ប្រទេសចិន បាញ់បង្ហោះ​ដោយ​ជោគ​ជ័យ​ «រ៉ុក្កែត hybrid» ដំបូងបង្អស់របស់ខ្លួន

កាំជ្រួច Long March ៦A ដែល​ប្រើប្រាស់​រួមផ្សំ​រវាង​ឥន្ធនៈ​រាវ និង​រឹង បាន​ហោះហើរ​ដោយ​ជោគជ័យ​ជា​លើកដំបូង​កាលពី​ថ្ងៃទី ២៩ មីនា។

យោងតាម Global Times រ៉ុក្កែត​ខាងលើ​ត្រូវបាន​បាញ់​បង្ហោះ​ចេញពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Taiyuan ក្នុង​ខេត្ត Shanxi ភាគ​ពាយព្យ​ប្រទេស​ចិន នាំ​ផ្កាយរណប ២ គ្រឿង​ឡើងទៅ​កាន់​គន្លង​គោចរ។ ការបាញ់​បង្ហោះ​នេះ​គឺជា​ការហោះហើរ​លើក​ទី ៤១២ របស់​ស្រ​ឡាយ​រ៉ុក្កែត Long March។

Long March ត្រូវបាន​អភិវឌ្ឍ​ដោយ វិទ្យាស្ថាន​បច្ចេកវិទ្យា​អវកាស​សៀង​ហៃ (SAST) របស់​ក្រុមហ៊ុន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​អវកាស​ចិន (CASC)។

Long March ៦A ដែលមាន​កម្ពស់ ៥០ ម៉ែត្រ និង​ទទឹង ៣.៣៥ ម៉ែត្រ​នេះ មាន ៣ កំណាត់​សម្រាប់​ការ​រុញច្រាន រួម​នឹង​ម៉ាស៊ីន​រុញច្រាន​ចំនួន ៤ ដែល​ភ្ជាប់​នឹង​ដងខ្លួន​ផ្នែក​ខាងក្រោម។

CASC អះអាងថា នេះ​គឺជា​កំណែ «រ៉ុក្កែត hybrid» ដំបូង​របស់ ចិន ព្រោះថា វា​ប្រើប្រាស់​ទាំង​ឥន្ធនៈ​រាវ (អុកស៊ីសែន/ប្រេងកាត) ទាំង​ឥន្ធនៈ​រឹង។

Advertisement