Author: សឿន សំណាង

  • ការអនុវត្ត​គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ 48 ប្រវែង 148 គីឡូម៉ែត្រ សម្រេចបាន​ជិត 12%

    ការអនុវត្ត​គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ 48 ប្រវែង 148 គីឡូម៉ែត្រ សម្រេចបាន​ជិត 12%

    «គម្រោង​សាងសង់​ផ្លូវជាតិ​លេខ 48 សម្រេច​វឌ្ឍនភាព​ការងារ​បាន 11.76% ហើយ» នេះ​បើតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចុះផ្សាយ​កាលពី​ថ្ងៃទី 21 វិច្ឆិកា 2022 បន្ទាប់ពី ឯកឧត្តម ហេង រត្ន​ពិសិដ្ឋ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សាធារណការ របស់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទទួលបន្ទុក​ជានា​យក​គម្រោង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ 48 បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ 48។

    ការចុះពិនិត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យ​តាមដាន​ពី​ស្ថានភាព​វិវឌ្ឍន​ជាក់ស្ដែង​ក្នុង​ការដ្ឋាន​សង់​សង់​ផ្លូវជាតិ​លេខ 48 ដែល​អនុវត្ត​ការសាងសង់​ដោយ​ក្រុមហ៊ុន​កូរ៉េ IL SUNG & HANIL Joint Venture និង​ដើម្បី​អាចឱ្យ​ក្រុមការងារ​អនុវត្ត​គម្រោង​រៀបចំ​ផែនការ​សកម្មភាព​បន្ទាប់ សំដៅ​ព​ន្លឿ​ន​ការសាងសង់​ឱ្យ​សម្រេច​បញ្ចប់​តាម​ផែនការ​ដែល​បានកំណត់។

    យោងតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គិត​ត្រឹម​ពាក់កណ្តាល​ខែវិច្ឆិកា 2022 គម្រោង​សាងសង់​ផ្លូវជាតិ​លេខ 48 ដែល​ចាប់ផ្ដើម​ពី​ចំណុច​ភូមិ​អូរជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល រហូតដល់​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ខាងលើនេះ សម្រេច​វឌ្ឍនភាព​ការងារ​បាន 11.76%៕

    គម្រោង​សាងសង់​ផ្លូវជាតិ​លេខ 48 ដែល​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ខែមិថុនា ឆ្នាំ 2024 ចំណាយ​ថវិកា​សរុប​ប្រមាណ​ជាង 65 លាន​ដុល្លារ​អាមេរិក។ ផ្លូវ​នេះ​បែង​ចែកជា 2 គន្លង ប្រវែង ជាង 122 គីឡូម៉ែត្រ និង​ផ្លូវ 4 គន្លង​មាន​ប្រវែង​ជាង 25 គីឡូម៉ែត្រ៕

     

  • កីឡាករ Messi ថា «នេះ​គឺជា​ឱកាស​ចុងក្រោយ​សម្រាប់​ខ្ញុំ​ក្លាយជា​ជើងឯក World Cup»

    កីឡាករ Messi ថា «នេះ​គឺជា​ឱកាស​ចុងក្រោយ​សម្រាប់​ខ្ញុំ​ក្លាយជា​ជើងឯក World Cup»

    នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី 21 វិច្ឆិកា ប្រធាន​ក្រុម​ជម្រើសជាតិ​របស់ អា​ហ្ស​ង់​ទីន លោក Lionel Messi បាន​និយាយថា គាត់​កំពុងតែ​រីករាយ​ជាមួយនឹង​បាល់ទាត់ និង​អះអាង​ជាថ្មី​ថា កាតា 2022 គឺជា World Cup ចុងក្រោយ​សម្រាប់​គាត់។

    ព្រលប់​ថ្ងៃទី 21 វិច្ឆិកា Messi និង​គ្រូបង្វឹក Lionel Scaloni បាន​ចូលរួម​សន្និសីទ​សារព័ត៌មាន​មុន​ការចេញ​ប្រកួត។ នៅពេល​ត្រូវ​សួរថា តើ​នេះ​អាចជា​ពេលវេលា​ល្អ​បំផុត​ក្នុង​អាជីព​របស់គាត់ លោក Messi ឆ្លើយថា «ខ្ញុំ​មិនដឹង​ទេ ប៉ុន្តែ​ខ្ញុំ​កំពុងមាន​អារម្មណ៍​ថា​ល្អ។ ខ្ញុំ​កំពុង​ព្យាយាម​រីករាយ​ក្នុង​ការលេង​បាល់​ឱ្យបាន​ច្រើន​បំផុត។ វ័យ​បាន​ជួយ​ឱ្យ​ខ្ញុំ​យល់ឃើញ​ខុសពី​មុន និង​យកចិត្តទុកដាក់​ទៅលើ​ភាព​លម្អិត​ដែល​មុន​នោះ​ខ្ញុំ​ចាប់អារម្មណ៍»។

