អគ្គិភ័យ​ឆាប​ឆេះ​ស្រឡាង​ដឹក​មនុស្ស​ជាង 270 នាក់ នៅ ឥណ្ឌូណេស៊ី

ស្រឡាង​ដឹក​អ្នកដំណើរ 271 នាក់ បាន​ឆាបឆេះ​នៅលើ​សមុទ្រ​ក្បែរ​កោះ Bali ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ម្សិលមិញ ប៉ុន្តែ​មិនទាន់មាន​ព័ត៌មាន​ស្ដីពី​ករណី​ស្លាប់​នៅឡើយ។

ស្រឡាង Mutiara Timur I កំពុង​ដឹក​អ្នកដំណើរ 236 នាក់ និង​បុគ្គលិក​ស្រឡាង 35 នាក់ កាលពី​ថ្ងៃទី 16 វិច្ឆិកា បាន​ឆេះ​នៅលើ​ឆកសមុទ្រ Bali ចម្ងាយ​ប្រហែល 1.5 គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ Karangasem។

មេដឹកនាំ​ក្រុម​សង្គ្រោះ​នៅ Bali បានឱ្យដឹងថា បុគ្គលិក​សង្គ្រោះ ទាហានជើងទឹក និង​ប្រជា​នេសាទ​បាន​សហការគ្នា​ឈ្លៀស​អ្នកដំណើរ​ចេញពី​ស្រឡាង។ បច្ចុប្បន្ន មិនទាន់មាន​របាយការណ៍​អំពី​ករណី​ស្លាប់​នៅឡើយ។

យោងតាម​មេដឹកនាំ​ក្រុម​សង្គ្រោះ​នៅ Bali លោក Gede Darmada អគ្គិភ័យ​កើតឡើង​នៅពេល​ស្រឡាង​នេះ​កំពុងធ្វើដំណើរ​ពី​ទីរួមស្រុក Ketapang នៅ កោះ​ជ្វា​ខាងកើត ទៅកាន់​កំពង់ផែ Lembar របស់​ខេត្ត Nusa Tenggara។

គ្រោះថ្នាក់​ផ្លូវទឹក​ដោយសារតែ​ការដាក់​មនុស្ស​លើស​ចំណុះ និង​ស្ដង់ដា​សុវត្ថិភាព​ទាប កើត​ឡើងជា​ញឹកញាប់​នៅ ឥណ្ឌូណេស៊ី ដែលជា​ប្រទេស​មាន​កោះ​រហូតដល់​ជាង 17,000 កោះ និង​ជាទី​ដែល​ស្រឡាង​ត្រូវបាន​ប្រើប្រាស់​ច្រើន​សម្រាប់​ការធ្វើដំណើរ។

កាលពី​ឆ្នាំ 2018 ស្រឡាង​មួយគ្រឿង​ដែល​កំពុង​ដឹក​មនុស្ស​ប្រហែល 200 នាក់ បាន​លិច​នៅឯ​បឹង​ទឹក​ជ្រៅ​មួយ​នៅក្នុង​ខេត្ត Sumatra ខាងជើង បណ្ដាលឱ្យ​មនុស្ស 167 នាក់​បាត់​បង់ជីវិត។ ឆ្នាំ 1999 កប៉ាល់​ដឹក​មនុស្ស 332 នាក់​បាន​លិច ក្នុងនោះ​មាន​មនុស្ស​តែ 20 ប៉ុណ្ណោះ​ដែល​ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេល៕

Advertisement