អភិបាលរងក្រុង​ព្រៃនគរ ជួប​គ្រោះថ្នាក់​ចរាចរណ៍​លើផ្លូវ​ល្បឿន​លឿន

(វៀតណាម)-រថយន្ត​ដឹក​អភិបាលរងក្រុង​ហូជីមិញ (ព្រៃនគរ/សៃ​ហ្គ​ន) បាន​ក្រឡាប់​នៅលើ​ផ្លូវ​ល្បឿន​លឿន​ពី ក្រុង​ព្រៃនគរ ទៅកាន់ ខេត្ត​ឡុង​អាន នៅវេលា​ម៉ោង ៧និង២០នាទី ព្រឹក​ថ្ងៃទី ២៩ មីនា នេះ​បើតាម​ប្រភពព័ត៌មាន​ពី Vnexpress។

មូលហេតុ​ដែលនាំឱ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវបាន​សមត្ថកិច្ច​ស​ន្និ​ដ្ឋា​ន​ថា ដោយសារ​បែក​កង់​ក្រោយ ធ្វើឱ្យ​រថយន្ត​ជ្រុល​ទៅបុក​រនាំង​ខណ្ឌ​ចែកផ្លូវ ហើយ​ក្រោយមក​ក៏​ក្រឡាប់​ដេក​ចំហៀង។ នៅក្នុង​រថយន្ត​ជួប​គ្រោះថ្នាក់​នេះ មាន​ដឹក​មនុស្ស ៣ នាក់ ក្នុងនោះ​មាន អភិបាលរងក្រុង​ព្រៃនគរ លោក ឡេ ហួរ ប៊ិ​ញ ផងដែរ។

លោក ប៊ិ​ញ រងរបួស​ធ្ងន់ធ្ងរ អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត ព្រោះ​នៅពេល​ត្រូវបាន​នាំ​ចូលដល់​មន្ទីរពេទ្យ លោក​ស្ថិតក្នុង​ស្ថានភាព​គ្មាន​ដង្ហើម និង​បេះដូង​ឈប់​ដើរ ចំណែក​មនុស្ស ២ នាក់​ទៀត រងរបួស​ស្រាល។

ហូជីមិញ ឬ​ព្រៃនគរ​ គឺជា​ទីក្រុង​ធំ​ជាង​គេ​បង្អស់​ និង​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​របស់​ ប្រទេស​វៀត​ណាម។ ទីក្រុង​នេះ​មាន​ប្រជាជន​រស់​នៅ​ប្រមាណ ៩ លាន​នាក់​ នៅ​ឆ្នាំ​ ២០១៩។

មុន​ពេល​ជនជាតិ​វៀតណាម​ មក​តាំង​ទីលំនៅ​ក្នុង​សតវត្សរ៍​ទី ១៧ ទីក្រុង​នេះ​គឺជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​​ នគរភ្នំ ចេនឡា និង​ កម្ពុជា​៕

Advertisement