Author: សឿន សំណាង

  • «កម្រាលព្រំ​សូ​ឡា» លើផ្លូវ​រថភ្លើង​ដំបូង​គេ​លើ​ពិភពលោក

    «កម្រាលព្រំ​សូ​ឡា» លើផ្លូវ​រថភ្លើង​ដំបូង​គេ​លើ​ពិភពលោក

    ជាមួយនឹង​ប្រវែង​សរុប​នៃ​ប្រព័ន្ធ​ផ្លូវដែក​ក្នុងប្រទេស​ស្វ៊ី​ស ផ្ទាំង​សូ​ឡា​​ដែលមាន​ទំហំ​សរុប​អាច​គ្របដណ្ដប់​លើ​ទីលាន​បាល់ទាត់​ប្រហែល 760 កន្លែង អាច​ផលិត​អគ្គិសនី​ពី​ព្រះអាទិត្យ​បាន​មួយ​តេ​រ៉ា​វ៉ា​ត់​ម៉ោង (TWh) ជា​រៀងរាល់ឆ្នាំ។

    ក្រុមហ៊ុន Sun-Ways នៅ​ប្រទេស​ស្វ៊ី​ស កំពុង​អភិវឌ្ឍ​ផ្ទាំង​សូ​ឡា​បំពាក់​តាម​បណ្ដោយ​ផ្លូវដែក នេះ​បើតាម Interesting Engineering ចុះផ្សាយ​កាលពី​ថ្ងៃទី 18 មីនា។ គំនិត​នេះ​អាច​ប្រើប្រាស់​បាន​សម្រាប់​ផ្លូវដែក​ប្រមាណ​ពាក់កណ្ដាល​នៅ​ទូទាំង​សកលលោក។

    សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Sun-Ways បានឱ្យដឹងថា ទំហំ​ក្នុង​ចន្លោះ​ផ្លូវដែកគឺ​​គ្រប់គ្រាន់​សម្រាប់​ដាក់​ផ្ទាំង​សូ​ឡា​ខ្នាត​ស្ដង់ដា​ដោយ​មិន​ប៉ះពាល់​ដល់​រថភ្លើងដែល​បើក​បរ​ពីលើ។ ការដំឡើង​ផ្ទាំង​សូ​ឡា​ក្នុង​ទ្រង់ទ្រាយ​ធំ​ពិតជា​មានការ​លំបាក ដោយសារតែ​បញ្ហា​កង្វះ​ដីធ្លី ប៉ុន្តែ​ការដំឡើង​ផ្ទាំង​សូ​ឡា​តាម​បណ្ដោយ​ផ្លូវដែក​គឺអាច​ទៅរួច។

     

    Sun-Ways កំពុង​អភិវឌ្ឍ​ផ្ទាំង​សូ​ឡា​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ខាងលើ​នៅឯ​រោងចក្រ​ក្នុងប្រទេស​ស្វ៊ី​ស។ ផ្ទាំង​សូ​ឡា​ទទឹង​មួយ​ម៉ែត្រ​ដែល​ត្រូវបាន​ដាក់​នៅ​ចន្លោះ​កំណាត់​ដែក​សំខាន់​ទាំងពីរ​បស់​ផ្លូវ​រថភ្លើង និង​ចង​ជាប់​ទៅនឹង​ផ្លូវដែក ប្រៀបបាន​ទៅនឹង​កម្រាលព្រំ។

    ប្រព័ន្ធ​ផ្លូវដែក​របស់​ស្វ៊ី​សមាន​ប្រវែង​សរុប 5,317 គីឡូម៉ែត្រ ហើយ​ទាំងអស់នេះ​អាច​ដំឡើង​ផ្ទាំង​សូ​ឡា​សរុប​ប្រហែល​ស្មើនឹង​ទីលាន​បាល់ទាត់​ចំនួន 760 កន្លែង។ ផ្ទាំងសូឡា​នៅ​ក្នុង​ប្រព័ន្ធ​ផ្លូវដែក​ប្រទេស​នេះ​អាច​ផលិត​អគ្គិសនី​ពី​​ព្រះអាទិត្យ​បាន​មួយ​តេ​រ៉ា​វ៉ា​ត់​ម៉ោង (TWh) ជា​រៀងរាល់ឆ្នាំ ប្រហាក់ប្រហែល​នឹង 2% នៃ​តម្រូវការ​អគ្គិសនីសរុប​​នៅ​ទូទាំងប្រទេស។

    ក្រៅពី​ប្រទេស​ស្វ៊ី​ស ក្រុមហ៊ុន Sun-Ways ក៏មាន​គម្រោង​ដំឡើង​ផ្ទាំង​សូ​ឡា​បែបនេះ​នៅ​អាល្លឺម៉ង់ អ៊ីតាលី អាម៉េរិក និង​អាស៊ី​ផងដែរ នាពេល​ខាងមុខ។ គម្រោង​សាកល្បង​នៅ​ប្រទេស​ស្វ៊ីសនឹង​ផ្ដោតទៅលើ​ប្រព័ន្ធ​ផ្លូវដែក​សាធារណៈ​នៅ​ភាគ​ខាងជើង​ប្រទេស​ ក្បែរ​ស្ថានីយ​រថភ្លើង Buttes។

  • អាល្លឺម៉ង់​ប្រកាស​ចាប់​ខ្លួន​​​លោក ពូ​ទីន ទៅ​តាម​ដីកា​របស់​តុលាការ ICC

    អាល្លឺម៉ង់​ប្រកាស​ចាប់​ខ្លួន​​​លោក ពូ​ទីន ទៅ​តាម​ដីកា​របស់​តុលាការ ICC

    រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​អាល្លឺម៉ង់​និយាយថា ប្រទេស​នេះ​នឹង​ចាប់ខ្លួន​លោក ពូ​ទីន ទៅតាម​ដីកា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បើសិន​ប្រធានាធិបតី​រុស្ស៊ី​មកកាន់​ប្រទេស​នេះ។

    រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​អាល្លឺម៉ង់ Marco Buschmann កាលពី​ថ្ងៃទី 18 មីនា បាន​និយាយថា រឿង​ដែល ICC ចេញ​ដីកាចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ស្នងការ​ទទួលបន្ទុក​សិទ្ធិ​កុមារ Maria Lvova-Belov គឺជា «សញ្ញា​សំខាន់​ដែល​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត»។ ទន្ទឹមនឹងនេះ លោក Buschmann ក៏បាន​ប្រកាសថា អាល្លឺម៉ង់​គោរព​តាម​បទបញ្ជា​នេះ និង​មាន​កាតព្វកិច្ច​ចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី ប្រគល់ឱ្យ ICC បើសិន​លោក ពូ​ទីន ឈាន​ជើង​ចូល​ទឹកដី​របស់​អាល្លឺម៉ង់។

    មុន​នោះ នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ Olaf Scholz ក៏បាន​សាទរ​ចំពោះ​ការសម្រេច​របស់ ICC និង​យល់ថា ដីកាចាប់ខ្លួន​លោក ពូ​ទីន បង្ហាញថា មិនមាន​នរណា​ស្ថិតនៅ​ក្រៅច្បាប់។

    មកដល់ពេលនេះ អាល្លឺម៉ង់​គឺជា​ប្រទេស​ដំបូង​គេ​ដែល​បានប្រកាស​ជា​សាធារណៈ​ថា​នឹង​អនុវត្ត​ដីកា​របស់​តុលាការ ICC។ បណ្ដា​ប្រទេស​ជា​សមាជិក​របស់ ICC មានដូចជា អង់គ្លេស កាណាដា និង​បារាំង​ជាដើម បាន​សន្យា​គាំទ្រ​ដល់​តុលាការ និង​ដីកា​របស់​តុលាការ​នេះ ប៉ុន្តែ​មិនបាន​លើកឡើង​ច្បាស់​អំពី​យន្តការ​ផ្លូវច្បាប់​របស់​ពួកគេ។

    ចំណែក​ប្រធានាធិបតី​ស៊ែ​ប៊ី Aleksandar Vucic វិញ បាន​រិះគន់ថា ដីកាចាប់ខ្លួន​របស់ ICC នឹង​អូសបន្លាយ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន។

    អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អាល្លឺម៉ង់ Sergey Nechayev យល់ថា គោលជំហរ​របស់​ទីក្រុង​បែរ​ឡាំង​ចំពោះ​ដីកា​របស់ ICC «បង្ក​ការព្រួយបារម្ភ​កម្រិត​ខ្ពស់»។

    កាលពី​ថ្ងៃទី 17 មីនា 2023 តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) បានចេញ​ដីកាចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ស្នងការ​របស់​ប្រធានាធិបតី​រុស្ស៊ី​ទទួលបន្ទុក​សិទ្ធិ​កុមារ Maria Lvova-Belova ក្រោម​បទ​ចោទថា «នាំ​កុមារ​អ៊ុយ​ក្រែ​ន​ទៅកាន់​រុស្ស៊ី​ដោយ​មិន​ស្របច្បាប់»។ ICC យល់ថា សកម្មភាព​ខាងលើ​របស់​រុស្ស៊ី​ត្រូវបាន​ធ្វើឡើង​បន្ទាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង។

    យោងតាម​ការសម្រេចចិត្ត​របស់ ICC លោក ពូ​ទីន «ទទួលខុសត្រូវ​ដោយផ្ទាល់​នៅពេល​ធ្វើ​សកម្មភាព» ក៏ដូចជា «មិនបាន​គ្រប់គ្រង ឬ​អនុញ្ញាតឱ្យ​ស្ថាប័ន​ស៊ីវិល ឬ​យោធា​ក្រោម​ឱវាទ​ប្រព្រឹត្ត​អំពើ​នេះ»៕

  • ផ្ដួល Real បានសម្រេច Barca បាន​ឡើង​ទៅ​ក្បែរ​ពាន​ជើងឯក La Liga

    ផ្ដួល Real បានសម្រេច Barca បាន​ឡើង​ទៅ​ក្បែរ​ពាន​ជើងឯក La Liga

    (អេ​ស្ប៉ា​ញ) – ការរកបាន​មួយគ្រា​ប់​នៅក្នុង​នាទី​ថែម​ម៉ោង​បាន​ជួយ​ឱ្យ Barcelona ឈ្នះ 2-1 នៅ​វគ្គ 26 La Liga និង​មាន​ពិន្ទុ​ច្រើនជាង​ឆ្ងាយ​ធៀប​នឹង Real Madrid។

    Barca បាន​យកឈ្នះ​លើ Real ទាំងបី​ប្រកួត​នៅក្នុង​ឆ្នាំ 2023 នេះ។ មុនពេល​យកឈ្នះ 2-1 នៅ​វគ្គ 26 នៅ La Liga កាលពី​ម្សិលមិញ កូនសិស្ស និង​គ្រួ​បង្វឹក Xavi បាន​ផ្ដួល Real ដោយ​លទ្ធផល 3-1 ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ Spanish Super Cup (ពានរង្វាន់​កំពូល​អេ​ស្ប៉ា​ញ) និង 1-0 ក្នុង​ជើង​ទី​ពីរ​នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់​ពានរង្វាន់​មហាក្សត្រ​អេ​ស្ប៉ា​ញ Copa del Rey។

    នេះ​គឺជា​លើកដំបូង​ដែល Barca បានឈ្នះ​បី​ប្រកួតផ្ទួនៗនៅ El Clasico (El Clásico ជា​ឈ្នះ​សម្រាប់​ហៅ​ការប្រកួត​រវាង Barcelona និង Real Madrid) គិត​ចាប់ពី​ខែមករា 2012 ក្រោម​សម័យ​របស់ Pep Guardiola។

     

