មន្ត្រី​ការ​ពារ​ជាតិ​អាម៉េរិក ថា អ៊ុយ​ក្រែ​ន មានប្រៀប​ជាង រុស្ស៊ី នៅ​រដូវរងា​ខាងមុខ

ក្រុមទាហានអ៊ុយក្រែន ឈើលើរថក្រោះក្បែរទីក្រុង Bakhmut នៅភាគខាងកើតប្រទេសកាលពីថ្ងៃទី 04 វិច្ឆិកា 2022

រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក យល់ថា អ៊ុយ​ក្រែ​ន នឹងមាន​ប្រៀប​ជាង​នៅក្នុង​រដូវរងា ហើយ​ធ្វើឱ្យ រុស្ស៊ី ពិបាក​ផ្ដល់​អាវុធ​ដល់​​ទាហាន​ដែល​កំពុង​ធ្វើសង្គ្រាម។

«ខ្ញុំ​យល់ថា អ៊ុយ​ក្រែ​ន នឹងមាន​ប្រៀប​នៅក្នុង​ការប្រយុទ្ធ​ដូច​បច្ចុប្បន្ន ពួកគេ​នឹង​បន្ត​រក្សា​ស្ថានភាព​នេះ​នៅពេល​ឈាម​ចូលដល់​រដូវរងា ដូច​ទៅនឹង​អ្វីដែល​យើង​បានឃើញ​កាលពី​ខែកុម្ភៈ» រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាម៉េរិក Lloyd Austin ថ្លែង​នៅឯ​មន្ទីរ​បញ្ច​កោណ នា​ថ្ងៃនេះ។

រដ្ឋមន្ត្រី Austin បន្ថែមថា «មួយវិញទៀត រុស្ស៊ី កំពុង​ធ្វើសង្គ្រាម​នៅ​បរទេស ហើយ អ៊ុយ​ក្រែ​ន បង្ក​ឧបសគ្គ​ដល់​បណ្ដាញ​ផ្គត់ផ្គង់​របស់​ពួកគេ។ រុស្ស៊ី នឹងមាន​ការលំបាក​ខ្លាំង​ក្នុងការ​ផ្ដល់​​សព្វាវុធ​ចាំបាច់​ដើម្បី​ទាហាន​​អាច​ប្រយុទ្ធ​ប្រកប​ដោយ​​ប្រសិទ្ធភាព»។

អគ្គមេបញ្ជាការ​កងទ័ព​អាម៉េរិក លោក Mark Alexander Milley អះអាងថា អាកាសធាតុ​ក្នុង​រដូវរងា និង​ភក់​ល្បាប់ នឹង​ធ្វើឱ្យ​សកម្មភាព​យោធា​នៅ អ៊ុយ​ក្រែ​ន ប្រែ​ទៅជា​លំបាក​ជាង​មុន ហើយ​សមរភូមិ​ពី Kharkov ដល់ Kherson កំពុង​បន្ថយល្បឿន។ ប៉ុន្តែ ផ្ទៃដី​រឹង​នៅក្នុង​រដូវរងា​ចាប់ពី​ខែមករា​ដល់​កុម្ភៈ 2023 ​អាចជួយ​ឱ្យ​ការផ្លាស់​ទី​មាន​ភាពងាយស្រួល​ជាង​មុន ដូច្នេះ​សង្គ្រាម​អាចមាន​សភាព​ខ្លាំងក្លា​ឡើងវិញ។

ភាគី​ខាង​រុស្ស៊ី មិនទាន់​បញ្ចេញ​ប្រតិកម្ម​ណាមួយ​នៅឡើយ ទាក់ទង​នឹង​ការលើកឡើង​របស់​ក្រុមមន្ត្រី​ការពារជាតិ​អាម៉េរិក៕

Advertisement