Category: អន្តរជាតិ

  • ករណី​ធ្លាក់​យន្តហោះ​អ៊ុយ​ក្រែ​ន នៅ ប្រទេស​ក្រិ​ក ៖ «ពុំមាន​វត្ថុ​ធាតុ​គ្រោះថ្នាក់» នៅ​កន្លែងកើតហេតុ​ឡើយ

    ករណី​ធ្លាក់​យន្តហោះ​អ៊ុយ​ក្រែ​ន នៅ ប្រទេស​ក្រិ​ក ៖ «ពុំមាន​វត្ថុ​ធាតុ​គ្រោះថ្នាក់» នៅ​កន្លែងកើតហេតុ​ឡើយ

    ក្រុម​ហោះហើរ​ដែលមាន​សមាជិក ៨ នាក់ នៅលើ​យន្តហោះ​ជួប​គ្រោះថ្នាក់​នេះ បាន​បាត់​បង់ជីវិត​ទាំងអស់ ប៉ុន្តែ មកដល់ពេលនេះ សមត្ថកិច្ច​ទើប​រកឃើញ​សាកសព​សមាជិក​ម្នាក់​ប៉ុណ្ណោះ។

    ក្រុមមន្ត្រី​របស់ ប្រទេស​ក្រិ​ក បានឱ្យដឹងថា យោងតាម​ការស្រាវជ្រាវ​របស់ អង្គភាព​ពិសេស​នៃ​ប្រទេស​នេះ បច្ចុប្បន្ន មិនទាន់​រកឃើញ​ដាន​របស់​វត្ថុ​ធាតុ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា «គ្រោះថ្នាក់​ដល់​សុខភាព​សាធារណៈ» នៅ​កន្លែង​ធ្លាក់​របស់​យន្តហោះ Antonov 12 នៃ ក្រុមហ៊ុន​អ៊ុយ​ក្រែ​ន នៅឡើយ។ ហើយ​មកដល់ពេលនេះ សមត្ថកិច្ច​ទើប​រកឃើញ​សាកសព​សមាជិក​ម្នាក់​ប៉ុណ្ណោះ ក្នុងចំណោម ៨ នាក់​នៅលើ​យន្តហោះ​នេះ។

    កាលពី​ថ្ងៃទី ១៧ កក្កដា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សែ​ប៊ី (Serbia) លោក Nebojsa Stefanovic បាន​ថ្លែងថា ក្រុម​ហោះហើរ​ទាំង ៨ នាក់ បាន​ស្លាប់ បន្ទាប់ពី​យន្តហោះ​ធ្លា​ក់លើ​តំបន់​ភាគ​ខាងជើង​នៃ ប្រទេស​ក្រិ​ក។

    យន្តហោះ Antonov AN-12 ដែល​ហោះ​ឡើង​ពី​ព្រលានយន្តហោះ Nis នៅ ភាគខាងត្បូង​ប្រទេស​សែ​ប៊ី នៅវេលា​ម៉ោង​ប្រហែល ២០ និង ៤០ នាទី ថ្ងៃទី ១៦ កក្កដា មាន​ដឹក​គ្រាប់រំសេវ​ជាង ១១ តោន ដែល​ផលិត​ដោយ សែ​ប៊ី ហើយ​គ្រោង​នឹង​ចុះចត​នៅក្នុង រដ្ឋធានី​អា​ម៉ាន់ របស់ ប្រទេស​ហ្សកដានី។

    ប៉ុន្មាន​នាទី​មុនពេល​ធ្លាក់ ក្រុម​អ្នកបើកបរ​យន្តហោះ​បាន​ប្រាប់​បុគ្គលិក​គ្រប់គ្រង​អាកាស​អាកាសចរណ៍​ថា ម៉ាស៊ីន ១ គ្រឿង​របស់​យន្តហោះ​នេះ​មាន​បញ្ហា និង​ត្រូវ​ចុះចត​ជាបន្ទាន់ ប៉ុន្តែ មិនបាន​ជោគជ័យ។

    យន្តហោះ​នេះ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ដឹកជញ្ជូន Meridian របស់ អ៊ុយ​ក្រែ​ន។ ស្ថាន​កុងស៊ុល​អ៊ុយ​ក្រែ​ន ប្រចាំ​ទីក្រុង Thessaloniki របស់ ក្រិ​ក បាន​ទៅដល់​កន្លែងកើតហេតុ និង​បានបញ្ជាក់​អំពី​អត្តសញ្ញាណ​ជនរងគ្រោះ។

  • ករណី​ធ្លាក់​យន្តហោះ​នៅ ប្រទេស​ក្រិ​ក ៖ ក្រុម​ហោះហើរ​ទាំងមូល​របស់ អ៊ុយ​ក្រែ​ន ត្រូវ​បាត់បង់​ជីវិត

    ករណី​ធ្លាក់​យន្តហោះ​នៅ ប្រទេស​ក្រិ​ក ៖ ក្រុម​ហោះហើរ​ទាំងមូល​របស់ អ៊ុយ​ក្រែ​ន ត្រូវ​បាត់បង់​ជីវិត

    កាលពី​ថ្ងៃទី ១៧ កក្កដា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សែ​ប៊ី (Serbia) បានឱ្យដឹងថា ករណី​ធ្លាក់​យន្តហោះ​មួយគ្រឿង​នៅ​ភាគ​ខាងជើង​នៃ ប្រទេស​ក្រិ​ក បាន​បណ្ដាលឱ្យ ក្រុម​ហោះហើរ​ជនជាតិ​អ៊ុយ​ក្រែ​ន ៨ នាក់ ត្រូវ​បាត់បង់​ជីវិត។ ក្រុម​អ្នកជំនាញ​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ។

