មាន​ករណី​ផ្ទុះ​យ៉ាង​ធំ​មួយ​នៅពេល​យន្តហោះ​ដឹក​នាយករដ្ឋមន្ត្រី​យេ​មែន​ចុះចត

យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន 16 នាក់​បាន​ស្លាប់​នៅក្នុង​ករណី​ផ្ទុះ​មួយ​យ៉ាង​កក្រើក​នៅ​ព្រលានយន្តហោះ Aden កាលពី​ថ្ងៃទី 30 ខែធ្នូ បន្ទាប់ពី​នាយករដ្ឋមន្ត្រី រួម​នឹង​សមាជិក​គណៈរដ្ឋមន្ត្រី​ដែល​ទើបតែ​ត្រូវបាន​បង្កើតឡើង បាន​ចុះចត​ភ្លាម។

សាក្សី​បានឱ្យដឹងថា ពួកគេ​បានឮ​សំឡេង​ផ្ទុះ​មួយ​យ៉ាង​ធំ រួម​នឹង​សំឡេង​កាំភ្លើង​នៅក្នុង​ព្រលានយន្តហោះ នៅពេល​យន្តហោះ​បាន​ចុះចត​ភ្លាម។ ប្រភពព័ត៌មាន​ពី​ក្រុម​សន្តិសុខ​ក្នុង​តំបន់​បាន​ប្រាប់ថា គ្រាប់កាំភ្លើង​ត្បាល់​ចំនួន 3 គ្រាប់​បាន​ធ្លាក់​លើ​ព្រលានយន្តហោះ។ មនុស្ស​យ៉ាងតិច 13 នាក់​បាន​ស្លាប់ និង 60 នាក់​បាន​រងរបួស។ មិនទាន់មាន​ក្រុម​ណាមួយ​បាន​ចេញមុខ​ទទួលខុសត្រូវ​លើ​ករណីនេះ​នៅឡើយ ប៉ុន្តែ ក្រុមមន្ត្រី​យល់ថា នេះ​អាចជា​ការវាយប្រហារ​រ​បស់​ក្រុម​ឧទ្ទាម Houthi ដែលមាន​អ៊ីរ៉ង់​នៅ​ពីក្រោយ។

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​យេ​មែន លោក Moammar Al-Eryani ឱ្យដឹងថា មន្ត្រី​ទាំងអស់​មាន​សុវត្ថិភាព និង​បាន​ទៅដល់​វិមាន​ប្រធានាធិបតី​នៅក្នុង​ទីក្រុង។ នាយករដ្ឋមន្ត្រី Maeen Abdulmalik បាន​សរសេរ​នៅលើ Twitter ថា៖ «យើង​និង​ក្រុម​សមាជិក​គណៈរដ្ឋមន្ត្រី​កំពុងស្ថិត​នៅក្នុង​ទីក្រុង Aden ជា​បណ្ដោះអាសន្ន ហើយ​គ្រប់គ្នា​មិនមាន​បញ្ហា​អ្វី​ទេ។ សកម្មភាព​ភេរវកម្ម​ដ៏​កំសាក វាយប្រហារ​លើ​ព្រលានយន្តហោះ Aden គឺជា​ផ្នែក​មួយ​នៃ​ការប្រយុទ្ធ​ដែល​កំពុង​ធ្វើឡើង​ដើម្បី​ប្រឆាំងនឹង​រដ្ឋាភិបាល និង​ពលរដ្ឋ​យេ​មែន។

រដ្ឋាភិបាល​ដែល​ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់ និង​កងកម្លាំង​ផ្ដាច់ខ្លួន​នៅ​ភាគខាងត្បូង បាន​ចាប់ដៃគ្នា​បង្កើតជា​គណៈរ​ដ្ឋ​មន្ត្រី​កាលពី​ថ្ងៃទី 18 ខែធ្នូ ដើម្បី​បង្កើត​សមរភូមិ​រួមមួយ​ក្នុង​បំណង​ទប់​ទល់នឹង​ឧទ្ទាម Houthi ដែល​កំពុង​កាន់កាប់រ​ដ្ឋ​ធានី Sana’a និង​ភាគច្រើន​នៃ​តំបន់​ភាគ​ខាងជើង។

សមាជិក​គណៈរដ្ឋមន្ត្រី​បាន​ទៅកាន់​ទីក្រុង Aden តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​ប្រធានាធិបតី​យេ​មែន Abedrabbo Mansour Hadi បានតែងតាំង​ពួកគេ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ជា​ប្រទេស​ដែល​កំពុង​ដឹកនាំ​សម្ព័ន្ធមិត្ត​យោធា​ប្រឆាំងនឹង​ឧទ្ទាម Houthi។ លោក Hadi បានធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី Riyadh របស់​អា​រ៉ា​ប៊ី​សា​អូឌីត ក្រោយពី​រដ្ឋធានី Sana’a បាន​ធ្លាក់​ទៅលើ​កណ្ដាប់ដៃ​របស់​ក្រុម Houthi កាលពី​ឆ្នាំ 2014។

មនុស្ស​រាប់ម៉ឺន​នាក់ ដែល​ភាគច្រើន​គឺជា​ជន​ស៊ីវិល បាន​បាត់​បង់ជីវិត និង​រាប់លាន​នាក់​បាន​ភៀសខ្លួន​ចោលផ្ទះ​សម្បែង​ក្នុងអំឡុង​សង្គ្រាម​ដែល​អូសបន្លាយ 5 ឆ្នាំ​នៅ​យេ​មែន។ អង្គការសហប្រជាជាតិ​បាន​ហៅ​សង្គ្រាម​នេះ​ថា​ជា​សោកនាដកម្ម​មនុស្សធម៌​អាក្រក់​បំផុត​ក្នុង​ពិភពលោក៕

ប្រភព៖ Reuters, AFP

Advertisement