    ជាថ្មី​ម្ដងទៀត លោក Messi អះអាងថា នេះ​គឺជា​រដូវ​កាល World Cup ចុងក្រោយ​របស់គាត់។ «នេះ​គឺជា​ឱកាស​ចុងក្រោយ​ដើម្បីឱ្យ​ខ្ញុំ​ក្លាយជា​ជើងឯក World Cup ដែលជា​ពានរង្វាន់​សំខាន់បំផុត​សម្រាប់​ខ្ញុំ» លោក Messi ថ្លែង​ដូច្នេះ។ «ក្រុម​អា​ហ្ស​ង់​ទីន បច្ចុប្បន្ន​ដឹងថា​ត្រូវធ្វើ​អ្វី ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា សមាសភាព​បច្ចុប្បន្ន​គឺ​ដូច​ទៅនឹង​ឆ្នាំ 2014»។

    Messi ធ្លាប់​ជិត​បាន​ក្លាយជា​ជើងឯក​នៅ World Cup 2014 ប៉ុន្តែ អា​ហ្ស​ង់​ទីន ចាក់ អាល្លឺម៉ង់ 0-1 នៅក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ។

    ដូច​ទៅនឹង Messi គ្រូបង្វឹក Scaloni ថា​មិន​ទទួលរង​សម្ពាធ​នៃ​ពានរង្វាន់​ជើងឯក World Cup 2022។ «យើង​មិន​ទទួលរង​សម្ពាធ​ដែល​បង្ខំ​ឱ្យ​លើក​ពាន យើង​គ្រាន់តែ​រីករាយ​ជាមួយនឹង​បាល់ទាត់​ប៉ុណ្ណោះ មិនមាន​អ្វី​លើសពីនេះ» លោក Ccaloni ថ្លែង​ដូច្នេះ៕

  • អ្នកគាំទ្រ​បាល់ទាត់​មកពី បង់​ក្លា​ដែ​ស ត​ទង់ជាតិ​ប្រវែង​ជាង 3 គីឡូម៉ែត្រ ដើម្បី​លើកទឹកចិត្ត​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង

    អ្នកគាំទ្រ​បាល់ទាត់​មកពី បង់​ក្លា​ដែ​ស ត​ទង់ជាតិ​ប្រវែង​ជាង 3 គីឡូម៉ែត្រ ដើម្បី​លើកទឹកចិត្ត​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង

    Abu Kowsir និយាយថា កូរ៉េខាងត្បូង បាន​នាំមក​នូវ​ភាពរុងរឿង​ដល់​គ្រួសារ​របស់គាត់ ទើប​គាត់​ចង់បង្ហាញ​ការដឹងគុណ​ដោយ​កា​រត​ទង់ជាតិ​ដើម្បី​ជាការ​គាំទ្រ​ដល់​ក្រុមបាល់ទាត់​ជម្រើសជាតិ​របស់​ប្រទេស​នេះ​នៅ World Cup 2022។

    Abu Kowsir និង​ភរិយា​បានធ្វើឱ្យ​អ្នកជិតខាង​មានការ​ភ្ញាក់ផ្អើល​នៅពេល​គាត់​ត​ទង់ជាតិ​របស់ កូរ៉េខាងត្បូង ប្រវែង 3.5 គីឡូម៉ែត្រ ដោយ​ចាប់ផ្ដើម​ពី​ផ្ទះ​របស់គាត់ អូសបន្លាយ​តាម​ដងផ្លូវ និង​ឆ្លងកាត់​ទន្លេ​ឆ្ពោះទៅកាន់​ភូមិ​ក្បែរ​ខាង​នៅក្នុង​តំបន់ Bancharampur ភាគ​ខាងកើត​របស់ ប្រទេស​បង់​ក្លា​ដែ​ស។

    ទឹកប្រាក់ 5,000 ដុល្លារ​អាម៉េរិក​ដែល Abu Kowsir បាន​ចំណាយ​គឺជា​សា​ក្ខី​ភាព​សម្រាប់​ក្ដី​ស្រលាញ់​របស់គាត់​ចំពោះ កូរ៉េខាងត្បូង ជាទី​ដែល​លោក Kowsir អាយុ 45 បាន​ចំណាយពេល​ភាគច្រើន​នៃ​វ័យ​កំលោះ​សម្រាប់​បំពេញការងារ​ចិញ្ចឹមជីវិត។

    «យើង​ស្រលាញ់ កូរ៉េខាងត្បូង ហើយ​នេះ​គឺជា​វិធី​ដែល​ពួកយើង​ជ្រើសរើស​ដើម្បី​លើកទឹកចិត្ត​ក្រុមបាល់ទាត់» Sabina ដែលជា​ភរិយា​របស់ Kowsir និយាយ​ដូច្នេះ និង​បន្តថា «ពួកយើង​នឹង​បន្ត​គាំទ្រ និង​បួងសួង​សូមឱ្យ កូរ៉េខាងត្បូង បានឈ្នះ»។

    ទង់ជាតិ​កូរ៉េខាងត្បូង​ ត្រូវ​បាន​ត​ឆ្លង​កាត់​ទន្លេ​

    Sabina មិន​ធ្លាប់បាន​ទៅដល់​ប្រទេស​ដែល​ស្វាមី​របស់​អ្នកស្រី​ធ្វើជា​ពលករ​ក្នុង​រយៈពេល 15 ឆ្នាំ ប៉ុន្តែ ចាប់អារម្មណ៍​ខ្លាំង​តាមរយៈ​រឿងរ៉ាវ​ដែល​ស្វាមី​បាន​រៀបរាប់​ប្រាប់។

