កូរ៉េខាងត្បូង បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី

លោក Lee Jae-myung (ឆ្វេង) និង លោក Yoon Suk-yeol

ប្រជាពលរដ្ឋ​កូរ៉េខាងត្បូង ថ្ងៃនេះ​ត្រូវ​ចេញទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី ក្នុង​គ្រា​ដែល​ប្រទេសជាតិ​កំពុង​ប្រឈម​នឹង​ការឆ្លង​រាលដាល​នៃ វីរុស​កូ​វីដ-១៩ យ៉ាងធ្ងន់ធ្ងរ។

បណ្ដា​ទីតាំង​បោះឆ្នោត​នៅ កូរ៉េខាងត្បូង បាន​បើកទ្វារ​នៅវេលា​ម៉ោង ៦ ព្រឹក​ថ្ងៃនេះ (ម៉ោង ៨ នៅ ភ្នំពេញ) ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ចូលមក​បោះ​ជ្រើសរើស​ប្រធានាធិបតី​ថ្មី។ បេក្ខភាព​ប្រធានាធិបតី​ដែល​លេចធ្លោ​ជាងគេ​គឺ លោក Lee Jae-myung អា​យុវ ៥៧ ឆ្នាំ មកពី​បក្ស​ប្រជាធិបតេយ្យ​ដែល​កំពុង​កាន់អំណាច និង លោក Yoon Suk-yeol អាយុ ៦១ ឆ្នាំ មកពី​បក្ស កម្លាំង​ប្រជាជន ដែលជា​បក្សប្រឆាំង។

ជា​មធ្យម អត្រា​នៃ​ម្ចាស់ឆ្នោត​ដែល​ចេញទៅ​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ទូទាំងប្រទេស​គឺ ៥% ថយចុះ​បន្តិច ធៀប​នឹង ៥.៦% កាលពី​ឆ្នាំ ២០១៧។

កូរ៉េខាងត្បូង មុននេះ មាន​ពលរដ្ឋ​ឆាប់​ចេញទៅ​បោះឆ្នោត​ក្នុង​អត្រា​ខ្ពស់បំផុត។ ពលរដ្ឋ​ជាង ១៦ លាន​នាក់ ជិត​ស្មើនឹង ៣៧% ក្នុងចំណោម​ម្ចាស់ឆ្នោត ៤៤ លាន​នាក់ របស់​ប្រទេស​នេះ បាន​ចូលរួម​បោះឆ្នោត​មុន​កាលកំណត់ កាលពី​ចុង​សប្ដាហ៍​កន្លង។

លោក Lee Jae-myung ដែលជា​បេក្ខភាព​ប្រធានាធិបតី​របស់​បក្ស​ប្រជាធិបតេយ្យ ដែលជា​បក្ស​កាន់អំណាច យល់ថា មេដឹកនាំ​មួយរូប​ដែល​ប្រកបដោយ​ថាមពល នឹង​សម្រេច​កិច្ចការ​គ្រប់យ៉ាង​បានល្អ ទាំង​នៅក្នុង​វិស័យសេដ្ឋកិច្ច ទាំង​ក្នុង​វិស័យ​ទំនាក់ទំនង​ការទូត។

ចំណែក​លោក Yoon Suk-yeol ដែលជា​បេក្ខភាព​របស់​បក្ស​កម្លាំង​ប្រជាជន បាន​លើកយក​បញ្ហា​យុត្តិធម៌ គោលការណ៍ និង​អំណាច​នៃ​ច្បាប់ ក៏ដូចជា​បង្កើន​ការរិះគន់​​ចំពោះ​គោលនយោបាយ​របស់​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ Moon Jae-in ដើម្បី​​ទាក់​ទាញ​​ម្ចាស់​ឆ្នោត។

កូរ៉េខាងត្បូង គិត​មកដល់​បច្ចុប្បន្ន បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង កូ​វីដ-១៩ សរុប​ជិត ៥ លាន​នាក់ និង​ស្លាប់​ជាង ៩,០០០ នាក់ ក្នុងនោះ ករណី​ឆ្លង​ថ្មី​នៅ​ប្រទេស​នេះ មាន​ជំ​នួន​ជាង ២០០,០០០ នាក់ ជា​រៀងរាល់ថ្ងៃ៕

Advertisement