អា​ហ្វ​ហ្គា​នី​ស្ថាន៖ ព្រលានយន្តហោះ កា​ប៊ុល កំពុង​ច្របូកច្របល់​ខ្លាំង (វីដេអូ)

មនុស្ស​រាប់ពាន់នាក់ បាននាំគ្នា​ឆ្ពោះទៅកាន់​ព្រលានយន្តហោះ Hamid Karzai នៅពេល​ឧទ្ទាម តា​លី​បង់ ចូល​គ្រប់គ្រង​រដ្ឋធានី បង្កឱ្យមាន​ភាពវឹកវ​រ ច្របូកច្របល់​ខ្លាំង បណ្ដាលឱ្យ​យន្តហោះ​ស៊ី​ល​វិល​ដែល​ដឹក​ជនភៀសខ្លួន មិនអាច​ហោះ​ឡើង​បាន។

វីដេអូ​ដែល​ត្រូវបាន​ចែករំលែក​ក្នុង​បណ្ដាញ​សង្គម កាលពី​ថ្ងៃទី 15 សីហា បានបង្ហាញ​អំពី​ភាពច្របូកច្របល់​ខ្លាំង​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ Hamid Karzai ខណៈដែល​ប្រជាជន អា​ហ្វ​ហ្គា​នី​ស្ថាន រក​វិធី​ដើម្បី​បាន​ឡើង​យន្តហោះ ភៀសខ្លួន​ទៅ​បរទេស ក្នុង​គ្រា​ដែល​ក្រុម តា​លី​បង់ ចូល​គ្រប់គ្រង​រដ្ឋធានី​កា​ប៊ុល។ ព្រលានយន្តហោះ Hamid Karzai ដែល​បច្ចុប្បន្ន គ្រប់គ្រង​ដោយ​សហរដ្ឋអាមេរិក គឺជា​ទីតាំង​ចុងក្រោយ​មួយ​ដែល​មិនទាន់​ត្រូវបាន​គ្រប់គ្រង​ដោយ តា​លី​បង់។

ស្ថានការណ៍​ច្របូកច្របល់​ដល់​ថ្នាក់ កងទ័ព​អាមេរិក ត្រូវ​សម្រេច​ពន្យារ​ការហោះហើរ​ទៅ-មក នៃ​ជើងយន្តហោះ​ស៊ីវិល ដើម្បី​បើកផ្លូវ​ឱ្យ​យន្តហោះ​យោធា​ជា​អ្នក​ជម្លៀស។ «ស្ត្រី កុមារ និង​បុគ្គលិក​រដ្ឋាភិបាល មិនអាច​ចាកចេញ​ពី​ប្រទេស ព្រោះតែ​សហរដ្ឋអាមេរិក មិន​បើកផ្លូវ» នេះ​បើតាម​មន្ត្រី​ម្នាក់​របស់​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន។

New York Times ឱ្យដឹងថា នៅលើ​ផ្លូវ​យន្តហោះ​ក្នុង​ព្រលាន Hamid Karzai មាន​សម្លៀកបំពាក់​ជា​ឯកសណ្ឋាន​គ្រប់​ប្រភេទ រួមមាន​ឯកសណ្ឋាន​យោធា​របស់​មនុស្ស​ជាច្រើន​ដែល​មកពី​បណ្ដា​ប្រទេស។ «ក្រុម​អ្នកការទូត អ្នកវិនិយោគ​ផ្នែក​យោធា និង​ពលរដ្ឋ​សាមញ្ញ សុទ្ធតែ​រក​វិធី​ដើម្បី​បាន​ឡើង​យន្តហោះ បំណង​ចាក​ចេញពី កា​ប៊ុល។ អ្នក​ដែលមាន​សិទ្ធិ​ឡើង​យន្តហោះ សុទ្ធតែ​ត្រូវបាន​គេ​ផ្ដល់​ខ្សែដៃ​ពិសេស​ដើម្បី​ជាស​ញ្ញា»។

នៅពេល តា​លី​បង់ សម្រុកចូល​រដ្ឋធានី​កា​ប៊ុល ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន Ashraf Ghani បាន​ប្រញាប់​ចាក​ចេញពី​ប្រទេស ក្រោម​មូល​ហេតុថា «ដើម្បី​បញ្ចៀស​ការបង្ហូរ​ឈាម» បណ្ដាលឱ្យ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​ក្រុម​ប្រទេស​លោកខាងលិច ត្រូវ​ដួលរលំ។

តា​លី​បង់ បានចាប់ផ្ដើម​យុទ្ធនាការ​វាយ​សម្រុក​តាំងពី​ខែឧសភា បន្ទាប់ពី សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត ដកទ័ព​ភាគច្រើន​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន ទៅតាម​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី Joe Biden ក្នុងការ​បញ្ចប់​វត្តមាន​យោធា​អាមេរិក រយៈពេល 20 ឆ្នាំ​នៅក្នុង​ប្រទេស​នេះ។

https://www.youtube.com/watch?v=-upyPouRrB8

កាលពី​ម្សិលមិញ (15 សីហា) តា​លី​បង់ បាន​សម្រុកចូល​រដ្ឋធានី​កា​ប៊ុល ដោយ​ពុំ​ជួបប្រទះ​ការរារាំង​ណាមួយ​គួរឱ្យ​កត់​សម្គាល់។ ដូច្នេះ តា​លី​បង់ ប្រាកដជា​នឹង​ស្ដារឡើងវិញ​នូវ​អំណាច​ដែល​ត្រូវបាន​ផ្ដួលរំលំ​កាលពី 20 ឆ្នាំមុន បាន​លឿន​ជាង​ឆ្ងាយ បើ​ធៀប​នឹង​ការ​ព្យាករ 90 ថ្ងៃ របស់​ក្រុម​ស៊ើបការណ៍​សម្ងាត់ សហរដ្ឋអាមេរិក។ សមាជិក​របស់​ក្រុម​ឧទ្ទាម តា​លី​បង់ បានប្រកាសថា នឹង​បង្កើត​រដ្ឋ Islamic Emirate of Afghanistan (បកប្រែ​បណ្ដោះអាសន្ន​ថា «រដ្ឋ​អ៊ីស្លាម​រួបរួម​នៃ​អា​ហ្វ​ហ្កា​នី​ស្ថាន» នាពេលឆាប់ៗនេះ៕

Advertisement