    ក្នុង​រោងចក្រ​នៅឯ កូរ៉េខាងត្បូង Kowsir ទទួលខុសត្រូវ​ក្នុង​ការងារ​កោស​គ្រឿងបន្លាស់​ទូរស័ព្ទចាស់ៗ និង​មុខទំនិញ​ជាច្រើន​ទៀត ក៏ដូចជា​ការងារ​ស្ល​មាស​ឡើងវិញ។

    ពេលវេលា​នៅ កូរ៉េខាងត្បូង បាន​នាំមក​នូវ​ប្រាក់ចំណូល និង​ដើមទុន​ដើម្បីឱ្យ​គ្រួសារ​របស់ Kowsir អាចបង្កើត​មុខរបរ​ជួញដូរ​គ្រឿងអលង្ការ​នៅឯ​ស្រុកកំណើត។ លោក Kowsir អះអាងថា ការធ្វើជា​ពលករ​នៅ កូរ៉េខាងត្បូង បាន​ជួយ​លើក​ជីវភាព​គ្រួសារ​របស់គាត់​ទៅក្នុង​ស្រទាប់វណ្ណៈ​កណ្ដាល​នៅ បង់​ក្លា​ដែ​ស។

    ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ដែល​ឈរ​លំដាប់​ទី 28 លើ​ពិភពលោក ត្រូវបាន​គេ​ព្យាករ​ថា នឹង​ជួប​ការលំបាក​ច្រើន​នៅពេល​ប្រកួត​ជាមួយ អ៊ុយ​រូ​ហ្កា​យ នៅ​ថ្ងៃទី 24 វិច្ឆិកា ហើយ​ក្រោយមក​ត្រូវ​ប្រឈមមុខ​នឹង ព័រទុយហ្កាល។ លោក Kowsir ឱ្យដឹងថា គាត់​ធ្លាប់​ត្រូវ​អ្នកជិតខាង​បង្អាប់​លេង​អំពី​ក្ដីសង្ឃឹម​សម្រាប់​ក្រុមបាល់ទាត់​ជម្រើសជាតិ​របស់ កូរ៉េខាងត្បូង ប៉ុន្តែ គាត់​មិន​យកចិត្តទុកដាក់។

    ភរិយា​របស់​លោក Kowsir កំពុង​រៀប​ចំ​ទង់​ជាតិ​របស់ កូរ៉េខាងត្បូង

    «ការប្រកួត​ណា​ក៏មាន​អ្នកចាញ់ និង​អ្នកឈ្នះ។ ជា​អ្នកគាំទ្រ​ម្នាក់​របស់ ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ខ្ញុំ​សង្ឃឹមថា ពួកគេ​នឹង​លេង​បានល្អ។ បើ​ទោះ​ពួកគេ​មិន​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ខ្ញុំ​នៅតែ​គាំទ្រ​ដដែល»៕

  • ចំនួន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​នៅ ឥណ្ឌូណេស៊ី កាលពី​ម្សិលមិញ កើន​ដល់ 162 នាក់

    ចំនួន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​នៅ ឥណ្ឌូណេស៊ី កាលពី​ម្សិលមិញ កើន​ដល់ 162 នាក់

    អាជ្ញាធរ​ឥណ្ឌូណេស៊ី បានឱ្យដឹងថា ចំនួន​ជនរងគ្រោះ​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​រញ្ជួយ​ដី​ក្នុង ខេត្ត​ជ្វា​ខាងលិច បាន​កើន​ឡើងដល់ 162 នាក់ ក្នុងនោះ​ភាគច្រើន​គឺជា​កុមារ។

    «ការិយាល័យ​អង្គភាព​ជាតិ​កាត់បន្ថយ​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី (BNPB) បាន​រកឃើញថា មាន​មនុស្ស 162 នាក់​បាន​ស្លាប់។ ភាគច្រើន​ក្នុងចំណោម​នោះ​គឺជា​កុមារ។ យើងខ្ញុំ​ពិតជា​មានការ​បារម្ភ​ខ្លាំងណាស់» Ridwan Kami អភិបាលខេត្ត​ជ្វា​ខាងលិច របស់ ឥណ្ឌូណេស៊ី ឱ្យដឹង​ដូច្នេះ​កាលពី​ព្រលប់​ម្សិលមិញ។

    យោងតាម​លោក Kami មូលហេតុ​ដែលនាំឱ្យ​កុមារ​ជាច្រើន​បាត់បង់​ជីវិត​គឺ​ដោយសារ​រញ្ជួយ​ដី​កើតឡើង​ចំពេល​សិស្សសាលា​កំពុងស្ថិត​នៅក្នុង​ថ្នាក់រៀន។

    គ្រោះ​រញ្ជួយ​ដី​កាលពី​ថ្ងៃទី 21 វិច្ឆិកា​នៅ ឥណ្ឌូណេស៊ី បាន​បណ្ដាលឱ្យ​មនុស្ស​ជាង 300 នាក់​រងរបួស និង​ជិត 14,000 នាក់​ត្រូវ​បាត់បង់​ផ្ទះសំបែង។ ផ្ទះ​ជាង 2,300 ខ្នង​នៅ ខេត្ត​ជ្វា​ខាងលិច ត្រូវ​រង​ការខូចខាត​ធ្ងន់ធ្ងរ ឬ​ត្រូវ​បាក់​រលំ​ទាំងស្រុង។