    ជ័យជម្នះ​នៅឯ​កីឡដ្ឋាន Camp Nou (អេ​ស្ប៉ា​ញ) កាលពី​ថ្ងៃទី 19 មីនា ក៏បាន​ជួយ​ឱ្យ Barca បោះជំហាន​បាន​យ៉ាង​វែង​ក្នុងការ​ផ្ដួល​គូប្រជែង​នៅ La Liga។ ពួកគេ​រកបាន 68 ពិន្ទុ ច្រើនជាង Real 12 ពិន្ទុ ខណៈដែល​រដូវ​កាល​នេះ​នៅសល់ 12 ជុំ​ទៀត។ Barca និង Real ត្រូវ​ប៉ះគ្នា​មួយ​ប្រកួត​ទៀត​នៅ​ជើង​ទី​ពីរ​នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់​ពានរង្វាន់ Copa del Rey ថ្ងៃទី 05 មេសា​ខាងមុខ៕

  • ឡាន​ហោះ​ល្បឿន​ជាង 700 គីឡូម៉ែត្រ​​ក្នុង​មួយ​ម៉ោង ប្រើប្រាស់​ម៉ាស៊ីន Rolls-Royce

    ឡាន​ហោះ​ល្បឿន​ជាង 700 គីឡូម៉ែត្រ​​ក្នុង​មួយ​ម៉ោង ប្រើប្រាស់​ម៉ាស៊ីន Rolls-Royce

    អ្នក​រចនា​ជនជាតិ​អ៊ីតាលី Pierpaolo Lazzarini បង្ហាញ​ម៉ូ​ដែល​ឡាន​ហោះ Aircar ដែល​អាច​ក្លាយជា​បដិវត្តន៍​ក្នុង​វិស័យ​គមនាគមន៍​នាពេល​អនាគត ដោយ​វា​មាន​ល្បឿន​លឿន និង​ហោះ​បាន​ឆ្ងាយ។

    Aircar ដែល​ឡាន​ហោះ​ប្រតិកម្ម​រហ័ស​នេះ​មាន​បណ្ដោយ 6 ម៉ែត្រ អាច​ដឹក​មនុ​ស្សបាន​បួន​នាក់។ Aircar ប្រើប្រាស់​ម៉ាស៊ីន Rolls-Royce ចំនួន​បួន​គ្រឿង និង​មាន​ទម្ងន់​ស្រាល​ខ្លាំង ដោយសារ​ត្រូវបាន​ផលិតឡើង​ពី​សរសៃ​កាបូន។ ម៉ាស៊ីននីមួយៗរបស់​វា​អាច​បញ្ជា​ទិសដៅ​ផ្ដេក និង​ល្បឿន ព្រមទាំង​ធានា​លំនឹង និង​មាន​កម្រិត​បត់បែន​ខ្ពស់​ក្នុងពេល​ប្ដូរ​ទិស។

    https://www.youtube.com/watch?v=hf3ZjUiiFUw

    រូបរាង​ឡាន​ហោះ​ Aircar ល្បឿន​ជាង 700 គីឡូម៉ែត្រ/ម៉ោង​របស់ Lazzarini

    ឡាន​ហោះ​នេះ​អាច​ហោះហើរ​ក្នុង​ល្បឿន 750 គីឡូម៉ែត្រ/ម៉ោង និង​ហោះ​បាន​ចម្ងាយ 3,200 គីឡូម៉ែត្រ បន្ទាប់ពី​ចាក់​សាំង​មួយ​ពេញ។

    បច្ចុប្បន្ន Aircar កំពុងស្ថិត​ក្នុងដំណាក់កាល​រចនា​រូបរាង។ Lazzarini កំពុង​រក​វិធី​ធ្វើឱ្យ Aircar ក្លាយជា​ការពិត​នៅក្នុង​ឆ្នាំ 2024 ដោយ​ការបង្ហាញ​គំរូ​ពិត​ដំបូង មុនពេល​ត្រូវបាន​ដាក់លក់​ក្នុង​ទីផ្សារ។ បើសិន​គ្រប់យ៉ាង​ដំណើរការបាន​រលូន Aircar អាច​ត្រូវបាន​ប្រើប្រាស់​ជាទូទៅ​ចាប់ពី​អំឡុង​មួយ​ទសវត្សរ៍​ទៀត៕

  • មេដឹកនាំ​កូរ៉េខាងជើង ស្នើឱ្យ​កងទ័ព​ត្រៀមខ្លួន​សម្រាប់​ការវាយប្រហារ​នុយ​ក្លេ​អែរ

    មេដឹកនាំ​កូរ៉េខាងជើង ស្នើឱ្យ​កងទ័ព​ត្រៀមខ្លួន​សម្រាប់​ការវាយប្រហារ​នុយ​ក្លេ​អែរ

    លោក គីម ជុង​អ៊ុន ស្នើឱ្យ​កងទ័ព​កូរ៉េខាងជើង​ត្រៀមខ្លួន​ឱ្យបាន​រួចរាល់​សម្រាប់​ការវាយប្រហារ​ដោយ​អាវុធ​នុយ​ក្លេ​អែរ​គ្រប់ពេល និង​បាន​ចោទ​អាម៉េរិក-កូរ៉េខាងត្បូង​ថា កំពុង​ពង្រីក​សមយុទ្ធ​រួម។

    ប្រកាស​របស់​លោក គីម ជុងអ៊ុន ​ត្រូវបាន​លើកឡើង​នៅពេល​កូរ៉េខាងជើង​ធ្វើ​លំ​ហាត់​សមយុទ្ធ​យោធា​ដើម្បី​លើកកម្ពស់ «សមត្ថភាព​កំញើញ​សង្គ្រាម និង​វាយប្រហារ​តប​ដោយ​អាវុធ​នុយ​ក្លេ​អែរ» កាលពី​ថ្ងៃទី 18 និង 19 មីនា។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន KCNA ចុះផ្សាយ​ក្នុងថ្ងៃនេះ។

