ប្រទេស​ថៃ នឹង​ផ្ដល់​​ទិដ្ឋាការ (វី​សា​/​Visa) ​ដោយ​ឡែក​​សម្រាប់​​ជន​បរទេស​​មក​​ព្យាបាល​​ជំងឺ

អាកាសយានដ្ឋានសុវណ្ណភូមិ នៅ បាងកក ប្រទេសថៃ

រាជរដ្ឋាភិបាល​ថៃ ថ្ងៃទី 15 វិច្ឆិកា បានអនុម័ត​សំណើ​របស់​ក្រសួងសុខាភិបាល​ប្រទេស​នេះ​ស្ដីពី​ការផ្ដល់​ទិដ្ឋាការ​ដោយឡែក​សម្រាប់​ជនបរទេស​ដែល​មក​ព្យាបាល​ជំងឺ ក្នុង​បំណង​ជំរុញ​ឱ្យ ប្រទេស​នេះ​ក្លាយជា​មជ្ឈមណ្ឌល​សុខាភិបាល​របស់​តំបន់។

អ្នកនាំពាក្យ​រង​របស់ រាជរដ្ឋាភិបាល​ថៃ Tipanan Sirichana បានឱ្យដឹងថា ទិដ្ឋាការ​ប្រភេទ​នេះ​នឹង​ត្រូវបាន​ផ្ដល់ជូន​ចាប់ពី​ថ្ងៃទី 01 មករា 2023 នៅពេល​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងឡាយ​បានបញ្ចប់​កិច្ច​ការត្រៀម​សម្រាប់​ការអនុវត្ត​គោលនយោបាយ​ថ្មី​នេះ។

យោងតាម​សំណើ​របស់ ក្រសួងសុខាភិបាល​ថៃ ទិដ្ឋាការ​ថ្មី​នេះ​អនុញ្ញាតឱ្យ​ជនបរទេស​ចូល​ទឹកដី​ថៃ​ច្រើនដង និង​មាន​សុពលភាព​ក្នុង​រង្វង់​មួយឆ្នាំ។ អ្នកទទួលបាន​ទិដ្ឋាការ​អាច​ស្នាក់នៅ​ក្នុងប្រទេស​ថៃ ក្នុង​រយៈពេល 90 ថ្ងៃ។ សមាជិកគ្រួសារ 3 នាក់​របស់​អ្នកជំងឺ​ក៏​អាច​ទទួលបាន​ទិដ្ឋាការ​អម។ តម្លៃ​សម្រាប់​ទិដ្ឋាការ​ប្រភេទ​នេះ​គឺ 5,000 បាត/ម្នាក់ (140 ដុល្លារ​អាម៉េរិក/ម្នាក់)។

ក្រៅពីនេះ ទិដ្ឋាការ​ថ្មី​នេះ​ក៏​តម្រូវឱ្យ​អ្នកជំងឺ​រាយការណ៍​ដល់​មន្ត្រី​នៅ​ស្ថាប័ន​អន្តោប្រវេសន៍​ក្រោយ​រយៈពេល 90 ថ្ងៃ បើសិន​នៅ​ត្រូវការ​ពេល​ដើម្បី​បន្ត​ការព្យាបាល ហើយ​អ្នក​សុំ​ទិដ្ឋាការ​នេះ​ក៏​ត្រូវមាន​ប្រាក់​យ៉ាងតិច 800,000 បាត (22,500 ដុល្លារ​អាម៉េរិក) ដើម្បី​ចាយវាយ​ក្នុងពេល​ស្នាក់នៅ​ប្រទេស​នេះ ព្រមទាំង​ត្រូវមាន​ធានារ៉ាប់រង​លើ​ការព្យាបាល​កូ​វីដ-19 ឬ​គ្រោះថ្នាក់ ដែលមាន​តម្លៃ​យ៉ាងតិច 3 លាន​បាត (100,000 ដុល្លារ​អាម៉េរិក)។

អ្នក​សុំ​ទិដ្ឋាការ​នេះ​ក៏ត្រូវ​តែ​ជា​អ្នកមាន​ជំងឺ​ដែល​បណ្ដា​មន្ទីរពេទ្យ​នៅ ប្រទេស​ថៃ អាច​ព្យាបាល​បាន និង​ត្រូវការ​ពេល​ច្រើនជាង 90 ថ្ងៃ​ក្នុងការ​ព្យាបាល​សម្រាប់​ជំងឺ​មួយចំនួន មានដូចជា ជំងឺ​សរសៃឈាម​បេះដូង មហារីក ជំងឺ​មាត់​ធ្មេញ វះកាត់​កែ​សម្ផស្ស​ជាដើម៕

Advertisement