    នាយកដ្ឋាន​ឧតុនិយម និង​ភូគព្ភសាស្ត្រ​ឥណ្ឌូណេស៊ី (BMKG) បានឱ្យដឹងថា គ្រោះ​រញ្ជួយ​ដី​កម្លាំង 5.6 រិច​ទ័​រ កើតឡើង​នៅវេលា​ម៉ោង 13 និង 21 នាទី​នៅថ្ងៃនេះ ក្នុងនោះ ចំណុចកណ្ដាល​នៃ​បាតុភូត​រញ្ជួយ​ដី​ស្ថិតនៅក្នុង​ជម្រៅ 10 គីឡូម៉ែត្រ​ក្រោម​ដី នៅក្នុង ខេត្ត​ជ្វា​ខាងលិច ដែលមាន​ចម្ងាយ​ពី រដ្ឋធានី​ហ្សា​ការ​តា ប្រហែល 100 គីឡូម៉ែត្រ​ទៅ​ទិស​ខាងត្បូង។ ចំណែក​ស្ថាប័ន​ភូគព្ភសាស្ត្រ​អាម៉េរិក វិញ និយាយថា ករណី​រញ្ជួយ​ដី​នេះ​មាន​កម្លាំង 5.4 រិច​ទ័​រ។

    ឥណ្ឌូណេស៊ី តែង​កើតមាន​គ្រោះ​រញ្ជួយ​ដី និង​ប​ន្ទុះ​ភ្នំភ្លើង​ជា​ញឹកញាប់ ដោយសារតែ​ស្ថិតនៅ​ពី​លើ «ខ្សែក្រវាត់​ភ្លើង» ជាទី​ដែល​ស្រទាប់​តិច​តូ​និ​ច (Tectonic Plate) ធ្វើ​ចលនា និង​ប៉ះគ្នាយ៉ាង​សកម្ម​ ដោយ​អូសបន្លាយ​ពី ជប៉ុន រហូតដល់ ​អាស៊ីអាគ្នេយ៍ និង ​តំបន់ប៉ាស៊ីហ្វិក៕

  • អគ្គិភ័យ​ឆេះ​រោងចក្រ​មួយ​ បណ្ដាល​ឱ្យ​​មនុស្ស​ជិត 40 នាក់បាត់បង់ជីវិត នៅ​ភាគ​កណ្ដាល​ប្រទេស​ចិន

    អគ្គិភ័យ​ឆេះ​រោងចក្រ​មួយ​ បណ្ដាល​ឱ្យ​​មនុស្ស​ជិត 40 នាក់បាត់បង់ជីវិត នៅ​ភាគ​កណ្ដាល​ប្រទេស​ចិន

    អគ្គិភ័យ​បានកើត​ឡើ​ង​នៅឯ​រោងចក្រ​មួយ​ក្នុង​ទីក្រុង Anyang នៃ​ខេត្ត Henan ភាគ​កណ្ដាល​ប្រទេស​ចិន បណ្ដាលឱ្យ​មនុស្ស 36 នាក់​បាត់​បង់ជីវិត និង 2 នាក់​រងរបួស​ធ្ងន់។

    អគ្គិភ័យ​ផ្ទុះឡើង​នៅក្នុង​រោងចក្រ​របស់​ក្រុមហ៊ុន Kaixinda នៅ​ទីតាំង​ខាងលើ​កាលពី​រសៀល​ថ្ងៃទី 21 វិច្ឆិកា។ បុគ្គលិក​ពន្លត់​អគ្គិភ័យ​ប្រហែល 240 នាក់ រួម​នឹង​រថយន្ត​ពន្លត់​អគ្គិភ័យ 63 គ្រឿង​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​កើតហេតុ។

    អណ្ដាតភ្លើង​ត្រូវបាន​គ្រប់គ្រង​នៅវេលា​ម៉ោង​ប្រហែល 20 និង​ពន្លត់​បាន​ទាំង​ស្រុក​នៅ​ម៉ោង 23 យប់នៃ​ថ្ងៃ​ដដែល​។ អគ្គិភ័យ​នេះ​បាន​បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 36 នាក់​បាត់​បង់ជីវិត និង 2 នាក់​រងរបួស ខណៈដែល 2 នាក់​ទៀត​កំពុង​បាត់​ខ្លួន។

    ប៉ូលិស​បានឱ្យដឹងថា បាន​រកឃើញ​ជនសង្ស័យ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ ប៉ុន្តែ​មិនទាន់​​​បង្ហើប​ឱ្យដឹង​​ព័ត៌មាន​លម្អិត​ស្ដីពី​ដើមហេតុ ក៏ដូចជាអត្តសញ្ញាណ​របស់​​ជនសង្ស័យ​ទាំងនោះ​នៅ​ឡើយ៕

  • ហេតុការណ៍​ប្រជ្រៀត​ជាន់គ្នា Itaewon វិះ​កើតឡើង​នៅក្នុង​ព្រឹត្តិការណ៍​បើក​ការប្រកួត World Cup 2022

    ហេតុការណ៍​ប្រជ្រៀត​ជាន់គ្នា Itaewon វិះ​កើតឡើង​នៅក្នុង​ព្រឹត្តិការណ៍​បើក​ការប្រកួត World Cup 2022

    យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Independent ដើម្បី​បម្រើ World Cup 2022 នៅ​កណ្ដាល រដ្ឋធានី​ដូ​ហា ប្រទេស​កាតា អាជ្ញាធរ​បាន​ដំឡើង​តំបន់​មួយ​សម្រាប់​អ្នកគាំទ្រ ជាទី​ដែលមាន​អេក្រង់​ទូរទស្សន៍​ធំ មាន​បម្រើ​សេវាកម្ម​ស្រា​បៀរ និង​អាហារផ្សេង។ ប៉ុន្តែ ក្នុង​យប់​សម្ពោធ តំបន់​នេះ​ប្រែ​ក្លាយទៅជា​ច្របូកច្របល់ នៅពេល​មនុស្ស​រាប់ម៉ឺន​នាក់​សម្រុកចូល នាំឱ្យមាន​ការកកស្ទះ និង​រុញច្រាន​ទាំង​កងកម្លាំង​ប៉ូលិស ដើម្បី​បាន​ចូលទៅ​ខាងក្នុង។

    បើទោះជា​មាន​សមត្ថកិច្ច​ប្រឆាំង​អំពើហិង្សា​ដែល​ប្រដាប់​ដោយ​អាវុធ ឈរ​យាម​នៅ​ច្រកចូល ប៉ុន្តែ មនុស្សម្នា​នៅតែ​អង្វរ​សុំ​ចូលទៅ​តំបន់​ខាងលើ។ មានតែ​ស្ត្រី​មាន​ផ្ទៃពោះ និង​ជនពិការ​ទើបត្រូវ​បានអនុញ្ញាត​ឱ្យ​ចូល​ខាងក្នុង​តាមរយៈ​ច្រក​ពិសេស បន្ទាប់ពី​ការប្រកួត​បើកឆាក​រវាង កាតា និង អេក្វាទ័រ ចាប់ផ្ដើម​នៅក្នុង​ទីក្រុង Al Khor។

    សារព័ត៌មាន Reuters ឱ្យដឹងថា តំបន់​សម្រាប់​អ្នកគាំទ្រ​នៅ​សួន Al Bidda ក្នុង រដ្ឋធានី​ដូ​ហា អាចដាក់​មនុស្ស​បានតែ​ប្រហែល 40,000 នាក់​ប៉ុណ្ណោះ ប៉ុន្តែ តាម​ការ​គណនា អ្នកគាំទ្រ​ច្រើនជាង​នេះ​យ៉ាងតិច​ទ្វេដង បាន​សម្រុក​មក​តំបន់​នេះ​នៅ​យប់​ថ្ងៃទី 20 វិច្ឆិកា។

    «ស្ថានភាព​ពេលនោះ​ពិតជា​បង្កប់​នូវ​ហានិភ័យ​ធំ។ មនុស្ស​ជាច្រើន​នាក់​អាច​បាត់​បង់ជីវិត ព្រោះថា មនុស្ស​ចាស់ និង​ស្ត្រី​មិនអាច​ប្រតិ​កម្មបាន​នៅពេល​មានការ​ប្រជ្រៀត​ក្នុង​ហ្វូងមនុស្ស​ច្រើន​បែបនេះ។ ដោយសារតែ​ខ្ញុំ​ខ្ពស់​ទើប​នៅតែ​អាច​ដកដង្ហើម​បាន ប៉ុន្តែ​ក្នុង​ហ្វូងមនុស្ស​ពេលនោះ​មានក្មេងៗជាច្រើន។ ខ្ញុំ​បាន​ណែ​នាំឱ្យ​មនុស្ស​ធំ​ដែល​ដើរ​ជាមួយ​ក្មេង​ត្រូវ​លើក​ពួកគេ​ព បង្ការ​គ្រោះថ្នាក់​ស្ទះដង្ហើម» លោក Hatem El-Berarri ជា​ជនជាតិ​អ៊ីរ៉ាក់​ម្នាក់​ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​នេះ​ឱ្យដឹង​ដូច្នេះ។

    លោក Hatem El-Berarri អះអាងថា គាត់​បានឃើញ​ហ្វូងមនុស្ស​ប្រជ្រៀត រុញច្រាន​គ្នា ហើយ​មាន​ស្ត្រី​ខ្លះ​ស្រែកយំ​ទៀតផង។

    លោក Luis Reyes ដែលជា​ទេសចរ​ម្នាក់​មកពី សហរដ្ឋ​អាម៉េរិក បាន​ប្រៀបប្រដូច​ស្ថានភាព​ប្រជ្រៀត​គ្នា​ដ៏​ច្របូកច្របល់​នៅ​តំបន់​សម្រាប់​អ្នកគាំទ្រ World Cup 2022 នៅ ដូ​ហា កាលពី​យប់​ថ្ងៃទី 20 វិច្ឆិកា ទៅនឹង​ហេតុការណ៍​ប្រជ្រៀត​ជាន់គ្នា​នៅ Itaewon ក្នុង រដ្ឋធានី​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន​ដែល​បាន​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​ជាង 150 នាក់៕

  • ប្រទេស​ចិន ជូន «ព្រះអាទិត្យ​សិប្បនិម្មិត» ដល់ ប្រទេស​ថៃ សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ

    ប្រទេស​ចិន ជូន «ព្រះអាទិត្យ​សិប្បនិម្មិត» ដល់ ប្រទេស​ថៃ សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ

    ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ tokamak ទម្ងន់​ជាង 84 គីឡូក្រាម ដែល​អភិវឌ្ឍ​ដោយ ប្រទេស​ចិន គ្រោង​នឹង​ត្រូវបាន​ដឹក​ទៅកាន់ ប្រទេស​ថៃ នៅ​ពាក់កណ្ដាល​ខែធ្នូ​ខាងមុខ។

    ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ tokamak ដ៏​ស្មុគ​ស្រាញ​មួយគ្រឿង ត្រូវបាន​រុះរើ និង​វេច​ខ្ចប់​យ៉ាង​ប្រុងប្រយ័ត្ន​នៅឯ​ខេត្ត Anhui ភាគ​ខាងកើត​នៃ ប្រទេស​ចិន នេះ​បើតាម CGTN ចុះផ្សាយ​កាលពី​ថ្ងៃទី 19 វិច្ឆិកា។ ម៉ាស៊ីន​សម្រាប់​ពិសោធន៍​ដែល​អាចបង្កើត​រស្មី​ប្លា​ស្មា​កម្ដៅ​កម្រិត​ខ្ពស់​ដើម្បី​បង្ហាញ​ត្រាប់​អំពី​ប្រតិកម្ម​នុយ​ក្លេ​អែរ​នេះ គ្រោង​នឹង​ត្រូវបាន​ដឹកជញ្ជូន​ទៅកាន់ ប្រទេស​ថៃ នៅ​ពាក់កណ្ដាល​ខែធ្នូ 2022។

    បច្ចុប្បន្ន ម៉ាស៊ីន​នេះ​ត្រូវបាន​ប្ដូរ​ឈ្មោះ​ទៅជា Thailand Tokamak 1 (TT-1)។ ម៉ាស៊ីន TT-1 នេះ​ត្រូវបាន​អភិវឌ្ឍ​ដោយ វិទ្យាស្ថាន​រូបវិទ្យា​ប្លា​ស្មា នៃ បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន។

    យោងតាម​កិច្ចព្រមព្រៀង​សហប្រតិបត្តិ​ការដែល​ចុះហត្ថលេខា​កាលពី​ឆ្នាំ 2017 ASIPP នឹង​ជូន​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ tokamak ដល់ វិទ្យាស្ថាន​បច្ចេកវិទ្យា​នុយ​ក្លេ​អែរ​ថៃ (TINT) ព្រមទាំង​ជួយ​ដល់​ការដំឡើង ដំណើរការ ក៏ដូចជា​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស​នៅក្នុង​វិស័យ​ស្រាវជ្រាវ និង​អភិវឌ្ឍ​ថាមពល​ដែល​កើតឡើង​ដោយ​ប្រតិកម្ម​នុយ​ក្លេ​អែរ។

    ក្រុមអ្នកវិទ្យាសាស្ត្រ និងវិស្វករពី ប្រទេសថៃ ឈរថតរូបនៅខាងមុខ Thailand Tokamak 1 នៅ ប្រទេសចិន កាលពីថ្ងៃទី 24 សីហា 2022

    តាម​ផែនការ ម៉ាស៊ីន​នេះ​នឹង​ដឹក​ដល់ ប្រទេស​ថៃ នៅ​ដើមខែ​មករា 2023។ បុគ្គលិក​ចិន ចំនួន 3 ក្រុម ដែលមាន​មនុស្ស​សរុប​ប្រហែល 60 នាក់ នឹង​ត្រូវបាន​បញ្ជូនទៅ​កាន់ ប្រទេស​ថៃ ដើម្បី​ជួយ​ដល់​ការដំឡើង ដំណើរការ​សាកល្បង មុនពេល​ដំណើរការ​ជា​ផ្លូវការ។

    គោលដៅ​ចុងក្រោយ​របស់​ការស្រាវជ្រាវ​នេះ​គឺ​ការបង្កើត​ប្រតិកម្ម​នុយ​ក្លេ​អែរ​ដូច​ទៅ​អ្វីដែល​កំពុង​កើតឡើង​នៅក្នុង​ព្រះអាទិត្យ និង​ប្រើប្រាស់​សារធាតុ deuterium ដ៏​សម្បូរ​នៅក្រោម​ទឹកសមុទ្រ ដើម្បី​ផ្គត់ផ្គង់​ថាមពល​ស្អាត និង​ស្ថិរភាព។ ក្រុម​អ្នកវិទ្យាសាស្ត្រ​គណនា​ឃើញថា តាមរយៈ​ប្រតិកម្ម​នុយ​ក្លេ​អែរ​បែបនេះ សារធាតុ deuterium នៅក្នុង​ទឹក 1 លីត្រ អាចបង្កើត​បាន​ថាមពល​ស្មើនឹង 300 លីត្រ​សាំង៕

