលើ​លម្ហ​សមុទ្រ​នៃ​ទីរួមស្រុក Yangjiang ក្នុង​ខេត្ត Guangdong ភាគខាងត្បូង​ប្រទេស​ចិន មហា​គម្រោង​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់ Shapa គឺជា​កម្លាំងចលករ​មួយ​សម្រាប់​ការអភិវឌ្ឍ​បៃតង​នៅ​មហា​តំបន់ Guangtong-Hong Kong-Macao។ ដោយមាន​ផលិតភាព ២ លាន​គីឡូវ៉ាត់ កសិដ្ឋាន​ខាងលើ​អាច​ផ្គត់ផ្គង់​អគ្គិសនី​ស្អាត​ចំនួន ៥.៦ ពាន់​លាន​គីឡូវ៉ាត់/ម៉ោង ជា​រៀងរាល់ឆ្នាំ សម្រាប់​មហា​តំបន់​នេះ។

    ចាប់តាំងពី​បានដាក់​ចូលក្នុង​បណ្ដាញ​អគ្គិសនី​កាលពី​ថ្ងៃទី ២៥ ធ្នូ ២០២១ គម្រោង​ខាងលើ​ផលិត​អគ្គិសនី​ស្អាត​បាន​ជាង ១ ពាន់​លាន​គីឡូវ៉ាត់/ម៉ោង​រួចហើយ ដែល​អាច​ជំនួស​ការប្រើប្រាស់​ធ្យូងថ្ម ៣០៧,០០០ តោន ក្នុង​វិស័យ​ផលិត​អគ្គិសនី​ដោយ​ប្រើ​ថាមពល​ធ្យូងថ្ម និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រើប្រាស់​របស់​គ្រួសារ​ដែលមាន​សមាជិក ៣ នាក់ ចំនួន ៥០០,០០០ គ្រួ ក្នុង ១ ឆ្នាំ។

    Shapa គឺជា​គម្រោង​ផលិត​អគ្គិសនី​នៅលើ​ផ្ទៃសមុទ្រ លំដាប់ gigawatt ដំបូង​គេ​របស់ ប្រទេស​ចិន និង​ជា​គម្រោង​ដំបូងបង្អស់​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ទប់ទល់​ព្យុះ​ដែល​ផ្ដល់ជំនួយ​ពី​ចម្ងាយ​ដោយ​ប្រព័ន្ធ​ផ្កាយរណប Beidou។ វា​ក៏​ត្រូវបាន​បំពាក់​ប្រព័ន្ធ​តាមដាន​ស្ថានភាព អាច​ត្រួតពិនិត្យ​សកម្មភាព​របស់​ទួ​រ​ប៊ី​ន គ្រប់ពេល​ផងដែរ៕

  • កម្ពុជា អត់​មាន​តម្រូវការ​​យន្តហោះ​ចម្បាំង តែ​អាច​បាញ់​ទម្លាក់​រាល់​យន្តហោះ​យោធា​ឈ្លាន​ពាន​របស់​បរទេស​

    កម្ពុជា អត់​មាន​តម្រូវការ​​យន្តហោះ​ចម្បាំង តែ​អាច​បាញ់​ទម្លាក់​រាល់​យន្តហោះ​យោធា​ឈ្លាន​ពាន​របស់​បរទេស​

    នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​មន្ទីរ​ព្យាបាល​ជំងឺ​ត្រចៀក ច្រមុះ កំពង់​ក មិត្តភាព​កម្ពុជា-កូរ៉េ នៃ មន្ទីរពេទ្យ​ព្រះអង្គដួង នា​ព្រឹក​ថ្ងៃទី ២៨ មីនា ២០២២ នេះ សម្ដេច ហ៊ុនសែន បាន​ថ្លែងថា រឿង​កងទ័ព កម្ពុជា អត់​មាន​តម្រូវការ​នាវាមុជទឹក និង​យន្តហោះ​ចម្បាំង​អ្វី​ទាំងអស់ ហើយ​ថា ទុក​លុយ​កសាង​មន្ទីរពេទ្យ ផ្លូវថ្នល់ និង​សាលារៀន​វិញ។

    ប្រមុខ​រដ្ឋាភិបាល បញ្ជាក់ថា កម្ពុជា មាន​សំណាញ់​អាកាស សម្រាប់​ការពារ​ដែនអាកាស ហើយ​អាច​បាញ់​ទម្លាក់​យន្តហោះ​យោធា​របស់​ប្រទេស​ទាំងឡាយណា​ដែល​ហោះ​រំលោភ​ចូល​ដែនអាកាស​ដោយ​មិនបាន​សុំច្បាប់​ជាមុន។ សម្ដេច អះអាងថា ការទិញ​យន្តហោះ​ចម្បាំង គឺ​ត្រូវ​ចំណាយ​ថវិកា​ច្រើន ហើយ​ថា វា​មិន​អាចធ្វើ​អ្វី​បាន​ច្រើន។

    ប្រសាសន៍​ខាងលើ​របស់ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ត្រូវបាន​លើកឡើង​នៅក្នុង​គ្រា​ដែល​ពិភពលោក​កំពុង​រត់ប្រណាំង​ផ្នែក​សព្វាវុធ​យ៉ាងខ្លាំង​ក្លា នៅពេល​ជម្លោះ​ប្រដាប់អាវុធ និង​សង្គ្រាម​រវាង​ប្រទេសមួយ​នឹង​ប្រទេសមួយ កំពុង​កើតមាន ក្នុងនោះ​មាន រុស្ស៊ី និង អ៊ុយ​ក្រែ​ន ជាដើម។

    នៅក្នុង​បណ្ដា​ប្រទេស​ដែលមាន​ព្រំដែន​ជាប់​នឹង កម្ពុជា រួមមាន ថៃ វៀតណាម និង ឡាវ ភាគច្រើន​ជា​ប្រទេស​ដែលមាន​កម្លាំង​ទ័ព​ខ្លាំងក្លា ក្នុងនោះ ប្រទេស​វៀតណាម សម្រាប់​ឆ្នាំ ២០២២ កំពុង​នាំមុខគេ​ក្នុងចំណោម​ប្រទេស​ខាងលើ ដោយ​ជាប់​ចំណាត់ថ្នាក់​ទី ២៨ ក្នុង​បញ្ជី​ចំណាត់ថ្នាក់​ផ្នែក​កម្លាំង​ទ័ព​របស់ Gobalfirepower។

    ក្នុង​បញ្ជី​របស់ Gobalfirepower ប្រទេស​ថៃ ជាប់​ចំណាត់ថ្នាក់​ទី ២៩ ក្នុងចំណោម​ប្រទេស​ទាំង ១៤២ ដែល​ត្រូវបាន​គណនា​អំពី​អំណាច​យោធា។ ចំណែក កម្ពុជា វិញ ជាប់​ចំណាត់ថ្នាក់​ទី ១០០ ខណៈដែល ប្រទេស​ឡាវ ជាប់​ចំណាត់ថ្នាក់​ទី ១២១៕