    ក្នុង​សន្និសីទ​សារព័ត៌មាន រដ្ឋមន្ត្រី​ការពារជាតិ​របស់ សែ​ប៊ី លោក Nebojsa Stefanovic បាន​ថ្លែងថា ក្រុម​ហោះហើរ​ទាំង ៨ នាក់ បាន​ស្លាប់ បន្ទាប់ពី​យន្តហោះ​ធ្លា​ក់លើ​តំបន់​ភាគ​ខាងជើង​នៃ ប្រទេស​ក្រិ​ក ដែលមាន​ចម្ងាយ​ពី​ព្រលានយន្តហោះ​អន្តរជាតិ Kavala ប្រហែល ៤០ គីឡូម៉ែត្រ។

    យន្តហោះ Antonov AN-12 ដែល​ហោះ​ឡើង​ពី​ព្រលានយន្តហោះ Nis នៅ ភាគខាងត្បូង​ប្រទេស​សែ​ប៊ី នៅវេលា​ម៉ោង​ប្រហែល ២០ និង ៤០ នាទី ថ្ងៃទី ១៦ កក្កដា មាន​ដឹក​គ្រាប់រំសេវ​ជាង ១១ តោន ដែល​ផលិត​ដោយ សែ​ប៊ី ហើយ​គ្រោង​នឹង​ចុះចត​នៅក្នុង រដ្ឋធានី​អា​ម៉ាន់ របស់ ប្រទេស​ហ្សកដានី។

    ប៉ុន្មាន​នាទី​មុនពេល​ធ្លាក់ ក្រុម​អ្នកបើកបរ​យន្តហោះ​បាន​ប្រាប់​បុគ្គលិក​គ្រប់គ្រង​អាកាស​អាកាសចរណ៍​ថា ម៉ាស៊ីន ១ គ្រឿង​របស់​យន្តហោះ​នេះ​មាន​បញ្ហា និង​ត្រូវ​ចុះចត​ជាបន្ទាន់ ប៉ុន្តែ មិនបាន​ជោគជ័យ។

    យន្តហោះ​នេះ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ដឹកជញ្ជូន Meridian របស់ អ៊ុយ​ក្រែ​ន។ ស្ថាន​កុងស៊ុល​អ៊ុយ​ក្រែ​ន ប្រចាំ​ទីក្រុង Thessaloniki របស់ ក្រិ​ក បាន​ទៅដល់​កន្លែងកើតហេតុ និង​បានបញ្ជាក់​អំពី​អត្តសញ្ញាណ​ជនរងគ្រោះ។

  • ចោរ​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួនបាន ព្រោះតែ​សម្លាប់​មូស ២ ក្បាល​ នៅ​ក្នុង​ផ្ទះ​​របស់​ជន​រងគ្រោះ

    ចោរ​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួនបាន ព្រោះតែ​សម្លាប់​មូស ២ ក្បាល​ នៅ​ក្នុង​ផ្ទះ​​របស់​ជន​រងគ្រោះ

    (ប្រទេស​ចិន)-ចោរ​ម្នា​ក់បាន​លួច​ចូលក្នុង​ផ្ទះមួយ​ខ្នង​នៅ Fujian និង​បាន​សម្លាប់សត្វ​មួ​ស ២ ក្បាល បន្សល់ទុក​ស្នាម​ឈាម ជួយ​ឱ្យ​ប៉ូលិស​តាមរក​ឃើញ ដោយសារ DNA។

    សមត្ថកិច្ច​ក្រុង Fuzhou ខេត្ត Fujian ភាគ​អាគ្នេយ៍​ប្រទេស​ចិន កាលពី​សប្ដាហ៍​កន្លង​បានប្រកាស​នៅលើ​បណ្ដាញ​សង្គម WeChat អំពី​ករណី​លួច​ឱ្យ​គួរឱ្យ​អស់សំណើច​មួយ៖ «កាលពី​ថ្ងៃទី ១១ មិថុនា ប៉ូលិស​បានទទួល​ដំណឹង​អំពី​ករណី​លួច​ចូល​ផ្ទះ និង​យក​ទ្រព្យសម្បត្តិ​មានតម្លៃ​ជាច្រើន​ពី​ផ្ទះមួយ​ខ្នង​នៅ​ទីក្រុង Fuzhou»។

    នៅពេល​ពិនិត្យ​ស្ថានភាព​កន្លែងកើតហេតុ ប៉ូលិស​រកឃើញថា ចោរ​នេះ​បាន​លួច​ចូល​ផ្ទះ​តាម​រានហាល។ បន្ទាប់ពី​បាន​ចូលដល់​ក្នុងផ្ទះ ជននេះ​បាន​ចម្អិន​មី និង​ស៊ុត​ដើម្បី​ញ៉ាំ មុនពេល​ដុត​ធូបមូស​របស់​ម្ចាស់ផ្ទះ និង​គេង​មួយ​យប់។

    សមត្ថកិច្ច​បាន​រកឃើញ​មូស ២ ក្បាល​ដែលមាន​ជាប់​ឈាម​នៅលើ​ជញ្ជាំង។ ពួកគេ​សន្និដ្ឋានថា នេះ​គឺជា​ឈាម​របស់​ជនសង្ស័យ ហើយក៏​បាន​យកទៅ​ពិនិត្យ DNA។

