តា​លី​បង់ អម​ការពារ​ពលរដ្ឋ​អាមេរិក ទៅកាន់​ព្រលានយន្តហោះ តាម​កិច្ចព្រមព្រៀងសម្ងាត់

កង​កម្លាំង​ពិសេស​របស់​ តាលីបង់ នៅ​ក្នុង​ព្រលាន​យន្តហោះ​ Hamid Karzai កាលពី​ថ្ងៃទី 31 សីហា

តា​លី​បង់ បញ្ជូន​ក្រុម​ប្រដាប់អាវុធ​ទៅ​អម​ការពារ​ពលរដ្ឋ​អាមេរិក ឆ្ពោះទៅកាន់​ព្រលានយន្តហោះ​ក្រុង​កា​ប៊ុល ទៅតាម​កិច្ចព្រមព្រៀងសម្ងាត់​រវាង​តា​លី​បង់ និង​កងទ័ព​អាមេរិក។

មន្ត្រី​ពីររូប​របស់ សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី 31 សីហា បានឱ្យដឹងថា ក្នុង​យុទ្ធនាការ​ជម្លៀស​មនុស្ស​ពី អា​ហ្វ​ហ្គា​នី​ស្ថាន នាពេល​កន្លង ពលរដ្ឋ​អាមេរិក ត្រូវបាន​ប្រកាស​ឱ្យដឹង​អំពី​ទីតាំង​ប្រមូល​ផ្ដុំគ្នា​នៅក្បែរ​ព្រលានយន្តហោះ​អន្តរជាតិ Hamid Karzai នៅ​រដ្ឋធានី​កា​ប៊ុល បន្ទាប់មក ក្រុម​ប្រដាប់អាវុធ​តា​លី​បង់ ធ្វើការ​ត្រួតពិនិត្យ​លិខិតស្នាម និង​ជូន​ដំណើរ​ពួកគេ​ទៅកាន់​ច្រកចូល​ព្រលានយន្តហោះ ជា​កន្លែង​ដែល​កងទ័ព​អាមេរិក​ស្នាក់នៅ។

ក្រុមមន្ត្រី អាមេរិក បញ្ជាក់ថា ក្នុង​ដំណើរការ​នៃ​ការជម្លៀស ក្រុម​តា​លី​បង់ បាន​សហការ និង​បើកផ្លូវ​សុវត្ថិភាព​ដល់​ពលរដ្ឋ​អាមេរិក។ មន្ត្រី អាមេរិក ម្នាក់ និយាយថា ភារកិច្ច​អម​ការពារ​របស់ តា​លី​បង់ ត្រូវបាន​ធ្វើឡើង​ច្រើនលើក​ក្នុង​មួយថ្ងៃ។ ទីតាំង​ប្រមូល​ផ្ដុំគ្នា​សំខាន់​មួយ​ដែល​ត្រូវបាន តា​លី​បង់ និង អាមេរិក ប្រើប្រាស់ នោះ​គឺ​អគារ​មួយ​ខ្នង​នៃ​ក្រសួងមហាផ្ទៃ អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រលានយន្តហោះ។ «កិច្ចព្រមព្រៀង​នេះ មាន​ប្រសិទ្ធភាព​ណាស់» នេះ​បើតាម​មន្ត្រី​របស់ សហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក ក៏បាន​បើក​ច្រក​សម្ងាត់​មួយ​នៅ​ព្រលានយន្តហោះ Hamid Karzai និង បង្កើត​មជ្ឈមណ្ឌល​ផ្ដល់ជំនួយ​តាម​ទូរស័ព្ទ ដើម្បី​ណែនាំ​ផ្លូវ​សុវត្ថិភាព​ដល់​ពលរដ្ឋ​អាមេរិក ចូលមក​កាន់​ព្រលានយន្តហោះ។

សូម​រំលឹកថា យុទ្ធនាការ​ជម្លៀស​ពល​រដ្ឋ ក៏ដូចជា​ការដក​ទ័ព​របស់ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត បានបញ្ចប់​កាលពី​ថ្ងៃទី 31 សីហា។ ទាហាន​ដែល​បោះជំហាន​ចាក​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយ​គេ គឺ ឧ​ត្ត​ម​សេនីយ៍​ទោ Chris Donahue មេបញ្ជាការ​កងពលតូច​ឆត្រយោង​លេខ 82។

Advertisement