ករណី​ធ្លាក់​យន្តហោះ​អ៊ុយ​ក្រែ​ន នៅ ប្រទេស​ក្រិ​ក ៖ «ពុំមាន​វត្ថុ​ធាតុ​គ្រោះថ្នាក់» នៅ​កន្លែងកើតហេតុ​ឡើយ

ក្រុម​ហោះហើរ​ដែលមាន​សមាជិក ៨ នាក់ នៅលើ​យន្តហោះ​ជួប​គ្រោះថ្នាក់​នេះ បាន​បាត់​បង់ជីវិត​ទាំងអស់ ប៉ុន្តែ មកដល់ពេលនេះ សមត្ថកិច្ច​ទើប​រកឃើញ​សាកសព​សមាជិក​ម្នាក់​ប៉ុណ្ណោះ។

ក្រុមមន្ត្រី​របស់ ប្រទេស​ក្រិ​ក បានឱ្យដឹងថា យោងតាម​ការស្រាវជ្រាវ​របស់ អង្គភាព​ពិសេស​នៃ​ប្រទេស​នេះ បច្ចុប្បន្ន មិនទាន់​រកឃើញ​ដាន​របស់​វត្ថុ​ធាតុ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា «គ្រោះថ្នាក់​ដល់​សុខភាព​សាធារណៈ» នៅ​កន្លែង​ធ្លាក់​របស់​យន្តហោះ Antonov 12 នៃ ក្រុមហ៊ុន​អ៊ុយ​ក្រែ​ន នៅឡើយ។ ហើយ​មកដល់ពេលនេះ សមត្ថកិច្ច​ទើប​រកឃើញ​សាកសព​សមាជិក​ម្នាក់​ប៉ុណ្ណោះ ក្នុងចំណោម ៨ នាក់​នៅលើ​យន្តហោះ​នេះ។

កាលពី​ថ្ងៃទី ១៧ កក្កដា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សែ​ប៊ី (Serbia) លោក Nebojsa Stefanovic បាន​ថ្លែងថា ក្រុម​ហោះហើរ​ទាំង ៨ នាក់ បាន​ស្លាប់ បន្ទាប់ពី​យន្តហោះ​ធ្លា​ក់លើ​តំបន់​ភាគ​ខាងជើង​នៃ ប្រទេស​ក្រិ​ក។

យន្តហោះ Antonov AN-12 ដែល​ហោះ​ឡើង​ពី​ព្រលានយន្តហោះ Nis នៅ ភាគខាងត្បូង​ប្រទេស​សែ​ប៊ី នៅវេលា​ម៉ោង​ប្រហែល ២០ និង ៤០ នាទី ថ្ងៃទី ១៦ កក្កដា មាន​ដឹក​គ្រាប់រំសេវ​ជាង ១១ តោន ដែល​ផលិត​ដោយ សែ​ប៊ី ហើយ​គ្រោង​នឹង​ចុះចត​នៅក្នុង រដ្ឋធានី​អា​ម៉ាន់ របស់ ប្រទេស​ហ្សកដានី។

ប៉ុន្មាន​នាទី​មុនពេល​ធ្លាក់ ក្រុម​អ្នកបើកបរ​យន្តហោះ​បាន​ប្រាប់​បុគ្គលិក​គ្រប់គ្រង​អាកាស​អាកាសចរណ៍​ថា ម៉ាស៊ីន ១ គ្រឿង​របស់​យន្តហោះ​នេះ​មាន​បញ្ហា និង​ត្រូវ​ចុះចត​ជាបន្ទាន់ ប៉ុន្តែ មិនបាន​ជោគជ័យ។

យន្តហោះ​នេះ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ដឹកជញ្ជូន Meridian របស់ អ៊ុយ​ក្រែ​ន។ ស្ថាន​កុងស៊ុល​អ៊ុយ​ក្រែ​ន ប្រចាំ​ទីក្រុង Thessaloniki របស់ ក្រិ​ក បាន​ទៅដល់​កន្លែងកើតហេតុ និង​បានបញ្ជាក់​អំពី​អត្តសញ្ញាណ​ជនរងគ្រោះ។

Advertisement