បាតុករ​ឡោមព័ទ្ធ​គេហដ្ឋាន​របស់ នាយករដ្ឋមន្ត្រី​ស្រីលង្កា

និស្សិត​រាប់ពាន់​នាក់មក​ពី​សាកលវិទ្យាល័យ​ស្រីលង្កា នាំគ្នា​ទៅកាន់​គេហដ្ឋាន​របស់ នាយករដ្ឋមន្ត្រី Mahinda Rajapaksa ស្នើឱ្យ​លោក​ចុះ​ចេញពី​តំណែង ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​មាន​សភា​ព​ធ្ងន់ធ្ងរ។

ហ្វូង​បាតុករ​កាលពី​ថ្ងៃទី ២៤ មេសា បាន​ព្យាយាម​ផ្ដួលរំលំ​របង​ការពារ​ជុំវិញ​តំបន់​គេហដ្ឋាន​របស់ នាយករដ្ឋមន្ត្រី​ស្រីលង្កា Mahinda Rajapaksa នៅ​ទីក្រុង​កូឡុំបូ បន្ទាប់ពី​ក្រុមប៉ូលិស​បាន​ដំឡើង​របង​រាំងខ្ទប់​ដងផ្លូវ​ជាច្រើន​នៅ​ជុំវិញ​រដ្ឋធានី ដើម្បី​រារាំង​ពួកគេ​ពី​ការប្រមូល​កម្លាំង​ជាមួយនឹង​ក្រុមបាតុករ​នៅក្នុង​តំបន់ផ្សេង។

«ពួកលោក​អាច​រាំងខ្ទប់​ផ្លូវ ប៉ុន្តែ​មិនអាច​ទប់ស្កាត់​ការតស៊ូ​របស់​ពួកយើង រហូតដល់​រដ្ឋាភិបាល​ទាំងមូល​ត្រូវ​ចុះ​ចេញពី​តំណែង» បាតុករ​ជា​និស្សិត​ម្នាក់​និយាយ​ដូច្នេះ។

កម្លាំង​ដែល​ត្រូវ​ប្រឈម​នឹង​ហ្វូង​បាតុករ​គឺ ក្រុមប៉ូលិស​ប្រឆាំង​កុបកម្ម​ដែលមាន​ខែល​ការពារ មាន​តួនាទី​ទប់ស្កាត់​បាតុករ​ចូលទៅ​ក្បែរ​ផ្ទះ​របស់​ប្រធានាធិបតី។ បាតុករ​មួយចំនួន​កាន់​បដា​ដែល​សរសេរថា «ចុះ​ចេញពី​តំណែង​ភ្លាម​ទៅ Gota»។ Gota គឺជា​រហ័ស​នាម​របស់​ប្រធានាធិបតី Gotabaya Rajapaksa ដែលជា​ប្អូនប្រុស​របស់​នាយករដ្ឋមន្ត្រី Mahinda។

ប៉ូលិស​បានឱ្យដឹងថា លោក Mahinda មិន​ស្ថិតនៅ​ក្នុងផ្ទះ​នាពេលនោះ ហើយ​ក្រុមបាតុករ​ក៏បាន​រំសាយ​ដោយ​សន្តិវិធី។

ក្នុង​រយៈពេល​ជាង ២ សប្ដាហ៍​មកនេះ បាតុករ​រាប់ពាន់នាក់​នាំគ្នា​បោះជំរំ​ប្រចាំថ្ងៃ​នៅ​ខាងក្រៅ​ការិយាល័យ​ប្រធានាធិបតី Gotabaya Rajapaksa ស្នើឱ្យ​លោក និង​បងប្រុស ចុះ​ចេញពី​តំណែង។ នៅក្នុង​បាតុកម្ម​នានា​នៅ​ទូទាំងប្រទេស គេ​ឃើញ​មាន​ហ្វូង​បាតុករ​ព្យាយាម​សម្រុកចូល​ផ្ទះ និង​កន្លែងធ្វើការ​រប​ស់​ក្រុម​មេដឹកនាំ​រដ្ឋាភិបាល។

មនុស្ស​ម្នាក់​ត្រូវបាន​បាញ់សម្លាប់​នៅពេល​ប៉ូលិស​ផ្ទុះអាវុធ​រាំងខ្ទប់​ផ្លូវ​ក្នុង​ទីរួមស្រុក​ភាគ​កណ្ដាល Rambukkana កាលពី​សប្ដាហ៍​កន្លែង ដែល​នេះ​គឺជា​ករណី​ស្លាប់​ដំបូង រាប់​ចាប់តាំងពី​បាតុកម្ម​បាន​ផ្ទុះឡើង។

ស្ថានភាព​ដាច់​ភ្លើង​ក្នុង​រយៈពេល​យូរ អតិផរណា​កើនឡើង​ខ្ពស់ និង​បញ្ហា​ខ្វះ​ឥន្ធនៈ​ធ្ងន់ធ្ងរ រួម​នឹង​បញ្ហា​ជាច្រើន​ផ្សេងទៀត ជា​កត្តា​ធ្វើឱ្យ​ប្រជាជន​របស់ ប្រទេស​ស្រីលង្កា ខកចិត្ត។

កាលពី​ថ្ងៃទី ១២ មេសា ស្រីលង្កា បានប្រកាស​ក្ស័យធន។ សេដ្ឋកិច្ច​ត្រូវ​ដួលរលំ បន្ទាប់ពី​បាត់បង់​ចំណូល​ពី​បរទេស និង​ចំ​ណួ​លពី​វិស័យ​ទេសចរណ៍។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់ ស្រីលង្កា Ali Sabry កំពុង​ស្ថិតនៅ រដ្ឋធានី​វ៉ា​ស៊ី​ង​តោន ដើម្បី​ពិភាក្សា​អំពី​កញ្ចប់​ជំនួយ​របស់ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ។ លោក​បាន​ព្រមាន​ថា ស្ថានភាព​សេដ្ឋកិច្ច​របស់ ស្រីលង្កា អាច​នឹង​អាក្រក់​ជាង​បច្ចុប្បន្ន៕

Advertisement