    ក្នុង​ព្រឹត្តិការណ៍​នេះ កងទ័ព​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ប្លោង​មួយ​គ្រាប់​ដែល​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេ​អែរ​ក្លែងក្លាយ និង​ហោះ​បានចម្ងាយ​ 800 គីឡូម៉ែត្រ ក្នុង​រយៈកម្ពស់ 800 ម៉ែត្រ ​មុនពេល​ធ្លាក់ចំ​គោលដៅ​ ទៅតាម​សេណារីយោ​វាយប្រហារ​ដោយ​អាវុធ​ប្រល័យ​លោក​យុទ្ធសាស្ត្រ។

    លោក គីម ជុង​អ៊ុន បានឱ្យដឹងថា សមយុទ្ធ​នេះ​បាន​កែលំអ​សមត្ថភាព​ធ្វើសង្គ្រាម​ពិតប្រាកដ​របស់​កងទ័ព និង​សង្កត់ធ្ងន់ថា ត្រូវតែ​ធានា​​ថា បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​រាល់ «ការវាយប្រហារ​នុយ​ក្លេ​អែរភ្លាមៗ និង​មានប្រៀប​បំផុត»។

    សម្ដីខ្លាំងៗពី​មេដឹកនាំ​កូរ៉េខាងជើង ទំនងជា​មានបំណង​ប្រតិកម្ម​ទៅនឹង​សមយុទ្ធ​យោធា 11 ថ្ងៃ​របស់​អាម៉េរិក-កូរ៉េខាងត្បូង ក៏ដូចជា​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង និង​នាយករដ្ឋមន្ត្រី​ជប៉ុន​កាលពីពេលថ្មីៗនេះ។

    ក្នុងជំនួប​នៅ​តូ​ក្យូ​កាលពី​ថ្ងៃទី 16 មីនា មេដឹកនាំ​ជប៉ុន និង​កូរ៉េខាងត្បូង​បាន​យល់ព្រម​ចែករំលែក​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​ផ្នែក​យោធា (GSOMIA) និង​ចាត់ទុកថា នេះ​គឺជា​ផ្នែក​មួយ​នៅក្នុង​កិច្ចប្រឹងប្រែង​ទប់ទល់​នឹង​ការគំរាមកំហែង​ពី​អាវុធ​នុយ​ក្លេ​អែរ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង។

    ទីក្រុង​ព្យុងយ៉ាង តែងតែ​រិះគន់លើ​​សមយុទ្ធ​យោធា​រួម​រវាង​អាម៉េរិក និង​កូរ៉េខាងត្បូង និង​ចាត់ទុកថា នេះ​គឺជា​ភស្ដុតាង​បញ្ជាក់ថា សម្ព័ន្ធមិត្ត​នេះ​មាន​ឥរិយាបថ​បង្ក​អរិ​ភាព និង​ចង់​ផ្លាស់ប្ដូរ​របប​នៅ​​កូរ៉េខាងជើង។ កូរ៉េខាងជើង​ព្រមាន​ចំពោះ​អាម៉េរិក-កូរ៉េខាងត្បូង​ថា នឹង​ប្រឈម​នឹង​ការឆ្លើយតប «ខ្លាំងក្លា​មិន​ធ្លាប់​ឃើញ» បើសិន​ពួកគេ​ធ្វើ​សមយុទ្ធ​រួម​ដែល​ព្យុងយ៉ាង​ចាត់ទុកថា​ជា «ការប្រកាសសង្គ្រាម»៕

  • ​វគ្គ​ផ្ដាច់ព្រ័ត្រ U-20 អាស៊ី 2023​៖ គូប្រកួត​របស់​អ៊ូសបេគីស្ថាន ប្រកាសថា​នឹង​ក្លាយជា​ជើងឯក​បាល់ទាត់​ទ្វីបអាស៊ី

    ​វគ្គ​ផ្ដាច់ព្រ័ត្រ U-20 អាស៊ី 2023​៖ គូប្រកួត​របស់​អ៊ូសបេគីស្ថាន ប្រកាសថា​នឹង​ក្លាយជា​ជើងឯក​បាល់ទាត់​ទ្វីបអាស៊ី

    ក្រុមបាល់ទាត់​ជម្រើសជាតិ U-20 អ៊ីរ៉ាក់ កំពុងមាន​ភាពជឿជាក់​ខ្លាំង​ទៅលើ​លទ្ធផល​ល្អ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ U-20 អាស៊ី 2023 បើទោះជា​ត្រូវ​ប៉ះ​នឹង​ក្រុម​ម្ចាស់ផ្ទះ។

    សមត្ថភាព​របស់ U-20 អ៊ីរ៉ាក់​ត្រូវបាន​គេ​សង្ស័យ បន្ទាប់ពី​ក្រុម​ជម្រើសជាតិ​នេះ​បាន​បរាជ័យ​នៅ​ចំពោះមុខ​អ៊ូ​ស​បេ​គី​ស្ថាន​ក្នុង​ការ​ប្រកួតនៅ​វគ្គ​មុន​។ ជាង​នេះ U-20 អ៊ីរ៉ាក់​ដែល​បាន​បន្តដំណើរ​ទៅមុខ​ក៏​ព្រោះ​តែ​បាន​ឈ្នះ​​ឥណ្ឌូណេស៊ី​​ដោយ​សារ​មាន​ស​ន្ទ​ស្សន៍​រង​ខ្ពស់ជាង។ ប៉ុន្តែ ក្រោយមក U-20 អ៊ីរ៉ាក់​ក៏បាន​បង្ហាញ​កម្លាំង​រប​ស់​ខ្លួន​នៅពេល​យកឈ្នះ​លើ​អ៊ីរ៉ង់ និង​ជប៉ុន ហើយ​បាន​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។

