មាន​អំពើ​បាញ់រះ​មួយទៀត​នៅឯ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់ សហរដ្ឋ​អាម៉េរិក សម្លាប់​មនុស្ស ៤ នាក់

សមត្ថកិច្ច​បិទខ្ទប់​កន្លែង​កើតហេតុ

ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់រះ​ទៅលើ​ហ្វូងមនុស្ស បណ្ដាលឱ្យមាន​ករណី​ស្លាប់ ៣ នាក់ ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នៅ​ជាយក្រុង Indianapolis រដ្ឋ Indiana សហរដ្ឋ​អាម៉េរិក ក្រោយមក​ខ្មាន់កាំភ្លើង​ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​បាញ់សម្លាប់។

ប៉ូលិស​ក្នុង​តំបន់​បានឱ្យដឹងថា បានទទួល​ដំណឹង​អំពី​ករណី​បាញ់រះ​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Greenwood Park ក្នុង​ទីរួមស្រុក Greenwood នៃ​រដ្ឋ Indiana នៅវេលា​ម៉ោង​ប្រហែល ១៨ ថ្ងៃទី ១៧ កក្កដា (ម៉ោង ៦ ថ្ងៃទី ១៨ កក្កដា នៅ ភ្នំពេញ)។

សាក្សី​មួយចំនួន​​​បាន​ប្រាប់ថា ពួក​គេ​បានឮ​សំឡេង​ផ្ទុះ​របស់​កាំភ្លើង​ចំនួន​ប្រហែល ២០ គ្រាប់ ចេញពី​ទីតាំង​ហូបចុក​របស់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខាងលើ។

អធិការ​ប៉ូលិស​របស់​ស្រុក Greenwood លោក James Ison បានឱ្យដឹងថា ករណី​បាញ់រះ​នេះ​បានសម្លាប់​មនុស្ស ៤ នាក់ ក្នុងនោះ​ក៏មាន​ជនសង្ស័យ រួម​នឹង​មនុស្ស ២ នាក់​ផ្សេងទៀត​ត្រូវ​រងរបួស។ ជនសង្ស័យ​ត្រូវបាន​គេ​ដឹងថា ជា​បុរស​ម្នាក់​ដែល​ប្រដាប់​ដោយ​កាំភ្លើង​វែង និង​គ្រាប់កាំភ្លើង​ជាច្រើន​បង់ ប៉ុន្តែ សមត្ថកិច្ច​មិនទាន់​បង្ហើប​ឱ្យដឹង​អំពី​អត្តសញ្ញាណ​របស់​ជននេះ​នៅឡើយ។

រថយន្តរបស់សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​ នាមជ្ឈមណ្ឌល​ពាណិជ្ជកម្ម Greenwood កាលពី​ថ្ងៃទី ១៧ កក្កដា

បន្ទាប់ពី​បានទទួល​ដំណឹង​ភ្លាម ក្រុម​ដោះមីន​ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់ Greenwood Park ដើម្បី​ស្វែងរក​គ្រឿងផ្ទុះ​ដែល​អាចមាន​នៅទីនេះ។

ប៉ូលិស​ទីក្រុង Indianapolis របស់​រដ្ឋ Indiana ក៏បាន​បញ្ជាក់ថា កំពុង​ជួយ​ដល់​ប៉ូលិស Greenwood។ ប៉ុន្តែ បច្ចុប្បន្ន សមត្ថកិច្ច​មិនទាន់​ដឹង​ច្បាស់​អំពី​មូលហេតុ​នៃ​អំពើ​បាញ់រះ​នេះ​នៅឡើយ។

សហរដ្ឋ​អាម៉េរិក ថ្មីៗនេះ​កើតមាន​ហេតុការណ៍​បាញ់រះ​លើ​ហ្វូងមនុស្ស​ជា​ញឹកញាប់។ ខ្មាន់កាំភ្លើង Robert Crimo កាលពី​ថ្ងៃទី ៤ កក្កដា បាន​បាញ់រះ​ទៅលើ​ហ្វូងមនុស្ស​ដែល​កំពុង​ហែ​ក្បួន​អបអរ​ទិវា​ឯករាជ្យ បណ្ដាលឱ្យ​មនុស្ស ៦ នាក់​បាត់​បង់ជីវិត និង​រាប់សិប​នាក់​រងរបួស។ មុន​នោះ ក៏មាន​ករណី​បាញ់រះ​មួយ​បាន​កើតឡើង​នៅឯ​សាលាបឋមសិក្សា Ulvade រដ្ឋ Texas ផ្ដាច់ជីវិត​មនុស្ស ២១ នាក់៕

Advertisement