Author: សឿន សំណាង

  • មន្ត្រី​ការ​ពារ​ជាតិ​អាម៉េរិក ថា អ៊ុយ​ក្រែ​ន មានប្រៀប​ជាង រុស្ស៊ី នៅ​រដូវរងា​ខាងមុខ

    មន្ត្រី​ការ​ពារ​ជាតិ​អាម៉េរិក ថា អ៊ុយ​ក្រែ​ន មានប្រៀប​ជាង រុស្ស៊ី នៅ​រដូវរងា​ខាងមុខ

    រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក យល់ថា អ៊ុយ​ក្រែ​ន នឹងមាន​ប្រៀប​ជាង​នៅក្នុង​រដូវរងា ហើយ​ធ្វើឱ្យ រុស្ស៊ី ពិបាក​ផ្ដល់​អាវុធ​ដល់​​ទាហាន​ដែល​កំពុង​ធ្វើសង្គ្រាម។

    «ខ្ញុំ​យល់ថា អ៊ុយ​ក្រែ​ន នឹងមាន​ប្រៀប​នៅក្នុង​ការប្រយុទ្ធ​ដូច​បច្ចុប្បន្ន ពួកគេ​នឹង​បន្ត​រក្សា​ស្ថានភាព​នេះ​នៅពេល​ឈាម​ចូលដល់​រដូវរងា ដូច​ទៅនឹង​អ្វីដែល​យើង​បានឃើញ​កាលពី​ខែកុម្ភៈ» រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាម៉េរិក Lloyd Austin ថ្លែង​នៅឯ​មន្ទីរ​បញ្ច​កោណ នា​ថ្ងៃនេះ។

    រដ្ឋមន្ត្រី Austin បន្ថែមថា «មួយវិញទៀត រុស្ស៊ី កំពុង​ធ្វើសង្គ្រាម​នៅ​បរទេស ហើយ អ៊ុយ​ក្រែ​ន បង្ក​ឧបសគ្គ​ដល់​បណ្ដាញ​ផ្គត់ផ្គង់​របស់​ពួកគេ។ រុស្ស៊ី នឹងមាន​ការលំបាក​ខ្លាំង​ក្នុងការ​ផ្ដល់​​សព្វាវុធ​ចាំបាច់​ដើម្បី​ទាហាន​​អាច​ប្រយុទ្ធ​ប្រកប​ដោយ​​ប្រសិទ្ធភាព»។

    អគ្គមេបញ្ជាការ​កងទ័ព​អាម៉េរិក លោក Mark Alexander Milley អះអាងថា អាកាសធាតុ​ក្នុង​រដូវរងា និង​ភក់​ល្បាប់ នឹង​ធ្វើឱ្យ​សកម្មភាព​យោធា​នៅ អ៊ុយ​ក្រែ​ន ប្រែ​ទៅជា​លំបាក​ជាង​មុន ហើយ​សមរភូមិ​ពី Kharkov ដល់ Kherson កំពុង​បន្ថយល្បឿន។ ប៉ុន្តែ ផ្ទៃដី​រឹង​នៅក្នុង​រដូវរងា​ចាប់ពី​ខែមករា​ដល់​កុម្ភៈ 2023 ​អាចជួយ​ឱ្យ​ការផ្លាស់​ទី​មាន​ភាពងាយស្រួល​ជាង​មុន ដូច្នេះ​សង្គ្រាម​អាចមាន​សភាព​ខ្លាំងក្លា​ឡើងវិញ។

    ភាគី​ខាង​រុស្ស៊ី មិនទាន់​បញ្ចេញ​ប្រតិកម្ម​ណាមួយ​នៅឡើយ ទាក់ទង​នឹង​ការលើកឡើង​របស់​ក្រុមមន្ត្រី​ការពារជាតិ​អាម៉េរិក៕

  • អគ្គិភ័យ​ឆាប​ឆេះ​ស្រឡាង​ដឹក​មនុស្ស​ជាង 270 នាក់ នៅ ឥណ្ឌូណេស៊ី

    អគ្គិភ័យ​ឆាប​ឆេះ​ស្រឡាង​ដឹក​មនុស្ស​ជាង 270 នាក់ នៅ ឥណ្ឌូណេស៊ី

    ស្រឡាង​ដឹក​អ្នកដំណើរ 271 នាក់ បាន​ឆាបឆេះ​នៅលើ​សមុទ្រ​ក្បែរ​កោះ Bali ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ម្សិលមិញ ប៉ុន្តែ​មិនទាន់មាន​ព័ត៌មាន​ស្ដីពី​ករណី​ស្លាប់​នៅឡើយ។

    ស្រឡាង Mutiara Timur I កំពុង​ដឹក​អ្នកដំណើរ 236 នាក់ និង​បុគ្គលិក​ស្រឡាង 35 នាក់ កាលពី​ថ្ងៃទី 16 វិច្ឆិកា បាន​ឆេះ​នៅលើ​ឆកសមុទ្រ Bali ចម្ងាយ​ប្រហែល 1.5 គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ Karangasem។

