ក្រសួងអប់រំរបស់អាជ្ញាធរតាលីបង់ ស្នើឱ្យសាកលវិទ្យាល័យឯកជននានានៅប្រទេសអាហ្វហ្គានីស្ថាន ហាមសិស្សស្រីប្រលងចូលមហាវិទ្យាល័យក្នុងឆ្នាំសិក្សាខាងមុខ។
កាលពីចុងសប្ដាហ៍កន្លង ក្រសួងអប់រំរបស់អាជ្ញាធរតាលីបង់ បានផ្ញើលិខិតទៅកាន់សាកលវិទ្យាល័យឯកជននៅក្នុងបណ្ដាខេត្តក្រុងភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ក្នុងនោះមានទាំងរដ្ឋធានីកាប៊ុលផងដែរ ដើម្បីស្នើឱ្យមានការហាមសិស្សស្រីប្រលងចូលមហាវិទ្យាល័យដែលនឹងធ្វើឡើងចាប់ពីចុងខែកុម្ភៈខាងមុខ។ លិខិតរបស់តាលីបង់ថែមទាំងបានព្រមានថា ស្ថាប័នណាដែលមិនអនុវត្តតាមសំណើនេះនឹងត្រូវប្រឈមនឹងចំណាត់ការតាមផ្លូវច្បាប់។
មុននោះ របបតាលីបង់ បានស្នើឱ្យសាកលវិទ្យាល័យទាំងអស់នៅអាហ្វហ្កានីស្ថាន «ហាមសិស្សស្រីទៅសាលារៀនរហូតដល់មានប្រកាសថ្មី»។ រដ្ឋមន្ត្រីក្រសួងអប់រំរបស់តាលីបង់ ក្រោយមកបានបកស្រាយថា មូលហេតុដែលសិស្សស្រីនៅអាហ្វហ្កានីស្ថានត្រូវបានហាមមិនឱ្យចូលរៀននៅមហាវិទ្យាល័យគឺដោយសារពួកគេមិនបានគោរពតាមការណែនាំ ក្នុងនោះមានការកំណត់ស្ដីពីសម្លៀកបំពាក់សមស្របជាដើម។
បណ្ដាមេដឹកនាំពិភពលោកបានសម្ដែងការបារម្ភអំពីបទបញ្ជាខាងលើរបស់តាលីបង់ និងរិះគន់ថា ប្រការនេះនឹងបំផ្លាញអនាគត និងប្រមាថចំពោះសិទ្ធិសេរីភាពមូលដ្ឋានរបស់ស្ត្រីនៅអាហ្វហ្កានីស្ថាន។
កន្លងមក តាលីបង់បានប្រកាសថា បានផ្លាស់ប្ដូរច្រើនធៀបនឹងអំឡុងពេលកាន់អំណាចកាលពីជាង 20 ឆ្នាំមុន ព្រមទាំងបានអះអាងថា កំពុងអនុញ្ញាតឱ្យស្ត្រីទទួលបានសិទ្ធិទៅតាមច្បាប់សាសនាអ៊ីស្លាម និងវប្បធម៌របស់អាហ្វហ្កានីស្ថាន។ ក៏ប៉ុន្តែ ការកំណត់ ឬបទបញ្ជាដ៏តឹងរឹងរបស់ពួកគេក្នុងប៉ុន្មានខែកន្លងទៅនេះ បានធ្វើឱ្យពិភពលោកមន្ទិលសង្ស័យ និងមានការរិះគន់ច្រើនផងដែរ៕