    គ្រូបង្វឹក​របស់​ក្រុម​អ៊ីរ៉ាក់ Emad Mohammed សង្កត់ធ្ងន់ថា ក្រុម​របស់លោក​នឹង​បន្ត​អនុវត្ត «​វិធីសាស្ត្រ​ទាត់​សម្រាប់​ការប្រកួតនីមួយៗ» ដែល​បាន​ជួយ​ឱ្យ​ពួកគេ​បាន​ចូលទៅ​ក្បែរ​តំណែង​ជើងឯក U-20 អាស៊ី 2023 ជា​លើកដំបូង​ក្រោយពី​អតីត​ខ្សែប្រយុទ្ធ (Emad Mohammed) រូបនេះ​មក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ដែល​ដណ្ដើមបាន​ជ័យជម្នះ​នៅ​ពានរង្វាន់​ជើងឯក U-19 អាស៊ី ពេល​ Emad Mohammed នៅ​ជា​កីឡាករ។

    «យើង​បាន​រៀប​ផែនការ​ធ្វើយ៉ាងណា​ដើម្បី​អាច​ឆ្លងកាត់​វគ្គ​សន្សំ​ពិន្ទុ ហើយ​ក្រោយមក យើង​ក៏បាន​រៀប​គម្រោង​ធ្វើយ៉ាងណា​ដើម្បី​អាច​ឆ្លង​ផុត​វគ្គ ¼។ យើង​បាន​ជួប​ជនជាតិ​ជប៉ុន​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ពួកគេ​គឺជា​ក្រុម​ពិសេស» គ្រូបង្វឹក​របស់​ក្រុម​អ៊ីរ៉ាក់ Emad Mohammed ថ្លែង​ដូច្នេះ។

    ក្រុមបាល់ទាត់​ជម្រើសជាតិ U-20 អ៊ូសបេគីស្ថាន ឈ្នះ U-20 អ៊ីរ៉ាក់ 1-0 ក្នុងវគ្គ​ 1/4 នៅ ​U-20 អាស៊ី 2023

    លោក Emad Mohammed បន្តថា «U-20 អ៊ីរ៉ាក់​បាន​យកឈ្នះ​ដើម្បី​បាន​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ។ នេះ​គឺជា​ការប្រកួត​លើក​ទី​ពីរ​របស់​យើង​ជាមួយនឹង​អ៊ូ​ស​បេ​គី​ស្ថាន ហើយ​តាំងពី​ការប្រកួត​ដំបូង ក្រុម​របស់​យើង​ទាំងមូល​បាន​យល់ច្បាស់​អំពី​ក្រុមបាល់ទាត់​មួយ​នេះ។ U-20 អ៊ីរ៉ាក់​មានប្រៀប​ច្រើន​ពី​ការប្រកួត​នោះ»។

    «គណៈកម្មការ​គ្រូបង្វឹក​នឹង​ប្រមូលយក​ទិន្នន័យ​ទាំង​អស់ពី​ការប្រកួត​ដំបូង​រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​យើង​នឹង​កែលំអ​រាល់​កំហុសឆ្គង​ដែល​យើង​បាន​ជួប​ក្នុង​ការប្រកួត​ទាំង​នោះ» គ្រូបង្វឹក​របស់​អ៊ីរ៉ាក់​អះអាង​ដូច្នេះ។

    វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​ពានរង្វាន់​ជើងឯក​បាល់ទាត់​បុរស​អាយុ​ក្រោម 20 ឆ្នាំ​នៅ​ទ្វីបអាស៊ី​ឆ្នាំ 2023 រវាង​ក្រុម​ជម្រើសជាតិ​អ៊ូ​ស​បេ​គី​ស្ថាន និង​អ៊ីរ៉ាក់ នឹងត្រូវ​ធ្វើឡើង​នៅឯ​កីឡដ្ឋាន Bunyodkor ក្នុង​រដ្ឋធានី​តា​ស្កិ​ន ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន វេលា​ម៉ោង 21:00 នាទី ថ្ងៃទី 18 មីនា 2023៕

  • ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​នៅតែ​ហៅ Ronaldo ឱ្យ​ចូលរួម​ប្រកួត​នៅ Euro 2024! ហេតុអ្វី?

    ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​នៅតែ​ហៅ Ronaldo ឱ្យ​ចូលរួម​ប្រកួត​នៅ Euro 2024! ហេតុអ្វី?

    គ្រូបង្វឹក Roberto Martinez លើកតម្កើង​បទពិសោធន៍ និង​ភាព​អត់ធ្មត់​របស់ Cristiano Ronaldo នៅពេល​ហៅ​ខ្សែប្រយុទ្ធ​វ័យ 38 ឆ្នាំនេះ មកកាន់​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​ដើម្បី​ចូលរួម​ប្រកួត​នៅ​វគ្គ​ជម្រុះ Euro 2024។

    «Ronaldo ពិតជា​ប្រឹងប្រែង​ដើម្បី​ក្រុម​ជម្រើសជាតិ។ គាត់​នាំមក​នូវ​បទពិសោធន៍ និង​ជា​កត្តា​សំខាន់​នៅក្នុង​ក្រុម» Martinez និយាយ​ដូច្នេះ​កាលពី​ថ្ងៃទី 17 មីនា នៅក្នុង​សន្និសីទ​សារព័ត៌មានស្ដី​ពី​ការ​​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ 26 នាក់​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប័​រ​ទុយ​ហ្កា​ល់។ «ខ្ញុំ​មិន​សម្លឹងមើល​ទៅលើ​អាយុ ឬ​ផ្នែក​ដទៃ។ ខ្ញុំ​គិតថា Ronaldo អាចជួយ​ដល់​ក្រុម​ជម្រើសជាតិ​តាមរយៈ​ការផ្ទេរ​បទពិសោធន៍​ឱ្យ​មិត្ត​រួម​ក្រុម។ នេះ​គឺជា​ជំហាន​ដ៏​សំខាន់ យើង​ចង់​បង្កើតឱ្យមាន​ក្រុម​ប្រកួត និង​ដណ្ដើម​ជ័យជម្នះ»។