    ឈាមដែលជាប់នឹងសត្វមូសលើជញ្ជាំង បានជួយឱ្យប៉ូលិសរកឃើញជនសង្ស័យ

    លទ្ធផល​នៃ​ការពិនិត្យ​ឈាម​បង្ហាញថា DNA របស់​ឈាម​ដែល​ជាប់​នឹង​សត្វ​មូស​លើ​ជញ្ជាំង ដូចគ្នា​ទៅនឹង DNA របស់​បុរស​ម្នាក់​ដែលមាន​ត្រកូល Chai។ បន្ទាប់មក ជនសង្ស័យ​ក៏ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី ៣០ មិថុនា ហើយ​ជននេះ​បាន​សារភាព​អំពី​ករណី​ខាងលើ និង​អំពើ​លួច​ចំនួន ៤ ករណី​ផ្សេងទៀត។

    អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន​បាន​ចូល​បញ្ចេញមតិ​ក្រោម​សារ​របស់​ប៉ូលិស Fuzhou ក្នុងនោះ ភាគច្រើន​បាន​សម្ដែង​ការ​ភ្ជា​ក់​ផ្អើល​ចំពោះ​ករណីនេះ។ អ្នកខ្លះ​សរសេរថា «នេះ​គឺជា​ការសង​សឹក​របស់​សត្វ​មូស ខ្ញុំ​យល់​ខុស​ហើយ​នៅពេល​គិតថា ពួកវា​គ្មាន​ប្រយោជន៍»។

    DNA គឺជា​វត្ថុតាង​មួយ​ដ៏​សំខាន់​សម្រាប់​ជួយ​ដល់ សមត្ថកិច្ច​ចិន ក្នុងការ​បំបែក​រឿងក្ដី។ ប៉ូលិស​ខេត្ត Zhejiang ភាគ​ខាងកើត​ប្រទេស​ចិន កាលពី​ខែមិថុនា ក៏បាន​ចាប់ខ្លួន​ស្ត្រី​ម្នាក់​ដែល​បាន​គប់​ស្នូលពោត​ពី​អគារ​ខ្ពស់​មួយ​កន្លង ធ្វើឱ្យ​វា​ធ្លាក់​ចំក្បាល​ទារិកា​ម្នាក់​អាយុ​ទើបតែ ៨ ខែ បន្ទាប់ពី​វិភាគ DNA ក្នុង​ទឹកមាត់​ដែល​ជាប់​នៅលើ​ស្នូលពោត៕

  • មាន​អំពើ​បាញ់រះ​មួយទៀត​នៅឯ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់ សហរដ្ឋ​អាម៉េរិក សម្លាប់​មនុស្ស ៤ នាក់

    មាន​អំពើ​បាញ់រះ​មួយទៀត​នៅឯ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់ សហរដ្ឋ​អាម៉េរិក សម្លាប់​មនុស្ស ៤ នាក់

    ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់រះ​ទៅលើ​ហ្វូងមនុស្ស បណ្ដាលឱ្យមាន​ករណី​ស្លាប់ ៣ នាក់ ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នៅ​ជាយក្រុង Indianapolis រដ្ឋ Indiana សហរដ្ឋ​អាម៉េរិក ក្រោយមក​ខ្មាន់កាំភ្លើង​ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​បាញ់សម្លាប់។

    ប៉ូលិស​ក្នុង​តំបន់​បានឱ្យដឹងថា បានទទួល​ដំណឹង​អំពី​ករណី​បាញ់រះ​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Greenwood Park ក្នុង​ទីរួមស្រុក Greenwood នៃ​រដ្ឋ Indiana នៅវេលា​ម៉ោង​ប្រហែល ១៨ ថ្ងៃទី ១៧ កក្កដា (ម៉ោង ៦ ថ្ងៃទី ១៨ កក្កដា នៅ ភ្នំពេញ)។

    សាក្សី​មួយចំនួន​​​បាន​ប្រាប់ថា ពួក​គេ​បានឮ​សំឡេង​ផ្ទុះ​របស់​កាំភ្លើង​ចំនួន​ប្រហែល ២០ គ្រាប់ ចេញពី​ទីតាំង​ហូបចុក​របស់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខាងលើ។

    អធិការ​ប៉ូលិស​របស់​ស្រុក Greenwood លោក James Ison បានឱ្យដឹងថា ករណី​បាញ់រះ​នេះ​បានសម្លាប់​មនុស្ស ៤ នាក់ ក្នុងនោះ​ក៏មាន​ជនសង្ស័យ រួម​នឹង​មនុស្ស ២ នាក់​ផ្សេងទៀត​ត្រូវ​រងរបួស។ ជនសង្ស័យ​ត្រូវបាន​គេ​ដឹងថា ជា​បុរស​ម្នាក់​ដែល​ប្រដាប់​ដោយ​កាំភ្លើង​វែង និង​គ្រាប់កាំភ្លើង​ជាច្រើន​បង់ ប៉ុន្តែ សមត្ថកិច្ច​មិនទាន់​បង្ហើប​ឱ្យដឹង​អំពី​អត្តសញ្ញាណ​របស់​ជននេះ​នៅឡើយ។

    រថយន្តរបស់សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​ នាមជ្ឈមណ្ឌល​ពាណិជ្ជកម្ម Greenwood កាលពី​ថ្ងៃទី ១៧ កក្កដា

