បើសិន​ហ៊ាន​ជួយ​ដល់ ប្រទេស​រុស្ស៊ី រដ្ឋាភិបាល​ចិន នឹងត្រូវ​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ! នេះ​បើតាម​ការ​គំរាម​របស់ អាម៉េរិក

អនុរដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក Sherman បាន​ព្រមាន​ថា នឹងដាក់​ទណ្ឌកម្ម ព្រមទាំង​ត្រួតពិនិត្យ រឹតត្បិត​លើ​ការនាំចេញ​ទំនិញ​ចំពោះ ប្រទេស​ចិន បើសិន​ប្រទេស​នេះ​ជួយ​ដល់​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន។

«ពួកគេ (​ប្រទេស​ចិន) បានឃើញ​វិធានការ​ដាក់ទណ្ឌកម្ម ត្រួតពិនិត្យ​ការនាំចេញ​ដែល​យើង​បានធ្វើ​ឡើង​ចំពោះ រុស្ស៊ី។ ដូច្នេះ ពួកគេ​ដឹងថា យើង​អាចធ្វើ​អ្វី​បាន បើសិន ចិន ជួយផ្ដល់​សម្ភារៈ​នានា​ដ​ល់ រុស្ស៊ី» អនុរដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក Wendy Sherman ថ្លែង​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅឯ ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃទី ២១ មេសា។

លោកស្រី Sherman ចោទប្រកាន់ រដ្ឋាភិបាល​ចិន ថា បាន «បំប៉ោង​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​របស់ រុស្ស៊ី» ហើយ​ថា លោកស្រី​សង្ឃឹមថា ទីក្រុង​ប៉េកាំង នឹង​ដកយក​បទពិសោធន៍​ពី «មេរៀន​ដ៏​ត្រឹមត្រូវ» ស្ដីពី​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ក្នុងនោះ​ក៏មាន​បញ្ហា​ដែល​ពួកគេ​មិនអាច​បំបែកបំបាក សហរដ្ឋ​អាម៉េរិក និង​បណ្ដា​សម្ព័ន្ធមិត្ត។

អនុរដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក រូបនេះ បន្ថែមថា ទីក្រុង​វ៉ា​ស៊ី​ង​តោន កំពុង​ព្យាយាម​ជៀសវាង​ការ​បណ្ដោយ​ឱ្យមាន​ភាព​តានតឹង​កើនឡើង​រវាង​មហាអំណាច រហូតដល់​ថ្នាក់​មិនអាច​គ្រប់គ្រង​បាន។

អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោកស្រី Wendy Sherman

ប្រកាស​របស់លោក​ស្រី Sherman គឺជា​ការព្រមាន​ថ្មី​បំផុត​ពី​សំណាក់ សហរដ្ឋ​អាម៉េរិក ទាក់ទិន​នឹង​លទ្ធភាព​នៃ​ការដាក់ទណ្ឌកម្ម​លើ រដ្ឋាភិបាល​ចិន បើសិន​ហ៊ាន​ជួយ​ដល់ រុស្ស៊ី។ មុន​នោះ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាម៉េរិក Janet Yellen និង​ប្រធាន​អង្គភាព​ស៊ើបការណ៍​សម្ងាត់ (CIA) Nicholas Burns ក៏​ធ្លាប់​ព្រមាន​ថា ចិន នឹង​ប្រឈមមុខ​ជាមួយនឹង​ផលវិបាក​ធ្ងន់ធ្ងរ បើសិន​ជួយ រុស្ស៊ី។

យោងតាម​ស្ថាប័នគយ​ចិន ប្រទេស​នេះ គឺជា​ទីផ្សារ​នាំចេញ​លំដាប់​កំពូល​របស់ រុស្ស៊ី បន្ទាប់ពី សហភាព​អឺរ៉ុប។ ទំនិញ​នាំចេញ​របស់ រុស្ស៊ី ទៅកាន់ ប្រទេស​ចិន មានតម្លៃ ៧៩.៣ ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ ២០២១ ក្នុងនោះ ប្រេង ឧស្ម័ន មាន​រហូតដល់ ៥៦%៕

Advertisement