    មេដឹកនាំ​ក្រុម​សង្គ្រោះ​នៅ Bali បានឱ្យដឹងថា បុគ្គលិក​សង្គ្រោះ ទាហានជើងទឹក និង​ប្រជា​នេសាទ​បាន​សហការគ្នា​ឈ្លៀស​អ្នកដំណើរ​ចេញពី​ស្រឡាង។ បច្ចុប្បន្ន មិនទាន់មាន​របាយការណ៍​អំពី​ករណី​ស្លាប់​នៅឡើយ។

    យោងតាម​មេដឹកនាំ​ក្រុម​សង្គ្រោះ​នៅ Bali លោក Gede Darmada អគ្គិភ័យ​កើតឡើង​នៅពេល​ស្រឡាង​នេះ​កំពុងធ្វើដំណើរ​ពី​ទីរួមស្រុក Ketapang នៅ កោះ​ជ្វា​ខាងកើត ទៅកាន់​កំពង់ផែ Lembar របស់​ខេត្ត Nusa Tenggara។

    គ្រោះថ្នាក់​ផ្លូវទឹក​ដោយសារតែ​ការដាក់​មនុស្ស​លើស​ចំណុះ និង​ស្ដង់ដា​សុវត្ថិភាព​ទាប កើត​ឡើងជា​ញឹកញាប់​នៅ ឥណ្ឌូណេស៊ី ដែលជា​ប្រទេស​មាន​កោះ​រហូតដល់​ជាង 17,000 កោះ និង​ជាទី​ដែល​ស្រឡាង​ត្រូវបាន​ប្រើប្រាស់​ច្រើន​សម្រាប់​ការធ្វើដំណើរ។

    កាលពី​ឆ្នាំ 2018 ស្រឡាង​មួយគ្រឿង​ដែល​កំពុង​ដឹក​មនុស្ស​ប្រហែល 200 នាក់ បាន​លិច​នៅឯ​បឹង​ទឹក​ជ្រៅ​មួយ​នៅក្នុង​ខេត្ត Sumatra ខាងជើង បណ្ដាលឱ្យ​មនុស្ស 167 នាក់​បាត់​បង់ជីវិត។ ឆ្នាំ 1999 កប៉ាល់​ដឹក​មនុស្ស 332 នាក់​បាន​លិច ក្នុងនោះ​មាន​មនុស្ស​តែ 20 ប៉ុណ្ណោះ​ដែល​ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេល៕

    https://www.youtube.com/watch?v=VzR_eTtmDHw

  • កម្ពុជា ទទួលបាន​ទេសចរ​ជាង 2.7 លាន​នាក់ ដែល​ដើរ​កំសាន្ត​​នៅ​ក្នុង​សប្តាហ៍​ទី​ពីរ​នៃ​ខែវិច្ឆិកា

    កម្ពុជា ទទួលបាន​ទេសចរ​ជាង 2.7 លាន​នាក់ ដែល​ដើរ​កំសាន្ត​​នៅ​ក្នុង​សប្តាហ៍​ទី​ពីរ​នៃ​ខែវិច្ឆិកា

    ទេសចរ​ទូទាំងប្រទេស​មាន​ចំនួន 2,724,491 នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​ជាង 2.6 លាន នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​ចំនួន​ជិត 58,000 នាក់ បានចេញ​ដើរ​កំសាន្ត​ក្នុង​សប្ដាហ៍​ទី 2 ចាប់ពី​ថ្ងៃទី 7 ដល់ 13 វិច្ឆិកា 2022 នេះ​បើតាម ក្រសួងទេសចរណ៍​កម្ពុជា ប្រកាស​នា​ថ្ងៃនេះ។

    យោងតាម​ក្រសួង​ខាងលើ បណ្ដា​គោលដៅ​ទេសចរណ៍​ដែល​ទទួលបាន​ភ្ញៀវ​ច្រើនជាងគេ រួមមាន ខេត្ត​ព្រះសីហនុ, ខេត្តកំពត, ខេត្តសៀមរាប, ខេត្តកំពង់ស្ពឺ, ខេត្ត​ត្បូងឃ្មុំ, ខេត្តបាត់ដំបង និង ខេត្ត​កែប។

    នាឱកាស​ថ្ងៃ​ឈប់​រយៈពេល 3 ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ត្រូវ​នឹង​ថ្ងៃទី 7-9 វិច្ឆិកា នៅ​ទូទាំងប្រទេស​ទទួលបាន​ភ្ញៀវ​សរុប​ជាង 2.5 លាន​នាក់ ក្នុងនោះ​ភាគច្រើន​ជា​ភ្ញៀវ​ជាតិ។

  • ប្រទេស​ថៃ នឹង​ផ្ដល់​​ទិដ្ឋាការ (វី​សា​/​Visa) ​ដោយ​ឡែក​​សម្រាប់​​ជន​បរទេស​​មក​​ព្យាបាល​​ជំងឺ

