Category: អន្តរជាតិ

  • ឃ្លាំង​ប្រេង​របស់ រុស្ស៊ី នៅក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន ផ្ទុះ​ឆាបឆេះ​សន្ធោសន្ធៅ

    ឃ្លាំង​ប្រេង​របស់ រុស្ស៊ី នៅក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន ផ្ទុះ​ឆាបឆេះ​សន្ធោសន្ធៅ

    អគ្គិភ័យ​យ៉ាង​ធំ​បាន​កើតឡើង​នៅ​ព្រឹក​នេះ នៅឯ​ឃ្លាំង​ប្រេង​របស់ ប្រទេស​រុស្ស៊ី នាទី​ក្រុង Bryansk ក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​អំពី​ការខូចខាត។

    «អង្គភាព​ស្ថានការណ៍​បន្ទាន់​បញ្ជាក់ថា​មាន​អគ្គិភ័យ» ការិយាល័យ​សារព័ត៌មាន​របស់​អាជ្ញា​ធរ​តំបន់ Bryansk ថ្ងៃទី ២៥ មេសា​នេះ ឱ្យដឹង​ដូច្នេះ ទាក់ទង​នឹង​ដំណឹង​ស្ដីពី​ករណី​ឆេះ​ឃ្លាំង​ប្រេង។ «អណ្ដាតភ្លើង​បាន​ផ្ទុះ​ឆេះ​ចេញពី​ធុង​ដាក់​ប្រេង»។

    ក្រុមមន្ត្រី​នៃ​ទីក្រុង Bryansk ដែលមាន​ចម្ងាយ​ពី​ព្រំដែន​ជាប់​នឹង អ៊ុយ​ក្រែ​ន ប្រហែល ១០០ គីឡូម៉ែត្រ បានទទួល​ព័ត៌មាន​ស្ដីពី​អគ្គិភ័យ​នៅវេលា​ម៉ោង ២ (ម៉ោង ៦ នៅ កម្ពុជា)។ កងកម្លាំង​ពន្លត់​អគ្គិភ័យ និង​ក្រុម​ជួយសង្គ្រោះ ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ និង​បាន​រាយការណ៍​ថា ឃ្លាំង​ប្រេង​កំពុង​ឆាបឆេះ។

    អង្គភាព​ស្ថានការណ៍​បន្ទាន់​នៅ​តំបន់ Bryansk មិនទាន់​ប្រកាស​ព័ត៌មាន​បន្ថែម​អំពី​ករណី​អគ្គិភ័យ​នេះ ហើយ​បច្ចុប្បន្ន ក្រុមមន្ត្រី​ក៏​មិនទាន់​ដឹង​ច្បាស់​ថា អគ្គិភ័យ​នេះ​មាន​ជាប់​ទាក់ទិន​នឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ឬ​យ៉ាងណា​នៅឡើយ​។

    កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​កន្លង ក្រុមមន្ត្រី​រុស្ស៊ី បានឱ្យដឹងថា ឧទ្ធម្ភាគចក្រ​របស់ អ៊ុយ​ក្រែ​ន បាន​បាញ់ប្រហារ​សំដៅលើ​អគារ​ស្នាក់នៅ​នានា និង​បណ្ដាលឱ្យមាន​អ្នករងរបួស ៧ នាក់ នៅ​តំបន់ Bryansk របស់ រុស្ស៊ី។

  • លិច​ទូក​ដឹក​ជន​ចំណាកស្រុក​នៅ​សមុទ្រ​របស់ ទុយ​នី​ស៊ី៖ ជិត ២០ នាក់​បាត់​បង់ជីវិត

    លិច​ទូក​ដឹក​ជន​ចំណាកស្រុក​នៅ​សមុទ្រ​របស់ ទុយ​នី​ស៊ី៖ ជិត ២០ នាក់​បាត់​បង់ជីវិត

    ប្រភពព័ត៌មាន​ពី អាហ្វ្រិក​ខាងជើង ឱ្យដឹងថា អាជ្ញាធរ​ទុយ​នី​ស៊ី កាលពី​ថ្ងៃទី ២៤ មេសា ប្រកាសថា បាន​រកឃើញ​សាកសព​របស់​ក្រុម​ជន​ចំណាក់ស្រុក​ចំនួន ១៧ នាក់ បន្ទាប់ពី​ទូក ៤ គ្រឿង ព្យាយាម​ឆ្លងកាត់ សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ដើម្បី​ទៅកាន់ អឺរ៉ុប ត្រូវ​ជួបនឹង​គ្រោះ​ថ្នាក់លើ​សមុទ្រ។

    មន្ត្រី​តុលាការ​ក្នុង​តំបន់ ឱ្យដឹងថា ទូក «បណ្ដោះអាសន្ន​ដែលមាន​សភាព​ទ្រុឌទ្រោម» ទាំងនេះ ចេញដំណើរ​ក្នុង​ថ្ងៃទី ២២ ឬ ២៣ មេសា ពី​ទីក្រុង Sfax របស់ ទុយ​នី​ស៊ី នៅ​ឆ្នេរសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ។ សាកសព​ចំនួន ១៧ នាក់ ត្រូវបាន​គេ​ស្រង់​ឡើង​ក្នុងដំណាក់កាល​ដំបូង ប៉ុន្តែ​តួលេខ​នេះ​អាច​កើនឡើង​បន្តទៀត។

