រដ្ឋាភិបាលបង្កើតក្រុមប្រឹក្សាលេខាធិការដ្ឋានភ័ស្តុភារកម្មដើម្បីដោះស្រាយបញ្ហា

ភ្នំពេញៈ ឆ្លើយតបនឹងកង្វល់ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូនថ្លៃ និងនិតិវិធីធ្វើការនៅតែស្មុគស្មាញ រដ្ឋាភិបាលកម្ពុជាបាន និងកំពុងរៀបចំបង្កើតក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមក្នុងវិស័យនេះ និងផ្តល់ចក្ខុវិស័យសម្រាប់អភិវឌ្ឍកម្ពុជារយៈពេលវែង។

លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី8 កក្កដានេះថា បច្ចុប្បន្ននេះក្រសួងកំពុងធ្វើសេចក្តីព្រាងព្រះរាជក្រឹត្យដើម្បីបង្កើតក្រុមប្រឹក្សាជាតិនេះជិតបញ្ចប់ហើយ មុនដាក់ឆ្លងក្រុមប្រឹក្សាអ្នកច្បាប់ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីបញ្ជូនទៅសុំការយល់ព្រមពីសម្តេចតេជោ និងដាក់ឆ្លងឡាយព្រះហស្តលេខាពីព្រះមហាក្សត្រ។លោកបន្តថា ក្រុមប្រឹក្សាជាតិភ័ស្តុភារកម្មនឹងមានការចូលរួមពីថ្នាក់ដឹកនាំពីក្រសួងពាក់ព័ន្ធមួយចំនួនដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងផែនការ ក្រសួងកសិកម្ម និងក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកបន្តថា ក្រុមប្រឹក្សានេះមានគោលដៅសំខាន់ចំនួន3 រួមមានរៀបចំសម្របសម្រួលផែនការហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិ ការផ្គត់ផ្គង់ផែស្ងួត សម្របសម្រួលការដឹកជញ្ជូន ការស្តុកទុកទំនិញ ការចែកចាយ និងកាត់បន្ថយតម្លៃនៃការដឹកជញ្ជូន រៀបចំផែនការមេដើម្បីឆ្លងគណៈកម្មការប្រតិបត្តិ និងដោះស្រាយសម្របសម្រួលការដឹកជញ្ជូន ការកាត់បន្ថយថ្លៃដើម ហើយប្រសិនជាគណៈកម្មការនេះមិនអាចដោះស្រាយបាន នឹងបញ្ជូនទៅសម្តេចតេជោដើម្បីពិនិត្យ និងសម្រេច។

លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា នេះជារឿងវិជ្ជមានមួយ ប៉ុន្តែអ្វីសំខាន់គឺថា តើបន្ទាប់ពីបង្កើតក្រុមប្រឹក្សានេះរួច អាចធ្វើបានឬអត់ជារឿងមួយទៀត ព្រោះនៅកម្ពុជាមានបង្កើតស្ថាប័នច្រើន តែស្ថាប័នទាំងនោះមិនអាចដំណើរការបាន។

លោកបន្តថា ក្រុមប្រឹក្សានេះជាកន្លែងសម្រាប់ធ្វើការប្រទាក់ក្រឡារវាងរដ្ឋាភិបាល ផ្នែកឯកជន អ្នកស្រាវជ្រាវ សង្គមស៊ីវិល និងបង្កើតជាផែនការមេសម្រាប់ការវិនិយោគរយៈពេលវែង។ លោកបន្តថា យើងមានបញ្ហាទាក់ទងនឹងភ័ស្តុភារកម្ម និងlogistic កាន់តែច្រើនទៅៗ ប៉ុន្តែសំខាន់ថាតើកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ដើម្បីធ្វើការងារនេះដែរឬទេ?។

លោកបណ្ឌិត ម៉ី កល្យាណ បានបន្តថា “ទោះជាយ៉ាងណាកម្ពុជាមានភាពរីកចម្រើន និងកំពុងដើរលើផ្លូវត្រឹមត្រូវហើយក្នុងការងារនេះ យើងមានសង្ឃឹម តែយើងត្រូវធ្វើច្រើនបន្ថែមទៀត”៕

Advertisement