ណា​សា (NASA) បាញ់​បង្ហោះ​យានអវកាស​ឡើងទៅ​ឋាន​ព្រះ​ចន្ទ​ដោយ​ជោគជ័យ

(សហរដ្ឋ​អាម៉េរិក)-ក្រោយ​ការពន្យារពេល​អស់​ជាច្រើន​ដង ចុងក្រោយ​រ៉ុក្កែត និង​យានអវកាស​នៃ​បេសកកម្ម Artemis 1 បាន​ចាក​ចេញពី​ប្រព័ន្ធ​ទម្រ 39B នៅ មជ្ឈមណ្ឌល​អវកាស Kennedy នៅវេលា​ម៉ោង 13 និង 48 នាទី ថ្ងៃទី 16 វិច្ឆិកា 2022 (ម៉ោង​នៅ កម្ពុជា)។

បេសកម្ម Artemis 1 រួមមាន យានអវកាស Orion ដែល​បំពាក់​ពីលើ​ប្រព័ន្ធរ៉ុក្កែត SLS ត្រូវបាន​នាំទៅ​កាន់​ប្រព័ន្ធ​បាញ់​បង្ហោះ​កាលពី​ថ្ងៃ​ទី 04 វិច្ឆិកា។ នេះ​គឺជា​លើក​ទី 4 ហើយ​ដែល​ប្រព័ន្ធ​ទាំងនេះ​ត្រូវបាន​ដាក់​ទៅ​ក្នុង​ប្រព័ន្ធ​​ទម្រ។

រ៉ុក្កែត SLS និង​យាន Orion គឺជា​មធ្យោបាយ 2 ក្នុងចំណោម​ផ្នែកសំខាន់ៗនៃ​ផែន​ការនាំ​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ជាថ្មី​របស់ ណា​សា។ SLS គឺជា​រ៉ុក្កែត​កម្លាំង​ខ្លាំង​បំផុត​របស់ ណា​សា ដែល​​មាន​ទម្ងន់​ប្រហែល 2,500 តោន និង​កម្ពស់​ជិត 100 ម៉ែត្រ។ ចំណែក​យាន Orion ទម្ងន់ 23 តោន និង​អង្កត់ផ្ចិត 5 ម៉ែត្រ។

Artemis 1 គឺជា​បេសកកម្ម​ដំបូង​សម្រាប់​កម្មវិធី Artemis របស់ ណា​សា ដែល​គ្រោង​នឹង​នាំ​មនុស្ស​ឡើងទៅ​រស់នៅ​ និង​ធ្វើ​ការ​យូរ​អង្វែង​​លើ​ឋាន​ព្រះ​ចន្ទ​។ ក្នុង​បេសកកម្ម​ដំបូង​ដែល​គ្រោង​នឹង​អូសបន្លាយ​ពេល 42 ថ្ងៃនេះ យាន​គ្មាន​មនុស្ស Orion នឹង​ហោះ​ទៅកាន់​គន្លង​គោចរ​របស់​ព្រះ​ចន្ទ រួច​ត្រលប់មក​ផែនដី​វិញ។

គោលបំណង​នៃ​បេសកកម្ម​ដំបូង​នេះ​គឺ​ចង់​បញ្ជាក់ថា យានអវកាស និង​រ៉ុក្កែត បាន​ត្រៀម​ខ្លួន​​រួចរាល់​ដើម្បី​ចាប់ផ្ដើម​នាំ​មនុស្ស​ឡើងទៅ​ឋាន​ព្រះ​ចន្ទ ក៏ដូចជា​គោលដៅឆ្ងាយៗជាង​នេះ។

តាម​ផែនការ កម្មវិធី Artemis របស់ ណា​សា ត្រូវបាន​ចែកជា 3 ដំណាក់កាល។ ក្រោយ​បេសកកម្ម Artemis 1 នេះ Artemis 2 នឹង​នាំ​អ្នក​អវកាស​ឡើង​ទៅ​​ហោះ​ជុំវិញ​ព្រះ​ចន្ទ​នៅ​ឆ្នាំ 2024 ហើយ Artemis 3 នឹង​ដឹក​អវកាស​ចរ​​ទៅ​ចុះចត​លើដី​ព្រះ​ចន្ទ​តែ​ម្ដង​ នៅ​ឆ្នាំ 2025៕

Advertisement