    ជនរងគ្រោះ​ដែល​បាន​រួច​ពី​ការស្លាប់​នៅក្នុង​ករណី​លិច​ទូក​នេះ​និយាយថា មនុស្ស​ប្រហែល​ពី ៣០ ទៅ ៣២ នាក់ ជិត​នៅលើ​ទូកនីមួយៗ ហើយ​ភាគច្រើន​ជា​ពលរដ្ឋ​មកពី តំបន់​អាហ្វ្រិក ក្បែរ សាហា​រ៉ា រួមមាន​ពលរដ្ឋ​រប​ស់ កូត​ឌី​វ័រ, ម៉ាលី និង សូ​ម៉ាលី។

    ប្រទេស​ទុយ​នី​ស៊ី និង​ប្រទេស​លី​ប៊ី គឺជា​ទីតាំង​ចេញដំណើរ​ដ៏​ពេញនិយម​របស់​ក្រុម​ជន​ចំណាកស្រុក​ដែលមាន​បំណង​ទៅកាន់​អឺរ៉ុប ពិសេស​គឺ អ៊ីតាលី។ ក៏ប៉ុន្តែ មធ្យោបាយ​ធ្វើដំណើរ​របស់​ពួកគេ​តែងតែ​ជា​ទូក ឬ​កប៉ាល់​ដែល​ស្ទើរតែ​មិនមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ឆ្លងកាត់​សមុទ្រ។

    អង្គការ​ចំណាកស្រុក​អន្តរជាតិ (IOM) ឱ្យដឹងថា មាន​មនុស្ស​ជិត ២,០០០ នាក់ បាន​លង់ទឹក​ស្លាប់ ឬ​បាត់​ខ្លួន​នៅ សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ក្នុង​ឆ្នាំ ២០២១ ច្រើនជាង​ឆ្ងាយ​ធៀប​នឹង ១,៤០១ នាក់ ក្នុង​ឆ្នាំ ២០២០។ នេះ​គឺជា​ផ្លូវ​ចំណាកស្រុក​ដែល​គ្រោះថ្នាក់​បំផុត​ក្នុង​ពិភពលោក ប៉ុន្តែ ក្រុមមនុស្ស​ដែល​សង្ឃឹមថា នឹងមាន​ជីវភាព​ល្អប្រសើរ​នៅពេល​ទៅដល់ អឺរ៉ុប មានការ​ផ្សេង​ព្រេង​កាន់តែច្រើនឡើង៕

  • រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាម៉េរិក ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន

    រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាម៉េរិក ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន

    ក្រុមមន្ត្រី​របស់ អ៊ុយ​ក្រែ​ន ប្រកាសថា ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ ទីក្រុង​កៀវ ខណៈដែល រដ្ឋធានី​វ៉ា​ស៊ី​ង​តោន មិនទាន់​បញ្ចេញ​ប្រតិកម្ម។

    «រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក Antony Blinken និង រដ្ឋមន្ត្រី​ការពារជាតិ លោក​ Lloyd Austin កំពុង​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី។ សង្ឃឹមថា ភាគី​ទាំងពីរ​នឹង​ឯកភាពគ្នា​លើ​បញ្ហា​បង្កើន​ជំនួយ» Oleksiy Arestovych ទីប្រឹក្សា​របស់ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ថ្លែង​លើ​កញ្ចក់​ទូរទស្សន៍​កាលពី​ម្សិលមិញ។

    មន្ត្រី​របស់ អ៊ុយ​ក្រែ​ន ខាងលើ​ក៏​បាន​​អំពាវនាវ​ដល់​លោកខាងលិច ផ្ដល់ជំនួយ​ផ្នែក​សព្វាវុធ​បន្ថែមទៀត​ដល់​ប្រទេស​នេះ។

    លោក Antony Blinken និង​លោក Lloyd Austin

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី ក្នុង​ថ្ងៃ​ដដែល ក៏បាន​បង្ហោះ​សារ​មួយ​នៅលើ Twitter បញ្ជាក់ថា «ប្រជាជន​អ៊ុយ​ក្រែ​ន កំពុង​សាមគ្គី​គ្នា» ហើយ​ទំនាក់ទំនង​រវាង អ៊ុយ​ក្រែ​ន-អាម៉េរិក កំពុង «ជិតស្និទ្ធ​ជាងពេលណាៗទាំងអស់»។

    សេត​វិមាន មិនទាន់​បញ្ជាក់​អំពី​ព័ត៌មាន​ខាងលើ ក្នុងពេលដែល ក្រសួងការបរទេស​អា​ម៉េ​រិ​ក និង មន្ទីរ​បញ្ច​កោណ បដិសេធ​ការស្នើ​ឱ្យធ្វើ​អធិប្បាយ​លើ​រឿងនេះ។

    បើសិនជា​ដំណឹង​ខាងលើ​ត្រូវបាន​បញ្ជាក់ថា​មាន​ពិត នោះ​វា​នឹង​ក្លាយជា​ដំណើរ​ទស្សនកិច្ច​ថ្នាក់ខ្ពស់​បំផុត​របស់​ក្រុមមន្ត្រី​អាម៉េរិក ដែល​បានមក​កាន់ អ៊ុយ​ក្រែ​ន បន្ទាប់ពី រុស្ស៊ី បាន​បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន កាលពី​ពីរ​ខែ​មុន៕

