បារាំង ដឹកជញ្ជូន​អាវុធ​ធុន​ធ្ងន់ ឱ្យ អ៊ុយ​ក្រែ​ន ដើម្បី​ទប់ទល់​នឹង រុស្ស៊ី

កាំភ្លើង​ធំ​បំពាក់​លើ​រថយន្ត CAESAR

ប្រធានាធិបតី Macron ប្រកាសថា បារាំង ដឹកជញ្ជូន​កាំភ្លើង​ធំ CAESAR និង​​មីស៊ីល​​ប្រឆាំង​រថក្រោះ ឱ្យ អ៊ុយ​ក្រែ​ន ប៉ុន្តែ​មិនបាន​បង្ហើប​ឱ្យដឹង​អំពី​ចំនួន​អាវុធ​នេះ​ទេ។

ប្រធានាធិបតី​បារាំង លោក Emmanuel Macron កាលពី​ថ្ងៃទី ២២ មេសា ថ្លែងថា បារាំង «កំពុង​ផ្គត់ផ្គង់​ឧបករណ៍សំខាន់ៗ តាំងពី​​មីស៊ីល​​ប្រឆាំង​រថក្រោះ MILAN ដល់​កាំភ្លើង​ធំ​បំពាក់​លើ​រថយន្ត CAESAR» ឱ្យ អ៊ុយ​ក្រែ​ន។

«ខ្ញុំ​គិតថា យើង​ត្រូវតែ​បន្ត​ដើរ​លើផ្លូវ​នេះ ប៉ុន្តែ ត្រូវ​ដឹង​អំពី​បន្ទាត់​ក្រហម​ដែលថា យើង​នឹងមិន​ក្លាយជា​ភាគី​មួយ​នៃ​សង្គ្រាម» លោក Macron បាន​ប្រាប់​សារព័ត៌មាន Ouest-France ដូច្នេះ។

កាំភ្លើង​ធំ​បំពាក់​លើ​រថយន្ត CAESAR

លោក Macron បន្ថែមថា ទាហាន​អ៊ុយ​ក្រែ​ន ប្រមាណ ៤០ នាក់ នឹង​បាន​ហ្វឹកហាត់​ក្នុងការ​គ្រប់គ្រង​អាវុធ​ថ្មី​នេះ​នៅ ប្រទេស​បារាំង ចាប់ពី​ថ្ងៃទី ២៣ មេសា។ ចំណែក រដ្ឋមន្ត្រី​ការពារជាតិ​បារាំង Florence Parly ក្រោយមក​ក៏បាន​បញ្ជាក់ថា ប្រទេស​នេះ​នឹង​ផ្ទេរ «កាំភ្លើង​ធំ CAESAR មួយចំនួន រួម​នឹង​គ្រាប់កាំភ្លើង​រាប់ពាន់​គ្រាប់» ឱ្យ អ៊ុយ​ក្រែ​ន។

មីស៊ីលប្រឆាំង​រថក្រោះ Milan

វិមាន​អេ​លី​ស៊ី បាន​បដិសេធ​ការ​បង្ហើប​ឱ្យដឹង​អំពី​ចំនួន​អាវុធ​ដែល​នឹងត្រូវ​ផ្ទេរ​ឱ្យ អ៊ុយ​ក្រែ​ន ព្រោះ​មិន​ចង់​ធ្វើឱ្យ​បែកការណ៍ ប៉ុន្តែ បាន​ប្រាប់ថា មីស៊ីល​​ប្រឆាំង​រថក្រោះ MILAN ត្រូវបាន​បញ្ជូនទៅ​កាន់​អ៊ុយ​ក្រែ​ន រួចហើយ ចំណែក​កាំភ្លើង​ធំ នឹងត្រូវ​បាន​ដឹក​ទៅ​ប្រគល់ឱ្យ ទីក្រុង​កៀវ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។

Advertisement