    នៅ World Cup 2022 Ronaldo ទាត់​ក្នុងនាម​​ជា​កីឡាករ​ជម្រើស​ដំបូង​ក្នុង​វគ្គ​សន្សំ​ពិន្ទុ ប៉ុន្តែ​ត្រូវ​គ្រូបង្វឹក​ដាក់ឱ្យ​នៅ​ជា​កីឡាករ​បម្រុង​វិញនៅក្នុង​ពីរ​ប្រកួត​នៃ​វគ្គ​ជម្រុះ​ផ្ទាល់ (knock-out) ជាទី​ដែល​ព័រទុយហ្កាល់​ចាញ់​ម៉ា​រ៉ុ​ក​ក្នុង​វគ្គ ¼។ ក្រោយ​ការប្រកួត​នេះ CR7 យំ និង​មិនបាន​និយាយ​ដល់​លទ្ធភាព​បន្ត​រួម​ដំណើរ​ជាមួយ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់។

    Martinez បាន​ចូលរួម​ទស្សនាការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​ Saudi All Star XI (ក្លឹប​របស់ Ronaldo) និង PSG កាលពី​ព្រលប់​ថ្ងៃទី 19 មករា។ ក្រោយ​ការប្រកួត​នេះ លោក Martinez និង Ronaldo ត្រូវបាន​គេ​ជឿថា បាន​ពិភាក្សាគ្នា​អំពី​អនាគត​របស់ CR7 នៅក្នុង​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់។ ចាប់តាំងពី​បាន​ទៅ​ទាត់​ឱ្យ​ក្លឹប Al Nassr របស់​អា​រ៉ា​ប៊ី​សា​អូឌីត បន្ទាប់ពី World Cup 2022 កំពូល​កីឡាករ Ronaldo ស៊ុត​បញ្ចូល​ទី​បាន 8 គ្រាប់​នៅក្នុង 9 ប្រកួត។

    បញ្ជី​ឈ្មោះ​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រទុយហ្កាល់​មាន​កីឡាករ​ជាច្រើនរូប​ដែល​ធ្លាប់បាន​ចូលរួម​ប្រកួត​នៅ World Cup 2022 រួមមាន Joao Cancelo, Ruben Dias, Bernardo Silva, Bruno Fernandes, Joao Felix និង Rafael Leao ជាដើម។ កីឡាករ Goncalo Ramos ដែល​រកបាន hat-trick (បី​គ្រាប់​ក្នុង​មួយ​ប្រកួត) ក្នុងការ​ប្រកួត​ឈ្នះ​ស្វ៊ី​ស 6-1 នៅ​វគ្គ 1/8 របស់ World Cup 2022 ក៏មាន​វត្តមាន​ក្នុង​បញ្ជី​នេះ។

    និយាយ​អំពី​លោក Martinez វិញ មុនពេល​មក​ដឹកនាំ​ក្រុម​ព័រទុយហ្កាល់ លោក​ធ្លាប់ជា​គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​បែ​ស​ហ្ស៊ិ​ក​ចាប់ពី​ឆ្នាំ 2016 ដល់ 2022។ ស​មិ​ត្ថ​ផល​ល្អ​បំផុត​របស់លោក​សម្រាប់​បែលហ្ស៊ិក​គឺ​មេដាយ​សំរឹទ្ធ World Cup 2018 និង​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុង​បញ្ជី​របស់ FIFA ចាប់ពី​ខែតុលា 2018 ដល់​ខែកុម្ភៈ 2022។ គ្រូបង្វឹក​វ័យ 49 រូបនេះ​បាន​លាលែង​ពី​តំណែង​នៅពេល​បែលហ្ស៊ិក​ត្រូវបាន​ជម្រុះ​ចេញពី​វគ្គ​សន្សំ​ពិន្ទុ​របស់ World Cup 2022៕

  • លោក បៃ​ដិ​ន បញ្ចេញយោបល់​​ទាក់​ទិន​​នឹង​ដីកាចាប់ខ្លួន​របស់​តុលាការអន្តរជាតិ​ចំពោះ​លោក ពូ​ទីន

    លោក បៃ​ដិ​ន បញ្ចេញយោបល់​​ទាក់​ទិន​​នឹង​ដីកាចាប់ខ្លួន​របស់​តុលាការអន្តរជាតិ​ចំពោះ​លោក ពូ​ទីន

    ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន ថ្លែងថា ដីកាចាប់ខ្លួន​លោក ពូ​ទីន ដែល​ធ្វើឡើង​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​គឺជា​រឿង «សម​ហេតុផល» ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា សហរដ្ឋ​អាម៉េរិក និង​សហព័ន្ធរុស្ស៊ី​មិនបាន​ទទួលស្គាល់​ស្ថាប័ន​នេះ។

    «ខ្ញុំ​គិតថា នោះ​គឺជា​ការសម្រេចចិត្ត​សម​ហេតុផល»។ បញ្ហា​នៅត្រង់ថា ទាំង​អាម៉េរិក ទាំង​រុស្ស៊ី មិន​ទទួលស្គាល់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។ ប៉ុន្តែ ខ្ញុំ​យល់ថា ឥរិយាបថ​នោះបាន​បញ្ជូន​សារ​ដែលមាន​ភាពខ្លាំង​ក្លា» លោក បៃ​ដិ​ន ថ្លែង​កាលពី​ថ្ងៃទី 17 មីនា នៅពេល​និយាយ​ដល់​ករណី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ចេញ​ដីកាចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀស ពូន​ទីន។

    ចំណែក​ក្រសួងការបរទេស​អាម៉េរិក​វិញ ក៏បាន​ចោទ​រុស្ស៊ី​ថា បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​​ប្រទេស​អ៊ុយ​ក្រែ​ន។

    កាលពី​ថ្ងៃទី 17 មីនា 2023 តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) បានចេញ​ដីកាចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ស្នងការ​របស់​ប្រធានាធិបតី​រុស្ស៊ី​ទទួលបន្ទុក​សិទ្ធិ​កុមារ Maria Lvova-Belova ក្រោម​បទ​ចោទថា «នាំ​កុមារ​អ៊ុយ​ក្រែ​ន​ទៅកាន់​រុស្ស៊ី​ដោយ​មិន​ស្របច្បាប់»។ ICC យល់ថា សកម្មភាព​ខាងលើ​របស់​រុស្ស៊ី​ត្រូវបាន​ធ្វើឡើង​បន្ទាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង។