  • បាតុករ​ឡោមព័ទ្ធ​គេហដ្ឋាន​របស់ នាយករដ្ឋមន្ត្រី​ស្រីលង្កា

    បាតុករ​ឡោមព័ទ្ធ​គេហដ្ឋាន​របស់ នាយករដ្ឋមន្ត្រី​ស្រីលង្កា

    និស្សិត​រាប់ពាន់​នាក់មក​ពី​សាកលវិទ្យាល័យ​ស្រីលង្កា នាំគ្នា​ទៅកាន់​គេហដ្ឋាន​របស់ នាយករដ្ឋមន្ត្រី Mahinda Rajapaksa ស្នើឱ្យ​លោក​ចុះ​ចេញពី​តំណែង ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​មាន​សភា​ព​ធ្ងន់ធ្ងរ។

    ហ្វូង​បាតុករ​កាលពី​ថ្ងៃទី ២៤ មេសា បាន​ព្យាយាម​ផ្ដួលរំលំ​របង​ការពារ​ជុំវិញ​តំបន់​គេហដ្ឋាន​របស់ នាយករដ្ឋមន្ត្រី​ស្រីលង្កា Mahinda Rajapaksa នៅ​ទីក្រុង​កូឡុំបូ បន្ទាប់ពី​ក្រុមប៉ូលិស​បាន​ដំឡើង​របង​រាំងខ្ទប់​ដងផ្លូវ​ជាច្រើន​នៅ​ជុំវិញ​រដ្ឋធានី ដើម្បី​រារាំង​ពួកគេ​ពី​ការប្រមូល​កម្លាំង​ជាមួយនឹង​ក្រុមបាតុករ​នៅក្នុង​តំបន់ផ្សេង។

    «ពួកលោក​អាច​រាំងខ្ទប់​ផ្លូវ ប៉ុន្តែ​មិនអាច​ទប់ស្កាត់​ការតស៊ូ​របស់​ពួកយើង រហូតដល់​រដ្ឋាភិបាល​ទាំងមូល​ត្រូវ​ចុះ​ចេញពី​តំណែង» បាតុករ​ជា​និស្សិត​ម្នាក់​និយាយ​ដូច្នេះ។

    កម្លាំង​ដែល​ត្រូវ​ប្រឈម​នឹង​ហ្វូង​បាតុករ​គឺ ក្រុមប៉ូលិស​ប្រឆាំង​កុបកម្ម​ដែលមាន​ខែល​ការពារ មាន​តួនាទី​ទប់ស្កាត់​បាតុករ​ចូលទៅ​ក្បែរ​ផ្ទះ​របស់​ប្រធានាធិបតី។ បាតុករ​មួយចំនួន​កាន់​បដា​ដែល​សរសេរថា «ចុះ​ចេញពី​តំណែង​ភ្លាម​ទៅ Gota»។ Gota គឺជា​រហ័ស​នាម​របស់​ប្រធានាធិបតី Gotabaya Rajapaksa ដែលជា​ប្អូនប្រុស​របស់​នាយករដ្ឋមន្ត្រី Mahinda។

    ប៉ូលិស​បានឱ្យដឹងថា លោក Mahinda មិន​ស្ថិតនៅ​ក្នុងផ្ទះ​នាពេលនោះ ហើយ​ក្រុមបាតុករ​ក៏បាន​រំសាយ​ដោយ​សន្តិវិធី។

    ក្នុង​រយៈពេល​ជាង ២ សប្ដាហ៍​មកនេះ បាតុករ​រាប់ពាន់នាក់​នាំគ្នា​បោះជំរំ​ប្រចាំថ្ងៃ​នៅ​ខាងក្រៅ​ការិយាល័យ​ប្រធានាធិបតី Gotabaya Rajapaksa ស្នើឱ្យ​លោក និង​បងប្រុស ចុះ​ចេញពី​តំណែង។ នៅក្នុង​បាតុកម្ម​នានា​នៅ​ទូទាំងប្រទេស គេ​ឃើញ​មាន​ហ្វូង​បាតុករ​ព្យាយាម​សម្រុកចូល​ផ្ទះ និង​កន្លែងធ្វើការ​រប​ស់​ក្រុម​មេដឹកនាំ​រដ្ឋាភិបាល។

    មនុស្ស​ម្នាក់​ត្រូវបាន​បាញ់សម្លាប់​នៅពេល​ប៉ូលិស​ផ្ទុះអាវុធ​រាំងខ្ទប់​ផ្លូវ​ក្នុង​ទីរួមស្រុក​ភាគ​កណ្ដាល Rambukkana កាលពី​សប្ដាហ៍​កន្លែង ដែល​នេះ​គឺជា​ករណី​ស្លាប់​ដំបូង រាប់​ចាប់តាំងពី​បាតុកម្ម​បាន​ផ្ទុះឡើង។

    ស្ថានភាព​ដាច់​ភ្លើង​ក្នុង​រយៈពេល​យូរ អតិផរណា​កើនឡើង​ខ្ពស់ និង​បញ្ហា​ខ្វះ​ឥន្ធនៈ​ធ្ងន់ធ្ងរ រួម​នឹង​បញ្ហា​ជាច្រើន​ផ្សេងទៀត ជា​កត្តា​ធ្វើឱ្យ​ប្រជាជន​របស់ ប្រទេស​ស្រីលង្កា ខកចិត្ត។

    កាលពី​ថ្ងៃទី ១២ មេសា ស្រីលង្កា បានប្រកាស​ក្ស័យធន។ សេដ្ឋកិច្ច​ត្រូវ​ដួលរលំ បន្ទាប់ពី​បាត់បង់​ចំណូល​ពី​បរទេស និង​ចំ​ណួ​លពី​វិស័យ​ទេសចរណ៍។

    រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់ ស្រីលង្កា Ali Sabry កំពុង​ស្ថិតនៅ រដ្ឋធានី​វ៉ា​ស៊ី​ង​តោន ដើម្បី​ពិភាក្សា​អំពី​កញ្ចប់​ជំនួយ​របស់ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ។ លោក​បាន​ព្រមាន​ថា ស្ថានភាព​សេដ្ឋកិច្ច​របស់ ស្រីលង្កា អាច​នឹង​អាក្រក់​ជាង​បច្ចុប្បន្ន៕

  • បារាំង ដឹកជញ្ជូន​អាវុធ​ធុន​ធ្ងន់ ឱ្យ អ៊ុយ​ក្រែ​ន ដើម្បី​ទប់ទល់​នឹង រុស្ស៊ី

    បារាំង ដឹកជញ្ជូន​អាវុធ​ធុន​ធ្ងន់ ឱ្យ អ៊ុយ​ក្រែ​ន ដើម្បី​ទប់ទល់​នឹង រុស្ស៊ី

    ប្រធានាធិបតី Macron ប្រកាសថា បារាំង ដឹកជញ្ជូន​កាំភ្លើង​ធំ CAESAR និង​​មីស៊ីល​​ប្រឆាំង​រថក្រោះ ឱ្យ អ៊ុយ​ក្រែ​ន ប៉ុន្តែ​មិនបាន​បង្ហើប​ឱ្យដឹង​អំពី​ចំនួន​អាវុធ​នេះ​ទេ។

    ប្រធានាធិបតី​បារាំង លោក Emmanuel Macron កាលពី​ថ្ងៃទី ២២ មេសា ថ្លែងថា បារាំង «កំពុង​ផ្គត់ផ្គង់​ឧបករណ៍សំខាន់ៗ តាំងពី​​មីស៊ីល​​ប្រឆាំង​រថក្រោះ MILAN ដល់​កាំភ្លើង​ធំ​បំពាក់​លើ​រថយន្ត CAESAR» ឱ្យ អ៊ុយ​ក្រែ​ន។

    «ខ្ញុំ​គិតថា យើង​ត្រូវតែ​បន្ត​ដើរ​លើផ្លូវ​នេះ ប៉ុន្តែ ត្រូវ​ដឹង​អំពី​បន្ទាត់​ក្រហម​ដែលថា យើង​នឹងមិន​ក្លាយជា​ភាគី​មួយ​នៃ​សង្គ្រាម» លោក Macron បាន​ប្រាប់​សារព័ត៌មាន Ouest-France ដូច្នេះ។

    កាំភ្លើង​ធំ​បំពាក់​លើ​រថយន្ត CAESAR

    លោក Macron បន្ថែមថា ទាហាន​អ៊ុយ​ក្រែ​ន ប្រមាណ ៤០ នាក់ នឹង​បាន​ហ្វឹកហាត់​ក្នុងការ​គ្រប់គ្រង​អាវុធ​ថ្មី​នេះ​នៅ ប្រទេស​បារាំង ចាប់ពី​ថ្ងៃទី ២៣ មេសា។ ចំណែក រដ្ឋមន្ត្រី​ការពារជាតិ​បារាំង Florence Parly ក្រោយមក​ក៏បាន​បញ្ជាក់ថា ប្រទេស​នេះ​នឹង​ផ្ទេរ «កាំភ្លើង​ធំ CAESAR មួយចំនួន រួម​នឹង​គ្រាប់កាំភ្លើង​រាប់ពាន់​គ្រាប់» ឱ្យ អ៊ុយ​ក្រែ​ន។

    មីស៊ីលប្រឆាំង​រថក្រោះ Milan

    វិមាន​អេ​លី​ស៊ី បាន​បដិសេធ​ការ​បង្ហើប​ឱ្យដឹង​អំពី​ចំនួន​អាវុធ​ដែល​នឹងត្រូវ​ផ្ទេរ​ឱ្យ អ៊ុយ​ក្រែ​ន ព្រោះ​មិន​ចង់​ធ្វើឱ្យ​បែកការណ៍ ប៉ុន្តែ បាន​ប្រាប់ថា មីស៊ីល​​ប្រឆាំង​រថក្រោះ MILAN ត្រូវបាន​បញ្ជូនទៅ​កាន់​អ៊ុយ​ក្រែ​ន រួចហើយ ចំណែក​កាំភ្លើង​ធំ នឹងត្រូវ​បាន​ដឹក​ទៅ​ប្រគល់ឱ្យ ទីក្រុង​កៀវ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។

  • យន្តហោះ​ដឹកជញ្ជូន​របស់ អ៊ុយ​ក្រែ​ន ធ្លាក់​​បាក់​​ជា​ច្រើន​កំណាត់​ ពេល​កំពុង​ហោះ​ហើរ

    យន្តហោះ​ដឹកជញ្ជូន​របស់ អ៊ុយ​ក្រែ​ន ធ្លាក់​​បាក់​​ជា​ច្រើន​កំណាត់​ ពេល​កំពុង​ហោះ​ហើរ

    យន្តហោះ​ដឹកជញ្ជូន An-២៦ របស់ ប្រទេស​អ៊ុយ​ក្រែ​ន បាន​ធ្លាក់​បាក់បែក​ខ្ទេច​ដោយសា​រ​ជាប់​ខ្សែភ្លើង​នៅពេល​កំពុង​ហោះ​សាកល្បង បណ្ដាលឱ្យ​អ្នកបើកបរ​បាត់បង់​ជីវិត។

