តា​លី​បង់ ស្នើឱ្យ​បុគ្គលិក មន្ត្រី​រដ្ឋការ ទុក​ពុកមាត់ និង​ពុកចង្កា

អាជ្ញាធរ​តា​លី​បង់ នៃ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ស្នើឱ្យ​មន្ត្រី​រដ្ឋការ ទុក​ពុកមាត់ ពុកចង្កា និង​គោរព​ទៅតាម​ការកំណត់​នានា​របស់​ពួកគេ មិន​ដូច្នោះ​ទេ នឹងត្រូវ​បណ្ដេញ​ពី​ការងារ។

តំណាង​សារព័ត៌មាន នៃ ស្ថាប​ន័​លើកកម្ពស់​សីលធម៌ និង​ទប់ស្កាត់​អំពើ​អសីលធម៌ របស់ អាជ្ញាធរ​តា​លី​បង់ កាលពី​ថ្ងៃទី ២៨ មីនា បាន​ទៅកាន់​ការិយាល័យ​នានា​របស់​ស្ថាប័នរដ្ឋ ដើម្បី​ត្រួតពិនិត្យ​អំពី​ស្ថានភាព​គោរព​គោលការណ៍​ថ្មី​របស់​មន្ត្រី​រដ្ឋការ នេះ​បើតាម Reuters។

បុគ្គលិក មន្ត្រី​រដ្ឋការ ដែល​ធ្វើការ​ក្នុង​ស្ថាប័នរដ្ឋ ត្រូវបាន​ស្នើឱ្យ​ទុក​ពុកមាត់ ពុកចង្កា និង​ត្រូវ​ស្លៀកពាក់​តាមបែប​ប្រពៃណី ព្រមទាំង​ដាក់​កំហិត​ឱ្យ​ធ្វើការ​សូត្រធម៌​បួងសួង​ត្រូវ​ទៅតាម​ពេលវេលា​ដែល​បានកំណត់។ បើសិនជា​អនុវត្ត​ផ្ទុយ​ពីនេះ ពួកគេ​នឹង​ត្រូវបាន​បញ្ឈប់​ពីមុខ​តំណាង។

តា​លី​បង់ គឺជា​ក្រុម​ប្រកាន់​តឹង​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន។ កាលពី​សប្ដាហ៍​កន្លង ពួកគេ​ក៏បាន​ហាម​ស្ត្រី​ជិះ​យន្តហោះ​ផងដែរ បើសិន​មិនមាន​បុរស​តាម​ការពារ។ រដ្ឋអំណាច​ក៏​ស្នើឱ្យ​សួន និង​ឧទ្យាន​នានា បើកទ្វារ​ទទួលភ្ញៀវ​ជា​បុរស និង​ស្ត្រី​ដាច់ដោយឡែក ក្នុងនោះ ៤ ថ្ងៃ សម្រាប់​បុរស និង ៣ ថ្ងៃ សម្រាប់​ស្ត្រី ដែល​ប្រការនេះ​មានន័យថា គូ​ស្វាមី ភរិយា និង​គ្រួសារ មិនត្រូវ​បានអនុញ្ញាត​ឱ្យ​រួម​ដំណើរ​ជាមួយគ្នា ពេល​ចូល​លេង​សួន ឬ​ឧទ្យាន៕

Advertisement