យានអវកាស Orion ត្រលប់​មកកាន់​ផែនដី​វិញ បន្ទាប់ពី​បាន​បំពេញ​បេសកកម្ម​នៅ​ឋាន​​ព្រះ​ចន្ទ

(សហរដ្ឋ​អាម៉េរិក)- Artemis 1 ដែលជា​បេសកកម្ម​សាកល្បង​មិនមាន​មនុស្ស​ជិះ​រយៈ​​ពេល 25 ថ្ងៃ​នៅឯ​ឋាន​ព្រះ​ចន្ទ បានបញ្ចប់​​បេសក​កម្ម​របស់​ខ្លួន​នៅពេល​យានអវកាស Orion របស់ ណា​សា ចុះចត​ដោយ​ជោគជ័យ​លើ​សមុទ្រ​កាលពី​យប់​មិញ។

យានអវកាស Orion សម្រេចបាន​ដំណាក់កាល​ចុងក្រោយ​នៃ​ដំណើរ​ហោះហើរ​ជាង 385,000 គីឡូម៉ែត្រ ពី​ព្រះ​ចន្ទ​ត្រលប់​មកកាន់​ផែនដី។ យានអវកាស​នេះ​បាន​ចុះចត​លើ​ផ្ទៃ​ទឹក​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ក្នុង​លំហ​សមុទ្រ Baja California របស់ ម៉ិ​ក​ស៊ិ​ក កាលពី​ម៉ោង 12 និង 40 នាទី ថ្ងៃទី 11 ធ្នូ 2022 ត្រូវ​នឹង​ម៉ោង 00 និង 40 នាទី ថ្ងៃទី 12 ធ្នូ 2022 នៅ កម្ពុជា។

ក្រោយពី​បាន​ចុះចត យាន Orion បាន​ឆ្លងកាត់​រយៈពេល 6 ម៉ោង​នៅលើ​ផ្ទៃសមុទ្រ ដោយសារ ណា​សា ត្រូវការ​ប្រមូល​ទិន្នន័យ និង​ធ្វើ​ការពិសោធ​មួយចំនួន​មុនពេល​ក្រុម​ជំនួយ​ចាប់​ផ្ដើម​ការ​ស្រង់។ យានយន្ត​មួយចំនួន​រួមមាន ឧទ្ធម្ភាគចក្រ និង​កប៉ាល់​ស្រង់ USS Portland ជាដើម របស់​ទ័ពជើងទឹក​អាម៉េរិក បាន​រង់ចាំ​ជាស្រេច​នៅក្បែរនោះ។

ដោយ​ទទួលបាន​ជោគជ័យពី Artemis 1 ណា​សា នឹង​វិភាគ​ទិន្នន័យ​ដែល​ប្រមូលបាន​ក្នុង​ដំណើរ​ហោះហើរ​នេះ និង​ជ្រើសរើស​ក្រុម​ហោះហើរ​សម្រាប់​បេសកកម្ម Artemis 2 ដែល​នឹងធ្វើ​ការហោះហើរ​នៅ​ឆ្នាំ 2024។ Artemis 2 នឹង​នាំ​អវកាស​ចរហោះ​ទៅ​តាម​​គំរូ​​បេសកកម្ម Artemis 1 ដោយ​គោចរ​ជុំវិញ​ឋាន​ព្រះ​ចន្ទ ប៉ុន្តែ​​មិន​ចុះចត។ បេសកកម្ម Artemis 3 នឹងធ្វើ​ឡើង​នៅ​ឆ្នាំ 2025 ក្នុងនោះ អវកាស​ចរ​នឹង​ចុះចត​លើ​ឋាន​មួយ​នេះ​ជាថ្មី៕

Advertisement