    «យន្តហោះ​ដឹកជញ្ជូន An-២៦ របស់ អ៊ុយ​ក្រែ​ន ធ្លាក់​ក្បែរ​តំបន់ Mikhailovka នៃ​ខេត្ត Zaporizhzhia ភាគ​អាគ្នេយ៍​ប្រទេស​នេះ ក្នុងពេល​កំពុង​ហោះហើរ​សាកល្បង​បច្ចេកទេស» មន្ត្រីខេត្ត Zaporizhzhia បានឱ្យដឹង​ដូច្នេះ​នៅក្នុង​អត្ថបទ​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាលពី​ម្សិលមិញ។

    ក្រុមមន្ត្រី​ក្នុង​តំបន់​និយាយថា យន្តហោះ​នេះ​បាន​ប៉ះ​ទៅនឹង​ខ្សែ​អគ្គិសនី​តង់ស្យុង​ខ្ពស់​នៅពេល​ហោះ​ទាប ធ្វើឱ្យ​ម៉ាស៊ីន​ត្រូវ​ឆាបឆេះ ហើយ​យន្តហោះ​ក៏​ធ្លាក់​មក​ដី។ រូបភាព​ពី​កន្លែងកើតហេតុ​បង្ហាញថា យន្តហោះ An-២៦B-១០០ បែកបាក់​ជាច្រើន​កំណាត់។ គ្រោះថ្នាក់​នេះ​បណ្ដាលឱ្យ​អ្នកបើកបរ​ម្នាក់​ស្លាប់ និង ២ នាក់​នៅលើ​យន្តហោះ​ត្រូវ​រងរបួស។

    ខេត្ត Zaporizhzhia

    ស្ថាប័ន​អាកាសចរណ៍​របស់ អ៊ុយ​ក្រែ​ន មិនទាន់មាន​ការអធិប្បាយ​អ្វី​នៅឡើយ ខណៈដែល​ក្រុមមន្ត្រី​នៅ​ខេត្ត Zaporizhzhia ឱ្យដឹងថា ហេតុការណ៍​នេះ​កំពុង​ត្រូវបាន​ស៊ើបអង្កេត។

    Antonov An-២៦ គឺជា​យន្តហោះ​ដឹកជញ្ជូន​ខ្នាត​មធ្យម ១ គ្រឿង ក្នុងចំណោម​ជាង ១,៤០០ គ្រឿង​ដែល​ត្រូវបាន​ផលិត​ដោយ សូ​វៀត ក្នុងអំឡុង​ពី​ឆ្នាំ ១៩៦៩ ដល់ ១៩៨។ យន្តហោះ​នេះ​មាន​ម៉ាស៊ីន​ប្រើ​កង្ហារ​ចំនួន ២ គ្រឿង អាច​ហោះ​ក្នុង​ល្បឿន ៤៤០ គីឡូម៉ែត្រ/ម៉ោង និង​ហោះ​បាន​រយៈ​ចម្ងាយ ១,១០០ គីឡូម៉ែត្រ នៅពេល​ផ្ទុកទំនិញ​ពេញ។ យន្តហោះ​នេះ​អាច​ដឹក​ទម្ងន់​បាន​ប្រហែល ៥.៥ តោន ឬ អ្នកដំណើរ ៤០ នាក់។

    ករណីនេះ​គឺជា​ការខាតបង់​មួយទៀត​សម្រាប់ អ៊ុយ​ក្រែ​ន គ្រា​ដែល​កំពុង​រង​ការបំផ្លាញ​ដោយ​សង្គ្រាម​ជាមួយនឹង រុស្ស៊ី។ មុនពេល រុស្ស៊ី បើក​យុទ្ធនាការ​យោធា ប្រទេស​អ៊ុយ​ក្រែ​ន មាន​យន្តហោះ An-២៦ ប្រហែល ២០ គ្រឿង។

  • បំផ្ទុះ​គ្រាប់បែក​នៅ​វិហារ​អ៊ីស្លាម​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន សម្លាប់​មនុស្ស​រាប់សិប​នាក់

    បំផ្ទុះ​គ្រាប់បែក​នៅ​វិហារ​អ៊ីស្លាម​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន សម្លាប់​មនុស្ស​រាប់សិប​នាក់

    ករណី​បំផ្ទុះ​គ្រាប់បែក​ដែល​កើតឡើង​នៅឯ​វិហារ​សាសនា​អ៊ីស្លាម ក្នុង​ខេត្ត Kunduz ភាគ​ខាងជើង​នៃ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់ ៣៣ នាក់ ក្នុងនោះ​មាន​ទាំងក្មេងៗផងដែរ។

    «យើង​ថ្កោលទោស​ចំពោះ​អំពើ​ឧក្រិដ្ឋ​នេះ និង​សម្ដែង​នូវ​ការអាណិតអាសូរ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​ក្រុមគ្រួសារ​នៃ​សព» អ្នកនាំពាក្យ​របស់​អាជ្ញា​ធរ​តា​លី​បង់ Zabihullah Mujahid បង្ហោះ​សារ​នៅលើ Twitter កាលពី​ថ្ងៃទី ២២ មេសា ស្ដីពី​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​វិហារ​អ៊ីស្លាម Mawlavi Sikandar ក្នុង​ខេត្ត Kunduz ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។

