ករណី​ធ្លាក់​យន្តហោះ​នៅ ប្រទេស​ក្រិ​ក ៖ ក្រុម​ហោះហើរ​ទាំងមូល​របស់ អ៊ុយ​ក្រែ​ន ត្រូវ​បាត់បង់​ជីវិត

កាលពី​ថ្ងៃទី ១៧ កក្កដា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សែ​ប៊ី (Serbia) បានឱ្យដឹងថា ករណី​ធ្លាក់​យន្តហោះ​មួយគ្រឿង​នៅ​ភាគ​ខាងជើង​នៃ ប្រទេស​ក្រិ​ក បាន​បណ្ដាលឱ្យ ក្រុម​ហោះហើរ​ជនជាតិ​អ៊ុយ​ក្រែ​ន ៨ នាក់ ត្រូវ​បាត់បង់​ជីវិត។ ក្រុម​អ្នកជំនាញ​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ។

ក្នុង​សន្និសីទ​សារព័ត៌មាន រដ្ឋមន្ត្រី​ការពារជាតិ​របស់ សែ​ប៊ី លោក Nebojsa Stefanovic បាន​ថ្លែងថា ក្រុម​ហោះហើរ​ទាំង ៨ នាក់ បាន​ស្លាប់ បន្ទាប់ពី​យន្តហោះ​ធ្លា​ក់លើ​តំបន់​ភាគ​ខាងជើង​នៃ ប្រទេស​ក្រិ​ក ដែលមាន​ចម្ងាយ​ពី​ព្រលានយន្តហោះ​អន្តរជាតិ Kavala ប្រហែល ៤០ គីឡូម៉ែត្រ។

យន្តហោះ Antonov AN-12 ដែល​ហោះ​ឡើង​ពី​ព្រលានយន្តហោះ Nis នៅ ភាគខាងត្បូង​ប្រទេស​សែ​ប៊ី នៅវេលា​ម៉ោង​ប្រហែល ២០ និង ៤០ នាទី ថ្ងៃទី ១៦ កក្កដា មាន​ដឹក​គ្រាប់រំសេវ​ជាង ១១ តោន ដែល​ផលិត​ដោយ សែ​ប៊ី ហើយ​គ្រោង​នឹង​ចុះចត​នៅក្នុង រដ្ឋធានី​អា​ម៉ាន់ របស់ ប្រទេស​ហ្សកដានី។

ប៉ុន្មាន​នាទី​មុនពេល​ធ្លាក់ ក្រុម​អ្នកបើកបរ​យន្តហោះ​បាន​ប្រាប់​បុគ្គលិក​គ្រប់គ្រង​អាកាស​អាកាសចរណ៍​ថា ម៉ាស៊ីន ១ គ្រឿង​របស់​យន្តហោះ​នេះ​មាន​បញ្ហា និង​ត្រូវ​ចុះចត​ជាបន្ទាន់ ប៉ុន្តែ មិនបាន​ជោគជ័យ។

យន្តហោះ​នេះ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ដឹកជញ្ជូន Meridian របស់ អ៊ុយ​ក្រែ​ន។ ស្ថាន​កុងស៊ុល​អ៊ុយ​ក្រែ​ន ប្រចាំ​ទីក្រុង Thessaloniki របស់ ក្រិ​ក បាន​ទៅដល់​កន្លែងកើតហេតុ និង​បានបញ្ជាក់​អំពី​អត្តសញ្ញាណ​ជនរងគ្រោះ។

Advertisement