    ប្រទេស​ថៃ នឹង​ផ្ដល់​​ទិដ្ឋាការ (វី​សា​/​Visa) ​ដោយ​ឡែក​​សម្រាប់​​ជន​បរទេស​​មក​​ព្យាបាល​​ជំងឺ

    រាជរដ្ឋាភិបាល​ថៃ ថ្ងៃទី 15 វិច្ឆិកា បានអនុម័ត​សំណើ​របស់​ក្រសួងសុខាភិបាល​ប្រទេស​នេះ​ស្ដីពី​ការផ្ដល់​ទិដ្ឋាការ​ដោយឡែក​សម្រាប់​ជនបរទេស​ដែល​មក​ព្យាបាល​ជំងឺ ក្នុង​បំណង​ជំរុញ​ឱ្យ ប្រទេស​នេះ​ក្លាយជា​មជ្ឈមណ្ឌល​សុខាភិបាល​របស់​តំបន់។

    អ្នកនាំពាក្យ​រង​របស់ រាជរដ្ឋាភិបាល​ថៃ Tipanan Sirichana បានឱ្យដឹងថា ទិដ្ឋាការ​ប្រភេទ​នេះ​នឹង​ត្រូវបាន​ផ្ដល់ជូន​ចាប់ពី​ថ្ងៃទី 01 មករា 2023 នៅពេល​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងឡាយ​បានបញ្ចប់​កិច្ច​ការត្រៀម​សម្រាប់​ការអនុវត្ត​គោលនយោបាយ​ថ្មី​នេះ។

    យោងតាម​សំណើ​របស់ ក្រសួងសុខាភិបាល​ថៃ ទិដ្ឋាការ​ថ្មី​នេះ​អនុញ្ញាតឱ្យ​ជនបរទេស​ចូល​ទឹកដី​ថៃ​ច្រើនដង និង​មាន​សុពលភាព​ក្នុង​រង្វង់​មួយឆ្នាំ។ អ្នកទទួលបាន​ទិដ្ឋាការ​អាច​ស្នាក់នៅ​ក្នុងប្រទេស​ថៃ ក្នុង​រយៈពេល 90 ថ្ងៃ។ សមាជិកគ្រួសារ 3 នាក់​របស់​អ្នកជំងឺ​ក៏​អាច​ទទួលបាន​ទិដ្ឋាការ​អម។ តម្លៃ​សម្រាប់​ទិដ្ឋាការ​ប្រភេទ​នេះ​គឺ 5,000 បាត/ម្នាក់ (140 ដុល្លារ​អាម៉េរិក/ម្នាក់)។

    ក្រៅពីនេះ ទិដ្ឋាការ​ថ្មី​នេះ​ក៏​តម្រូវឱ្យ​អ្នកជំងឺ​រាយការណ៍​ដល់​មន្ត្រី​នៅ​ស្ថាប័ន​អន្តោប្រវេសន៍​ក្រោយ​រយៈពេល 90 ថ្ងៃ បើសិន​នៅ​ត្រូវការ​ពេល​ដើម្បី​បន្ត​ការព្យាបាល ហើយ​អ្នក​សុំ​ទិដ្ឋាការ​នេះ​ក៏​ត្រូវមាន​ប្រាក់​យ៉ាងតិច 800,000 បាត (22,500 ដុល្លារ​អាម៉េរិក) ដើម្បី​ចាយវាយ​ក្នុងពេល​ស្នាក់នៅ​ប្រទេស​នេះ ព្រមទាំង​ត្រូវមាន​ធានារ៉ាប់រង​លើ​ការព្យាបាល​កូ​វីដ-19 ឬ​គ្រោះថ្នាក់ ដែលមាន​តម្លៃ​យ៉ាងតិច 3 លាន​បាត (100,000 ដុល្លារ​អាម៉េរិក)។

    អ្នក​សុំ​ទិដ្ឋាការ​នេះ​ក៏ត្រូវ​តែ​ជា​អ្នកមាន​ជំងឺ​ដែល​បណ្ដា​មន្ទីរពេទ្យ​នៅ ប្រទេស​ថៃ អាច​ព្យាបាល​បាន និង​ត្រូវការ​ពេល​ច្រើនជាង 90 ថ្ងៃ​ក្នុងការ​ព្យាបាល​សម្រាប់​ជំងឺ​មួយចំនួន មានដូចជា ជំងឺ​សរសៃឈាម​បេះដូង មហារីក ជំងឺ​មាត់​ធ្មេញ វះកាត់​កែ​សម្ផស្ស​ជាដើម៕

  • ក្រុម​ប្រទេស​ G20 ចេញ​សេចក្ដីប្រកាស​រួម ស្នើឱ្យ រុស្ស៊ី ដកទ័ព​ចេញពី អ៊ុយ​ក្រែ​ន

