អគ្គិភ័យ​ឆេះ​រោងចក្រ​មួយ​ បណ្ដាល​ឱ្យ​​មនុស្ស​ជិត 40 នាក់បាត់បង់ជីវិត នៅ​ភាគ​កណ្ដាល​ប្រទេស​ចិន

អគ្គិភ័យ​បានកើត​ឡើ​ង​នៅឯ​រោងចក្រ​មួយ​ក្នុង​ទីក្រុង Anyang នៃ​ខេត្ត Henan ភាគ​កណ្ដាល​ប្រទេស​ចិន បណ្ដាលឱ្យ​មនុស្ស 36 នាក់​បាត់​បង់ជីវិត និង 2 នាក់​រងរបួស​ធ្ងន់។

អគ្គិភ័យ​ផ្ទុះឡើង​នៅក្នុង​រោងចក្រ​របស់​ក្រុមហ៊ុន Kaixinda នៅ​ទីតាំង​ខាងលើ​កាលពី​រសៀល​ថ្ងៃទី 21 វិច្ឆិកា។ បុគ្គលិក​ពន្លត់​អគ្គិភ័យ​ប្រហែល 240 នាក់ រួម​នឹង​រថយន្ត​ពន្លត់​អគ្គិភ័យ 63 គ្រឿង​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​កើតហេតុ។

អណ្ដាតភ្លើង​ត្រូវបាន​គ្រប់គ្រង​នៅវេលា​ម៉ោង​ប្រហែល 20 និង​ពន្លត់​បាន​ទាំង​ស្រុក​នៅ​ម៉ោង 23 យប់នៃ​ថ្ងៃ​ដដែល​។ អគ្គិភ័យ​នេះ​បាន​បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 36 នាក់​បាត់​បង់ជីវិត និង 2 នាក់​រងរបួស ខណៈដែល 2 នាក់​ទៀត​កំពុង​បាត់​ខ្លួន។

ប៉ូលិស​បានឱ្យដឹងថា បាន​រកឃើញ​ជនសង្ស័យ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ ប៉ុន្តែ​មិនទាន់​​​បង្ហើប​ឱ្យដឹង​​ព័ត៌មាន​លម្អិត​ស្ដីពី​ដើមហេតុ ក៏ដូចជាអត្តសញ្ញាណ​របស់​​ជនសង្ស័យ​ទាំងនោះ​នៅ​ឡើយ៕

Advertisement