  • គ្រោះ​រញ្ជួយ​ដី​នៅ ឥណ្ឌូណេស៊ី សម្លាប់​មនុស្ស​យ៉ាងតិច 20 នាក់ នៅ​ថ្ងៃ​នេះ

    គ្រោះ​រញ្ជួយ​ដី​នៅ ឥណ្ឌូណេស៊ី សម្លាប់​មនុស្ស​យ៉ាងតិច 20 នាក់ នៅ​ថ្ងៃ​នេះ

    រញ្ជួយ​ដី​កម្លាំង 5.6 រិច​ទ័​រ នៅក្នុង ខេត្ត​ជ្វា​ខាងលិច របស់ ប្រទេស​ឥណ្ឌូណេស៊ី បណ្ដាលឱ្យ​មនុស្ស​យ៉ាងហោច 20 នាក់​ត្រូវ​បាត់បង់​ជីវិត ខណៈដែល​ផ្ទះ​ច្រើន​ខ្នង​នៅ រដ្ឋធានី​ហ្សា​ការ​តា ក៏ត្រូវ​ញាប់​ញ័រ។

    នាយកដ្ឋាន​ឧតុនិយម និង​ភូគព្ភសាស្ត្រ​ឥណ្ឌូណេស៊ី (BMKG) បានឱ្យដឹងថា គ្រោះ​រញ្ជួយ​ដី​កម្លាំង 5.6 រិច​ទ័​រ កើតឡើង​នៅវេលា​ម៉ោង 13 និង 21 នាទី​នៅថ្ងៃនេះ ក្នុងនោះ ចំណុចកណ្ដាល​នៃ​បាតុភូត​រញ្ជួយ​ដី​ស្ថិតនៅក្នុង​ជម្រៅ 10 គីឡូម៉ែត្រ​ក្រោម​ដី នៅក្នុង ខេត្ត​ជ្វា​ខាងលិច ដែលមាន​ចម្ងាយ​ពី រដ្ឋធានី​ហ្សា​ការ​តា ប្រហែល 100 គីឡូម៉ែត្រ​ទៅ​ទិស​ខាងត្បូង។ ចំណែក​ស្ថាប័ន​ភូគព្ភសាស្ត្រ​អាម៉េរិក វិញ និយាយថា ករណី​រញ្ជួយ​ដី​នេះ​មាន​កម្លាំង 5.4 រិច​ទ័​រ។

    BMKG និយាយថា ពុំមាន​ហានិភ័យ​កើតមាន​រលក​យក្ស​នោះទេ បន្ទាប់ពី​កើតមាន​ករណី​គ្រោះ​រញ្ជួយ​ដី​នេះ។

    Herman Suherman ដែលជា​មន្ត្រី​ម្នាក់​នៅក្នុង​ទីរួមស្រុក Cianjur ជាទី​ដែល​ស្ថិត​នៅក្បែរ​ចំណុចកណ្ដាល​នៃ​គ្រោះ​រញ្ជួយ​ដី​នេះ បានឱ្យដឹងថា មាន​មនុស្ស​យ៉ាងតិច 20 នាក់ បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ក្នុង​តំបន់ ដោយសារតែ​គ្រោះធម្មជាតិ​នេះ។

    សាក្សី​បានឱ្យដឹងថា អគារ​ជាច្រើន​នៅ រដ្ឋធានី​ហ្សា​ការ​តា ក៏ត្រូវ​ញាប់​ញ័រ បណ្ដាលឱ្យ​មនុស្ស​ជាច្រើន​ត្រូវរ​ត់រក​ទី​សុវត្ថិភាព។ អ្នកខ្លះ​និយាយថា ពួកគេ​ទទួល​អារម្មណ៍​ថា អគារ និង​ផ្ទះ​មាន​សភាព​ញាប់​ញ័រ ហើយ​របស់របរ​ត្រូវ​ផ្លាស់​ទី​ដោយ​ឯក​ឯង។

    ទីតាំង​នៃ​គ្រោះរញ្ជួយ​ដី​

    ឥណ្ឌូណេស៊ី តែង​កើតមាន​គ្រោះ​រញ្ជួយ​ដី និង​ប​ន្ទុះ​ភ្នំភ្លើង​ជា​ញឹកញាប់ ដោយសារតែ​ស្ថិតនៅ​ពី​លើ «ខ្សែក្រវាត់​ភ្លើង» ជាទី​ដែល​ស្រទាប់​តិច​តូ​និ​ច (Tectonic Plate) ធ្វើ​ចលនា និង​ប៉ះគ្នាយ៉ាង​សកម្ម​ ដោយ​អូសបន្លាយ​ពី ជប៉ុន រហូតដល់ ​អាស៊ីអាគ្នេយ៍ និង ​តំបន់ប៉ាស៊ីហ្វិក៕

  • ប្រជាកសិករ​វៀតណាម ប្រើប្រាស់​យន្តហោះ​ដ្រូ​ន (Drone) ក្នុង​ការដាំដុះ

    ប្រជាកសិករ​វៀតណាម ប្រើប្រាស់​យន្តហោះ​ដ្រូ​ន (Drone) ក្នុង​ការដាំដុះ

    ដោយ​ការប្រើប្រាស់​បច្ចេកវិទ្យា ប្រជាកសិករ​នៅ​ដែនដី​សណ្ដ​ទន្លេមេគង្គ នៃ​ទឹកដី​កម្ពុជា​ក្រោម (វៀតណាម​ខាងត្បូង) ពេលនេះ​អាច «អង្គុយ​គង​អន្ទាក់ខ្លា​មើល​ស្រូវ​លូតលាស់» ដោយសារ​អាច​កាត់បន្ថយ​ការចំណាយ​កម្លាំង​បាន​ច្រើន​នៅឯ​វាលស្រែ។

