នាយករដ្ឋមន្ត្រី​ស្រីលង្កា ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី ក្រោយ​លោក Rajapaksa រត់ចោល​ស្រុក

លោក Ranil Wickremesinghe

នាយករដ្ឋមន្ត្រី Wickremesinghe ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​ស្ដីទី ជំនួស​លោក Gotabaya Rajapaksa ដែល​បាន​រត់ចោល​ប្រទេស​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច និង​នយោបាយ។

ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក Ranil Wickremesinghe អាយុ ៧៣ ឆ្នាំ ត្រូវបាន​ធ្វើឡើង​នៅថ្ងៃនេះ ក្រោម​វត្តមាន​របស់​ប្រធាន​តុលាការ Jayantha Jayasuriya។ ការ​នាយករដ្ឋមន្ត្រី Wickremesinghe ត្រូវ​ឡើងកាន់​អំណាច​ជំនួស​បណ្ដោះអាសន្ន បន្ទាប់ពី​ប្រធានាធិបតី Rajapaksa បាន​រត់ចោល​ប្រទេស​ស្រុក​នេះ គឺធ្វើឡើង​ទៅតាម​រដ្ឋធម្មនុញ្ញ​របស់ ស្រីលង្កា។

លោក Wickremesinghe នឹង​កាន់តំណែង​នេះ​រហូតដល់​សភា​របស់ ស្រីលង្កា បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​ថ្មី​នៅ​ថ្ងៃទី ២០ កក្កដា​ខាងមុខ។

ប្រធានាធិបតី​ស្រីលង្កា លោក Gotabaya Rajapaksa បាន​ផ្ញើ​សារ​អេ​ឡិ​ក​ត្រូ​និក​លាលែង​ពី​តំណែង​ទៅកាន់​ប្រធានសភា​កាលពី​ថ្ងៃទី ១៤ កក្កដា ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​បានធ្វើ​ដំណើរ​ដល់ សិង្ហ​បុរី។

ប្រធានសភា​ស្រីលង្កា មុន​នោះបាន​ឱ្យដឹងថា ពាក្យសុំ​លាលែង​ពី​តំណែង​របស់លោក Gotabaya Rajapaksa ត្រូវបាន​យល់ព្រម បន្ទាប់ពី​ស្ថាប័ន​យុត្តិធម៌​ពិនិត្យ​ភាពស្របច្បាប់​រួចរាល់។

នៅ ស្រីលង្កា បាតុករ​បាន​ចោទ​លោក Rajapaksa និង​ត្រកូល​របស់លោក​ថា បាន​ប្រមូលយក​ថវិកាជាតិ​ជាច្រើន​ឆ្នាំ​មកហើយ និង​អនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច​មិនបាន​ល្អ ធ្វើឱ្យ​ប្រទេសជាតិ​ធ្លាក់​ទៅក្នុង​ភាពហិនហោច។

លោក Rajapaksa បាន​ច្រានចោល​ការចោទប្រកាន់​មួយចំនួន ប៉ុន្តែ​បាន​ទទួលស្គាល់ថា គោលនយោបាយ​ខ្លះ​របស់លោក បានរួម​ចំណែក​បង្កឱ្យមាន​វិបត្តិ៕

Advertisement