អូស្ត្រាលី ទទួល​នាវា​ទេសចរណ៍​អន្តរជាតិ​ដំបូង​មួយគ្រឿង ក្រោយ​បិទទ្វារ​ទប់ស្កាត់​កូ​វីដ-១៩ រយៈពេល ២ ឆ្នាំ

ថ្ងៃទី ១៨ មេសា ២០២២ នាវា​ទេសចរណ៍ Pacific Explorer បាន​ចូល​ចត​ក្នុង​កំពង់ផែ Sydney របស់ អូស្ត្រាលី ហើយ​នេះ​គឺ​លើកដំបូង​បង្អស់​ដែល​កំពង់ផែ​សមុទ្រ​នេះ​បើកទ្វារ​ទទួល​នាវា​ទេសចរណ៍​ឡើងវិញ ក្រោយ​រយៈពេល​ជាង ២ ឆ្នាំ ដែល អូស្ត្រាលី ដាក់​បម្រាម​គោចរ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១។

បន្ទាប់ពី​បម្រាម​គោចរ​ត្រូវបាន​ដកចេញ​ទាំងស្រុង ព្រឹក​ថ្ងៃទី ១៨ មេសា ២០២២ នាវា​ទេសចរណ៍ Pacific Explorer បាន​ចូលកាន់​កំពង់ផែ Sydney នៅក្នុង​ទិដ្ឋភាព​មួយ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ នៅពេល​នាវា​នេះ​ត្រូវបាន​អមដំណើរ​ដោយ​ក្រុម​នាវា​នាំ​ផ្លូវ និង​នាវា​បាញ់​ទឹក ព្រមទាំង​មាន​បដា​ដែល​សរសេរថា «យើង​បាន​ត្រលប់មក​ផ្ទះ​វិញ​ហើយ»។ មនុស្ស​ជាច្រើន​ប្រមូលផ្ដុំ​គ្នា​នៅលើ​ស្ពាន​របស់​កំពង់ផែ ដើម្បី​មើល​ទិដ្ឋភាព​នាវា​ត្រលប់​ចូលមក​កាន់​អូស្ត្រាលី ក្រោយពី​បានធ្វើ​ដំណើរ​ជិត ១ ខែ ក្នុង​ចម្ងាយ​ផ្លូវ​ជាង ១៨,០០០ គីឡូម៉ែត្រ។

លោកស្រី Lyndsey Gordon អ្នកនាំពាក្យ​របស់ P&O (អង់គ្លេស) ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ជើង​នាវា​ទេសចរណ៍​លំដាប់​ប្រណិត បានឱ្យដឹងថា ចំនួន​អ្នក​កក់​សំបុត្រ​សម្រាប់​ដំណើរ​កម្សាន្ត​តាម​នាវា​ទេសចរណ៍​អូស្ត្រាលី របស់​ក្រុមហ៊ុន​នេះ បាន​កើនឡើង​ខ្ពស់ ជិត​ស្មើនឹង​ដំណាក់កាល​មុន​សម័យ​កូ​វីដ-១។

យោងតាម​ទិន្នន័យ​របស់​សមាគម​នា​វា​ទេសចរណ៍​អន្តរជាតិ មុន​វិបត្តិ​កូ​វីដ-១៩ នាវា​ទេសចរណ៍​ប្រហែល ៣៥០ គ្រឿង ដែលមាន​អតិថិជន​សរុប​ជាង ៦០០,០០០ នាក់ បានមក​កាន់ អូស្ត្រាលី រួមចំណែក​ប្រហែល ៣.៨ ពាន់​លាន​ដុល្លារ​អាម៉េរិក ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ។

មុន​នោះ កាលពី​ខែមីនា ២០២០ នាវា​ទេសចរណ៍​អន្តរជាតិ​ទាំងឡាយ ត្រូវបាន​ហាម​ចូលក្នុង​តំបន់​សមុទ្រ​របស់ អូស្ត្រាលី ក្រោយពី​មាន​ករណី​ផ្ទុះ​ឆ្លង​កូ​វីដ-១៩ ដែលមាន​ប្រភពពី​នាវា​ទេសចរណ៍ Ruby Princess។ Pacific Explorer និង​នាវា​ទេសចរណ៍ ២ គ្រឿង​ផ្សេងទៀត​របស់​ក្រុមហ៊ុន P&O ត្រូវ​ចត​អស់​រយៈពេល​ជាច្រើន​ខែ​ក្នុង​ឆ្នាំ ២០២១ នៅលើ​តំបន់​សមុទ្រ​របស់ ប្រទេស​ស៊ី​ប (Cyprus) ដើម្បី​រង់ចាំ រដ្ឋាភិបាល​អូស្ត្រាលី ដក​បម្រាម​គោចរ​ខាងលើ៕

 

Advertisement