ប្រទេស​ចិន ជូន «ព្រះអាទិត្យ​សិប្បនិម្មិត» ដល់ ប្រទេស​ថៃ សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ

ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ tokamak ទម្ងន់​ជាង 84 គីឡូក្រាម ដែល​អភិវឌ្ឍ​ដោយ ប្រទេស​ចិន គ្រោង​នឹង​ត្រូវបាន​ដឹក​ទៅកាន់ ប្រទេស​ថៃ នៅ​ពាក់កណ្ដាល​ខែធ្នូ​ខាងមុខ។

ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ tokamak ដ៏​ស្មុគ​ស្រាញ​មួយគ្រឿង ត្រូវបាន​រុះរើ និង​វេច​ខ្ចប់​យ៉ាង​ប្រុងប្រយ័ត្ន​នៅឯ​ខេត្ត Anhui ភាគ​ខាងកើត​នៃ ប្រទេស​ចិន នេះ​បើតាម CGTN ចុះផ្សាយ​កាលពី​ថ្ងៃទី 19 វិច្ឆិកា។ ម៉ាស៊ីន​សម្រាប់​ពិសោធន៍​ដែល​អាចបង្កើត​រស្មី​ប្លា​ស្មា​កម្ដៅ​កម្រិត​ខ្ពស់​ដើម្បី​បង្ហាញ​ត្រាប់​អំពី​ប្រតិកម្ម​នុយ​ក្លេ​អែរ​នេះ គ្រោង​នឹង​ត្រូវបាន​ដឹកជញ្ជូន​ទៅកាន់ ប្រទេស​ថៃ នៅ​ពាក់កណ្ដាល​ខែធ្នូ 2022។

បច្ចុប្បន្ន ម៉ាស៊ីន​នេះ​ត្រូវបាន​ប្ដូរ​ឈ្មោះ​ទៅជា Thailand Tokamak 1 (TT-1)។ ម៉ាស៊ីន TT-1 នេះ​ត្រូវបាន​អភិវឌ្ឍ​ដោយ វិទ្យាស្ថាន​រូបវិទ្យា​ប្លា​ស្មា នៃ បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន។

យោងតាម​កិច្ចព្រមព្រៀង​សហប្រតិបត្តិ​ការដែល​ចុះហត្ថលេខា​កាលពី​ឆ្នាំ 2017 ASIPP នឹង​ជូន​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ tokamak ដល់ វិទ្យាស្ថាន​បច្ចេកវិទ្យា​នុយ​ក្លេ​អែរ​ថៃ (TINT) ព្រមទាំង​ជួយ​ដល់​ការដំឡើង ដំណើរការ ក៏ដូចជា​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស​នៅក្នុង​វិស័យ​ស្រាវជ្រាវ និង​អភិវឌ្ឍ​ថាមពល​ដែល​កើតឡើង​ដោយ​ប្រតិកម្ម​នុយ​ក្លេ​អែរ។

ក្រុមអ្នកវិទ្យាសាស្ត្រ និងវិស្វករពី ប្រទេសថៃ ឈរថតរូបនៅខាងមុខ Thailand Tokamak 1 នៅ ប្រទេសចិន កាលពីថ្ងៃទី 24 សីហា 2022

តាម​ផែនការ ម៉ាស៊ីន​នេះ​នឹង​ដឹក​ដល់ ប្រទេស​ថៃ នៅ​ដើមខែ​មករា 2023។ បុគ្គលិក​ចិន ចំនួន 3 ក្រុម ដែលមាន​មនុស្ស​សរុប​ប្រហែល 60 នាក់ នឹង​ត្រូវបាន​បញ្ជូនទៅ​កាន់ ប្រទេស​ថៃ ដើម្បី​ជួយ​ដល់​ការដំឡើង ដំណើរការ​សាកល្បង មុនពេល​ដំណើរការ​ជា​ផ្លូវការ។

គោលដៅ​ចុងក្រោយ​របស់​ការស្រាវជ្រាវ​នេះ​គឺ​ការបង្កើត​ប្រតិកម្ម​នុយ​ក្លេ​អែរ​ដូច​ទៅ​អ្វីដែល​កំពុង​កើតឡើង​នៅក្នុង​ព្រះអាទិត្យ និង​ប្រើប្រាស់​សារធាតុ deuterium ដ៏​សម្បូរ​នៅក្រោម​ទឹកសមុទ្រ ដើម្បី​ផ្គត់ផ្គង់​ថាមពល​ស្អាត និង​ស្ថិរភាព។ ក្រុម​អ្នកវិទ្យាសាស្ត្រ​គណនា​ឃើញថា តាមរយៈ​ប្រតិកម្ម​នុយ​ក្លេ​អែរ​បែបនេះ សារធាតុ deuterium នៅក្នុង​ទឹក 1 លីត្រ អាចបង្កើត​បាន​ថាមពល​ស្មើនឹង 300 លីត្រ​សាំង៕

Advertisement