ឃ្លាំង​ប្រេង​របស់ រុស្ស៊ី នៅក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន ផ្ទុះ​ឆាបឆេះ​សន្ធោសន្ធៅ

អគ្គិភ័យ​យ៉ាង​ធំ​បាន​កើតឡើង​នៅ​ព្រឹក​នេះ នៅឯ​ឃ្លាំង​ប្រេង​របស់ ប្រទេស​រុស្ស៊ី នាទី​ក្រុង Bryansk ក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​អំពី​ការខូចខាត។

«អង្គភាព​ស្ថានការណ៍​បន្ទាន់​បញ្ជាក់ថា​មាន​អគ្គិភ័យ» ការិយាល័យ​សារព័ត៌មាន​របស់​អាជ្ញា​ធរ​តំបន់ Bryansk ថ្ងៃទី ២៥ មេសា​នេះ ឱ្យដឹង​ដូច្នេះ ទាក់ទង​នឹង​ដំណឹង​ស្ដីពី​ករណី​ឆេះ​ឃ្លាំង​ប្រេង។ «អណ្ដាតភ្លើង​បាន​ផ្ទុះ​ឆេះ​ចេញពី​ធុង​ដាក់​ប្រេង»។

ក្រុមមន្ត្រី​នៃ​ទីក្រុង Bryansk ដែលមាន​ចម្ងាយ​ពី​ព្រំដែន​ជាប់​នឹង អ៊ុយ​ក្រែ​ន ប្រហែល ១០០ គីឡូម៉ែត្រ បានទទួល​ព័ត៌មាន​ស្ដីពី​អគ្គិភ័យ​នៅវេលា​ម៉ោង ២ (ម៉ោង ៦ នៅ កម្ពុជា)។ កងកម្លាំង​ពន្លត់​អគ្គិភ័យ និង​ក្រុម​ជួយសង្គ្រោះ ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ និង​បាន​រាយការណ៍​ថា ឃ្លាំង​ប្រេង​កំពុង​ឆាបឆេះ។

អង្គភាព​ស្ថានការណ៍​បន្ទាន់​នៅ​តំបន់ Bryansk មិនទាន់​ប្រកាស​ព័ត៌មាន​បន្ថែម​អំពី​ករណី​អគ្គិភ័យ​នេះ ហើយ​បច្ចុប្បន្ន ក្រុមមន្ត្រី​ក៏​មិនទាន់​ដឹង​ច្បាស់​ថា អគ្គិភ័យ​នេះ​មាន​ជាប់​ទាក់ទិន​នឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ឬ​យ៉ាងណា​នៅឡើយ​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​កន្លង ក្រុមមន្ត្រី​រុស្ស៊ី បានឱ្យដឹងថា ឧទ្ធម្ភាគចក្រ​របស់ អ៊ុយ​ក្រែ​ន បាន​បាញ់ប្រហារ​សំដៅលើ​អគារ​ស្នាក់នៅ​នានា និង​បណ្ដាលឱ្យមាន​អ្នករងរបួស ៧ នាក់ នៅ​តំបន់ Bryansk របស់ រុស្ស៊ី។

Advertisement