    បន្ទាប់ពី​បានទទួល​ដំណឹង​ភ្លាម ក្រុម​ដោះមីន​ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់ Greenwood Park ដើម្បី​ស្វែងរក​គ្រឿងផ្ទុះ​ដែល​អាចមាន​នៅទីនេះ។

    ប៉ូលិស​ទីក្រុង Indianapolis របស់​រដ្ឋ Indiana ក៏បាន​បញ្ជាក់ថា កំពុង​ជួយ​ដល់​ប៉ូលិស Greenwood។ ប៉ុន្តែ បច្ចុប្បន្ន សមត្ថកិច្ច​មិនទាន់​ដឹង​ច្បាស់​អំពី​មូលហេតុ​នៃ​អំពើ​បាញ់រះ​នេះ​នៅឡើយ។

    សហរដ្ឋ​អាម៉េរិក ថ្មីៗនេះ​កើតមាន​ហេតុការណ៍​បាញ់រះ​លើ​ហ្វូងមនុស្ស​ជា​ញឹកញាប់។ ខ្មាន់កាំភ្លើង Robert Crimo កាលពី​ថ្ងៃទី ៤ កក្កដា បាន​បាញ់រះ​ទៅលើ​ហ្វូងមនុស្ស​ដែល​កំពុង​ហែ​ក្បួន​អបអរ​ទិវា​ឯករាជ្យ បណ្ដាលឱ្យ​មនុស្ស ៦ នាក់​បាត់​បង់ជីវិត និង​រាប់សិប​នាក់​រងរបួស។ មុន​នោះ ក៏មាន​ករណី​បាញ់រះ​មួយ​បាន​កើតឡើង​នៅឯ​សាលាបឋមសិក្សា Ulvade រដ្ឋ Texas ផ្ដាច់ជីវិត​មនុស្ស ២១ នាក់៕

  • កូរ៉េខាងត្បូង អនុ​ម័​​​តកញ្ចប់​​​ថវិកា​​​រាប់ពាន់​​​លាន​​​ដុល្លារ ដើម្បី​​​ទិញ​​​យន្តហោះ​​​ចម្បាំង​​​បំបាំង​​​កាយ F-35A រាប់​សិប​​គ្រឿងទៀត

    កូរ៉េខាងត្បូង អនុ​ម័​​​តកញ្ចប់​​​ថវិកា​​​រាប់ពាន់​​​លាន​​​ដុល្លារ ដើម្បី​​​ទិញ​​​យន្តហោះ​​​ចម្បាំង​​​បំបាំង​​​កាយ F-35A រាប់​សិប​​គ្រឿងទៀត

    កូរ៉េខាងត្បូង បានអនុម័ត​​​កញ្ចប់​​​ថ​​​វិកា ៣,៩៤០ ពាន់​​​លាន​វ៉ុន ​​​ដើម្បី​​​ទិញ​​​យន្តហោះ​​​ចម្បាំង​​​បំបាំង​កាយ F-35A ប្រហែល ២០ គ្រឿង​​​ទៀត ពី សហរដ្ឋ​​​អាម៉េរិក ដើម្បី​បង្កើន​សមត្ថភាព​កំញើញ​ចំពោះ កូរ៉េខាងជើង។

    តាម​​​គ​ម្រោ​ កូរ៉េខាងត្បូង នឹង​​​ចំណាយ ៣,៩៤០ ពាន់​​​លាន​វ៉ុន​ (២.៩៧ ពាន់​​​លាន​​​ដុល្លារ​​​អាម៉េរិក) ដើម្បី​​​ទិញ​​​យន្តហោះ​​​ចម្បាំង​​​បំបាំងកាយ F-35A ពី​​​ក្រុមហ៊ុន​​​ការពារជាតិ​​​របស់ សហរដ្ឋ​អាម៉េរិក Lockheed Martin។

    កម្មវិធី​​​ទិញ​​​យន្តហោះ​​​ប្រហែល ២០ គ្រឿង​នេះ​នឹង​​​ត្រូវ​​​បាន​​​អនុវត្ត​​​រហូតដល់​​​តរ​​​ហូត​​​ដល់​​​ឆ្នាំ ២០២៨ ប៉ុន្តែ​​គម្រោង​​​​នេះ​​​អាច​​​នឹងត្រូវ​​​បាន​​​កែ​​​សម្រួល​ បន្ទាប់ពី​​​ការស្រាវជ្រាវ​​​លម្អិត​ នេះ​​​បើតាម​​​ការឱ្យ​​​ដឹង​​​កាលពីថ្ងៃទី ១៥ កក្កដា ​របស់​​​​​​​ស្ថាប័ន​​​គ្រប់គ្រង​​​កម្មវិធី​​​ទិញ​អាវុធ (DAPA) នៃ ប្រទេសកូរ៉េខាងត្បូង។

    ក្រៅពីនេះ កូរ៉េខាងត្បូង ថែមទាំង​​​បានអនុម័ត​​គម្រោង​​​​​​ចំណាយ ១,៤០០ ពាន់​​​​លាន​វ៉ុន​ទៀត​ ​ដើម្បី​​​ទិញ​​​ឧ​​​ទ្ធ​​​ម្ភា​​​គ​​​ ចក្រ CH-47F Chinook ចំនួន ១៨ គ្រឿង​​​ដែល​​​ផលិត​​​ដោយ​​​ក្រុមហ៊ុន Boeing ដើម្បី​ជំនួស​ឧទ្ធម្ភាគចក្រ CH-47D។

