ចំនួន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​នៅ ឥណ្ឌូណេស៊ី កាលពី​ម្សិលមិញ កើន​ដល់ 162 នាក់

អាជ្ញាធរ​ឥណ្ឌូណេស៊ី បានឱ្យដឹងថា ចំនួន​ជនរងគ្រោះ​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​រញ្ជួយ​ដី​ក្នុង ខេត្ត​ជ្វា​ខាងលិច បាន​កើន​ឡើងដល់ 162 នាក់ ក្នុងនោះ​ភាគច្រើន​គឺជា​កុមារ។

«ការិយាល័យ​អង្គភាព​ជាតិ​កាត់បន្ថយ​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី (BNPB) បាន​រកឃើញថា មាន​មនុស្ស 162 នាក់​បាន​ស្លាប់។ ភាគច្រើន​ក្នុងចំណោម​នោះ​គឺជា​កុមារ។ យើងខ្ញុំ​ពិតជា​មានការ​បារម្ភ​ខ្លាំងណាស់» Ridwan Kami អភិបាលខេត្ត​ជ្វា​ខាងលិច របស់ ឥណ្ឌូណេស៊ី ឱ្យដឹង​ដូច្នេះ​កាលពី​ព្រលប់​ម្សិលមិញ។

យោងតាម​លោក Kami មូលហេតុ​ដែលនាំឱ្យ​កុមារ​ជាច្រើន​បាត់បង់​ជីវិត​គឺ​ដោយសារ​រញ្ជួយ​ដី​កើតឡើង​ចំពេល​សិស្សសាលា​កំពុងស្ថិត​នៅក្នុង​ថ្នាក់រៀន។

គ្រោះ​រញ្ជួយ​ដី​កាលពី​ថ្ងៃទី 21 វិច្ឆិកា​នៅ ឥណ្ឌូណេស៊ី បាន​បណ្ដាលឱ្យ​មនុស្ស​ជាង 300 នាក់​រងរបួស និង​ជិត 14,000 នាក់​ត្រូវ​បាត់បង់​ផ្ទះសំបែង។ ផ្ទះ​ជាង 2,300 ខ្នង​នៅ ខេត្ត​ជ្វា​ខាងលិច ត្រូវ​រង​ការខូចខាត​ធ្ងន់ធ្ងរ ឬ​ត្រូវ​បាក់​រលំ​ទាំងស្រុង។

នាយកដ្ឋាន​ឧតុនិយម និង​ភូគព្ភសាស្ត្រ​ឥណ្ឌូណេស៊ី (BMKG) បានឱ្យដឹងថា គ្រោះ​រញ្ជួយ​ដី​កម្លាំង 5.6 រិច​ទ័​រ កើតឡើង​នៅវេលា​ម៉ោង 13 និង 21 នាទី​នៅថ្ងៃនេះ ក្នុងនោះ ចំណុចកណ្ដាល​នៃ​បាតុភូត​រញ្ជួយ​ដី​ស្ថិតនៅក្នុង​ជម្រៅ 10 គីឡូម៉ែត្រ​ក្រោម​ដី នៅក្នុង ខេត្ត​ជ្វា​ខាងលិច ដែលមាន​ចម្ងាយ​ពី រដ្ឋធានី​ហ្សា​ការ​តា ប្រហែល 100 គីឡូម៉ែត្រ​ទៅ​ទិស​ខាងត្បូង។ ចំណែក​ស្ថាប័ន​ភូគព្ភសាស្ត្រ​អាម៉េរិក វិញ និយាយថា ករណី​រញ្ជួយ​ដី​នេះ​មាន​កម្លាំង 5.4 រិច​ទ័​រ។

ឥណ្ឌូណេស៊ី តែង​កើតមាន​គ្រោះ​រញ្ជួយ​ដី និង​ប​ន្ទុះ​ភ្នំភ្លើង​ជា​ញឹកញាប់ ដោយសារតែ​ស្ថិតនៅ​ពី​លើ «ខ្សែក្រវាត់​ភ្លើង» ជាទី​ដែល​ស្រទាប់​តិច​តូ​និ​ច (Tectonic Plate) ធ្វើ​ចលនា និង​ប៉ះគ្នាយ៉ាង​សកម្ម​ ដោយ​អូសបន្លាយ​ពី ជប៉ុន រហូតដល់ ​អាស៊ីអាគ្នេយ៍ និង ​តំបន់ប៉ាស៊ីហ្វិក៕

Advertisement