តួ​ក​គី​យល់ព្រម​អនុម័ត​ឱ្យ​ហ្វាំ​ង​ឡង់​ចូល​ជា​សមាជិក​របស់​សម្ព័ន្ធ​យោធា​ណា​តូ

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan

ប្រធានាធិបតី Erdogan ថ្លែងថា សភា​តួ​ក​គី នឹង​ចាប់ផ្ដើម​អនុម័ត​លើ​សំណើសុំ​ចូល​ជា​សមាជិក​ណា​តូ​របស់​ប្រទេស​ហ្វាំ​ង​ឡង់ ប៉ុន្តែ​បាន​បដិសេធ​សំណើ​ដូចគ្នានេះ​របស់​ប្រទេស​ស៊ុយអែត។

«យើង​សម្រេចចិត្ត​ចាប់ផ្ដើម​ដំណើរ​ការចូល​ជា​សមាជិក​ណា​តូ​របស់​ហ្វាំ​ង​ឡង់​នៅ​សភា» ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan ប្រកាស​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​អង់កា​រ៉ា ក្រោយពី​ជំនួប​ជាមួយ​សម​ភាគី​ហ្វាំ​ង​ឡង់ Sauli Niinisto។ លោក Erdogan សង្ឃឹមថា សភា​ប្រទេស​នេះ​នឹង​យល់ព្រម​តាម​សំណើ​នេះ​នៅមុន​ការបោះឆ្នោត​ក្នុង​ខែឧសភា​ខាងមុខ។

ប្រធានាធិបតី Niinisto សំដែង​ការ​សាទរ​ចំពោះ​ការសម្រេចចិត្ត​នេះ​របស់​តួ​ក​គី និង​បាន​វាយតម្លៃថា នេះ​គឺជា​រឿង​ដ៏​សំខាន់​ចំពោះ​ហ្វាំ​ង​ឡង់។ ក៏ប៉ុន្តែ លោក Niinisto ក៏បាន​អះអាងថា ការចូល​ជា​សមាជិក​ណា​តូ​របស់​ស៊ុយអែត​ដែលជា​ប្រទេសជិតខាង​របស់​ហ្វាំ​ង​ឡង់ ក៏​ជា​រឿង​សំខាន់ដែរ។

កាលពី​ឆ្នាំ​កន្លង តួ​ក​គី ហ្វាំ​ង​ឡង់ និង​ស៊ុយអែត បាន​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​ដោះ​ស្រាយ​​ការព្រួយបារម្ភ​ផ្នែក​សន្តិសុខ​របស់​ទីក្រុង​អង់កា​រ៉ា។ ប៉ុន្តែ តួ​ក​គី​អះអាងថា ស៊ុយអែត​មិនទាន់មាន​លក្ខខណ្ឌ​គ្រប់គ្រាន់ និង​បាន​បដិសេធ​ការទទួលយក​ប្រទេស​នេះ​ជា​សមាជិក​សម្ព័ន្ធមិត្ត​យោធា។

ក្រុមមន្ត្រី​ស៊ុយអែត​នៅតែ​សង្ឃឹមថា ប្រទេស​នេះ​នឹងត្រូវ​បានអនុញ្ញាត​ឱ្យចូល​ជា​សមាជិក​ណា​តូ មុនពេល​សម្ព័ន្ធមិត្ត​នេះ​បើក​កិច្ចប្រជុំ​មួយ​នៅ​​ប្រទេស​​​លី​ទុយ​អា​នី ក្នុង​​ខែកក្កដា​ខាងមុខ។

ស៊ុយអែត និង​ហ្វាំ​ង​ឡង់ កាលពី​ខែឧសភា 2022 បានបញ្ចប់​គោលនយោបាយ​មិន​ពាក់ព័ន្ធ​នឹង​សម្ព័ន្ធ​យោធា​រាប់​ទសវត្សរ៍​របស់ខ្លួន និង​បានដាក់​ពាក្យស្នើសុំ​ចូល​ជា​សមាជិក​ណា​តូ។ ដើម្បី​បាន​ក្លាយជា​សមាជិក​រប​ស់​សម្ព័ន្ធមិត្ត​យោធា​នេះ ប្រទេស​អឺរ៉ុប​ខាងជើង​ទាំងពីរ​នេះ ​ត្រូវតែមាន​ការយល់ព្រម​ពីស​ភារ​បស់​ប្រទេស​​ទាំង 30 ដែលជា​សមាជិក៕

Advertisement