    ឧទ្ធម្ភាគ ចក្រ CH-47F Chinook ចំនួន

    កូរ៉េ​ខាង​ត្បូង កា​លពី​​​ពី​​​ខែ​ម​​​ករា បាន​​​បង្ហើយ​​​ការទិញ​​​យ​​​ន្ត​​​ហោះ​​​ចម្បាំង F-35A ពី​នួន ៤០ គ្រឿង ពី សហរដ្ឋ​អាម៉េរិក។

    គម្រោង​​​ខាងលើ​​​របស់ កូ​រ៉េខាងត្បូង​ ​ត្រូវបាន​​​ធ្វើឡើង​​​ក្នុង​​​បំណង​​​ទប់​​​ទល់នឹង​​​ការគំរាមកំហែង​​​នៃ​​​អាវុធ​​​នុយ​​​ក្លេ​​​អែរ​​ របស់ ​កូរ៉េខាងជើង ដែល​បាន និងកំពុងសាកល្បងអាវុធថ្មីជាបន្តបន្ទាប់៕

  • តុលាការ​កំពូលស្រី​លង្កា ហាម​ការចាក​ចេញពី​ប្រទេស​ចំពោះ​សមាជិកគ្រួសារ​លោក Rajapaksa

    តុលាការ​កំពូលស្រី​លង្កា ហាម​ការចាក​ចេញពី​ប្រទេស​ចំពោះ​សមាជិកគ្រួសារ​លោក Rajapaksa

    តុលាការ​កំពូលស្រី​លង្កា កាលពី​ថ្ងៃទី ១៥ កក្កដា បានចេញ​បញ្ជា​បណ្ដោះអាសន្ន​ដើម្បី​រារាំង​ការចាកចេញ​ពី​ប្រទេស​ចំពោះ អតីត​នាយករដ្ឋមន្ត្រី Mahinda Rajapaksa និង អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Basil Rajapaksa។

    បទបញ្ជា​ដែលមាន​សុពលភាព​រហូតដល់​ថ្ងៃទី ២៨ កក្កដា​នោះ តម្រូវឱ្យ​អតីតមន្ត្រី​ជាន់ខ្ពស់​ខាងលើ​សុំច្បាប់​តុលាការ បើសិន​ចង់​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស។ លោក Mahinda គឺជា​បង​បង្កើត ចំណែក​លោក Basil គឺជា​ប្អូនបង្កើត​របស់ អតីត​ប្រធានាធិបតី Gotabaya Rajapaksa។ លោក Gotabaya Rajapaksa បាន​រត់ចោល​ប្រទេស​កាលពី​ប៉ុន្មាន​ថ្ងៃមុន ដោយសារ​ត្រូវ​បាតុករ​ប្រឆាំង​តវ៉ា​ខ្លាំងក្លា និង​ចោទថា លោក Gotabaya Rajapaksa និង​គ្រួសារ ដឹកនាំ​ប្រទេស​ឱ្យ​ធ្លាក់​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ និង​សង្គម ក្រោយ​រដ្ឋាភិបាល​ប្រកាស​ក្ស័យធន។

    ក្នុង​ថ្ងៃ​ដដែល នាយករដ្ឋមន្ត្រី Ranil Wickremesinghe បាន​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​ស្ដីទី​របស់ ស្រីលង្កា ក្រោយពី​ប្រធានសភា Mahinda Yapa Abeywardena យល់ព្រម​ទទួលសំណើសុំ​លាលែង​ពី​តំណែង​របស់លោក Gotabaya។ បក្ស SLPP ដែល​កំពុង​កាន់អំណាច ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះ​ក៏បាន​ជ្រើសតាំង​ប្រធានាធិបតី​ស្ដីទី Ranil Wickremesinghe សម្រាប់​តំណែង​ប្រធានាធិបតី​នៅក្នុង​ការបោះឆ្នោត​សភា​នា​ថ្ងៃទី ២០ កក្កដា​ខាងមុខ។

    តាម​គម្រោង តំណាងរាស្ត្រ​ស្រីលង្កា​ចំនួន ២២៥ នាក់ នឹង​បោះឆ្នោត​សម្ងាត់​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ថ្មី។ នេះ​គឺជា​បញ្ហា​ដែល​មិន​ធ្លាប់​កើតមាន​ពីមុនមក ព្រោះថា ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ទាំង ៨ លើក​កន្លង សុទ្ធតែ​ធ្វើឡើង​តាមបែប​សកល៕

  • កែវយឹត​អវកាស James Webb ចាប់ផ្ដើម​ស្វែងរក​ភាវៈ​រស់នៅក្នុង​ចក្រវាល

    កែវយឹត​អវកាស James Webb ចាប់ផ្ដើម​ស្វែងរក​ភាវៈ​រស់នៅក្នុង​ចក្រវាល

    បណ្ដា​រូបភាពដំបូងៗដែល​បានមកពី​តេ​ឡេ​ស្កូ​ប​អវកាស James Webb ត្រូវបាន សហរដ្ឋ​អាម៉េរិក បង្ហាញ​កាលពីពេលថ្មីៗនេះ ប៉ុន្តែ គោលដៅ​ចុងក្រោយ​របស់​កែវយឹត​នេះ គឺ​ការស្វែងរក​ភាវៈ​រស់នៅ​ខាងក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ។

