ក្រោយពី​ឃើញ​ស្ថានភាព «ជួញ​កញ្ឆា​ដូច​ការលក់​បន្លែ» ប្រទេស​ថៃ ក៏​កែ​ច្បាប់​ឡើងវិញ

ថៃ អនុញ្ញាត​ឱ្យ​លក់​កញ្ឆា​ក្នុង​គោល​ដៅ​សុខាភិបាល

រដ្ឋាភិបាល​ថៃ បាន​កែប្រែ​ការកំណត់​ស្ដីពី​ការលក់ និង​ប្រើប្រាស់​កញ្ឆា ក្នុង​គ្រា​ដែលមាន​ការបារម្ភ​អំពី​ពលរដ្ឋ​ប្រើប្រាស់​កញ្ឆា​ជា​គ្រឿងញៀន​សម្រាប់​គោលដៅ​កំសាន្ត នេះ​បើតាម Bangkok Post។

យោងតាម​គោលការណ៍​នៃ​ការកែប្រែ​ដែល​ត្រូវបាន ក្រសួងសុខាភិបាល​ប្រកាស​កាលពី​ថ្ងៃទី 11 វិច្ឆិកា ប្រទេស​ថៃ នឹង​គ្រប់គ្រង​តែ​ពន្លក​ផ្កា​កញ្ឆា ជា​ផ្នែក​ដែល​ផ្ទុក​សារធាតុ cannabinoid ច្រើន អាច​បង្ក​អាការ​ញៀន។ ក្រៅពីនេះ ប្រទេស​ថៃ ក៏​ហាម​ការលក់​ពន្លក​ផ្កា​កញ្ឆា​ឱ្យ​មនុស្ស​វ័យ​ក្រោម 20 ឆ្នាំ និង​ស្ត្រី​កំពុងមាន​ផ្ទៃពោះ ឬ​កំពុង​បំបៅ​ដោះ​កូន។

ចំណែក​បណ្ដា​សហគ្រាស​ដែល​ទទួលបាន​ការអនុញ្ញាត ក៏ត្រូវ​រាយការណ៍​ដល់​អាជ្ញាធរ​អំពី​បរិមាណ​កញ្ឆា​ដែល​ពួកគេ​កំពុង​កាន់កាប់ ក៏ដូចជា​ប្រភព​ផ្គត់ផ្គង់ និង​គោលដៅ​នៃ​ការប្រើប្រាស់។ ពួកគេ​ក៏ត្រូវ​រាយការណ៍​ដល់​រដ្ឋាភិបាល បើសិន​នាំចេញ​ទំនិញ​នេះ។

ស្លឹកកញ្ឆា

យោងតាម Bangkok Post ក្រោយពី​រដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យ​លក់​កញ្ឆា ហាង​ទំនិញ​ជាច្រើន​បានដាក់​លក់​ផលិតផល​កញ្ឆា​ជា​សាធារណៈ ពិសេស​គឺ​នៅ រាជធានី​បាងកក និង​ទីតាំង​ទេសចរណ៍​មួយចំនួន។

កាលពី​ខែមិថុនា 2022 ប្រទេស​ថៃ បាន​ក្លាយជា​ដែនដី​ដំបូង​គេ​នៅ អាស៊ី ដែល​បានធ្វើឱ្យ​ផលិតផល​កញ្ឆា​ក្លាយជា​ទំនិញ​ស្របច្បាប់។ ក្រោយមក ការប្រើប្រាស់​កញ្ឆា​ក្នុង​គោលដៅ​កំសាន្ត​បាន​កើនឡើង​ខ្ពស់​ខ្លាំង​ក្នុង​ប៉ុន្មាន​ខែ​កន្លង ធ្វើឱ្យមាន​ការរិះគន់ និង​ការ​ស្នើឱ្យ​ផ្អាក​ការអនុញ្ញាត ពី​សាធារណជន ក៏ដូចជា​បក្សប្រឆាំង៕

Advertisement