អាម៉េរិក បណ្ដាក់ទុន​ច្រើន​ពាន់​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​អ៊ីដ្រូសែន សម្រាប់​ជំនួស​ប្រេង

សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​សន្តិសុខ​ថាមពល​ក្លាយជា​ប្រធានបទ​ក្ដៅ ដោយសារ​តម្លៃ​ប្រេង​ឡើងថ្លៃ​ខ្ពស់ នៅពេល​បស្ចិម​លោក​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី ដូច្នេះ សហរដ្ឋ​អាម៉េរិក យល់ថា អ៊ីដ្រូសែន អាចជា​គន្លឹះ​សម្រាប់​ដោះស្រាយ​បញ្ហា​ថាមពល។

កាលពី​ថ្ងៃទី ២៨ មីនា កិច្ចពិភាក្សា​នៅក្នុង​វេទិកា​ថាមពល​សកល របស់ ក្រុមប្រឹក្សា​អា​ត្ល​ង់​ទិ​ក ដែល​ត្រូវបាន​ធ្វើឡើង​នៅ ឌូ​បៃ នៃ អេ​មី​រ៉ា​ត​អារ៉ាប់​រួម ឧបសគ្គ និង​ឱកាស​ក្នុង​វិស័យ​ថាមពល​ត្រូវបាន​ជជែក​គ្នា​យ៉ាង​ផុសផុល។

ក្នុង​វេទិកា​នោះ លោកស្រី Anna Shpitsberg ដែលជា​ជំនួយ​ការរង​នៃ​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ផ្លាស់ប្ដូរ​ថាមពល​របស់ ក្រសួងការបរទេស​អា​ម៉េ​រិ​ក ឱ្យដឹងថា អង្គភាព​ពិសេស​អាម៉េរិក-សហភាព​អឺរ៉ុប នឹង​ផ្ដោត​សំខាន់​ទៅលើ​បណ្ដា​វិស័យ​ដូចជា ធានា​ប្រភព​ផ្គត់ផ្គង់ LNG (ឧស្ម័ន​ធម្មជាតិ​រាវ) ធានាថា បណ្ដា​ក្រុមហ៊ុន​ផលិត​របស់ អាម៉េរិក នឹង​បង្កើន​ប្រភព​ផ្គត់ផ្គង់​សម្រាប់​តំបន់ អឺរ៉ុប រហូតដល់​ឆ្នាំ ២០៣០។

លោកស្រី Shpitsberg ក៏បាន​អះអាងថា ប្រការ​សំខាន់​នោះ​គឺថា នៅក្នុង​ដំណាក់កាល​ផ្លាស់ប្ដូរ​វិស័យ​ថាមពល គឺមាន​ការវិនិយោគ​ទៅលើ​ថាមពល អ៊ីដ្រូសែន។

«យើង​មិនអាច​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​បច្ចេកវិទ្យា​មួយ ក៏ដូចជា​មិនអាច​ពឹង​ផ្អែកលើ​ប្រភព​ផ្គត់ផ្គង់​តែមួយ ដូច្នេះហើយ យើង​វិនិយោគ​ច្រើន​ទៅក្នុង​វិស័យ​ថាមពល​អ៊ីដ្រូសែន» លោកស្រី Shpitsberg បញ្ជាក់។

មន្ត្រី​អាម៉េរិក រូបនេះ បាន​ហៅ អ៊ីដ្រូសែន ថា​ជា «បច្ចេកវិទ្យា​មួយ​ដែល​ផ្លាស់ប្ដូរ​ល្បែង​លេង» ព្រោះថា វា​អាច​ធ្វើជា​មូលដ្ឋាន​នៃ​នុយ​ក្លេ​អែរ សម្រាប់​ឧស្ម័ន និង​សម្រាប់​ថាមពល​កកើត​ឡើងវិញ។

លោកស្រី Shpitsberg ថ្លែងថា «យើង​កំពុង​ប្រមូល​ធនធាន​ដែល​អាច​ប្រើប្រាស់​បាន សម្រាប់​ដំណាក់កាល​នៃ​ការផ្លាស់ប្ដូរ​ថាមពល។ នោះ​គឺជា​មូលហេតុ​ដែល​យើង​កំពុង​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​ទៅក្នុង​ការស្រាវជ្រាវ និង​អភិវឌ្ឍ​អ៊ីដ្រូសែន»។

ថាមពល​អ៊ីដ្រូសែន អាច​ត្រូវបាន​ផលិត​តាម​វិធី​មួយចំនួន ក្នុងនោះ​ក៏មាន​វិធី​ប្រើប្រាស់​អគ្គិសនី​ដើម្បី​បំបែក​ទឹក​ទៅជា អុកស៊ីសែន និង អ៊ីដ្រូសែន។ បើសិន​អគ្គិសនី​ដែល​ប្រើ​ក្នុងការ​បំបែក​សមាសធាតុ​នោះ​មាន​ប្រភពពី​ថាមពលខ្យល់ ឬ​ព្រះអាទិត្យ នោះ អ៊ីដ្រូសែន នេះ ត្រូវបាន​ហៅថា ថាមពលបៃតង ឬ អ៊ីដ្រូសែន​កកើតឡើង​វិញ៕

Advertisement