    ក្រុម​ប្រទេស​ G20 ចេញ​សេចក្ដីប្រកាស​រួម ស្នើឱ្យ រុស្ស៊ី ដកទ័ព​ចេញពី អ៊ុយ​ក្រែ​ន

    ក្រុម​ប្រទេស G20 បានចេញ​សេចក្ដីប្រកាស​រួម ថ្កោលទោស​ចំពោះ​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន «ដោយ​ពាក្យពេចន៍ធ្ងន់ៗបំផុត» និង​ស្នើឱ្យ ទីក្រុង​មូ​ស្គូ ដក​កងទ័ព​ដោយ​គ្មាន​លក្ខខណ្ឌ។

    «ស្ទើរតែ​ទាំង​អស់នៃ​សមាជិក បាន​ថ្កោលទោស​ខ្លាំងក្លា​ចំពោះ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន» ប្រកាស​រួម​របស់ G20 លើកឡើង​នា​ថ្ងៃនេះ​ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​កិច្ចប្រជុំ​កំពូល G20 នៅ​កោះ Bali ប្រទេស​ឥណ្ឌូណេស៊ី។

    ប្រកាស​រួម​នេះ​ក៏បាន​ទទួលស្គាល់ថា «មានការ​យល់ឃើញ និង​ការវាយតម្លៃ​ខុសគ្នា​អំពី​ស្ថានការណ៍​នៅ អ៊ុយ​ក្រែ​ន ក៏ដូចជា​វិធានការ​ដាក់ទណ្ឌកម្ម»។ បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​នៅឡើយ​អំពី​គោលជំហរ​របស់ ប្រទេស​ចិន និង ប្រទេស​ឥណ្ឌា នៅក្នុង​ប្រកាស​រួម​របស់ G20 នេះ។

    ក្នុង​កិច្ចប្រជុំ​កំពូល G20 ប្រទេស​ជាច្រើន​បាន​លើកឡើងថា សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​សេដ្ឋកិច្ច​ទូទាំង​សកលលោក​ជួប​ឱនភាព និង​បង្កើន​ការរើសអើង​ភូមិសាស្ត្រ​នយោបាយ ក្នុង​គ្រា​ដែល​ពិភពលោក​កំពុង​ចាក​ចេញពី​វិបត្តិ​កូ​វីដ-19។

    ចំណែក ភាគី​រុស្ស៊ី វិញ យល់ថា ការ «ធ្វើ​ន​យោ​បា​យូ​ប​នីយកម្ម» លើ​កិច្ចប្រជុំ​កំពូល G20 គឺជា​រឿង​មិន​យុត្តិធម៌។ លោក Lavrov បាន​ជំនួស​ឱ្យ​លោក ពូ​ទីន ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល G20 ប៉ុន្តែ​បាន​ត្រលប់​ទៅវិញ​នៅ​ព្រលប់​ថ្ងៃទី 15 វិច្ឆិកា។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Anton Siluanov ក៏​ចូលមក​ធ្វើជា​តំណែង​របស់ រុស្ស៊ី បន្ត​កិច្ចប្រជុំ​នេះ។

    ជា​កិច្ច​ចុងក្រោយ ប្រ​ធានា​ធិ​ប​តិ​ឥណ្ឌូណេស៊ី លោក Joko Widodo បានប្រគល់​តំណែង​ប្រធាន G20 ទៅឱ្យ ប្រទេស​ឥណ្ឌា។ យោងតាម​លោក Widodo ក្រុម​ប្រទេស​សេដ្ឋកិច្ច​ធំជាងគេ​ទាំង 20 របស់​ពិភពលោក បានអនុម័ត​លើ​សេចក្ដីប្រកាស​រួម​របស់​ក្រុម​មេដឹកនាំ និង​បង្កើតបាន​នូវ​ទំនាក់​ទំនងជា​ដៃគូ​សហការផ្សេងៗទៀត៕

  • តំបន់​ដែល​ព្រះអាទិត្យ​ស្ទើរតែ «មិនដែល​លិច» ក្នុង​រដូវក្ដៅ នៅលើ​ពិភពលោក

    តំបន់​ដែល​ព្រះអាទិត្យ​ស្ទើរតែ «មិនដែល​លិច» ក្នុង​រដូវក្ដៅ នៅលើ​ពិភពលោក

    បើសិនជា​មួយថ្ងៃ​ព្រះអាទិត្យ​មិន​លិច តើ​នឹងមាន​សភាព​យ៉ាងណា? ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​មួយចំនួន​ដែល​ស្ថិត​នៅក្បែរ​ប៉ូល​របស់​ផែនដី នឹង​ឃើញថា ព្រះអាទិត្យ​ហាក់​មិនបាន «ចូល​គេង» នៅ​រដូវក្ដៅ។ កាណាដា ស៊ុយអែត ឬ ន័​រ​វែ​ស ជាដើម គឺជា​ប្រទេស​មាន​តំបន់​ដែល​ព្រះ​ទិនករ «ហាក់​មិនចេះ​ចូល​និទ្រា»។