    ដីកា​តុលាការ ICC ត្រូវបាន​ដាក់ចេញ​ក្រោយពី​មានការ​ស៊ើបអង្កេត​ស្ដីពី​ការចោទប្រកាន់​ដែលថា រុស្ស៊ី​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ប្រឆាំង​មនុស្សជាតិ​ទាក់ទង​នឹង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន។

    អំពី​ទ្រឹស្ដី ដីកា​របស់ ICC តម្រូវឱ្យ​ប្រទេសទាំង 123 ជា​សមាជិក ចាប់ខ្លួន​ប្រធានាធិបតី ពូ​ទីន និង​នាំ​​​ទៅកាន់​ប្រទេស​ហូ​ឡង់​ដើម្បី​កាត់ទោស បើសិន​លោក ពូ​ទីន មាន​វត្ត​មាននៅ​លើទឹក​ដី​របស់​ពួកគេ។ ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​វាយតម្លៃថា សេណារីយោ​នេះ​ពិបាក​នឹង​កើតឡើង។

    សហរដ្ឋ​អាម៉េរិក និង​សហព័ន្ធរុស្ស៊ី ធ្លាប់បាន​ចូល​ជា​សមាជិក ICC តែ​បាន​ដកខ្លួន និង​មិន​ទទួលស្គាល់​ស្ថាប័ន​នេះ។ ប្រទេសធំៗមួយចំនួន​ផ្សេងទៀត មាន​ជាអាទិ៍ សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សាធារណរដ្ឋ​ឥណ្ឌាជា​ដើម​ ក៏​មិនមែនជា​សមាជិក និង​មិន​ទទួលស្គាល់​អំណាច​របស់ ICC៕

  • តួ​ក​គី​យល់ព្រម​អនុម័ត​ឱ្យ​ហ្វាំ​ង​ឡង់​ចូល​ជា​សមាជិក​របស់​សម្ព័ន្ធ​យោធា​ណា​តូ

    តួ​ក​គី​យល់ព្រម​អនុម័ត​ឱ្យ​ហ្វាំ​ង​ឡង់​ចូល​ជា​សមាជិក​របស់​សម្ព័ន្ធ​យោធា​ណា​តូ

    ប្រធានាធិបតី Erdogan ថ្លែងថា សភា​តួ​ក​គី នឹង​ចាប់ផ្ដើម​អនុម័ត​លើ​សំណើសុំ​ចូល​ជា​សមាជិក​ណា​តូ​របស់​ប្រទេស​ហ្វាំ​ង​ឡង់ ប៉ុន្តែ​បាន​បដិសេធ​សំណើ​ដូចគ្នានេះ​របស់​ប្រទេស​ស៊ុយអែត។

    «យើង​សម្រេចចិត្ត​ចាប់ផ្ដើម​ដំណើរ​ការចូល​ជា​សមាជិក​ណា​តូ​របស់​ហ្វាំ​ង​ឡង់​នៅ​សភា» ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan ប្រកាស​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​អង់កា​រ៉ា ក្រោយពី​ជំនួប​ជាមួយ​សម​ភាគី​ហ្វាំ​ង​ឡង់ Sauli Niinisto។ លោក Erdogan សង្ឃឹមថា សភា​ប្រទេស​នេះ​នឹង​យល់ព្រម​តាម​សំណើ​នេះ​នៅមុន​ការបោះឆ្នោត​ក្នុង​ខែឧសភា​ខាងមុខ។

    ប្រធានាធិបតី Niinisto សំដែង​ការ​សាទរ​ចំពោះ​ការសម្រេចចិត្ត​នេះ​របស់​តួ​ក​គី និង​បាន​វាយតម្លៃថា នេះ​គឺជា​រឿង​ដ៏​សំខាន់​ចំពោះ​ហ្វាំ​ង​ឡង់។ ក៏ប៉ុន្តែ លោក Niinisto ក៏បាន​អះអាងថា ការចូល​ជា​សមាជិក​ណា​តូ​របស់​ស៊ុយអែត​ដែលជា​ប្រទេសជិតខាង​របស់​ហ្វាំ​ង​ឡង់ ក៏​ជា​រឿង​សំខាន់ដែរ។

    កាលពី​ឆ្នាំ​កន្លង តួ​ក​គី ហ្វាំ​ង​ឡង់ និង​ស៊ុយអែត បាន​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​ដោះ​ស្រាយ​​ការព្រួយបារម្ភ​ផ្នែក​សន្តិសុខ​របស់​ទីក្រុង​អង់កា​រ៉ា។ ប៉ុន្តែ តួ​ក​គី​អះអាងថា ស៊ុយអែត​មិនទាន់មាន​លក្ខខណ្ឌ​គ្រប់គ្រាន់ និង​បាន​បដិសេធ​ការទទួលយក​ប្រទេស​នេះ​ជា​សមាជិក​សម្ព័ន្ធមិត្ត​យោធា។

    ក្រុមមន្ត្រី​ស៊ុយអែត​នៅតែ​សង្ឃឹមថា ប្រទេស​នេះ​នឹងត្រូវ​បានអនុញ្ញាត​ឱ្យចូល​ជា​សមាជិក​ណា​តូ មុនពេល​សម្ព័ន្ធមិត្ត​នេះ​បើក​កិច្ចប្រជុំ​មួយ​នៅ​​ប្រទេស​​​លី​ទុយ​អា​នី ក្នុង​​ខែកក្កដា​ខាងមុខ។

