ជប៉ុនចាប់អារម្មណ៍វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដ៏មានគុណភាពនៅអាស៊ាន

កិច្ចពិភាក្សាស្តីពី «ហេដ្ឋារចនាសម្ព័ន្ធប្រកប​ដោយ​គុណភាព ក្រោមប្រធានបទការ      កសាងអនាគតរបស់អាស៊ាន» ត្រូវបានរៀបចំឡើងដើម្បី​បង្ហាញដល់ភាគីពាក់ព័ន្ធ​ក្នុងតំបន់ឱ្យ បានយល់ពីការគាំទ្ររបស់ជប៉ុន។

កិច្ចពិភាក្សានេះជាផ្នែកមួយនៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ2017 ដែលត្រូវបានធ្វើឡើងក្នុងគោលបំណងបង្ហាញភាគីពាក់ព័ន្ធអាស៊ានឱ្យបានយល់ដឹងអំពីវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់របស់ជប៉ុនដែលកំពុងដើរតួនាទីយ៉ាងសំខាន់ និងចាំ បាច់ចំពោះកំណើនសេដ្ឋកិច្ច។

«តើអ្វីជាចំណុចសំខាន់នៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់អាស៊ាន? និងតើអាស៊ានមានយុទ្ធសាស្ត្រដូចម្តេចក្នុងការបន្តការអភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន្ធសម្រាប់​ការធ្វើឱ្យប្រសើរឡើង​នៃទំនាក់ទំនង និង​កំណើន​សេដ្ឋ​កិច្ចប្រកប​ដោយ​និរន្តរភាព»។

នៅក្នុងកិច្ចពិភាក្សានេះមានការចូលរួមពីឯកឧត្ដមតូច ចាន់កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និងដឹកជញ្ជូន លោក ហូរីណូអ៊ុជី ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាព្រមទាំងវាគ្មិនជាអគ្គនាយក នាយកប្រតិបត្តិនៃក្រុមហ៊ុនឯកជន  សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងប្រធានគម្រោងមកពីស្ថាប័នផ្សេងៗ។

លោក ហូរីណូអ៊ុជី ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា​«ជាមួ​យ​នឹងបទពិសោធនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏មានគុណភាពរបស់ជប៉ុន  យើងនឹងបន្ត​រួមចំណែក​ពង្រឹងទំនាក់ទំនងជារូបវន្តជាមួយស្ថាប័ននៅក្នុងតំបន់អាស៊ាន»។

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបញ្ជាក់ថា៖ «យើងនឹងបន្តគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ដៃគូនៅក្នុងតំបន់តាមរយៈ វិស័យហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាព និងរួមចំណែកការអភិវឌ្ឍធនធានមនុស្ស»។

លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួង​សាធារណ​ការ និងដឹកជញ្ជូន  បាន សម្ដែងអារម្មណ៍កើតសរសើរចំពោះ​កិច្ចសហប្រតិបត្តិការ​របស់ជប៉ុន​ដល់​ការ​អភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។ ពិសេស គឺថែមទាំងបានជំរុញឱ្យដៃគូក្នុងតំបន់អាស៊ាន​ត្រូវការបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។

លោក យ៉ាស៊ូហារ៉ូ  ហ៊្វូណាបាស៊ី អគ្គនាយករងទទួលបន្ទុកផ្នែកស្រាវជ្រាវ​ឧស្សាហកម្ម​នៃ​ធនាគារ Mizuho Bank បានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធ​ដែលមានគុណភាព​គឺជាកត្តាដ៏​សំ​ខាន់សម្រាប់បង្កើនទំនាក់ទំនង និងជាកំណើនប្រកបដោយគុណភាពរយៈពេលយូរអង្វែង នៅក្នុងតំបន់អាស៊ាន។

លោកបន្ដថា  គន្លឹះសំខាន់ចំនួន ៤ ដែលរដ្ឋាភិបាលជប៉ុនមាន និងកំពុងតែអនុវត្តគឺ បច្ចេកវិទ្យាសម្រាប់តម្រូវការក្នុងស្រុក  ការច្នៃប្រឌិតរួម ការប្តេជ្ញាចិត្តរយៈពេលវែង និង ការផ្តល់​ប្រសិទ្ធភាពដល់ជីវិត និងសេដ្ឋកិច្ច៕

 

 

Advertisement