អាល្លឺម៉ង់​ប្រកាស​ចាប់​ខ្លួន​​​លោក ពូ​ទីន ទៅ​តាម​ដីកា​របស់​តុលាការ ICC

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​អាល្លឺម៉ង់​និយាយថា ប្រទេស​នេះ​នឹង​ចាប់ខ្លួន​លោក ពូ​ទីន ទៅតាម​ដីកា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បើសិន​ប្រធានាធិបតី​រុស្ស៊ី​មកកាន់​ប្រទេស​នេះ។

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​អាល្លឺម៉ង់ Marco Buschmann កាលពី​ថ្ងៃទី 18 មីនា បាន​និយាយថា រឿង​ដែល ICC ចេញ​ដីកាចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ស្នងការ​ទទួលបន្ទុក​សិទ្ធិ​កុមារ Maria Lvova-Belov គឺជា «សញ្ញា​សំខាន់​ដែល​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត»។ ទន្ទឹមនឹងនេះ លោក Buschmann ក៏បាន​ប្រកាសថា អាល្លឺម៉ង់​គោរព​តាម​បទបញ្ជា​នេះ និង​មាន​កាតព្វកិច្ច​ចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី ប្រគល់ឱ្យ ICC បើសិន​លោក ពូ​ទីន ឈាន​ជើង​ចូល​ទឹកដី​របស់​អាល្លឺម៉ង់។

មុន​នោះ នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ Olaf Scholz ក៏បាន​សាទរ​ចំពោះ​ការសម្រេច​របស់ ICC និង​យល់ថា ដីកាចាប់ខ្លួន​លោក ពូ​ទីន បង្ហាញថា មិនមាន​នរណា​ស្ថិតនៅ​ក្រៅច្បាប់។

មកដល់ពេលនេះ អាល្លឺម៉ង់​គឺជា​ប្រទេស​ដំបូង​គេ​ដែល​បានប្រកាស​ជា​សាធារណៈ​ថា​នឹង​អនុវត្ត​ដីកា​របស់​តុលាការ ICC។ បណ្ដា​ប្រទេស​ជា​សមាជិក​របស់ ICC មានដូចជា អង់គ្លេស កាណាដា និង​បារាំង​ជាដើម បាន​សន្យា​គាំទ្រ​ដល់​តុលាការ និង​ដីកា​របស់​តុលាការ​នេះ ប៉ុន្តែ​មិនបាន​លើកឡើង​ច្បាស់​អំពី​យន្តការ​ផ្លូវច្បាប់​របស់​ពួកគេ។

ចំណែក​ប្រធានាធិបតី​ស៊ែ​ប៊ី Aleksandar Vucic វិញ បាន​រិះគន់ថា ដីកាចាប់ខ្លួន​របស់ ICC នឹង​អូសបន្លាយ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន។

អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អាល្លឺម៉ង់ Sergey Nechayev យល់ថា គោលជំហរ​របស់​ទីក្រុង​បែរ​ឡាំង​ចំពោះ​ដីកា​របស់ ICC «បង្ក​ការព្រួយបារម្ភ​កម្រិត​ខ្ពស់»។

កាលពី​ថ្ងៃទី 17 មីនា 2023 តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) បានចេញ​ដីកាចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ស្នងការ​របស់​ប្រធានាធិបតី​រុស្ស៊ី​ទទួលបន្ទុក​សិទ្ធិ​កុមារ Maria Lvova-Belova ក្រោម​បទ​ចោទថា «នាំ​កុមារ​អ៊ុយ​ក្រែ​ន​ទៅកាន់​រុស្ស៊ី​ដោយ​មិន​ស្របច្បាប់»។ ICC យល់ថា សកម្មភាព​ខាងលើ​របស់​រុស្ស៊ី​ត្រូវបាន​ធ្វើឡើង​បន្ទាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង។

យោងតាម​ការសម្រេចចិត្ត​របស់ ICC លោក ពូ​ទីន «ទទួលខុសត្រូវ​ដោយផ្ទាល់​នៅពេល​ធ្វើ​សកម្មភាព» ក៏ដូចជា «មិនបាន​គ្រប់គ្រង ឬ​អនុញ្ញាតឱ្យ​ស្ថាប័ន​ស៊ីវិល ឬ​យោធា​ក្រោម​ឱវាទ​ប្រព្រឹត្ត​អំពើ​នេះ»៕

Advertisement