    មកដល់ពេលនេះ ករណី​បំផ្ទុះ​គ្រាប់បែក​ដែល​បាន​បណ្ដាលឱ្យមាន​អ្នកស្លាប់ ៣៣ នាក់ និង​របួស ៤៣ នាក់​នេះ មិនទាន់​ត្រូវបាន​ក្រុម​ណាមួយ​ចេញមក​ទទួលខុសត្រូវ​នៅឡើយ។

    ទាហាន​តាលីបង់ និង​ក្រុម​គ្រូពេទ្យ​ប្រចាំ​ការ​នៅ​ខាង​ក្រៅ​មន្ទីរ​ពេទ្យ​ ដើម្បី​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ក្នុង​ករណី​បំផ្ទុះ​គ្រាប់​បែក​កាលពី​ថ្ងៃទី ២២ មេសា នៅ ស្រុក Imam Sahib, ខេត្ត Kunduz

    នេះ​គឺជា​ករណី​វាយប្រហារ​ធំ​បំផុត​មួយ​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន រាប់​ចាប់តាំងពី​កងកម្លាំង​តា​លី​បង់ បាន​ចូលមក​ក្ដោប​ក្ដាប់​អំណោយ​កាលពី​ខែសីហា ២០២១

    មុន​នោះ ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន (IS-K) បានចេញ​មុខ​ទទួលខុសត្រូវ​ចំពោះ​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​វិហារ​អ៊ីស្លាម​និកាយ Shite នៅ Mazar-i-Sharif កាលពី​ថ្ងៃទី ២១ មេសា ដែល​បាន​បណ្ដាលឱ្យមាន​អ្នកស្លាប់ ១២ នាក់ និង​ជាង ៥៨ នាក់ រងរបួស។ IS-K ក៏បាន​ទទួលស្គាល់ថា នៅ​ពីក្រោយ​ករណី​វាយប្រហារ​ផ្សេងទៀត​ក្នុង​ថ្ងៃទី ២១ មេសា នៅ​ទីក្រុង Kunduz ដែល​បានសម្លាប់​មនុស្ស ៤ នាក់ និង ១៨ នាក់ រងរបួស៕

  • បើសិន​ហ៊ាន​ជួយ​ដល់ ប្រទេស​រុស្ស៊ី រដ្ឋាភិបាល​ចិន នឹងត្រូវ​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ! នេះ​បើតាម​ការ​គំរាម​របស់ អាម៉េរិក

    បើសិន​ហ៊ាន​ជួយ​ដល់ ប្រទេស​រុស្ស៊ី រដ្ឋាភិបាល​ចិន នឹងត្រូវ​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ! នេះ​បើតាម​ការ​គំរាម​របស់ អាម៉េរិក

    អនុរដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក Sherman បាន​ព្រមាន​ថា នឹងដាក់​ទណ្ឌកម្ម ព្រមទាំង​ត្រួតពិនិត្យ រឹតត្បិត​លើ​ការនាំចេញ​ទំនិញ​ចំពោះ ប្រទេស​ចិន បើសិន​ប្រទេស​នេះ​ជួយ​ដល់​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន។

    «ពួកគេ (​ប្រទេស​ចិន) បានឃើញ​វិធានការ​ដាក់ទណ្ឌកម្ម ត្រួតពិនិត្យ​ការនាំចេញ​ដែល​យើង​បានធ្វើ​ឡើង​ចំពោះ រុស្ស៊ី។ ដូច្នេះ ពួកគេ​ដឹងថា យើង​អាចធ្វើ​អ្វី​បាន បើសិន ចិន ជួយផ្ដល់​សម្ភារៈ​នានា​ដ​ល់ រុស្ស៊ី» អនុរដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក Wendy Sherman ថ្លែង​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅឯ ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃទី ២១ មេសា។

    លោកស្រី Sherman ចោទប្រកាន់ រដ្ឋាភិបាល​ចិន ថា បាន «បំប៉ោង​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​របស់ រុស្ស៊ី» ហើយ​ថា លោកស្រី​សង្ឃឹមថា ទីក្រុង​ប៉េកាំង នឹង​ដកយក​បទពិសោធន៍​ពី «មេរៀន​ដ៏​ត្រឹមត្រូវ» ស្ដីពី​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ក្នុងនោះ​ក៏មាន​បញ្ហា​ដែល​ពួកគេ​មិនអាច​បំបែកបំបាក សហរដ្ឋ​អាម៉េរិក និង​បណ្ដា​សម្ព័ន្ធមិត្ត។

    អនុរដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក រូបនេះ បន្ថែមថា ទីក្រុង​វ៉ា​ស៊ី​ង​តោន កំពុង​ព្យាយាម​ជៀសវាង​ការ​បណ្ដោយ​ឱ្យមាន​ភាព​តានតឹង​កើនឡើង​រវាង​មហាអំណាច រហូតដល់​ថ្នាក់​មិនអាច​គ្រប់គ្រង​បាន។

    អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោកស្រី Wendy Sherman

    ប្រកាស​របស់លោក​ស្រី Sherman គឺជា​ការព្រមាន​ថ្មី​បំផុត​ពី​សំណាក់ សហរដ្ឋ​អាម៉េរិក ទាក់ទិន​នឹង​លទ្ធភាព​នៃ​ការដាក់ទណ្ឌកម្ម​លើ រដ្ឋាភិបាល​ចិន បើសិន​ហ៊ាន​ជួយ​ដល់ រុស្ស៊ី។ មុន​នោះ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាម៉េរិក Janet Yellen និង​ប្រធាន​អង្គភាព​ស៊ើបការណ៍​សម្ងាត់ (CIA) Nicholas Burns ក៏​ធ្លាប់​ព្រមាន​ថា ចិន នឹង​ប្រឈមមុខ​ជាមួយនឹង​ផលវិបាក​ធ្ងន់ធ្ងរ បើសិន​ជួយ រុស្ស៊ី។

    យោងតាម​ស្ថាប័នគយ​ចិន ប្រទេស​នេះ គឺជា​ទីផ្សារ​នាំចេញ​លំដាប់​កំពូល​របស់ រុស្ស៊ី បន្ទាប់ពី សហភាព​អឺរ៉ុប។ ទំនិញ​នាំចេញ​របស់ រុស្ស៊ី ទៅកាន់ ប្រទេស​ចិន មានតម្លៃ ៧៩.៣ ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ ២០២១ ក្នុងនោះ ប្រេង ឧស្ម័ន មាន​រហូតដល់ ៥៦%៕

  • វៀតណាម អភិវឌ្ឍ​កាំជ្រួច​ហ្វូង​ចល័ត សម្រាប់​បាញ់​ពន្លត់​អគ្គិភ័យ​ពី​ចម្ងាយ

    វៀតណាម អភិវឌ្ឍ​កាំជ្រួច​ហ្វូង​ចល័ត សម្រាប់​បាញ់​ពន្លត់​អគ្គិភ័យ​ពី​ចម្ងាយ

    ប្រព័ន្ធ​កាំជ្រួច​ហ្វូង​ពន្លត់​អគ្គិភ័យ​មាន​ទម្ងន់ ៤០០ គីឡូក្រាម ដែលមាន​កាណុង​ចំនួន ២០ នេះ គឺជា​ឧបករណ៍​បច្ចេកទេសរ​បស់​រោងចក្រ Z១១៣ ផលិតឡើង​ក្នុង​បំណង​បម្រើ​ដល់​បេសកកម្ម​ពន្លត់​អគ្គិភ័យ​ដែល​មនុស្ស​ពិបាក​ចូលដល់។

    ប្រព័ន្ធ​នេះ​អាច​បាញ់​បាន ១២០ គ្រាប់ ក្នុង​រយៈពេល ១ នាទី និង​បាញ់​បាន​ចម្ងាយ ២៥០ ម៉ែត្រ ប្រកបដោយ​ប្រសិទ្ធភាព។

    អនុសេនីយ៍ឯក Nguyen Duong Manh មកពី​រោងចក្រ Z១១៣ របស់ អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ការពារជាតិ នៃ ក្រសួងការពារជាតិ​វៀតណាម ឱ្យដឹងថា ឧបករណ៍​នេះ​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដើម្បី​ចូលរួម​ពន្លត់​អគ្គិភ័យ​ទ្រង់ទ្រាយ​ធំ ដូចជា ភ្លើង​ឆេះ​ព្រៃ ករណី​អគ្គិភ័យ​មាន​សារធាតុពុល និង​អគ្គិភ័យ​ដែល​មនុស្ស​មិនអាច​ចូលទៅ​ក្បែរ​ជាដើម។ លោក​បន្ថែមថា ចំណុចខ្លាំង​របស់​ឧបករណ៍​នេះ គឺមាន​ភាពសាមញ្ញ អាចដាក់​លើ​រថយន្ត និង​អាច​ផ្លាស់​ទី​បាន​យ៉ាង​ឆាប់រហ័ស។

    ឧបករណ៍​នេះ​មាន​បំពាក់​កាមេរ៉ា អង្គ​ញាណ​វាស់​វេ​ងរ​យៈ​ចម្ងាយ​របស់​គោលដៅ រួច​បញ្ជូន​ទិន្នន័យ​មកកាន់​កុំព្យូទ័រ ដើម្បី​អាច​សម្រេច​ថា គួរ​បាញ់​មួយ​គ្រាប់​ម្ដង ឬ​បាញ់​ជា​ហ្វូង នេះ​បើតាម អនុសេនីយ៍ឯក Nguyen Van Sau មកពី​រោងចក្រ Z១១៣។

    នៅក្នុង​គ្រាប់​កាំជ្រួច​ពន្លត់​អគ្គិភ័យ​នេះ​មាន​ផ្ទុក​ម្សៅ​ពន្លត់ភ្លើង ៣ គីឡូក្រាម។ នៅពេល​បាញ់ ក្បាល​គ្រាប់​ដែលមាន​ផ្ទុក​ម្សៅ​ពន្លត់ភ្លើង​នឹង​ត្រូវបាន​រុញច្រាន​ទៅមុខ​ដោយ​កម្លាំង​ចំហេះ​ក្នុង​របស់​គ្រាប់​កាំជ្រួច ហើយ​ពេល​ហោះ​ទៅដល់​គោលដៅ ក្បាល​គ្រាប់​នឹង​ផ្ទុះឡើង បាច់សាច​ម្សៅ​ដូច​ទៅនឹង​ការផ្ទុះ​គ្រាប់បែកដៃ ប៉ុន្តែ មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស។

