Skip to content

ប្រធានាធិបតី​អាម៉េរិក ថា ជីវិត​​នៅ​លើ​​ពិភព​ផែនដី​​កំពុង​​រង​​ការ​គំរាម​កំហែង

លោក ចូ បៃ​ដិ​ន បាន​ព្រមាន​ថា វិបត្តិ​អាកាសធាតុ​កំពុងតែ​គំរាមកំហែង​ដល់ «ភាព​រស់រាន​របស់​ពិភព​ផែនដី» និង​ជំរុញ​ឱ្យ​បណ្ដា​ប្រទេស​បញ្ចេញ​សកម្មភាព​បន្ថែមទៀត​ដើម្បី​កាត់បន្ថយ​ការ​បំ​ភាយ​កាបូន។

«វិបត្តិ​អាកាសធាតុ​គឺជា​បញ្ហា​សន្តិសុខ​របស់​មនុស្សជាតិ សន្តិសុខ​សេដ្ឋកិច្ច សន្តិសុខ​បរិស្ថាន សន្តិសុខ​ជាតិ និង​ជា​រឿង​ស្លាប់​រស់​របស់​ពិភព​ផែនដី» ប្រធានាធិបតី​អាម៉េរិក លោក បៃ​ដិ​ន ថ្លែង​កាលពី​ថ្ងៃទី 11 វិច្ឆិកា នៅក្នុង​សន្និសីទ​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ របស់ អង្គការសហប្រជាជាតិ ឆ្នាំ 2022 (COP29) នៅ​ទីក្រុង Sharm el-Sheikh នៃ ប្រទេស​អេ​ហ្ស៊ី​ប។

ប្រធានាធិបតី​អាម៉េរិក ក៏បាន​អះអាងថា សហរដ្ឋ​អាម៉េរិក កំពុងតែ​ដើរ​លើផ្លូវ​ត្រូវ​ដើម្បី​ទៅដល់​ឆ្នាំ 2030 សម្រេចបាន​គោលដៅ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​បាន​ពី 50 ទៅ 52%។

លោក បៃ​ដិ​ន ក៏បាន​ជំរុញ​ឱ្យ​បណ្ដា​ប្រទេស​បញ្ចេញ​សកម្មភាព​បន្ថែមទៀត​ដើម្បី​កាត់បន្ថយ​ការ​បំ​ភាយ​កាបូន ក្នុង​បំណង​គ្រប់គ្រង​ស្ថានភាព​ឡើង​កម្ដៅ​ទូទាំង​សកលលោក។ «នេះ​គឺជា​កាតព្វកិច្ច និង​ការទទួលខុសត្រូវ​រប​ស់មេ​ដឹកនាំ​ទូទាំង​ពិភពលោក» លោក បៃ​ដិ​ន ថ្លែង​ដូច្នេះ។

ប្រធានាធិបតី​អាម៉េរិក បន្តថា «បណ្ដា​ប្រទេស​ដែលមាន​លទ្ធភាព គួរតែ​ជួយ​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ដើម្បីឱ្យ​ពួកគេ​អាចដាក់​ចេញ​នូវ​ការសម្រេចចិត្ត​ទាក់ទង​នឹង​អាកាសធាតុ បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ដំណើរការ​ផ្លាស់ប្ដូរ​ថាមពល​របស់​ពួកគេ និង​កសាង​ផ្លូវ​ទៅកាន់​ការរីកចម្រើន​ស​ម​ស្រប​ជាមួយនឹង​អាកាសធាតុ​របស់​យើង»។

សន្និសីទ​អាកាសធាតុ COP27 ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី 06 ដល់ 18 វិច្ឆិកា 2022 នៅ អេ​ហ្ស៊ី​ប។ អគ្គលេខាធិការ​នៃ អង្គការសហប្រជាជាតិ លោក Antonio Guterres កាលពី​ថ្ងៃទី 07 វិច្ឆិកា បាន​ព្រមាន​ថា បណ្ដា​ប្រទេស​មាន 2 ជម្រើស​គឺ សាមគ្គី​ក្នុងការ​ទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ ឬ «ធ្វើអត្តឃាត​ជា​ក្រុម»៕

Leave a Reply

Your email address will not be published. Required fields are marked *