លោក បៃ​ដិ​ន បញ្ចេញយោបល់​​ទាក់​ទិន​​នឹង​ដីកាចាប់ខ្លួន​របស់​តុលាការអន្តរជាតិ​ចំពោះ​លោក ពូ​ទីន

លោក​ ចូ បៃដិន (ស្ដាំ) និង​លោក វ្ល៉ាឌីមៀ ពូទីន

ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន ថ្លែងថា ដីកាចាប់ខ្លួន​លោក ពូ​ទីន ដែល​ធ្វើឡើង​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​គឺជា​រឿង «សម​ហេតុផល» ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា សហរដ្ឋ​អាម៉េរិក និង​សហព័ន្ធរុស្ស៊ី​មិនបាន​ទទួលស្គាល់​ស្ថាប័ន​នេះ។

«ខ្ញុំ​គិតថា នោះ​គឺជា​ការសម្រេចចិត្ត​សម​ហេតុផល»។ បញ្ហា​នៅត្រង់ថា ទាំង​អាម៉េរិក ទាំង​រុស្ស៊ី មិន​ទទួលស្គាល់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។ ប៉ុន្តែ ខ្ញុំ​យល់ថា ឥរិយាបថ​នោះបាន​បញ្ជូន​សារ​ដែលមាន​ភាពខ្លាំង​ក្លា» លោក បៃ​ដិ​ន ថ្លែង​កាលពី​ថ្ងៃទី 17 មីនា នៅពេល​និយាយ​ដល់​ករណី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ចេញ​ដីកាចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀស ពូន​ទីន។

ចំណែក​ក្រសួងការបរទេស​អាម៉េរិក​វិញ ក៏បាន​ចោទ​រុស្ស៊ី​ថា បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​​ប្រទេស​អ៊ុយ​ក្រែ​ន។

កាលពី​ថ្ងៃទី 17 មីនា 2023 តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) បានចេញ​ដីកាចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ស្នងការ​របស់​ប្រធានាធិបតី​រុស្ស៊ី​ទទួលបន្ទុក​សិទ្ធិ​កុមារ Maria Lvova-Belova ក្រោម​បទ​ចោទថា «នាំ​កុមារ​អ៊ុយ​ក្រែ​ន​ទៅកាន់​រុស្ស៊ី​ដោយ​មិន​ស្របច្បាប់»។ ICC យល់ថា សកម្មភាព​ខាងលើ​របស់​រុស្ស៊ី​ត្រូវបាន​ធ្វើឡើង​បន្ទាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង។

ដីកា​តុលាការ ICC ត្រូវបាន​ដាក់ចេញ​ក្រោយពី​មានការ​ស៊ើបអង្កេត​ស្ដីពី​ការចោទប្រកាន់​ដែលថា រុស្ស៊ី​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ប្រឆាំង​មនុស្សជាតិ​ទាក់ទង​នឹង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន។

អំពី​ទ្រឹស្ដី ដីកា​របស់ ICC តម្រូវឱ្យ​ប្រទេសទាំង 123 ជា​សមាជិក ចាប់ខ្លួន​ប្រធានាធិបតី ពូ​ទីន និង​នាំ​​​ទៅកាន់​ប្រទេស​ហូ​ឡង់​ដើម្បី​កាត់ទោស បើសិន​លោក ពូ​ទីន មាន​វត្ត​មាននៅ​លើទឹក​ដី​របស់​ពួកគេ។ ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​វាយតម្លៃថា សេណារីយោ​នេះ​ពិបាក​នឹង​កើតឡើង។

សហរដ្ឋ​អាម៉េរិក និង​សហព័ន្ធរុស្ស៊ី ធ្លាប់បាន​ចូល​ជា​សមាជិក ICC តែ​បាន​ដកខ្លួន និង​មិន​ទទួលស្គាល់​ស្ថាប័ន​នេះ។ ប្រទេសធំៗមួយចំនួន​ផ្សេងទៀត មាន​ជាអាទិ៍ សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សាធារណរដ្ឋ​ឥណ្ឌាជា​ដើម​ ក៏​មិនមែនជា​សមាជិក និង​មិន​ទទួលស្គាល់​អំណាច​របស់ ICC៕

Advertisement