    ស៊ុយអែត និង​ហ្វាំ​ង​ឡង់ កាលពី​ខែឧសភា 2022 បានបញ្ចប់​គោលនយោបាយ​មិន​ពាក់ព័ន្ធ​នឹង​សម្ព័ន្ធ​យោធា​រាប់​ទសវត្សរ៍​របស់ខ្លួន និង​បានដាក់​ពាក្យស្នើសុំ​ចូល​ជា​សមាជិក​ណា​តូ។ ដើម្បី​បាន​ក្លាយជា​សមាជិក​រប​ស់​សម្ព័ន្ធមិត្ត​យោធា​នេះ ប្រទេស​អឺរ៉ុប​ខាងជើង​ទាំងពីរ​នេះ ​ត្រូវតែមាន​ការយល់ព្រម​ពីស​ភារ​បស់​ប្រទេស​​ទាំង 30 ដែលជា​សមាជិក៕

  • តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ចេញ​ដីកា​​ចាប់ខ្លួន​លោក ពូ​ទីន តែ​រុស្ស៊ី​បដិសេធ

    តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ចេញ​ដីកា​​ចាប់ខ្លួន​លោក ពូ​ទីន តែ​រុស្ស៊ី​បដិសេធ

    តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​បានចេញ​ដីកាចាប់ខ្លួន​លោក ពូន​ទីន ក្រោម​បទ​ចោទថា​បាន «ផ្លាស់​ទី​កុមារ​អ៊ុយ​ក្រែ​ន​ដោយ​ខុសច្បាប់» ប៉ុន្តែ​រុស្ស៊ី​ប្រកាសថា ដីកា​​នេះ «គ្មាន​ប្រសិទ្ធភាព​ក្នុង​ផ្លូវច្បាប់»។

    កាលពី​ថ្ងៃទី 17 មីនា 2023 តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) បានចេញ​ដីកាចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ស្នងការ​របស់​ប្រធានាធិបតី​រុស្ស៊ី​ទទួលបន្ទុក​សិទ្ធិ​កុមារ Maria Lvova-Belova ក្រោម​បទ​ចោទថា «នាំ​កុមារ​អ៊ុយ​ក្រែ​ន​ទៅកាន់​រុស្ស៊ី​ដោយ​មិន​ស្របច្បាប់»។ ICC យល់ថា សកម្មភាព​ខាងលើ​របស់​រុស្ស៊ី​ត្រូវ​បាន​​ធ្វើ​ឡើង​បន្ទាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង។

    យោងតាម​ការសម្រេចចិត្តរបស់ ICC លោក ពូ​ទីន «ទទួលខុសត្រូវ​ដោយផ្ទាល់​នៅពេល​ធ្វើ​សកម្មភាព» ក៏ដូចជា «មិនបាន​គ្រប់គ្រង ឬ​អនុញ្ញាតឱ្យ​ស្ថាប័ន​ស៊ីវិល ឬ​យោធា​ក្រោម​ឱវាទ​ប្រព្រឹត្ត​អំពើ​នេះ»។

    ជាការ​ឆ្លើយតប​នឹង​ដីកា​​របស់ ICC អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​រុស្ស៊ី Maria Zakharova យល់ថា «តាម​ការយល់ឃើញ​ផ្នែក​ផ្លូវច្បាប់ ការសម្រេចចិត្ត​របស់ ICC មិនមាន​ន័យ​អ្វី​ឡើយ​សម្រាប់​ប្រទេសជាតិ​របស់​យើង»។

    «រុស្ស៊ី​មិនមែនជា​ភាគី​ដែល​បាន​ចូលរួម​បទ​ប្បញ្ញា​ត្តិ Rome ស្ដីពី ICC និង​មិនមាន​កាតព្វកិច្ច​ណាមួយ​ដែល​ជាប់ទាក់ទង។ រុស្ស៊ី​មិន​សហការ​ជាមួយ ICC ហើយ​ដីកាចាប់ខ្លួន​ដែល​ស្ថាប័ន​នេះ​ដាក់ចេញ​គឺ​មិនមាន​ប្រសិទ្ធភាព​ក្នុង​ផ្លូវច្បាប់ និង​គ្មាន​តម្លៃ​សម្រាប់​យើងខ្ញុំ» លោកស្រី Zakharova ថ្លែង​ដូច្នេះ។

    ដីកា​តុលាការ ICC ត្រូវបាន​ដាក់ចេញ​ក្រោយពី​មានការ​ស៊ើបអង្កេត​​ស្ដី​ពី​​ការចោទប្រកាន់​ដែលថា រុស្ស៊ី​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ប្រឆាំង​មនុស្សជាតិ​ទាក់ទង​នឹង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន។ រុស្ស៊ី​មិន​ទទួលស្គាល់​អំណាច​របស់ ICC ដូច្នេះ​មិនទាន់​ដឹង​ច្បាស់​ថា ស្ថាប័ននេះ និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​អនុវត្ត​ដីកា​នេះ​ដោយ​របៀប​ណា​នៅឡើយ។

    មុន​នោះ​ ទីក្រុង​កៀវ​ជឿថា កុមារ​អ៊ុយ​ក្រែ​នប្រមាណ​ 345 នាក់​បាន «បាត់​ខ្លួន» ចាប់តាំងពី​សង្គ្រាម​ផ្ទុះឡើង និង​បាន​ចោទថា មូស្គូ​​បាន​នាំ​កុមារ​អ៊ុយ​ក្រែ​ន​ជាច្រើន​នាក់​ទៅកាន់​ទឹកដី​រុស្ស៊ី។

    អគ្គ​រដ្ឋអាជ្ញា​អ៊ុយ​ក្រែ​ន Andriy Kostin កាលពី​ថ្ងៃទី 17 មីនា​បានប្រកាសថា ដីកា​របស់ ICC គឺជា «ឥរិយាបថ​ជា​​ប្រវត្តិសាស្ត្រ​ចំពោះ​អ៊ុយ​ក្រែ​ន និង​ប្រព័ន្ធ​ច្បាប់​អន្តរជាតិ​ទាំងមូល»។ ចំណែក Andriy Yermak ប្រធានការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន វិញ យល់ថា ការសម្រេច​នេះ «ទើបតែ​ជាការ​ចាប់ផ្ដើម​ប៉ុណ្ណោះ»៕