ហេតុការណ៍​ប្រជ្រៀត​ជាន់គ្នា Itaewon វិះ​កើតឡើង​នៅក្នុង​ព្រឹត្តិការណ៍​បើក​ការប្រកួត World Cup 2022

យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Independent ដើម្បី​បម្រើ World Cup 2022 នៅ​កណ្ដាល រដ្ឋធានី​ដូ​ហា ប្រទេស​កាតា អាជ្ញាធរ​បាន​ដំឡើង​តំបន់​មួយ​សម្រាប់​អ្នកគាំទ្រ ជាទី​ដែលមាន​អេក្រង់​ទូរទស្សន៍​ធំ មាន​បម្រើ​សេវាកម្ម​ស្រា​បៀរ និង​អាហារផ្សេង។ ប៉ុន្តែ ក្នុង​យប់​សម្ពោធ តំបន់​នេះ​ប្រែ​ក្លាយទៅជា​ច្របូកច្របល់ នៅពេល​មនុស្ស​រាប់ម៉ឺន​នាក់​សម្រុកចូល នាំឱ្យមាន​ការកកស្ទះ និង​រុញច្រាន​ទាំង​កងកម្លាំង​ប៉ូលិស ដើម្បី​បាន​ចូលទៅ​ខាងក្នុង។

បើទោះជា​មាន​សមត្ថកិច្ច​ប្រឆាំង​អំពើហិង្សា​ដែល​ប្រដាប់​ដោយ​អាវុធ ឈរ​យាម​នៅ​ច្រកចូល ប៉ុន្តែ មនុស្សម្នា​នៅតែ​អង្វរ​សុំ​ចូលទៅ​តំបន់​ខាងលើ។ មានតែ​ស្ត្រី​មាន​ផ្ទៃពោះ និង​ជនពិការ​ទើបត្រូវ​បានអនុញ្ញាត​ឱ្យ​ចូល​ខាងក្នុង​តាមរយៈ​ច្រក​ពិសេស បន្ទាប់ពី​ការប្រកួត​បើកឆាក​រវាង កាតា និង អេក្វាទ័រ ចាប់ផ្ដើម​នៅក្នុង​ទីក្រុង Al Khor។

សារព័ត៌មាន Reuters ឱ្យដឹងថា តំបន់​សម្រាប់​អ្នកគាំទ្រ​នៅ​សួន Al Bidda ក្នុង រដ្ឋធានី​ដូ​ហា អាចដាក់​មនុស្ស​បានតែ​ប្រហែល 40,000 នាក់​ប៉ុណ្ណោះ ប៉ុន្តែ តាម​ការ​គណនា អ្នកគាំទ្រ​ច្រើនជាង​នេះ​យ៉ាងតិច​ទ្វេដង បាន​សម្រុក​មក​តំបន់​នេះ​នៅ​យប់​ថ្ងៃទី 20 វិច្ឆិកា។

«ស្ថានភាព​ពេលនោះ​ពិតជា​បង្កប់​នូវ​ហានិភ័យ​ធំ។ មនុស្ស​ជាច្រើន​នាក់​អាច​បាត់​បង់ជីវិត ព្រោះថា មនុស្ស​ចាស់ និង​ស្ត្រី​មិនអាច​ប្រតិ​កម្មបាន​នៅពេល​មានការ​ប្រជ្រៀត​ក្នុង​ហ្វូងមនុស្ស​ច្រើន​បែបនេះ។ ដោយសារតែ​ខ្ញុំ​ខ្ពស់​ទើប​នៅតែ​អាច​ដកដង្ហើម​បាន ប៉ុន្តែ​ក្នុង​ហ្វូងមនុស្ស​ពេលនោះ​មានក្មេងៗជាច្រើន។ ខ្ញុំ​បាន​ណែ​នាំឱ្យ​មនុស្ស​ធំ​ដែល​ដើរ​ជាមួយ​ក្មេង​ត្រូវ​លើក​ពួកគេ​ព បង្ការ​គ្រោះថ្នាក់​ស្ទះដង្ហើម» លោក Hatem El-Berarri ជា​ជនជាតិ​អ៊ីរ៉ាក់​ម្នាក់​ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​នេះ​ឱ្យដឹង​ដូច្នេះ។

លោក Hatem El-Berarri អះអាងថា គាត់​បានឃើញ​ហ្វូងមនុស្ស​ប្រជ្រៀត រុញច្រាន​គ្នា ហើយ​មាន​ស្ត្រី​ខ្លះ​ស្រែកយំ​ទៀតផង។

លោក Luis Reyes ដែលជា​ទេសចរ​ម្នាក់​មកពី សហរដ្ឋ​អាម៉េរិក បាន​ប្រៀបប្រដូច​ស្ថានភាព​ប្រជ្រៀត​គ្នា​ដ៏​ច្របូកច្របល់​នៅ​តំបន់​សម្រាប់​អ្នកគាំទ្រ World Cup 2022 នៅ ដូ​ហា កាលពី​យប់​ថ្ងៃទី 20 វិច្ឆិកា ទៅនឹង​ហេតុការណ៍​ប្រជ្រៀត​ជាន់គ្នា​នៅ Itaewon ក្នុង រដ្ឋធានី​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន​ដែល​បាន​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​ជាង 150 នាក់៕

Advertisement