    ប្រព័ន្ធ​កាំជ្រួច​ពន្លត់​អគ្គិភ័យ​ចល័ត​នេះ​ត្រូវបាន​អភិវឌ្ឍ​ក្នុង​រយៈពេល ១ ឆ្នាំ ហើយ​បច្ចុប្បន្ន​ស្ថិតក្នុង​ដំណាក់​កាល​​អភិ​វ​ឌ្ឍ​ពេញ​លេញជា​ស្ថា​ព័រ។

  • អតីត​ប្រធានាធិបតី​ របស់ ហុង​ឌូ​រ៉ា​ស ត្រូវបាន​នាំខ្លួន​ទៅកាត់​ទោស​នៅ​ សហរដ្ឋ​អាម៉េរិក

    អតីត​ប្រធានាធិបតី​ របស់ ហុង​ឌូ​រ៉ា​ស ត្រូវបាន​នាំខ្លួន​ទៅកាត់​ទោស​នៅ​ សហរដ្ឋ​អាម៉េរិក

    អតីត​ប្រធានាធិបតី​របស់ ប្រទេស​ហុង​ឌូ​រ៉ា​ស ត្រូវបានធ្វើ​បត្យាប័ន​ទៅកាន់ សហរដ្ឋ​អាម៉េរិក ដើម្បី​កាត់ទោស​ក្រោម​បទ​ចោទថា បាន​ជួញដូរ​គ្រឿងញៀន​កូកាអ៊ីន រាប់រយ​តោន និង​ស៊ីសំណូក​រាប់លាន​ដុល្លារ។

    Juan Orlando Hernandez អាយុ ៥៣ ឆ្នាំ ត្រូវបាន​នាំខ្លួន​ពី​មូលដ្ឋាន​ទ័ពអាកាស​នៅ Tegucigalpa ឡើង​ឧទ្ធម្ភាគចក្រ​របស់​អង្គភាព​ប្រឆាំង​គ្រឿងញៀន ហោះ​ទៅកាន់ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ២១ មេសា។ លោក Juan នឹងត្រូវ​ឡើង​តុលាការ​នៅ​ទីក្រុង New York នា​ថ្ងៃទី ២២ មេសា។

    កាលពី​ថ្ងៃទី ២៨ មីនា ២០២២ តុលាការ​កំពូល​របស់ ហុង​ឌូ​រ៉ា​ស បានអនុម័ត​ឱ្យធ្វើ​បត្យាប័ន​អតីត​ប្រធានាធិបតី Juan Orlando Hernandez ទៅកាន់ សហរដ្ឋ​អាម៉េរិក។

    លោក Juan Orlando Hernandez ដែល​កាន់តំណែង​ប្រធានាធិបតី​របស់ ហុង​ឌូ​រ៉ា​ស ចាប់ពី​ឆ្នាំ ២០១៤ ដល់ ២០២២ ត្រូវបាន​ចោទប្រកាន់ថា បានការ​ពារ​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​កូកាអ៊ីន ចំនួន ៥០០ តោន ដែល​ភាគច្រើន​មក​នាំ​ពី ប្រទេស​កូ​ឡុំ​ប៊ី និង វ៉េ​ណេ​ស៊ុយ​អេ​ឡា ទៅកាន់ សហរដ្ឋ​អាម៉េរិក ដោយ​ឆ្លងកាត់ ហុង​ឌូ​រ៉ា​ស ចាប់តាំងពី​ឆ្នាំ ២០០៤។

    លោក Juan Orlando Hernandez ត្រូវបាន​ចោទប្រកាន់​ទោស​ចំនួន ៣ ដែល​ទាក់ទង​នឹង​គ្រឿងញៀន និង​អាវុធ នេះ​បើតាម​ឯកសារ​របស់​រដ្ឋអាជ្ញា​នៅ New York។ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​អាម៉េរិក Merrick Garland ថ្លែងថា «Hernandez បាន​ប្រើប្រាស់​តួនាទី​ដើម្បី​ដឹកនាំ​ប្រទេស​ដូច​ទៅនឹង​ទឹកដី​ឈ្មួញកណ្ដាល​នៃ​អំពើ​ជួញដូរ​គ្រឿងញៀន»។

    លោក Juan Orlando Hernandez កាលពី​ឆ្នាំ​ ២០២១

    ក្រោយពី​ចប់​អាណត្តិ​កាលពី​ថ្ងៃទី ២៧ មករា ២០២២ មិន​ដល់ ៣ សប្ដាហ៍​ផង Hernandez ក៏​ត្រូវបាន​សមត្ថកិច្ច​របស់ ហុង​ឌូ​រ៉ា​ស ចាប់ខ្លួន ទៅតាម​សំណើ​របស់ ទីក្រុង​វ៉ា​ស៊ី​ង​តោន។ អតីត​ប្រធានាធិបតី​រូបនេះ បាន​ចុះចាញ់​ក្រុមប៉ូលិស​កាលពី​ថ្ងៃទី ១៥ កុម្ភៈ និង​ត្រូវបាន​ចាប់ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​របស់​អង្គភាព​ប៉ូលិស​ពិសេស​នៅ រដ្ឋធានី​តេ​ហ្គូ​ស៊ី​ហ្គា​ល់​ប៉ា។

    ហុង​ឌូ​រ៉ា​ស គឺជា​ប្រទេសមួយ​នៅ​តំបន់ អាម៉េរិក​កណ្ដាល និង​មាន​ប្រជាជន ១០ លាន​នាក់។ ក៏ប៉ុន្តែ អត្រា​នៃ​ភាពក្រីក្រ​របស់​ប្រទេស​នេះ មាន​រហូតដល់ ៦០%៕