    ប៉ុន្មាន​ឆ្នាំ​មកនេះ យន្តហោះ​គ្មាន​មនុស្ស​បើកបរ (ដ្រូ​ន-drone) សម្រាប់​វិស័យ​កសិកម្ម ដែលជា​ឧបករណ៍​បច្ចេកវិទ្យា​លំដាប់​ខ្ពស់ កំពុង​ទទួល​បានការ​និយម​ប្រើប្រាស់​នៅ​តំបន់​ដែនដី​សណ្ដ​ទន្លេមេគង្គ ដែល​ស្ថិតក្នុង​ដែនដី​កម្ពុជា​ក្រោម (វៀតណាម​ខាងត្បូង)។

    បច្ចុប្បន្ន យន្តហោះ​ដ្រូ​ន​ត្រូវបាន​កែលំអ និង​បំពាក់​មុខងារ​ច្រើន ដូចជា មុខងារ​បាច​ជី បាញ់ថ្នាំ​ការពារ​ស្រូវ រុក្ខជាតិ និង​ជំនួស​មនុស្ស​ក្នុងការ​សាបព្រោះ​ស្រូវ​ជាដើម។

    លោក ឡេ ថា​ញ់ ង្វៀន អាយុ 62 ឆ្នាំ នៅ វៀតណាម​ខាងត្បូង ឱ្យដឹងថា គាត់​បាន​ប្រើប្រាស់​ដ្រូ​ន XAG ដើម្បី​ធ្វើស្រែ​ទំហំ 7 ហិកតា។ គាត់​ប្រាប់ថា ក្នុង​រយៈពេល​ជាង 40 ឆ្នាំ​មកនេះ គាត់​ធ្វើស្រែ​តាមរបៀប​ប្រពៃណី។ ពេលនេះ ការប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា បាន​ជួយ​ឱ្យ​គាត់​កាត់បន្ថយ​ការលំបាក​បាន​យ៉ាងច្រើន។

    ចំណែក​កសិករ​ម្នាក់ទៀត​ឈ្មោះ ង្វៀន វ៉ាន់ ហ្វឿ​ង ដែល​ធ្វើស្រែ 40 ហិកតា បានឱ្យដឹងថា នេះ​គឺជា​រដូវ​ទី 6 ហើយ​ដែល​គាត់​ប្រើប្រាស់​ដ្រូ​ន​ដើម្បី​បាញ់ថ្នាំ​ការពារ​ស្រូវ។

    «កាលពីមុន ខ្ញុំ​ធ្វើស្រែ​តែ 3 ហិកតា បាញ់ថ្នាំ​ការពារ​ស្រូវ​តាមបែប​ប្រពៃណី ត្រូវ​ចំណាយ​ពេលវេលា និង​កម្លាំង​ច្រើន។ បច្ចុប្បន្ន ដោយសារ​មាន​ឧបករណ៍​ហោះហើរ​នេះ ខ្ញុំ​បាន​ស្រួលខ្លួន​ណាស់» លោក ហ្វឿ​ង​ប្រាប់​ដូច្នេះ។

    ខេត្ត​ដុង​ថាប (Dong Thap) គឺជា​តំបន់​ដំបូង​របស់ ប្រទេស​វៀតណាម ដែល​ត្រូវបាន​ជ្រើសរើស​ជា​កន្លែង​សម្រាប់​កសាង និង​អនុវត្ត​គម្រោង​ស្ដារ​កសិកម្ម។ ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ បណ្ដា​ក្រុមហ៊ុន អាជ្ញាធរ និង​ប្រជាកសិករ​នៅ ដុង​ថាប បាន​ពឹងផ្អែក និង​សង្ឃឹម​ច្រើន​ទៅលើ​ឧបករណ៍​បច្ចេកវិទ្យា​ស្វ័យប្រវត្ត​ដែល​នាំមក​នូវ​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​សាបព្រោះ​​បណ្ដុះ​ដាំ​៕

  • ក្រសួងសុខាភិបាល​កម្ពុជា រកឃើញ​ករណី​ឆ្លង​កូវីដ-19 ច្រើន​​នាក់​នៅ​ក្នុង​ 24 ម៉ោង​កន្លង​

    ក្រសួងសុខាភិបាល​កម្ពុជា រកឃើញ​ករណី​ឆ្លង​កូវីដ-19 ច្រើន​​នាក់​នៅ​ក្នុង​ 24 ម៉ោង​កន្លង​

    កម្ពុជា បាន​រកឃើញអ្នកឆ្លងកូវីដ-19 ករណី​ថ្មី ចំនួន 04 នាក់ ក្នុង​អំឡុង​ 24 ម៉ោង​ នៃ​ថ្ងៃទី 20 ខែ​វិច្ឆិកា​ ឆ្នាំ​ 2022។

    ក្នុង​អំឡុង​ពេល​ដដែល ​​មានករណីជាសះស្បើយ ចំនួន 03 នាក់ និង​​​​ មិន​មាន​ករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

    គិតត្រឹមព្រឹក ថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ 2022 កម្ពុជា មាន​អ្នក​ឆ្លងកូវីដ-១៩ សរុប ៖ 138,032 នាក់, អ្នកជាសះស្បើយសរុប​ ៖ 134,943 នាក់ និង​​អ្នកស្លាប់​សរុប​ ៖ 3,056 នាក់។