ពលរដ្ឋ​ក្រី​ក្រ​នៅ​វ៉េណេស៊ុយអេឡា​ ហូប “​ឈាម​គោ” ​ជំនួស​បាយ​ ដើម្បី​រក្សា​ជីវិត​ក្នុង​គ្រា​អាសន្ន​(វីដេអូ)

ពលរដ្ឋ​ក្រី​ក្រ​នៅ​វ៉េណេស៊ុយអេឡា​ ហូប

ចាប់​តាំង​ពី​ប្រទេស​វ៉េណេស៊ុយអេឡា​បាន​ចេញ​បម្រាម​គោចរ​​ ជា​រៀង​រាល់​ថ្ងៃ​ គេ​ឃើញ​មាន​ប្រជា​ជន​ក្រីក្រ​ជា​ច្រើន​តែង​តែ​នាំ​គ្នា​មក​តម្រៀង​ជួរ​រង់​ចាំ​នៅខាង​ក្រៅ​ទីតាំង​​កាប់​គោ​មួយ​កន្លែង​នៅ​ក្នុង​ទីរួម​ស្រុក​​ភាគ​ខាង​លិច​តំបន់ San Cristobal ដើម្បី​ទទួល​យក​ប្រូតេអ៊ីន​ដោយ​មិន​គិត​ថ្លៃ​តែ​មួយ​គត់​ នោះគឺ​ “ឈាម​សត្វ”។

ជាង​ជួស​ជុល​ម៉ាស៊ីនម្នាក់​ ឈ្មោះ Aleyair Romero អាយុ​20​ឆ្នាំ តែ​ងតែ​មក​សុំ​ឈាម​សត្វ​ពី​កន្លែង​កាប់​គោ​ 2លើក​ក្នុង​1សប្ដាហ៍​។ Aleyair Romero​ បាន​បាត់​បង់​ការ​ងារ​​ ធ្វើ​ឱ្យ​គាត់​គ្មាន​​​ប្រាក់​ទិញ​អាហារ​ហូប​ប្រចាំ​ថ្ងៃ​ ចំណែក​អាហារ​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​​លោក​ Nicolas Maduro ក៏​មាន​ការ​យឺត​យ៉ាវ​។ “ខ្ញុំ​ត្រូវ​តែ​ស្វែង​រក​អាហារ​ដែល​ខ្ញុំ​អាច​រក​បាន​” Romero ថ្លែង​បែប​នេះ ខណៈ​កំពុង​កាន់​កូន​ធុង​តូច​មួយ​ រង់ចាំ​ទទួល​យក​ឈាម​សត្វ​ដែល​កន្លែង​សម្លាប់​សត្វ​មួយ​នេះ​កំពុង​ចែក​ជូន​ដោយ​មិន​គិត​ថ្លៃ​។

ឈាម​គោ​គឺជា​ផ្នែក​មួយ​នៃ​ទំនៀម​ទម្លាប់​ក្នុងការ​ចម្អិន​ស៊ុប​ ភីឆុន(pichon)​របស់​ជនជាតិ​វ៉េណេស៊ុយអេឡា​នៅ​តំបន់​ Andes។ អ្នក​ក្រី​ក្រ​ជា​ច្រើន​ បាន​ចាប់​ផ្ដើម​ស្វែង​រក​ឈាម​គោ​តាំង​ពីវិបត្តិ​ COVID-19 ចាប់​ផ្ដើម​​​កើត​ឡើង​ក្នុង​ប្រទេស​នេះ។

នៅក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា ដើម​ឡើយ​គេ​ឃើញ​មាន​មនុស្ស​តិច​ណាស់​ដែល​ហូប​ឈាម​គោ​ជំនួស​សាច់​ ព្រោះ​ថា​ ឈាម​គោ​មាន​តម្លៃ​ថ្លៃ​។ ប៉ុន្តែ ចាប់​តាំង​ពី​ប្រធានាធិបតី​ Maduro ចេញ​បញ្ជា​ឱ្យ​ដំឡើង​ប្រាក់​ខែ​បន្ថែម​ 150,000​បូលីវ៉ា(bolivar) (ប្រហែល​​1.7​ដុល្លារ) កាល​ពី​ខែ​តុលា​2019 អត្រា​នៃ​ការ​លក់​ឈាម​សត្វ​នៅ​ប្រទេស​នេះ ក៏បាន​កើន​ឡើង​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​។