    James Webb បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​ការរុករក​គោលដៅ​ក្នុង​ចក្រវាល ហើយ ២ ក្នុងចំណោម​បេសកកម្ម​ដំបូង​របស់​វា​គឺ​ការស្វែងរក​ផ្កាយ​ដែល​ស្ថិតនៅឆ្ងាយៗបំផុត និង​បណ្ដា​ពិភព​ដែល​អាច​ទ្រទ្រង់​ជីវិត។

    ដោយមាន​កម្លាំង​ខ្លាំង​ជាង ១០០ ដង ធៀប​នឹង Hubble កែវយឹត​អវកាស James Webb អាច​មើលឃើញ​ទិដ្ឋភាព​ក្នុងដំណាក់កាលដំបូងៗបំផុត​នៃ​ការកកើត​ចក្រវាល បន្ទាប់ពី​ករណី​ផ្ទុះ Big Bang កាលពី ១៣.៨ ពាន់​លាន​ឆ្នាំមុន។ វត្ថុ​អវកាស​ដែល​ស្ថិតនៅ​កាន់តែ​ឆ្ងាយ ពន្លឺ​របស់​វា​ក៏ត្រូវ​ចំណាយពេល​កាន់តែ​យូរ​ដើម្បី​មកដល់​ផែនដី។ ដូច្នេះ ការសង្កេតមើល​ជ្រៅ​ទៅក្នុង​ចក្រវាល គឺជា​ការសង្កេតមើល​អ​តី​ត​កាល។ នោះ​គឺជា​មូលហេតុ​ដែល James Webb ត្រូវបាន​គេ​ហៅថា «ឧបករណ៍​ឆ្លុះ​មើល​អតីតកាល»។

    បច្ចុប្បន្ន ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ដើរ​ត្រលប់​ទៅកាន់​អតីតកាល​បាន ៩៧% ហើយ ធៀប​នឹង​ករណី​ផ្ទុះ Big Bang ប៉ុន្តែ ពួកគេ​មើល​ឃើញតែ​ចំណុច​ក្រហម​ដ៏តូចៗ នៅពេល​សង្កេត​ទៅកាន់​ប​ណ្ដា​កាឡាក់ស៊ី​ដែល​នៅ​សែនឆ្ងាយ។

    តារាវិទូ Dan Coe មកពី​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​តេ​ឡេ​ស្កូ​ប​អវកាស បានឱ្យដឹងថា «យើង​នឹង​មើល​ត្រលប់​ទៅកាន់​ពេលវេលាដំបូងៗបំផុត ដើម្បី​សង្កេត​ទៅលើ​ការកកើត​របស់​កាឡាក់ស៊ីដំបូងៗក្នុង​ប្រវត្តិសាស្ត្រ​ចក្រវាល»។

    តារាវិទូ Dan Coe ឆាប់ៗនេះ​នឹង​អនុវត្ត​គម្រោង​ចំនួន ២ ជាមួយ James Webb នោះ​គឺ ការសង្កេតមើល​កាឡាក់ស៊ី​មួយ​ក្នុងចំណោម​កាឡាក់ស៊ី​នៅ​ឆ្ងាយ​ជាងគេ​បង្អស់ ដែល​ត្រូវបាន​ដាក់ឈ្មោះថា MACS0647-JD ដែល​លោក​បាន​រកឃើញ​កាលពី​ឆ្នាំ ២០១៣ និង​ផ្កាយ​នៅ​ឆ្ងាយ​បំផុត​គឺ Earendel ដែល​ត្រូវបាន​រកឃើញ​កាលពី​ខែមីនា​ឆ្នាំនេះ៕

    ​ផ្កាយ​នៅ​ឆ្ងាយ​បំផុត​គឺ Earendel ត្រូវ​បាន​ថត​ដោយកែវយឹត​អវកាស​​ Hubble
    ប្រព័ន្ធ​ផ្កាយ Trappist-1
  • នាយករដ្ឋមន្ត្រី​ស្រីលង្កា ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី ក្រោយ​លោក Rajapaksa រត់ចោល​ស្រុក

    នាយករដ្ឋមន្ត្រី​ស្រីលង្កា ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី ក្រោយ​លោក Rajapaksa រត់ចោល​ស្រុក

    នាយករដ្ឋមន្ត្រី Wickremesinghe ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​ស្ដីទី ជំនួស​លោក Gotabaya Rajapaksa ដែល​បាន​រត់ចោល​ប្រទេស​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច និង​នយោបាយ។

    ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក Ranil Wickremesinghe អាយុ ៧៣ ឆ្នាំ ត្រូវបាន​ធ្វើឡើង​នៅថ្ងៃនេះ ក្រោម​វត្តមាន​របស់​ប្រធាន​តុលាការ Jayantha Jayasuriya។ ការ​នាយករដ្ឋមន្ត្រី Wickremesinghe ត្រូវ​ឡើងកាន់​អំណាច​ជំនួស​បណ្ដោះអាសន្ន បន្ទាប់ពី​ប្រធានាធិបតី Rajapaksa បាន​រត់ចោល​ប្រទេស​ស្រុក​នេះ គឺធ្វើឡើង​ទៅតាម​រដ្ឋធម្មនុញ្ញ​របស់ ស្រីលង្កា។

    លោក Wickremesinghe នឹង​កាន់តំណែង​នេះ​រហូតដល់​សភា​របស់ ស្រីលង្កា បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​ថ្មី​នៅ​ថ្ងៃទី ២០ កក្កដា​ខាងមុខ។