    បាតុភូត​នេះ​កើតឡើង​ដោយសារ​ផែនដី​ទ្រេត​នៅលើ​អ័ក្ស​របស់​វា​ប្រហែល​ជិត 23 អង្សា។ នៅតាម​បណ្ដា​ប៉ូល​ខាងជើង និង​ខាងត្បូង ព្រះអាទិត្យ​ហាក់​រះ និង​លិច​តែ​ម្ដងគត់​នៅក្នុង​មួយឆ្នាំ។

    ខាងក្រោម​នេះ​គឺជា​បណ្ដា​តំបន់​ដែល​ស្ទើរតែ​មិនចេះ​មាន​យប់ ៖

    ប្រទេស​ស៊ុយអែត

    ទិដ្ឋភាព​ពាក់​កណ្ដាលយប់​ក្នុង​តំបន់​ខ្លះ​នៅ ស៊ុយអែត

    ក្នុងអំឡុងពេល​ពី​ដើមខែ​ឧសភា រហូតដល់​ចុងខែ​សីហា នៅ ប្រទេស​ស៊ុយអែត ព្រះអាទិត្យ​តែងតែ​លិច​នៅ​ពាក់​កណ្ដាលយប់ និង​ចាប់ផ្ដើម​រះ​ឡើង​នៅវេលា​ម៉ោង 4 កន្លះ​ទៀបភ្លឺ។ ចាប់ពី​ខែឧសភា​ដល់​ខែមិថុនា តំបន់​ជាច្រើន​របស់ ប្រទេស​ស៊ុយអែត ទទួលបាន​កម្ដៅថ្ងៃ​ច្រើន​នៅពេល​រសៀល ហើយ​ព្រះអាទិត្យ​រៀប​លិច​នៅ​ពាក់​កណ្ដាលយប់។

    ប្រទេស​ន័​រ​វែ​ស

    ក្នុង​បណ្ដា​ខែ​នៅ​រដូវក្ដៅ ចាប់ពី​ចុងខែ​ឧសភា​ដល់​ខែកក្កដា ព្រះអាទិត្យ​មិនដែល​ចុះ​ទាប​ជាង​ជើងមេឃ​នៅ​តំបន់​ភាគ​ខាងជើង​ជុំវិញ​ប៉ូល​ខាងជើង​របស់​ផែនដី។ ពាក់កណ្ដាល​ប្រទេស​ន័​រ​វែ​ស មាន​ពន្លឺ​ថ្ងៃ 20 ម៉ោង ដូច្នេះ បើ​ចង់​ធ្វើការ​ថែម​ម៉ោង​ដើម្បី​រកប្រាក់​បាន​ច្រើន នោះ ន័​រ​វែ​ស គឺជា​គោលដៅ​ល្អ។

    ប្រទេស​អ៊ី​ស្លង់

    នេះ​គឺជា​ប្រទេស​ដែលមាន​ទិដ្ឋភាព​សម្បូរបែប និង​ស្រស់ស្អាត ជាទី​ដែល​អ្នក​អាច​ទស្សនា​ជ្រោះ​ទឹកធ្លាក់ ភ្នំភ្លើង ទន្លេ​ទឹកកក ឬ​ខ្សែទឹក​បាញ់​ចេញពី​ដី​ជាដើម។ល។

    ប្រទេស​កាណាដា

    ជា​ប្រទេស​ធំជាងគេ​ទី​ពីរ​ក្នុង​ពិភពលោក កាណាដា ក៏មាន​តំបន់​ជាច្រើន​ដែល​ស្ថិតក្រោម​ទឹកកក និង​ព្រឹល​ក្នុង​រយៈពេល​ច្រើន​ឆ្នាំជាប់ៗគ្នា។ តំបន់​ដូចជា Inuvik និង​តំបន់​ភាគ​ពាយព្យ​ប្រទេស ព្រះអាទិត្យ​សំកាំង​កាយ​លើ​មេឃ 50 ថ្ងៃ​នៅ​រដូវក្ដៅ។

    នៅ​ពាក់កណ្ដាល​រដូវក្ដៅ ព្រះអាទិត្យ​នៅ​តំបន់ Whitehorse ចែងចាំង​ពន្លឺ 19 ម៉ោង និង 09 នាទី​ជា​រៀងរាល់ថ្ងៃ។ នៅ Inuvik និង Northwest Territories របស់ កាណាដា ព្រះអាទិត្យ​បញ្ចេញ​ពន្លឺ​ពេញ 24 ម៉ោង/ថ្ងៃ ដោយ «មិន​ខ្ចី​លិច»។

    តំបន់ Alaska របស់ សហរដ្ឋ​អាម៉េរិក

    ចាប់ពី​ចុងខែ​ឧសភា​ដល់​ចុងខែ​កក្កដា រៀងរាល់ឆ្នាំ ព្រះអាទិត្យ​នៅ Alaska នឹងមិន​លិច​ជាដាច់ខាត។ ប៉ុន្តែ ដើម្បី​បាន​ដល់​ថ្ងៃ​ដ៏​ស្រស់ស្រាយ​នេះ Alaska ក៏ត្រូវ​ឆ្លងកាត់​ភាព​ងងឹត​អស់​ជាច្រើន​ខែ​បន្តបន្ទាប់ ជាមួយនឹង​អាកាសធាតុ​ចុះ​ត្រជាក់​ស្ទើរ​ដាច់​ស្លឹកត្រចៀក​នៅ​រដូវរងា៕

