ចោរ​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួនបាន ព្រោះតែ​សម្លាប់​មូស ២ ក្បាល​ នៅ​ក្នុង​ផ្ទះ​​របស់​ជន​រងគ្រោះ

ប៉ូលិស​ចិន

(ប្រទេស​ចិន)-ចោរ​ម្នា​ក់បាន​លួច​ចូលក្នុង​ផ្ទះមួយ​ខ្នង​នៅ Fujian និង​បាន​សម្លាប់សត្វ​មួ​ស ២ ក្បាល បន្សល់ទុក​ស្នាម​ឈាម ជួយ​ឱ្យ​ប៉ូលិស​តាមរក​ឃើញ ដោយសារ DNA។

សមត្ថកិច្ច​ក្រុង Fuzhou ខេត្ត Fujian ភាគ​អាគ្នេយ៍​ប្រទេស​ចិន កាលពី​សប្ដាហ៍​កន្លង​បានប្រកាស​នៅលើ​បណ្ដាញ​សង្គម WeChat អំពី​ករណី​លួច​ឱ្យ​គួរឱ្យ​អស់សំណើច​មួយ៖ «កាលពី​ថ្ងៃទី ១១ មិថុនា ប៉ូលិស​បានទទួល​ដំណឹង​អំពី​ករណី​លួច​ចូល​ផ្ទះ និង​យក​ទ្រព្យសម្បត្តិ​មានតម្លៃ​ជាច្រើន​ពី​ផ្ទះមួយ​ខ្នង​នៅ​ទីក្រុង Fuzhou»។

នៅពេល​ពិនិត្យ​ស្ថានភាព​កន្លែងកើតហេតុ ប៉ូលិស​រកឃើញថា ចោរ​នេះ​បាន​លួច​ចូល​ផ្ទះ​តាម​រានហាល។ បន្ទាប់ពី​បាន​ចូលដល់​ក្នុងផ្ទះ ជននេះ​បាន​ចម្អិន​មី និង​ស៊ុត​ដើម្បី​ញ៉ាំ មុនពេល​ដុត​ធូបមូស​របស់​ម្ចាស់ផ្ទះ និង​គេង​មួយ​យប់។

សមត្ថកិច្ច​បាន​រកឃើញ​មូស ២ ក្បាល​ដែលមាន​ជាប់​ឈាម​នៅលើ​ជញ្ជាំង។ ពួកគេ​សន្និដ្ឋានថា នេះ​គឺជា​ឈាម​របស់​ជនសង្ស័យ ហើយក៏​បាន​យកទៅ​ពិនិត្យ DNA។

ឈាមដែលជាប់នឹងសត្វមូសលើជញ្ជាំង បានជួយឱ្យប៉ូលិសរកឃើញជនសង្ស័យ

លទ្ធផល​នៃ​ការពិនិត្យ​ឈាម​បង្ហាញថា DNA របស់​ឈាម​ដែល​ជាប់​នឹង​សត្វ​មូស​លើ​ជញ្ជាំង ដូចគ្នា​ទៅនឹង DNA របស់​បុរស​ម្នាក់​ដែលមាន​ត្រកូល Chai។ បន្ទាប់មក ជនសង្ស័យ​ក៏ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី ៣០ មិថុនា ហើយ​ជននេះ​បាន​សារភាព​អំពី​ករណី​ខាងលើ និង​អំពើ​លួច​ចំនួន ៤ ករណី​ផ្សេងទៀត។

អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន​បាន​ចូល​បញ្ចេញមតិ​ក្រោម​សារ​របស់​ប៉ូលិស Fuzhou ក្នុងនោះ ភាគច្រើន​បាន​សម្ដែង​ការ​ភ្ជា​ក់​ផ្អើល​ចំពោះ​ករណីនេះ។ អ្នកខ្លះ​សរសេរថា «នេះ​គឺជា​ការសង​សឹក​របស់​សត្វ​មូស ខ្ញុំ​យល់​ខុស​ហើយ​នៅពេល​គិតថា ពួកវា​គ្មាន​ប្រយោជន៍»។

DNA គឺជា​វត្ថុតាង​មួយ​ដ៏​សំខាន់​សម្រាប់​ជួយ​ដល់ សមត្ថកិច្ច​ចិន ក្នុងការ​បំបែក​រឿងក្ដី។ ប៉ូលិស​ខេត្ត Zhejiang ភាគ​ខាងកើត​ប្រទេស​ចិន កាលពី​ខែមិថុនា ក៏បាន​ចាប់ខ្លួន​ស្ត្រី​ម្នាក់​ដែល​បាន​គប់​ស្នូលពោត​ពី​អគារ​ខ្ពស់​មួយ​កន្លង ធ្វើឱ្យ​វា​ធ្លាក់​ចំក្បាល​ទារិកា​ម្នាក់​អាយុ​ទើបតែ ៨ ខែ បន្ទាប់ពី​វិភាគ DNA ក្នុង​ទឹកមាត់​ដែល​ជាប់​នៅលើ​ស្នូលពោត៕

Advertisement