ពិភពលោក​ទំនង​ជា​នឹង​​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា «សល់» វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩

ប្រទេស​ជា​ច្រើន​កំពុង​បន្ធូរបន្ថយ​វិធានការ​ទប់​ស្កាត់​កូវីដ-១៩

ក្រោយ​មួយរយៈ​ពេលដែល​បណ្ដា​ក្រុមហ៊ុន​ឱសថធំៗ ប្រជែង​គ្នា​ក្នុង​ការផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ វី​ស័​យ​វ៉ាក់សាំង​សកល​បច្ចុប្បន្ន ហាក់​កំពុង​ឈរ​នៅ​ចំពោះមុខ​ស្ថានភាព​តម្រូវការ​ទីផ្សារ​ថយចុះ​ខ្លាំង។

បើទោះជា​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ អាចជួយ​រក្សា​ឱ្យមាន​តម្រូវការ​នៃ​ការប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ក្នុង​ពិភពលោក ប៉ុន្តែ ស្ថានភាព​ខ្វះខាត​វ៉ាក់សាំង​ដែល​អូសបន្លាយ​ពេញ​មួយឆ្នាំ ២០២១ លែងមានទៀតហើយ។ ផ្ទុយទៅវិញ លទ្ធភាព​នៃ​ការ​សល់​វ៉ាក់សាំង​គឺមាន​ខ្ពស់​ខ្លាំងណាស់។

យោងតាម​ក្រុមហ៊ុន​វិភាគ Airfinity វ៉ាក់សាំង​កូ​វីដ-១៩ ជាង ៩ ពាន់​លាន​ដូ​ស អាច​ត្រូវបាន​ផលិត​រួចហើយ​ក្នុង​ឆ្នាំ ២០២២ ប៉ុន្តែ តម្រូវការ​នឹង​ថយចុះ​ក្នុង​រង្វង់​ពី ២.២ ទៅ ៤.៤ ពាន់​លាន​ដូ​ស/ឆ្នាំ រាប់​ចាប់ពី​ឆ្នាំ ២០២។

មកដល់​បច្ចុប្បន្ន វ៉ាក់សាំង​ជាង ១១ ពាន់​លាន​ដូ​ស ត្រូវបាន​ចាក់​នៅ​ទូទាំង​សកលលោក ក្នុងនោះ អត្រា​នៃ​ការចាក់​កំពុង​កើនឡើង​តែ​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ។ បន្ទាប់ពី​បាន​ដោះស្រាយ​បញ្ហា​ខ្វះ​វ៉ាក់សាំង​ក្នុង​ឆ្នាំ ២០២១ កូ​វ៉ា​ក់ (COVAX) ដែលជា​គំនិត​ផ្ដួចផ្ដើម​ដើម្បី​ផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​បណ្ដា​ប្រទេស​ក្រីក្រ របស់ អង្គការ​សុខភាព​ពិភពលោក បង្ហាញថា បរិមាណ​វ៉ាក់សាំង​ដែល​នៅក្នុង​ឃ្លាំង​បច្ចុប្បន្ន មាន​ច្រើនជាង​តម្រូវការ។

បញ្ហា​ខាងលើនេះ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិមាណ​ផលិតផល​លក់​ចេញ របស់ បណ្ដា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ដូចជា Pfizer និង AstraZeneca ក៏ដូចជា​បណ្ដា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ផ្គត់ផ្គង់​ក្នុងស្រុក ដូចជា ឥណ្ឌា ឬ ឥណ្ឌូណេស៊ី។ តម្លៃ​ភាគហ៊ុន​របស់​បណ្ដា​ក្រុមហ៊ុន​អភិវឌ្ឍ និង​ផលិត​វ៉ាក់សាំងល្បីៗ ក៏​ធ្លាក់ចុះ ខណៈដែល​វិធានការ​ទប់ស្កាត់​ការឆ្លង​វីរុស​នៅលើ​ពិភពលោក ក៏​ត្រូវបាន​បន្ធូរបន្ថយ​ជា​បន្តបន្ទាប់។

មូលហេតុ​ចម្បង​បង្អស់​ដែលនាំឱ្យ​ថយចុះ​នូវ​តម្រូវការ​នៃ​ការប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ នោះ​គឺ​ការយល់ឃើញថា វីរុស​បំប្លែង​ខ្លួន អូ​មី​ក្រុង មិន​បង្ក​អាការ​ធ្ងន់ធ្ងរ​ដល់​អ្នកជំងឺ ហើយ​វ៉ាក់សាំង​ក៏​មិនអាច​ទប់ស្កាត់​ការឆ្លង​វីរុស​បាន ដោយ​គ្រាន់តែ​អាច​ទប់​មិនឱ្យ​ជំងឺ​ប្រែជា​ធ្ងន់ធ្ងរ៕

Advertisement