  • ណា​សា (NASA) បាញ់​បង្ហោះ​យានអវកាស​ឡើងទៅ​ឋាន​ព្រះ​ចន្ទ​ដោយ​ជោគជ័យ

    ណា​សា (NASA) បាញ់​បង្ហោះ​យានអវកាស​ឡើងទៅ​ឋាន​ព្រះ​ចន្ទ​ដោយ​ជោគជ័យ

    (សហរដ្ឋ​អាម៉េរិក)-ក្រោយ​ការពន្យារពេល​អស់​ជាច្រើន​ដង ចុងក្រោយ​រ៉ុក្កែត និង​យានអវកាស​នៃ​បេសកកម្ម Artemis 1 បាន​ចាក​ចេញពី​ប្រព័ន្ធ​ទម្រ 39B នៅ មជ្ឈមណ្ឌល​អវកាស Kennedy នៅវេលា​ម៉ោង 13 និង 48 នាទី ថ្ងៃទី 16 វិច្ឆិកា 2022 (ម៉ោង​នៅ កម្ពុជា)។

    បេសកម្ម Artemis 1 រួមមាន យានអវកាស Orion ដែល​បំពាក់​ពីលើ​ប្រព័ន្ធរ៉ុក្កែត SLS ត្រូវបាន​នាំទៅ​កាន់​ប្រព័ន្ធ​បាញ់​បង្ហោះ​កាលពី​ថ្ងៃ​ទី 04 វិច្ឆិកា។ នេះ​គឺជា​លើក​ទី 4 ហើយ​ដែល​ប្រព័ន្ធ​ទាំងនេះ​ត្រូវបាន​ដាក់​ទៅ​ក្នុង​ប្រព័ន្ធ​​ទម្រ។

    រ៉ុក្កែត SLS និង​យាន Orion គឺជា​មធ្យោបាយ 2 ក្នុងចំណោម​ផ្នែកសំខាន់ៗនៃ​ផែន​ការនាំ​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ជាថ្មី​របស់ ណា​សា។ SLS គឺជា​រ៉ុក្កែត​កម្លាំង​ខ្លាំង​បំផុត​របស់ ណា​សា ដែល​​មាន​ទម្ងន់​ប្រហែល 2,500 តោន និង​កម្ពស់​ជិត 100 ម៉ែត្រ។ ចំណែក​យាន Orion ទម្ងន់ 23 តោន និង​អង្កត់ផ្ចិត 5 ម៉ែត្រ។

    Artemis 1 គឺជា​បេសកកម្ម​ដំបូង​សម្រាប់​កម្មវិធី Artemis របស់ ណា​សា ដែល​គ្រោង​នឹង​នាំ​មនុស្ស​ឡើងទៅ​រស់នៅ​ និង​ធ្វើ​ការ​យូរ​អង្វែង​​លើ​ឋាន​ព្រះ​ចន្ទ​។ ក្នុង​បេសកកម្ម​ដំបូង​ដែល​គ្រោង​នឹង​អូសបន្លាយ​ពេល 42 ថ្ងៃនេះ យាន​គ្មាន​មនុស្ស Orion នឹង​ហោះ​ទៅកាន់​គន្លង​គោចរ​របស់​ព្រះ​ចន្ទ រួច​ត្រលប់មក​ផែនដី​វិញ។

    គោលបំណង​នៃ​បេសកកម្ម​ដំបូង​នេះ​គឺ​ចង់​បញ្ជាក់ថា យានអវកាស និង​រ៉ុក្កែត បាន​ត្រៀម​ខ្លួន​​រួចរាល់​ដើម្បី​ចាប់ផ្ដើម​នាំ​មនុស្ស​ឡើងទៅ​ឋាន​ព្រះ​ចន្ទ ក៏ដូចជា​គោលដៅឆ្ងាយៗជាង​នេះ។

    តាម​ផែនការ កម្មវិធី Artemis របស់ ណា​សា ត្រូវបាន​ចែកជា 3 ដំណាក់កាល។ ក្រោយ​បេសកកម្ម Artemis 1 នេះ Artemis 2 នឹង​នាំ​អ្នក​អវកាស​ឡើង​ទៅ​​ហោះ​ជុំវិញ​ព្រះ​ចន្ទ​នៅ​ឆ្នាំ 2024 ហើយ Artemis 3 នឹង​ដឹក​អវកាស​ចរ​​ទៅ​ចុះចត​លើដី​ព្រះ​ចន្ទ​តែ​ម្ដង​ នៅ​ឆ្នាំ 2025៕

