អតីត​ប្រធានាធិបតី​ របស់ ហុង​ឌូ​រ៉ា​ស ត្រូវបាន​នាំខ្លួន​ទៅកាត់​ទោស​នៅ​ សហរដ្ឋ​អាម៉េរិក

អតីត​ប្រធានាធិបតី​ហុង​ឌូ​រ៉ា​ស លោក Juan Orlando Hernandez (បុរស​ពាក់​វ៉ែនតា)

អតីត​ប្រធានាធិបតី​របស់ ប្រទេស​ហុង​ឌូ​រ៉ា​ស ត្រូវបានធ្វើ​បត្យាប័ន​ទៅកាន់ សហរដ្ឋ​អាម៉េរិក ដើម្បី​កាត់ទោស​ក្រោម​បទ​ចោទថា បាន​ជួញដូរ​គ្រឿងញៀន​កូកាអ៊ីន រាប់រយ​តោន និង​ស៊ីសំណូក​រាប់លាន​ដុល្លារ។

Juan Orlando Hernandez អាយុ ៥៣ ឆ្នាំ ត្រូវបាន​នាំខ្លួន​ពី​មូលដ្ឋាន​ទ័ពអាកាស​នៅ Tegucigalpa ឡើង​ឧទ្ធម្ភាគចក្រ​របស់​អង្គភាព​ប្រឆាំង​គ្រឿងញៀន ហោះ​ទៅកាន់ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ២១ មេសា។ លោក Juan នឹងត្រូវ​ឡើង​តុលាការ​នៅ​ទីក្រុង New York នា​ថ្ងៃទី ២២ មេសា។

កាលពី​ថ្ងៃទី ២៨ មីនា ២០២២ តុលាការ​កំពូល​របស់ ហុង​ឌូ​រ៉ា​ស បានអនុម័ត​ឱ្យធ្វើ​បត្យាប័ន​អតីត​ប្រធានាធិបតី Juan Orlando Hernandez ទៅកាន់ សហរដ្ឋ​អាម៉េរិក។

លោក Juan Orlando Hernandez ដែល​កាន់តំណែង​ប្រធានាធិបតី​របស់ ហុង​ឌូ​រ៉ា​ស ចាប់ពី​ឆ្នាំ ២០១៤ ដល់ ២០២២ ត្រូវបាន​ចោទប្រកាន់ថា បានការ​ពារ​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​កូកាអ៊ីន ចំនួន ៥០០ តោន ដែល​ភាគច្រើន​មក​នាំ​ពី ប្រទេស​កូ​ឡុំ​ប៊ី និង វ៉េ​ណេ​ស៊ុយ​អេ​ឡា ទៅកាន់ សហរដ្ឋ​អាម៉េរិក ដោយ​ឆ្លងកាត់ ហុង​ឌូ​រ៉ា​ស ចាប់តាំងពី​ឆ្នាំ ២០០៤។

លោក Juan Orlando Hernandez ត្រូវបាន​ចោទប្រកាន់​ទោស​ចំនួន ៣ ដែល​ទាក់ទង​នឹង​គ្រឿងញៀន និង​អាវុធ នេះ​បើតាម​ឯកសារ​របស់​រដ្ឋអាជ្ញា​នៅ New York។ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​អាម៉េរិក Merrick Garland ថ្លែងថា «Hernandez បាន​ប្រើប្រាស់​តួនាទី​ដើម្បី​ដឹកនាំ​ប្រទេស​ដូច​ទៅនឹង​ទឹកដី​ឈ្មួញកណ្ដាល​នៃ​អំពើ​ជួញដូរ​គ្រឿងញៀន»។

លោក Juan Orlando Hernandez កាលពី​ឆ្នាំ​ ២០២១

ក្រោយពី​ចប់​អាណត្តិ​កាលពី​ថ្ងៃទី ២៧ មករា ២០២២ មិន​ដល់ ៣ សប្ដាហ៍​ផង Hernandez ក៏​ត្រូវបាន​សមត្ថកិច្ច​របស់ ហុង​ឌូ​រ៉ា​ស ចាប់ខ្លួន ទៅតាម​សំណើ​របស់ ទីក្រុង​វ៉ា​ស៊ី​ង​តោន។ អតីត​ប្រធានាធិបតី​រូបនេះ បាន​ចុះចាញ់​ក្រុមប៉ូលិស​កាលពី​ថ្ងៃទី ១៥ កុម្ភៈ និង​ត្រូវបាន​ចាប់ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​របស់​អង្គភាព​ប៉ូលិស​ពិសេស​នៅ រដ្ឋធានី​តេ​ហ្គូ​ស៊ី​ហ្គា​ល់​ប៉ា។

ហុង​ឌូ​រ៉ា​ស គឺជា​ប្រទេសមួយ​នៅ​តំបន់ អាម៉េរិក​កណ្ដាល និង​មាន​ប្រជាជន ១០ លាន​នាក់។ ក៏ប៉ុន្តែ អត្រា​នៃ​ភាពក្រីក្រ​របស់​ប្រទេស​នេះ មាន​រហូតដល់ ៦០%៕

Advertisement