នាវាមុជទឹក Titan ដែល​បាត់​ខ្លួន អាច​នៅសល់​អុកស៊ីសែន​មិន​ដល់ 9 ម៉ោង

កងកម្លាំង​ល្បាត​ឆ្នេរ​អាម៉េរិក គណនា​ឃើញថា បរិមាណ​ខ្យល់​អុកស៊ីសែន​ដែលមាន​នៅក្នុង​នាវាមុជទឹក Titan អាច​គ្រប់គ្រាន់​សម្រាប់រ​យៈ​ពេល 20 ម៉ោង (គិត​ត្រឹម​ម៉ោង​ប្រហែល 22 ថ្ងៃទី 21 មិថុនា) នៅពេល​ពួកគេ​កំពុង​បន្ថែម​កប៉ាល់​ដែល​អាច​រកឃើញ​វត្ថុ​នានា​នៅ​បាតសមុទ្រ។

កាលពី​វេលា​ម៉ោង​ប្រហែល 11 ម៉ោង​នៅ​ភាគ​ខាងកើត​សហរដ្ឋ​អាម៉េរិក (ម៉ោង​ប្រហែល 22 នៅ​កម្ពុជា) ថ្ងៃទី 21 មិថុនា ឧត្ដមនាវីទោ John Mauger របស់​កងកម្លាំង​ល្បាត​សមុទ្រ​អាម៉េរិក បានឱ្យដឹងថា បរិមាណ​ខ្យល់​អុកស៊ីសែន​ក្នុង​នាវា Titan នៅសល់​ប្រហែល 20 ម៉ោង​ទៀត ដោយយោង​ទៅតាម​ការ​គ​ណ​នា​ដំបូង គឺ 96 ម៉ោង ចាប់តាំងពី​នាវា​នេះ​បាន​បាត់​ទំនាក់ទំនង។

អ្នក​មុជទឹក Joe Maclnnis មិត្ត​របស់លោក Paul-Henri Nargeolet ដែលជា​មនុស្ស​ម្នាក់​ស្ថិតនៅក្នុង​នាវា​បាត់​ខ្លួន Titan ជឿថា មិត្ត​របស់គាត់​គឺជា «អ្នកដឹកនាំ​ដ៏​អស្ចារ្យ​នៅក្នុងពេល​មាន​បញ្ហា»។ លោក Joe និយាយថា លោក Nargeolet ដែល​ធ្លាប់ជា​ប្រធាន​ក្រុម​មុជទឹក​ជ្រៅ​នៅក្នុង​ជួរ​ទ័ពជើងទឹក​បារាំង អាច​ណែនាំ​អ្នក​នៅក្នុង​នាវា​ឱ្យ​រក្សា​ភាពស្ងប់ស្ងាត់ និង​ដកដង្ហើម​កាន់តែ​តិច កាន់តែ​ល្អ។

មន្ត្រី​អាម៉េរិក ប្រកាស​ដំណឹង​ខ្លះៗ​អំពី​ដំណើរ​ការ​ស្វែង​រក​នាវា​មុជ​ទឹក Titan

សមត្ថកិច្ច​អាម៉េរិក កាលពី​ថ្ងៃទី 18 មិថុនា បានទទួល​ដំណឹង​ថា Titan ដែលជា​នាវាមុជទឹក​មួ​យ​គ្រឿងក្នុង​ចំណោម​បី​គ្រឿង​របស់​ក្រុមហ៊ុន OceanGate Expeditions បាន​បាត់​ខ្លួន​នៅក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក នៅ​ថ្ងៃទី 18 មិថុនា ពេល​កំពុងធ្វើដំណើរ​ទេស​ចរណ៍​នៅឯ​តំបន់​បាតសមុទ្រ​ដែលមាន​សាកសព​កប៉ាល់ Titanic។ ភ្លាមៗបន្ទាប់ពី​ហេតុការណ៍​ដាច់​ទំនាក់ទំនង​ជាមួយ​នាវា Titan បានកើត​ឡើង សមត្ថកិច្ច និង​ក្រុម​សង្គ្រោះ​ក៏ត្រូវ​បាន​បញ្ជូនទៅ​ជួយ​ស្វែងរក។

ក្រុមមនុស្ស​ក្នុង​នាវាមុជទឹក Titan ដែល​កំពុង​បាត់​ខ្លួន ត្រូវបាន​គេ​ជឿថា រួមមាន មហាសេដ្ឋី​អង់គ្លេស Hamish Harding, អ្នកជំនាញ​បារាំង Paul-Henry Nargeolet, ស្ថាបនិក​របស់ OceanGate Expeditions លោក Stockton Rush, អ្នកជំនួញ​ប៉ា​គី​ស្ថាន Shahzada Dawood និង​កូនប្រុស Suleman៕

Advertisement