(វីដេអូ)-នាវា​ធំ​បំផុត​របស់​កងទ័ពជើងទឹក អ៊ីរ៉ង់ ឆាបឆេះ​សន្ធោសន្ធៅ មុនពេល​លិច​ក្នុង​សមុទ្រ

នាវា IRIS Kharg របស់​កងទ័ពជើងទឹក​អ៊ីរ៉ង់ បាន​លិច បន្ទាប់ពី​បាន​ឆេះ​អស់​រយៈពេល​ជិត​មួយថ្ងៃ នៅក្បែរ​ច្រក​សមុទ្រ Oman ប៉ុន្តែ មិនមាន​ករណី​បាត់បង់​ជីវិត​មនុស្ស​នោះទេ។

អគ្គីភ័យ បាន​ឆាបឆេះ​នៅលើ​នាវា​ដឹកជញ្ជូន IRIS Kharg កាលពី​ថ្ងៃទី1 ខែមិថុនា ក្នុងពេល​ចូលរួម​ធ្វើ​សមយុទ្ធ​នៅលើ​ដែនសមុទ្រ​របស់​ទីក្រុង Jask ក្បែរ​សមុទ្រ Oman។ ក្រុម​នាវិក និង​សិក្ខាកាម​នៃ​កងទ័ពជើងទឹក​ទាំងអស់​ដែល​នៅលើ​នាវា​នោះ ត្រូវបាន​ជម្លៀសចេញ​ដោយ​សុវត្ថិភាព។

ក្រុមមន្ត្រី​របស់ អ៊ីរ៉ង់ បា​នប​ញ្ជូ​ល​កម្លាំង​ទៅ​ជួយ​ពន្លត់​អគ្គិភ័យ​នេះ ប៉ុន្តែ មិនអាច​គ្រប់គ្រង​ស្ថានការណ៍​បាន បើ​ទោះ​បាន​ចំណាយពេល​ជាង 20ម៉ោង។ សារព័ត៌មាន​របស់ អ៊ីរ៉ង់ Fars News រាយការណ៍​ថា៖ «ការប្រឹងប្រែង​ដើម្បី​ជួយសង្គ្រោះ​នាវា​នេះ បានទទួល​បរាជ័យ ហើយ​នាវា​នេះ​ក៏បាន​លិច»។

ទាក់ទិន​នឹង​មូល​ហេតុដែល​នាំឱ្យមាន​អគ្គិភ័យ​បំផ្លាញ​នាវា​នេះ បច្ចុប្បន្ន កងទ័ព អ៊ីរ៉ង់ មិនទាន់បាន​បង្ហើប​ឱ្យដឹង​នៅឡើយ។

IRIS Kharg គឺជា​នាវា​ដឹកជញ្ជូន​សំខាន់ ស្ថិតក្នុង​កង​នាវាចម្បាំង Ol ដែល​ត្រូវបាន​ផលិត​ដោយ​ប្រទេស​អង់គ្លេស កាលពី​ឆ្នាំ1977 និង​ប្រគល់ឱ្យ អ៊ីរ៉ង់ កាលពី​ឆ្នាំ1984។ IRIS Kharg មាន​ប្រវែង 207ម៉ែត្រ ទទឹង 25.5ម៉ែត្រ និង​មាន​ទម្ងន់​ជាង 33,000តោន។ នេះ​គឺជា​នាវា​ធំ​បំផុត​របស់​កងទ័ពជើងទឹក អ៊ីរ៉ង់ បើ​និយាយ​ពី​សមត្ថភាព​ផ្ទុក។

IRIS Kharg ត្រូវបាន​គេ​ជឿថា មាន​តួនាទី​សំខាន់​ក្នុងការ​ពង្រីក​កម្លាំង​ជើង​ទឹក​របស់ អ៊ីរ៉ង់។ នាវា​នេះ ផ្គត់ផ្គង់​គ្រប់យ៉ាង​ដែល​នាវាចម្បាំង​ជួរមុខ​ត្រូវការ ហើយ​វា​ជួយ​ឱ្យ​នាវាចម្បាំង​ខ្នាតតូច​របស់ អ៊ីរ៉ង់ ធ្វើ​សកម្មភាព​ក្នុង​រយៈពេល​យូរ ដោយ​មិនត្រូវ​ចូល​ចត​ញឹកញាប់​ដើម្បី​ចាក់​ប្រេង។

IRIS Kharg ក៏​អាច​ផ្ទុក​ឧទ្ធម្ភាគចក្រ​ប្រភេទ​ធំ​ជាច្រើន​គ្រឿង ដូចជា SH-3 Sea King ជាដើម ដើម្បី​ពង្រីក​សមត្ថភាព​របស់​ក្រុម​ប្រយុទ្ធ ក្នុងការ​ប្រមាញ់​នាវាមុជទឹក​របស់​សត្រូវ៕

ប្រភព៖ NY Times, Reuters
ប្រែ​សម្រួល៖ បុត្រា

Advertisement