  • ក្រោយពី​ឃើញ​ស្ថានភាព «ជួញ​កញ្ឆា​ដូច​ការលក់​បន្លែ» ប្រទេស​ថៃ ក៏​កែ​ច្បាប់​ឡើងវិញ

    ក្រោយពី​ឃើញ​ស្ថានភាព «ជួញ​កញ្ឆា​ដូច​ការលក់​បន្លែ» ប្រទេស​ថៃ ក៏​កែ​ច្បាប់​ឡើងវិញ

    រដ្ឋាភិបាល​ថៃ បាន​កែប្រែ​ការកំណត់​ស្ដីពី​ការលក់ និង​ប្រើប្រាស់​កញ្ឆា ក្នុង​គ្រា​ដែលមាន​ការបារម្ភ​អំពី​ពលរដ្ឋ​ប្រើប្រាស់​កញ្ឆា​ជា​គ្រឿងញៀន​សម្រាប់​គោលដៅ​កំសាន្ត នេះ​បើតាម Bangkok Post។

    យោងតាម​គោលការណ៍​នៃ​ការកែប្រែ​ដែល​ត្រូវបាន ក្រសួងសុខាភិបាល​ប្រកាស​កាលពី​ថ្ងៃទី 11 វិច្ឆិកា ប្រទេស​ថៃ នឹង​គ្រប់គ្រង​តែ​ពន្លក​ផ្កា​កញ្ឆា ជា​ផ្នែក​ដែល​ផ្ទុក​សារធាតុ cannabinoid ច្រើន អាច​បង្ក​អាការ​ញៀន។ ក្រៅពីនេះ ប្រទេស​ថៃ ក៏​ហាម​ការលក់​ពន្លក​ផ្កា​កញ្ឆា​ឱ្យ​មនុស្ស​វ័យ​ក្រោម 20 ឆ្នាំ និង​ស្ត្រី​កំពុងមាន​ផ្ទៃពោះ ឬ​កំពុង​បំបៅ​ដោះ​កូន។

    ចំណែក​បណ្ដា​សហគ្រាស​ដែល​ទទួលបាន​ការអនុញ្ញាត ក៏ត្រូវ​រាយការណ៍​ដល់​អាជ្ញាធរ​អំពី​បរិមាណ​កញ្ឆា​ដែល​ពួកគេ​កំពុង​កាន់កាប់ ក៏ដូចជា​ប្រភព​ផ្គត់ផ្គង់ និង​គោលដៅ​នៃ​ការប្រើប្រាស់។ ពួកគេ​ក៏ត្រូវ​រាយការណ៍​ដល់​រដ្ឋាភិបាល បើសិន​នាំចេញ​ទំនិញ​នេះ។

    ស្លឹកកញ្ឆា

    យោងតាម Bangkok Post ក្រោយពី​រដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យ​លក់​កញ្ឆា ហាង​ទំនិញ​ជាច្រើន​បានដាក់​លក់​ផលិតផល​កញ្ឆា​ជា​សាធារណៈ ពិសេស​គឺ​នៅ រាជធានី​បាងកក និង​ទីតាំង​ទេសចរណ៍​មួយចំនួន។

    កាលពី​ខែមិថុនា 2022 ប្រទេស​ថៃ បាន​ក្លាយជា​ដែនដី​ដំបូង​គេ​នៅ អាស៊ី ដែល​បានធ្វើឱ្យ​ផលិតផល​កញ្ឆា​ក្លាយជា​ទំនិញ​ស្របច្បាប់។ ក្រោយមក ការប្រើប្រាស់​កញ្ឆា​ក្នុង​គោលដៅ​កំសាន្ត​បាន​កើនឡើង​ខ្ពស់​ខ្លាំង​ក្នុង​ប៉ុន្មាន​ខែ​កន្លង ធ្វើឱ្យមាន​ការរិះគន់ និង​ការ​ស្នើឱ្យ​ផ្អាក​ការអនុញ្ញាត ពី​សាធារណជន ក៏ដូចជា​បក្សប្រឆាំង៕

  • ករណី​ផ្ទុះ​ធំ​ស្មើនឹង​គ្រាប់បែក​អា​តូ​មិ​ក 100,000 គ្រាប់​ នៅលើ​ផ្ទៃ​ព្រះអាទិត្យ

    ករណី​ផ្ទុះ​ធំ​ស្មើនឹង​គ្រាប់បែក​អា​តូ​មិ​ក 100,000 គ្រាប់​ នៅលើ​ផ្ទៃ​ព្រះអាទិត្យ

    អ្នក​ថតរូប​ម្នា​ក់ថត​បាន​បាតុភូត​ដែលមាន​ឈ្មោះថា គ្រាប់បែក Ellerman នៅលើ​ផ្ទៃ​របស់​ព្រះអាទិត្យ កាលពី​ថ្ងៃទី 14 វិច្ឆិកា 2022។