ពលរដ្ឋ​ក្រី​ក្រ​នៅ​វ៉េណេស៊ុយអេឡា​ ហូប "​ឈាម​គោ" ​ជំនួស​បាយ​ ដើម្បី​រក្សា​ជីវិត​ក្នុង​គ្រា​អាសន្ន​បើ​ទោះ​ជា​មាន​អ្នក​ស្លាប់ដោយ​សារ​វីរុស​COVID-19 ​ត្រឹម​តែ​10​នាក់ និង​អ្នក​ជំងឺសរុប​​445​នាក់ ប៉ុន្តែ ប្រជា​ជន​ក្នុង​ប្រទេស​នៅ​អាមេរិក​ខាង​ត្បូង​មួយ​នេះ​​ក៏​ត្រូវ​ទទួល​ផល​វិបាក​ខ្លាំង​ពី​វិបត្តិ​សេដ្ឋ​កិច្ច​ និង​ការ​យឺតយ៉ាវ​នៃ​កម្មវិធី​ផ្គត់​ផ្គង់​អាហារ​ CLAP របស់​រដ្ឋាភិបាល​។

នៅ​មុន​វិបត្តិ​ COVID-19 អង្គការ​សហប្រជាជាតិ​ធ្លាប់​បាន​ហៅ​គ្រោះ​ទុរភិក្ស​​នៅ​វ៉េណេស៊ុយអេឡា​ថា​ជា​វិបត្តិ​មនុស្ស​ធម៌អាក្រក់​បំផុត​មួយ​ក្នុង​ពិភពលោក​នា​ឆ្នាំ​2019 ខណៈ​ដែល​មនុស្ស​​9.3​លាន​នាក់​ក្នុង​ចំណោម​ប្រជា​ជន​សរុប​30​លាន​នាក់​ មិន​មាន​ស្បៀង​អាហារ​គ្រប់​គ្រាន់​។ ជា​លទ្ធ​ផល​ មនុស្ស​ប្រមាណជា​5​លាន​នាក់​បាន​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​។

ថ្វី​បើ​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡង​ប្រកាស​ថា បាន​រកឃើញ​អ្នកជំងឺ​កូរ៉ូណា​ត្រឹម​តែ​440​នាក់​ និង​អ្នក​ស្លាប់​ត្រឹម​តែ​10​នាក់​ ក៏ប៉ុន្តែ ក្រុម​អ្នក​តាម​ដាន​ស្ថាន​ករណ៍​ជឿ​ថា តួលេខ​ពិត​ប្រាកដ​គឺ​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់​។

ទីតាំង​ផ្ដល់​អាហារ​ដោយ​មិន​គិត​ថ្លៃ ​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើង​ៗ ព្រោះ​តែ​ការ​យឺត​យ៉ាវ​របស់​រដ្ឋាភិបាល​​ក្នុង​ការ​បែង​ចែក​អាហារ​ ហើយបម្រាម​គោចរ​ដែល​បាន​ចាប់​ផ្ដើម​អនុវត្ត​តាំង​ពី​ពាក់កណ្ដាល​ខែ​មីនា​ បណ្ដាល​ឱ្យ​មនុស្ស​ជា​ច្រើន​បាន​បាត់​បង់​ការ​ងារ​។ Romero បាន​ឱ្យ​ដឹង​ថា “រដ្ឋាភិបាល​បញ្ជូន​អាហារ​មក​ឱ្យ​ប្រជា​ជន​ តាម​តែ​ចិត្ត​របស់​ពួក​គេ​”។