    ប្រធានាធិបតី​ស្រីលង្កា លោក Gotabaya Rajapaksa បាន​ផ្ញើ​សារ​អេ​ឡិ​ក​ត្រូ​និក​លាលែង​ពី​តំណែង​ទៅកាន់​ប្រធានសភា​កាលពី​ថ្ងៃទី ១៤ កក្កដា ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​បានធ្វើ​ដំណើរ​ដល់ សិង្ហ​បុរី។

    ប្រធានសភា​ស្រីលង្កា មុន​នោះបាន​ឱ្យដឹងថា ពាក្យសុំ​លាលែង​ពី​តំណែង​របស់លោក Gotabaya Rajapaksa ត្រូវបាន​យល់ព្រម បន្ទាប់ពី​ស្ថាប័ន​យុត្តិធម៌​ពិនិត្យ​ភាពស្របច្បាប់​រួចរាល់។

    នៅ ស្រីលង្កា បាតុករ​បាន​ចោទ​លោក Rajapaksa និង​ត្រកូល​របស់លោក​ថា បាន​ប្រមូលយក​ថវិកាជាតិ​ជាច្រើន​ឆ្នាំ​មកហើយ និង​អនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច​មិនបាន​ល្អ ធ្វើឱ្យ​ប្រទេសជាតិ​ធ្លាក់​ទៅក្នុង​ភាពហិនហោច។

    លោក Rajapaksa បាន​ច្រានចោល​ការចោទប្រកាន់​មួយចំនួន ប៉ុន្តែ​បាន​ទទួលស្គាល់ថា គោលនយោបាយ​ខ្លះ​របស់លោក បានរួម​ចំណែក​បង្កឱ្យមាន​វិបត្តិ៕

  • កងការពារ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ត្រូវគេ​រំខាន​ការផ្ដោត​អារម្មណ៍ មុនពេល​ឃាតកម្ម​កើតឡើង

    កងការពារ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ត្រូវគេ​រំខាន​ការផ្ដោត​អារម្មណ៍ មុនពេល​ឃាតកម្ម​កើតឡើង

    ក្រុមមន្ត្រី​ស៊ើបអង្កេត​បានឱ្យដឹងថា ប៉ូលិស​មួយរូប​ដែល​ការពារ​សុវត្ថិភាព​ជូន​លោក ស្ហ៊ី​ន​ហ្សូ អា​បេ ត្រូវបាន​រំខាន​ដោយ​អ្នកដើរ​ឆ្លងផ្លូវ និង​មិន​បានឃើញ​ជនសង្ស័យ​ដែល​កំពុង​ចូលទៅ​ក្បែរ​លោក អា​បេ។

    កាលពី​ថ្ងៃទី ១៤ កក្កដា ក្រុមមន្ត្រី​ស៊ើបអង្កេត​ជប៉ុន បានឱ្យដឹងថា ប៉ូលិស ៤ នាក់ រួមមាន​មន្ត្រី​ពិសេស​ម្នាក់ ដែល​ត្រូវបាន​បញ្ជូន​ពី ស្នងការដ្ឋាន​នគរបាល​រាជធានី​តូ​ក្យូ បាន​ការពារ​ក្បែរ អតីត​នាយករដ្ឋមន្ត្រី អា​បេ នៅពេល​លោក​ថ្លែងការណ៍​នៅក្នុង​ទីក្រុង Nara នៃ​ខេត្ត Nara កាលពី​ថ្ងៃទី ៨ កក្កដា។

    ម្នាក់​ក្នុងចំណោម​ប៉ូលិស ៤ នាក់ ទទួលខុសត្រូវ​សុវត្ថិភាព​ពី​ខាងក្រោយ​លោក អា​បេ។ ប៉ុន្តែ ភ្លាមៗមុនពេល​ហេតុការណ៍​កើតឡើង មន្ត្រី​រូបនេះ​ត្រូវបាន​រំខាន​ដោយ​បុរស​ម្នាក់​ដែល​រុញ​យាន​ដឹកទំនិញ​ឆ្លងកាត់​ខាងក្រោយ​លោក អា​បេ បណ្ដាលឱ្យ​មន្ត្រី​រូបនេះ មើលមិនឃើញ​ជនសង្ស័យ​កំពុង​ចូលមក​ជិត​លោក អា​បេ តាមផ្លូវ​បញ្ឆិត​ពី​ខាងក្រោយ។

    មន្ត្រីប៉ូលិស​ម្នាក់ទៀត ទទួលខុសត្រូវ​លើ​ចិញ្ចើមផ្លូវ ជាទី​ដែល​ជនសង្ស័យ​ឈរ​ពេល​ដំបូង។ មន្ត្រី​រូបនេះ​ទទួល​ភារកិច្ច​ឃ្លាំមើល តាមដាន​ទីតាំង​ទាំងមូល ប៉ុន្តែ​បាន​និយាយថា មិនឃើញ​ជនសង្ស័យ​ឈាន​ជើង​ចុះ​ពី​ចិញ្ចើមផ្លូវ។

    ស្ថាប័ន​ប៉ូលិស​ជាតិ​កំពុងតែ​ស្រាវជ្រាវ និង​កំណត់​ចំណុច​ខ្វះចន្លោះ​នៅក្នុង​ការដាក់​កម្លាំង​ការពារ​សម្រាប់​លោក អា​បេ ក្នុងនោះ​មានដូចជា បញ្ហា​ខ្វះ​បុគ្គលិក​សន្តិសុខ​នៅ​ពីក្រោយ​លោក​ជាដើម។ ស្ថាប័ន​នេះ​មាន​គម្រោង​កែប្រែ​វិធានការ​សន្តិសុខសម្រាប់​ក្រុមមន្ត្រី​រដ្ឋាភិបាល ដោយយោង​ទៅតាម​លទ្ធផល​នៃ​ការស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​លោក អា​បេ។

    អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស្ហ៊ី​ហ្សូ អា​បេ វ័យ ៦៧ ឆ្នាំ ត្រូវបាន​ជនសង្ស័យ​បាញ់​ពីក្រោយ​នៅពេល​លោក​កំពុង​ថ្លែង​ឃោសនា​រក​សំឡេងឆ្នោត​នៅក្នុង​ទីក្រុង Nara នៃ​ខេត្ត Nara។ នៅពេល​បាញ់ប្រហារ ជនសង្ស័យ Yamagami ស្ថិតនៅ​ចម្ងាយ​ប្រហែល ៥ ម៉ែត្រ ពី​លោក អា​បេ។

    លោក អា​បេ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​តាម​ឧទ្ធម្ភាគចក្រ​ក្នុងស្ថានភាព​បាត់បង់​ស្មារតី។ វេជ្ជបណ្ឌិត ២០ នាក់ បាន​ចូលរួម​ជួយសង្គ្រោះ​លោក Abe ប៉ុន្តែ​មិនអាច​ឃាត់ឈាម​បាន។ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ត្រូវបាន​ប្រកាសថា បានទទួល​មរណភាព​ដោយសារ​បាត់បង់​ឈាម​ច្រើនពេក៕

  • សភា​ជាន់​ទាប​អាម៉េរិក អនុម័ត​​លើ​សេចក្ដីព្រាងច្បាប់​បង្កើន​ថវិកា​ការពារជាតិ​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

    សភា​ជាន់​ទាប​អាម៉េរិក អនុម័ត​​លើ​សេចក្ដីព្រាងច្បាប់​បង្កើន​ថវិកា​ការពារជាតិ​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

    សភា​ជាន់​ទាប​របស់ សហរដ្ឋ​អាម៉េរិក បានអនុម័ត​សេចក្ដីព្រាងច្បាប់​ដែល​អនុញ្ញាតឱ្យ​បង្កើន​ថវិកា​សម្រាប់​វិស័យ​ការពារជាតិ​ឡើងដល់​កម្រិត​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ នៅ​ឆ្នាំ ២០២៣។

    សេចក្ដីព្រាងច្បាប់​ស្ដីពី​ការផ្ដល់​សិទ្ធិ​ការពារជាតិ (NDAA) សម្រាប់​ឆ្នាំ ២០២៣ ត្រូវបាន សភា​ជាន់​ទាប​អាម៉េរិក អនុម័ត​កាលពី​ថ្ងៃទី ១៤ កក្កដា ដោយមាន​សន្លឹកឆ្នោត​គាំទ្រ ៣២៩ សំឡេង និង​ប្រឆាំង ១០១ សំឡេង។ សេចក្ដីព្រាងច្បាប់​នេះ​អនុញ្ញាតឱ្យ​បន្ថែម ៣៧ ពាន់​លាន​ដុល្លារ​ទៅក្នុង​ថវិកា​ការពារជាតិ​របស់ សហរដ្ឋ​អាម៉េរិក ធៀប​នឹង​សំណើ ៧៧៣ ពាន់​លាន​ដុល្លារ​របស់ ប្រធានាធិបតី ចូ បៃ​ដិ​ន។

    សេចក្ដីព្រាងច្បាប់​នេះ​ក៏​អាច​បើកផ្លូវ​ឱ្យ សហរដ្ឋ​អាម៉េរិក ចំណាយ​ទៅលើ​វិស័យ​ការពារជាតិ លើសពី ៨០០ ពាន់​លាន​ដុល្លារ ដែលជា​កំណត់ត្រា​ថ្មី​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ។

    សភា​ជាន់ខ្ពស់​អាម៉េរិក មិនទាន់​អនុម័ត​កំណែ NDAA របស់ខ្លួន ប៉ុន្តែ គណៈកម្មការ​យោធា​របស់ សភា​ជាន់ខ្ពស់​អាម៉េរិក បាន​គាំទ្រ​កញ្ចប់​ថវិកា​ធំ​ជាង​នេះ ពោលគឺ​ច្រើនជាង ៤៥ ពាន់​លាន​ដុល្លារ​ធៀប​នឹង​សំណើ​របស់លោក បៃ​ដិ​ន។

    សភា​សហរដ្ឋ​អាម៉េរិក នឹង​អនុម័ត​សម្រេច​ចុងក្រោយ​លើ NDAA នៅក្នុង​កិច្ចប្រជុំ​នាពេលខាងមុខ ហើយ​ក្រោយមក​នឹងមាន​ការបោះឆ្នោត​ទាំង​នៅក្នុង​សភា​ជាន់ខ្ពស់ និង​សភា​ជាន់​ទាប​នៅ​ចុង​ឆ្នាំនេះ។

    កាលពី​ចុងឆ្នាំ​កន្លង ប្រធានាធិបតី បៃ​ដិ​ន បានអនុម័ត NDAA សម្រាប់​ឆ្នាំ ២០២២ អនុញ្ញាតឱ្យ​បញ្ចេញ​ថវិកា ៧៧៣ ពាន់​លាន​ដុល្លារ កើន ៥% ធៀប​នឹង​ឆ្នាំ ២០២១៕