    ទំព័រ Spaceweather.com បាន​ចែករំលែក​រូបថត​ស្ដីពី​ស្នាម​ខ្មៅ AR3140 នៅលើ​ផ្ទៃ​ព្រះអាទិត្យ ដែល​កំពុង​ប្រេះ អម​នឹង​បាតុភូត​ផ្ទុះ «គ្រាប់បែក» Ellerman។ ជាង​ថតរូប Sylvain Weiller បាន​ថតរូប​ទាំងនេះ​កាលពី​ថ្ងៃទី 14 វិច្ឆិកា ពី Jerusalem ប្រទេស​អ៊ីស្រាអែល។

    បាតុភូត​ផ្ទុះ Ellerman ត្រូវបាន​គូស​រង្វង់​មូល​នៅក្នុង​រូបថត​នេះ។ Weiller ថត​បាន​បាតុភូត​ផ្ទុះ​ជាង 10 ករណី​ដែល​កើតឡើង​នៅ​តំបន់​ស្នាម​ខ្មៅ AR3140 (ខាងឆ្វេង) និង​ច្រើន​ករណី​នៅត្រង់​តំបន់​ស្នាម​ខ្មៅ AR3141 (ខាងស្ដាំ) នៅលើ​រូបថត។ បាតុភូត​ផ្ទុះ​ខាងលើនេះ​កើតឡើង​ក្នុង​រយៈពេល​តែ 30 វិនាទី​ប៉ុណ្ណោះ។

    ករណី​ផ្ទុះ​បែបនេះ​តែងតែ​កើតឡើង​ដោយសារតែ​លក្ខណៈ​ស្មុគស្មាញ​របស់​ដែនម៉ាញេទិច​នៅលើ​ព្រះអាទិត្យ នៅពេល​ប៉ូល​នានា​មានការ​ប្ដូរផ្លាស់។ ក្នុង​ដំណើរការ​ដែនម៉ាញេទិច​ផ្លាស់​ទី​ទៅកាន់​ទីតាំង​បញ្ច្រាស​គ្នា ធ្វើ​ឱ្យ​វត្ថុ​ធាតុ​របស់​ព្រះអាទិត្យ​​ត្រូវ​ប៉ះទង្គិច​ និង​ភ្ជាប់​ជាមួយ​​គ្នា​ជាថ្មី នាំឱ្យ​កើតមាន​បាតុភូត​ផ្ទុះ​ធំ៕

    ស្នាម​ខ្មៅ​នៅ​លើ​ផ្ទៃ​ព្រះអាទិត្យ
    ព្រះអាទិត្យ
  • ភ័ស្ដុតាង​បង្ហាញថា មនុស្ស​ចេះ​ចម្អិន​ត្រី​ធំ​ជា​អាហារ​កាលពី 780,000 ឆ្នាំមុន

    ភ័ស្ដុតាង​បង្ហាញថា មនុស្ស​ចេះ​ចម្អិន​ត្រី​ធំ​ជា​អាហារ​កាលពី 780,000 ឆ្នាំមុន

    (អ៊ីស្រាអែល)-បន្ទាប់ពី​បាន​វិភាគ​សំណាក​ធ្មេញត្រី​បុរាណ ក្រុម​អ្នកស្រាវជ្រាវ​រកឃើញថា ត្រី​គល់រាំង​ប្រភេទ​ធំ ធ្លាប់​ត្រូវបាន​ចម្អិន​ជា​អាហារ ក្នុង​កម្ដៅ​ពី 200 ទៅ 500 អង្សា​សេ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញ​ភ័ស្ដុតាង​ចាស់​បំផុត​អំពី​ការ​ចម្អិន​អាហារ​នេះ នៅឯ​ទីតាំង Gesher Benot Ya’aqov ជាយ​បឹង​បុរាណ Hula របស់ អ៊ីស្រាអែល។ លទ្ធផល​ស្រាវជ្រាវ​ដែល​បាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature Ecology and Evolution កាលពី​ថ្ងៃទី 14 បង្ហាញថា មនុស្ស​អាច​ប្រើប្រាស់​ភ្លើង​ដើម្បី​ចម្អិន​អាហារ​កាលពី 780,000 ឆ្នាំមុន។ មុន​នោះ ភ័ស្ដុតាង​ចាស់​បំផុត​ដែល​បង្ហាញថា មនុស្ស​ចេះ​ចម្អិន​អាហារ គឺមាន​តាំងពី 170,000 ឆ្នាំមុន។

    យោងតាម​បណ្ឌិត Irit Zohar មកពី​សាកលវិទ្យាល័យ Tel Aviv ដែលជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​ខាងលើ ប្រជាជន​រស់នៅ​ក្បែរ​មាត់​បឹង ដែល​ទំនងជា​ជនជាតិ Homo erectus បាន​ចម្អិន​ត្រី​គាល់​រាំង​ប្រភេទ​ធំ​ជា​អាហារ។ ប៉ុន្តែ ត្រី​ប្រភេទ​នេះ បច្ចុប្បន្ន​បាន​ផុត​ពូជ​អស់​ទៅហើយ។