មេដឹកនាំ​កូរ៉េខាងជើង ស្នើឱ្យ​កងទ័ព​ត្រៀមខ្លួន​សម្រាប់​ការវាយប្រហារ​នុយ​ក្លេ​អែរ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន

លោក គីម ជុង​អ៊ុន ស្នើឱ្យ​កងទ័ព​កូរ៉េខាងជើង​ត្រៀមខ្លួន​ឱ្យបាន​រួចរាល់​សម្រាប់​ការវាយប្រហារ​ដោយ​អាវុធ​នុយ​ក្លេ​អែរ​គ្រប់ពេល និង​បាន​ចោទ​អាម៉េរិក-កូរ៉េខាងត្បូង​ថា កំពុង​ពង្រីក​សមយុទ្ធ​រួម។

ប្រកាស​របស់​លោក គីម ជុងអ៊ុន ​ត្រូវបាន​លើកឡើង​នៅពេល​កូរ៉េខាងជើង​ធ្វើ​លំ​ហាត់​សមយុទ្ធ​យោធា​ដើម្បី​លើកកម្ពស់ «សមត្ថភាព​កំញើញ​សង្គ្រាម និង​វាយប្រហារ​តប​ដោយ​អាវុធ​នុយ​ក្លេ​អែរ» កាលពី​ថ្ងៃទី 18 និង 19 មីនា។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន KCNA ចុះផ្សាយ​ក្នុងថ្ងៃនេះ។

ក្នុង​ព្រឹត្តិការណ៍​នេះ កងទ័ព​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ប្លោង​មួយ​គ្រាប់​ដែល​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេ​អែរ​ក្លែងក្លាយ និង​ហោះ​បានចម្ងាយ​ 800 គីឡូម៉ែត្រ ក្នុង​រយៈកម្ពស់ 800 ម៉ែត្រ ​មុនពេល​ធ្លាក់ចំ​គោលដៅ​ ទៅតាម​សេណារីយោ​វាយប្រហារ​ដោយ​អាវុធ​ប្រល័យ​លោក​យុទ្ធសាស្ត្រ។

លោក គីម ជុង​អ៊ុន បានឱ្យដឹងថា សមយុទ្ធ​នេះ​បាន​កែលំអ​សមត្ថភាព​ធ្វើសង្គ្រាម​ពិតប្រាកដ​របស់​កងទ័ព និង​សង្កត់ធ្ងន់ថា ត្រូវតែ​ធានា​​ថា បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​រាល់ «ការវាយប្រហារ​នុយ​ក្លេ​អែរភ្លាមៗ និង​មានប្រៀប​បំផុត»។

សម្ដីខ្លាំងៗពី​មេដឹកនាំ​កូរ៉េខាងជើង ទំនងជា​មានបំណង​ប្រតិកម្ម​ទៅនឹង​សមយុទ្ធ​យោធា 11 ថ្ងៃ​របស់​អាម៉េរិក-កូរ៉េខាងត្បូង ក៏ដូចជា​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង និង​នាយករដ្ឋមន្ត្រី​ជប៉ុន​កាលពីពេលថ្មីៗនេះ។

ក្នុងជំនួប​នៅ​តូ​ក្យូ​កាលពី​ថ្ងៃទី 16 មីនា មេដឹកនាំ​ជប៉ុន និង​កូរ៉េខាងត្បូង​បាន​យល់ព្រម​ចែករំលែក​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​ផ្នែក​យោធា (GSOMIA) និង​ចាត់ទុកថា នេះ​គឺជា​ផ្នែក​មួយ​នៅក្នុង​កិច្ចប្រឹងប្រែង​ទប់ទល់​នឹង​ការគំរាមកំហែង​ពី​អាវុធ​នុយ​ក្លេ​អែរ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង។

ទីក្រុង​ព្យុងយ៉ាង តែងតែ​រិះគន់លើ​​សមយុទ្ធ​យោធា​រួម​រវាង​អាម៉េរិក និង​កូរ៉េខាងត្បូង និង​ចាត់ទុកថា នេះ​គឺជា​ភស្ដុតាង​បញ្ជាក់ថា សម្ព័ន្ធមិត្ត​នេះ​មាន​ឥរិយាបថ​បង្ក​អរិ​ភាព និង​ចង់​ផ្លាស់ប្ដូរ​របប​នៅ​​កូរ៉េខាងជើង។ កូរ៉េខាងជើង​ព្រមាន​ចំពោះ​អាម៉េរិក-កូរ៉េខាងត្បូង​ថា នឹង​ប្រឈម​នឹង​ការឆ្លើយតប «ខ្លាំងក្លា​មិន​ធ្លាប់​ឃើញ» បើសិន​ពួកគេ​ធ្វើ​សមយុទ្ធ​រួម​ដែល​ព្យុងយ៉ាង​ចាត់ទុកថា​ជា «ការប្រកាសសង្គ្រាម»៕

Advertisement