គ្រោះ​រញ្ជួយ​ដី​នៅ ឥណ្ឌូណេស៊ី សម្លាប់​មនុស្ស​យ៉ាងតិច 20 នាក់ នៅ​ថ្ងៃ​នេះ

រញ្ជួយ​ដី​កម្លាំង 5.6 រិច​ទ័​រ នៅក្នុង ខេត្ត​ជ្វា​ខាងលិច របស់ ប្រទេស​ឥណ្ឌូណេស៊ី បណ្ដាលឱ្យ​មនុស្ស​យ៉ាងហោច 20 នាក់​ត្រូវ​បាត់បង់​ជីវិត ខណៈដែល​ផ្ទះ​ច្រើន​ខ្នង​នៅ រដ្ឋធានី​ហ្សា​ការ​តា ក៏ត្រូវ​ញាប់​ញ័រ។

នាយកដ្ឋាន​ឧតុនិយម និង​ភូគព្ភសាស្ត្រ​ឥណ្ឌូណេស៊ី (BMKG) បានឱ្យដឹងថា គ្រោះ​រញ្ជួយ​ដី​កម្លាំង 5.6 រិច​ទ័​រ កើតឡើង​នៅវេលា​ម៉ោង 13 និង 21 នាទី​នៅថ្ងៃនេះ ក្នុងនោះ ចំណុចកណ្ដាល​នៃ​បាតុភូត​រញ្ជួយ​ដី​ស្ថិតនៅក្នុង​ជម្រៅ 10 គីឡូម៉ែត្រ​ក្រោម​ដី នៅក្នុង ខេត្ត​ជ្វា​ខាងលិច ដែលមាន​ចម្ងាយ​ពី រដ្ឋធានី​ហ្សា​ការ​តា ប្រហែល 100 គីឡូម៉ែត្រ​ទៅ​ទិស​ខាងត្បូង។ ចំណែក​ស្ថាប័ន​ភូគព្ភសាស្ត្រ​អាម៉េរិក វិញ និយាយថា ករណី​រញ្ជួយ​ដី​នេះ​មាន​កម្លាំង 5.4 រិច​ទ័​រ។

BMKG និយាយថា ពុំមាន​ហានិភ័យ​កើតមាន​រលក​យក្ស​នោះទេ បន្ទាប់ពី​កើតមាន​ករណី​គ្រោះ​រញ្ជួយ​ដី​នេះ។

Herman Suherman ដែលជា​មន្ត្រី​ម្នាក់​នៅក្នុង​ទីរួមស្រុក Cianjur ជាទី​ដែល​ស្ថិត​នៅក្បែរ​ចំណុចកណ្ដាល​នៃ​គ្រោះ​រញ្ជួយ​ដី​នេះ បានឱ្យដឹងថា មាន​មនុស្ស​យ៉ាងតិច 20 នាក់ បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ក្នុង​តំបន់ ដោយសារតែ​គ្រោះធម្មជាតិ​នេះ។

សាក្សី​បានឱ្យដឹងថា អគារ​ជាច្រើន​នៅ រដ្ឋធានី​ហ្សា​ការ​តា ក៏ត្រូវ​ញាប់​ញ័រ បណ្ដាលឱ្យ​មនុស្ស​ជាច្រើន​ត្រូវរ​ត់រក​ទី​សុវត្ថិភាព។ អ្នកខ្លះ​និយាយថា ពួកគេ​ទទួល​អារម្មណ៍​ថា អគារ និង​ផ្ទះ​មាន​សភាព​ញាប់​ញ័រ ហើយ​របស់របរ​ត្រូវ​ផ្លាស់​ទី​ដោយ​ឯក​ឯង។

ទីតាំង​នៃ​គ្រោះរញ្ជួយ​ដី​

ឥណ្ឌូណេស៊ី តែង​កើតមាន​គ្រោះ​រញ្ជួយ​ដី និង​ប​ន្ទុះ​ភ្នំភ្លើង​ជា​ញឹកញាប់ ដោយសារតែ​ស្ថិតនៅ​ពី​លើ «ខ្សែក្រវាត់​ភ្លើង» ជាទី​ដែល​ស្រទាប់​តិច​តូ​និ​ច (Tectonic Plate) ធ្វើ​ចលនា និង​ប៉ះគ្នាយ៉ាង​សកម្ម​ ដោយ​អូសបន្លាយ​ពី ជប៉ុន រហូតដល់ ​អាស៊ីអាគ្នេយ៍ និង ​តំបន់ប៉ាស៊ីហ្វិក៕

Advertisement