ក្រុម​អ្នក​បម្រើ​​នៅ​ឯ​ទីតាំង​ចម្អិន​អាហារ​មួយ​ក្នុង​តំបន់​ក្រីក្រ​នៃ​រដ្ឋធានី​ Caracas ដែល​ចាត់​ចែង​ដោយ​ក្រុម Feeding Solidarity បាន​និយាយ​ថា ជា​ធម្មតា​ពួកគេ​ចម្អិន​ និង​ផ្គត់​ផ្គង់​អាហារ​ឱ្យ​កុមារ​ត្រឹម​តែ​80​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​ពួកគេ​ត្រូវ​ផ្គត់ផ្គង់​ដល់​មនុស្ស​ពេញ​វ័យ​ចំនួន​350​នាក់​បន្ថែម​ទៀត​។

ពលរដ្ឋ​ក្រី​ក្រ​នៅ​វ៉េណេស៊ុយអេឡា​ ហូប "​ឈាម​គោ" ​ជំនួស​បាយ​ ដើម្បី​រក្សា​ជីវិត​ក្នុង​គ្រា​អាសន្ន​នៅ​ពេល​ទទួល​ស៊ុប​មួយ​ចាន​ ជាមួយ​នឹង​សាំងវិច​មួយ​ដុំ​ ស្ដ្រី​មួយ​ចំនួន​បាន​ទុក​អាហារ​ខ្លះ​ឱ្យ​កូន​ហូប​នៅ​​​ព្រឹក​ស្អែក​។ អ្នកស្រី​ Ysimar Pernalete អាយុ​38​ឆ្នាំ មាន​កូន​2នាក់​ បាន​ឱ្យ​ដឹង​ថា “អាហារ​ដែល​បាន​ពី​កម្មវិធី​ CLAP មិន​គ្រប់​គ្រាន់​សម្រាប់​ឱ្យ​យើង​ឆ្លង​ផុត​គ្រា​លំបាក​នេះ​ទេ​។ តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​អាច​និយាយ​ជាមួយ​កូន​ៗ​ថា “ម្ដាយ​មិន​មាន​អ្វី​ឱ្យ​កូន​ហូប​នោះ​ទេ!​”?។

នៅ​ឯ​កន្លែង​កាប់​គោ​ក្នុង​តំបន់ San Cristobal មនុស្ស​ប្រមាណ​ពី​30ទៅ​40​នាក់ នាំ​គ្នា​តម្រៀប​ជួរ​រៀង​រាល់​ថ្ងៃ​ដើម្បី​សុំ​ឈាម​។​ បុគ្គលិក​ម្នាក់​នៅ​កន្លែង​សម្លាប់​​សត្វ​នេះ​ថ្លែង​ថា ឈាម​សត្វ​នឹង​ត្រូវ​គេ​ស្អប់​នៅក្នុង​សម័យ​ក្រោយ​ COVID-19 មិនខាន​។

“ពួក​យើង​ឃ្លាន​ខ្លាំង​ណាស់​” Baudilio Chacon អាយុ​46​ឆ្នាំ ជា​កម្មករ​សំណង់​ម្នាក់​ដែល​បាន​បាត់​បង់​ការ​ងារ​​ដោយ​សារ​វិធាន​ការ​ទប់​ទល់​នឹង​COVID-19 និយាយ​បែប​នេះ​នៅ​ពេល​គាត់​កំពុង​រង់ចាំ​ទទួល​ឈាម​សត្វ​ពី​កន្លែង​កាប់គោ​។ គាត់​បន្ថែម​ថា “ខ្ញុំ​មាន​បង​ប្អូនប្រុស​​4​នាក់ និង​ក្មេង​អាយុ​10​ឆ្នាំ​ម្នាក់។ ពួក​យើង​រស់បាន​​ដល់​ពេល​នេះ​គឺ​ដោយ​សារ​គុណ​របស់​ឈាម​សត្វ​”៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement